សេចក្តីផ្តើម
គ្រិស្ទសករាជឆ្នាំ ១៥៩៤ ក្រុងលង្វែក ត្រូវពួកសៀមវាយយកបាន។ ស្តេចសៀមបានតែងតាំងមេទ័ពម្នាក់ឈ្មោះ
ព្យាមហាមន្ត្រី ព្រមទាំងរក្សាទុកកងទ័ពពីរម៉ឺននាក់ អោយនៅត្រួតត្រា ក្រុងលង្វែក។
ការបែកបាក់ក្រុងលង្វែកបានបង្កអោយមានការវិនាសនៃទ្រព្យសម្បត្តិជាច្រើន
មន្ត្រីសេនាបតី អ្នកប្រាជ្ញ ព្រាហ្មណ៍បុរោហិត អ្នកចេះដឹង គម្ពីរ ក្បួនច្បាប់ តម្រា
និង វត្ថុមានតម្លៃជា ច្រើន ត្រូវបានសៀមប្រមូលទៅស្រុកវា
រាជវង្សានុវង្សខ្មែរជាច្រើនដែលក្នុងនោះ ឧបរាជ និងជាមេទ័ពខ្មែរមួយអង្គគឺ
ព្រះបាទស្រីសុរិយោពណ៌ ក៏ត្រូវសៀមនាំទៅស្រុកវាដែរ។
ការបែកបាក់នេះ ជាការធ្លាក់ចុះដ៏ធ្ងន់ធ្ងរនៃឥទ្ធិពលរបស់រាជាណាចក្រខ្មែរ ហើយបណ្តាល អោយមានការបែកបាក់សាមគ្គីក្នុងប្រទេសកើតឡើង។ ទោះជាយ៉ាងនេះក្តី ការត្រួតត្រារបស់ មេទ័ពសៀមលើក្រុងលង្វែកមិនបានរយៈពេលយូរប៉ុន្មានឡើយ។
រាមាជើងព្រៃ (១៥៩៤ - ១៥៩៦) ដែលជាញាតិវង្សម្នាក់
បានលើកទ័ពទៅវាយឆ្មក់ ហើយសម្លាប់មេទ័ពសៀមនោះបាន ហើយឡើងសោយរាជ្យ។
ប៉ុន្តែការភ័យខ្លាចចំពោះកម្លាំងរបស់ សៀមក្រែងវិលត្រឡប់មកវិញ បានធ្វើអោយ
រាមាជើងព្រៃ ត្រូវបង្ខំចិត្តប្តូរទៅតាំងទីរាជវាំងនៅ ស្រីសន្ធរ (កំពង់ចាម) វិញ
ដែលនៅទីនោះ ទ្រង់ត្រូវបានធ្វើគុតក្នុងពេលដែលទ្រង់ចេញទៅធ្វើ
ការបង្រ្កាបជនជាតិអេស្ប៉ាញ ឈ្មោះ Ruiz និង ជនជាតិពទុយកាល់ ឈ្មោះ Veloso
។
ញាតិវង្ស មួយអង្គទៀតឈ្មោះ ពញាតន់ ដែលជាអនុជរបស់ព្រះបាទ
ជ័យជេដ្ឋាទី១ ត្រូវបានគេតែងតាំងអោយសោយរាជ្យ ពីឆ្នាំ ១៥៩៦-៩៧។
ស្តេចអង្គនេះ បានតែងតាំង Beloso
អោយធ្វើជាស្តេចត្រាញ់លើដែនដី បាភ្នំ ទុកជាការសងគុណ។
ប៉ុន្តែនៅខេត្តត្បូងឃ្មុំ ការបះបោរមួយដែលដឹកនាំដោយ ប៉ោរាត និង លក្ម្សីណា
បានកើតឡើង ។ ទ្រង់ដឹកនាំទ័ពទៅបង្ក្រាបពួកនេះ ប៉ុន្តែត្រូវពួកនេះធ្វើគុត ។
ពួកមន្ត្រីសេនាបតីក៏យាង ពញាអន ដែលជាព្រះបិតុលា (ពូ) របស់ពញាតន់
អោយស្នងរាជ្យនៅឆ្នាំ ១៥៩៧ ។ ទ្រង់បានកម្ចាត់ ប៉ោរាត និង លក្ម្សីណា
ហើយនាំទ័ពត្រឡប់មកវិញ បានពាក់កណ្តាលផ្លូវក៏បោះជំរុំសម្រាក។
នៅទីនោះទ្រង់បានបង្ខំយកស្ត្រីម្នាក់ដែលមានរូបឆោមលោមពណ៌ល្អ ប៉ុន្តែនាងមានប្តីហើយ។
ប្តីនាងនោះឈ្មោះ កែវ ដោយមានការខឹងសម្បារ និងពញាអន ក៏បះបោរឡើង
ដែលមានឈ្មោះថា កែវព្រះភ្លើង កជាកម្លាំងប្រឆាំងឡើងរួចធ្វើគុត ពញាអន
បានសម្រេចនៅឆ្នាំ ១៥៩៨។
បុត្រទី៣ របស់ព្រះសត្ថាទី១ នាម ពញាញោម ទ្រង់ទទួលងារជា
រាជានុសិទ្ធិ នៅឆ្នាំ ១៥៩៩ គឺមានសិទ្ធិដូចព្រះរាជាប៉ុន្តែមិនមែនជាព្រះរាជាពេញសិទ្ធិទេ។
ទ្រង់បានកម្ចាត់ កែវព្រះភ្លើង បាន។ ដោយឡែក រាជានុសិទ្ធិម្នាក់នេះមានចរិតមិនល្អ
ចូលចិត្តតែខាងស្រីស្រា បរបាញ់សត្វ ចាប់ប្រពន្ធកូនអ្នកស្រុក អ្នកធ្វើខុសមិនជាប់ទោស
ហេតុនេះហើយទាំងប្រជារាស្ត្រ ទាំង មន្ត្រី មានការមិនពេញចិត្តជាខ្លាំង។ ព្រះអយ្យការ
របស់ទ្រង់ ក៏សូមយាងព្រះបាទ ស្រីសុរិយោ ពណ៌ ដែលគង់នៅស្រុកសៀម
ព្រមទាំងរាជវង្សទាំងប៉ុន្មានមកស្រុកខ្មែរវិញ។ ជាដំបូង
សៀមបានអនុញ្ញាតអោយតែព្រះបាទស្រីសុរិយោពណ៌ និង ឧទ័យ ដែលជាបុត្រទីពីរ របស់ស្រីសុរិ
យោពណ៌ មកជាមុន រីឯ ជ័យជេដ្ឋាទី២ ដែលជាបុត្រច្បងមិនទាន់បានមកនៅឡើយទេ។ ពញា ញោម
បានព្រមព្រៀងថ្វាយរាជសម្បត្តិទៅព្រះបាទស្រីសុរិយោពណ៌ នៅឆ្នាំ ១៦០០គ.ស
ហើយទ្រង់នៅកាន់ឋានៈជាព្រះកែវហ្វា ដដែល។
ព្រះបាទស្រីសុរិយោពណ៌ យាងមកពីសៀម តាមច្រកកំពតនៅឆ្នាំ ១៦០០ ហើយគង់
នៅរាជវាំង កោះស្លាកែត ដែលនៅក្នុងខេត្តកណ្តាលសព្វថ្ងៃ។ ទ្រង់បានតែងតាំង តេជោយ៉ត
អោយធ្វើជា ចៅហ្វាយខេត្តសំរោងទង ជំនួសតេជោមាស ដែលបានស្លាប់ ហើយទ្រង់បានមក គង់នៅ
ល្វាឯម។ ទ្រង់នៅស្រុកសៀមយូរ បានទម្លាប់ព្រះកាយទ្រង់ទៅតាមបែបសៀម
ដោយនិយមប្រើព្រះពស្ត្រលឿង និយាយភាសាសៀមច្បាស់ជាងភាសាខ្មែរ ។
ទ្រង់បានអោយគេផ្លាស់សំលៀកបំពាក់សម័យលង្វែកចេញ ព្រមទាំងបានកែប្រែទំនៀមទម្លាប់នៃការប្រើពាក្យពេចន៍មួយចំនួនចេញ
ដូចជា ទ្រង់បង្គាប់អោយគេហៅទ្រង់ថា ព្រះស្រីសុរិយោពណ៌មនាថ,
ស្រ្តីដែលមានឋានៈខ្ពស់ត្រូវឆ្លើយនិងព្រះអង្គថា ព្រះពរ, ឆ្លើយនិងព្រះមហាក្សត្រីថា
ព្រះម៉ែ, ឆ្លើយនិងពួកអ្នកអង្គម្ចាស់ថា ព្រះបាទម្ចាស់ ។ នៅឆ្នាំ ១៦១៣
ទើបទ្រង់ទទួលបានការអភិសេក ជាស្តេចពេញសិទ្ធិ ។ ក្រោយមក ទ្រង់បានសុំពីសៀមមកវិញនូវ
បុត្រាច្បងរបស់ទ្រង់គឺ ជ័យជេដ្ឋាទី២ ដែលនៅឆ្នាំ ១៦១៨
ទ្រង់បានផ្ទេររាជ្យសម្បត្តិអោយបុត្រច្បងនេះ។ ដោយធុញទ្រាន់ និងមេរៀនដដែលៗរបស់សៀម
ដែលតែងតែចិញ្ចឹមចិត្តវាយយកប្រទេសខ្មែរដាក់ជាចំណុះ ទ្រង់បានមើលឃើញកម្លាំងថ្មីមួយទៀតនៅភាគខាងកើត
ដែលទើបតែរំដោះខ្លួនចេញពីចំណុះប្រទេសចិន ហើយក៏ទើបតែលេបយកប្រទេសចម្ប៉ាបានថ្មីៗ
នោះគឺប្រទេសអាណ្ណាម ដោយទ្រង់បានផ្ញើសារទៅសុំចងមេត្រីភាពជាមួយ។
ចំណងមេត្រីភាពនេះបានចាប់ផ្តើមដោយការរៀបអភិសេក ព្រះបាទជ័យជេដ្ឋាទី២ និង
បុត្រីក្សត្រអាណ្ណាម ព្រះនាងចូវ (ក្នុងភាសាអាណ្ណាមហៅព្រះនាងថា ង៉ុកវ៉ាន់) នៅឆ្នាំ
១៦១៨ ។ ពីរឆ្នាំក្រោយមក គឺនៅឆ្នាំ ១៦២០ ទ្រង់បានយាងមកគង់នៅរាជធានីថ្មីឯ ឧដុង្គ
ដែលស្តេចក្រោយៗមកទៀតសុទ្ធតែគង់ក្រុងឧដុងនេះដែរ
ជាហេតុធ្វើអោយអ្នកប្រវត្តិវិទូដែលសិក្សាពីប្រវត្តិសាស្ត្រខ្មែរបានកំណត់យក ឆ្នាំ
១៦២០ ជាឆ្នាំចាប់ផ្តើមនៃសម័យឧដុង្គ។
ពិតមែនហើយ ក្នុងរយៈកាលនៃសម័យឧដុង្គនេះត្រូវបានគេចាត់ទុកថា
ជារយៈកាលដ៏ខ្មៅងងឹតនៃខ្មែរ ដោយហេតុថា ពេញមួយសម័យកាលនេះ ពោរពេញដោយៈ
·
ការដណ្តើមរាជ្យសម្បត្តិគ្នារវាង
មានិងក្មួយ, បងប្អូន រាជវង្សានុវង្ស.....
·
ការជ្រៀតជ្រែក
និង ការលូកដៃចូលកិច្ចការផ្ទៃក្នុងរបស់ខ្មែរពីសំណាក់ប្រទេសជិតខាងទាំងពីរ សៀម និង
អាណ្ណាម
·
ការបាត់បង់ទឹកដីដ៏សម្បើមទៅក្នុងដៃប្រទេសជិតខាងទាំងពីរខាងលើនេះ
·
បន្សល់ទុកនូវ
វប្បធម៌ដណ្តើមអំនាច និង
វប្បធម៌ពឹងពាក់បរទេសដើម្បីប្រយោជន៍ផ្ទាល់ខ្លួនបន្តដល់ជំនាន់ក្រោយៗ
ជំពូក១
ដើមសម័យឧដុង្គ
ចំណងមេត្រីភាពស្តេចខ្មែរ និង អាណ្ណាម ត្រកូលង្វៀនNguyen(១៦១៨ - ១៧៧៥)
ចាប់តាំងពីការបែកបាក់ក្រុងលង្វែកនៅឆ្នាំ ១៥៩៤ រហូតដល់ឆ្នាំ ១៦២០
ដែលជាឆ្នាំដែលព្រះបាទ ជ័យជេដ្ឋាទី២ យាងមកគង់នៅឧដុង្គ មានក្សត្រ
៥អង្គបានឡើងគ្រប់គ្រងកិច្ចការប្រទេសរួមមាន
ៈ
១. រាមាជើងព្រៃ
១៥៩៤ - ១៥៩៦ ជាញាតិវង្សម្នាក់បានរំដោះក្រុងលង្វែកហើយទៅគង់នៅ
ស្រីសន្ធរ កំពង់ចាម
២. ពញាតន់ ១៥៩៦ - ៩៧ សោយរាជ្យនៅរាជវាំងស្រីសន្ធរ
៣. ពញាអន ១៥៩៧ - ១៥៩៨ សោយរាជ្យនៅរាជវាំងស្រីសន្ធរ
៤. ពញាញោម ១៥៩៩ - ១៦០០ដែលជារាជានុសិទ្ធិ គង់នៅស្រីសន្ធរ
៥. ស្រីសុរិយោពណ៌
១៦០០ - ១៦១៨ មកពីសៀមហើយគង់នៅ វាំងកោះស្លាកែត
ទល់មុខនិងជ្រោយអំពិលសព្វថ្ងៃ ។
យោងតាមការបកស្រាយរបស់ លោក អាដេម៉ាឡឺក្លែ ក្នុងសៀវភៅ ប្រវត្តិសាស្ត្រប្រទេសកម្ពុជា
តាំងពីស.វទី១ រហូតមក ប្រែសម្រួលដោយ ទីឃាយុ នៅទំព័រ ២៩២-៩៤ បានអោយដឹងថា ពញាញោម ដែលកាន់តំនែងជារាជានុសិទ្ធិនោះ ពុំមានអត្តចរិតល្អ
ទើបសម្តេចព្រះទេវីក្សត្រីយ៍ ជាព្រះអយ្យការរបស់ពញាញោម ដែលគង់នៅចតុមុខ និង
នាម៉ឺនសព្វមុខទាំងអស់បានចាត់គ្នាទៅគាល់ស្តេចសៀម
សុំអោយបញ្ជូនព្រះឧយោរាជស្រីសុរិយោពណ៌ និង ព្រះរាជបុត្រទាំងអស់មកវិញ។
ស្តេចសៀមពេលនោះ បានទទួលយល់ព្រមសំណូមពរតែមួយចំនែកទេ គឺបានអនុញ្ញាតអោយវិលត្រឡប់មកកម្ពុជាវិញតែ
ព្រះបាទស្រីសុរិយោពណ៌ និង ព្រះរាជបុត្រាទី២របស់ទ្រង់នាម ឧទ័យ ប៉ុណ្ណោះ
ចំណែកបុត្រច្បងនាម ជ័យជេដ្ឋាទី២ ឬ ជ័យចេស្តា ទុកអោយនៅស្រុកសៀមសិន។
ព្រះរាជានុសិទ្ធិ ពញាញោម នៅពេលដែលបានទទួលដំណឹងថា ព្រះស្រីសុរិយោពណ៌
យាងមកដល់កោះស្លាកែតហើយ ទ្រង់បានទប់ព្រះទ័យមិនអោយមាន រឱសឋានអ្វីទេ
ដោយបានធ្វើពិធីថ្វាយអំណាចជាផ្លូវការនៅឆ្នាំ ១៦០០ ។
ព្រះបាទស្រីសុរិយពណ៌ បានឡើងគង់រាជ្យបល្ល័ង្គនៅឆ្នាំ ១៦០០ ដោយមានព្រះនាមថា
ព្រះបាទសម្តេចព្រះរាជឱង្ការព្រះស្រីសុរិយោពណ៌ទេវតារាជាបរមរាជាធិរាជរាមា ។
កាលនោះទ្រង់មានព្រះជន្ម ៤៦វស្សា, មហេសីរបស់ព្រះអង្គបានឡើងជា ព្រះអគ្គមហេសី
មានឋានៈជា សម្តេចព្រះភគវតីស្រីសុជាតិ , ឧទ័យ ដែលជាបុត្រាទី២
កាលនោះមានព្រះជន្ម ១៣វស្សា បានឡើងឋានៈជា ព្រះមហាឧបរាជ រីឯ ព្រះរាជានុសិទ្ធិ ពញាញោម
នៅរក្សាព្រះឋានៈជា ព្រះកែវហ្វ៊ា ដដែល។
ពញាញោម បានសំដែងអោយឃើញកាយវិការទន់ភ្លន់ តាមរយៈការនាំនាម៉ឺនសព្វមុខមន្ត្រីទៅចូលគាល់ព្រះបាទស្រីសុរិយពណ៌
នៅវាំងកោះស្លាកែត ថា ព្រះអង្គស្វាគមន៍អបអរការយាងមកដល់របស់ព្រះស្រីសុរិយោពណ៌
ដែលព្រះអយ្យការបានជ្រើសរើសឡើង តែក្នុងព្រះ
ទ័យវិញ បានសន្សំទុកនូវគ្រោងការឧក្រិដ្ឋជាច្រើន។
បន្ទាប់ពីឡើងសោយរាជ្យភ្លាម ព្រះរាជាស្រីសុរិយោពណ៌ បានចាត់អោយ ឱកញ៉ាតេជោព្រះអង្គ
និង ឱកញ៉ាយោមរាជ មឿង ដឹកនាំទ័ពទៅបង្ក្រាបអ្នកស្រុក កំពង់ស្វាយ ស្រីសន្ធរ
នគរវត្ត ត្បូងឃ្មុំ និង បាភ្នំ ដែលកន្លងមកបះបោរមិនទទួលស្គាល់អំណាចរបស់ព្រះកែវហ្វ៊ា
។ មិនយូរប៉ុន្មានយុទ្ធនាការនេះក៏បានសម្រេច ដោយពួកគេបានមកចុះចូលជាបន្ទាន់។
បន្ទាប់ពីយុទ្ធនាការទាំងនោះ ស្តេចសៀមក៏យល់ព្រម បញ្ជូន ជ័យជេដ្ឋាទី២
ដែលជាបុត្រច្បងរបស់ព្រះស្រីសុរិយោពណ៌ អោយមកកម្ពុជាវិញ។ នៅតាមផ្លូវត្រឡប់មកវិញ
ជ័យជេដ្ឋាទី២
បានធ្វើការបង្ក្រាបបណ្តាខេត្តបះបោរនៅតាមផ្លូវអោយមានសន្តិភាពឡើងវិញរួមមាន នាងរង
បាត់ដំបង ពោធិ៍សត្វ កំពត រហូតដល់កោះស្លាកែត
រួចទើបដាក់ទ័ពនៅមុខបន្ទាយខ្មាំងនៅខេត្ត ទ្រាំង រួមកម្លាំងគ្នាជាមួយនិង
តេជោព្រះអង្គ និង យមរាជមឿង កម្ចាត់អ្នកបះបោរ អ្នកព្រះរៀម ហៅ កូម៉ែល
បានសម្រេច។ ចប់សង្គ្រាម ស្រីសុរិយោពណ៌ បានលើក តេជោព្រះអង្គ
អោយធ្វើជាចៅហ្វាយខេត្តសំរោងទង ។ បន្តិចក្រោយមក តេជោព្រះអង្គ បានស្លាប់ដោយ ជរាភាព
ព្រះរាជាបានលើកអ្នកបម្រើរបស់ តេជោព្រះអង្គ ឈ្មោះ យ៉ត អោយធ្វើជាចៅហ្វាយខេត្តបន្ត។
គឺនៅពេលនោះហើយដែល ស្រីសុរិយោពណ៌ បានសម្រេចប្តូររាជធានីពី ស្លាកែត មក
ល្វាឯម ដែលស្ថិតនៅពីមុខក្រុងចតុមុខវិញ។ ព្រះអគ្គមហេសីសម្តេចព្រះភគវតីស្រីសុជាតិ
ត្រូវបានព្រះអង្គតម្លើងជា ព្រះមហាក្សត្រីយ៍ ។ ខេត្តស្រីសឈរ ត្រូវចែកជាពីរៈ
ផ្នែកខាងលើ នៅរក្សាឈ្មោះថា ស្រីសឈរដដែល ឯមួយផ្នែកខាងក្រោម មានឈ្មោះថា ល្វាឯម ។
ព្រឹត្តិការណ៍នេះគឺនៅឆ្នាំ ១៦០៤ ។ នៅពេលនោះដែរ ព្រះរាជា
ទ្រង់គ្រងតែអាវផាយពណ៌លឿងតាមរបៀបសៀម និង បានសម្រេចអោយនាម៉ឺនសព្វមុខមន្ត្រី
តាំងពីពួកមហាតលិកនិងនាយពលឡើងទៅ បោះបង់សម្លៀកបំពាក់បែបលង្វែក ដែលបង់កក្រមាវែងចេញ
ហើយស្លៀកពាក់ដូចព្រះអង្គវិញ។ ទាំងការនិយាយស្តីក៏ទ្រង់អោយដូរគឺ អោយគេហៅ ព្រះអង្គថា
ព្រះស្រីសុរិយោពណ៌មនាថ([1])
វិញ។ ស្រីៗដែលមានឋានៈខ្ពស់ត្រូវឆ្លើយនិងព្រះរាជាថា ព្រះពរ ឆ្លើយនិងព្រះមហាក្សត្រីយ៍ថា
ព្រះម៉ែ ហើយឆ្លើយនិងពួកអ្នកអង្គម្ចាស់ថា ព្រះបាទអម្ចាស់ ។
ព្រះរាជានុសិទ្ធិ ពញាញោម មិនអាចហាមឃាត់គំនិតដែលចង់ដណ្តើមយកអំនាចបាន
តទៅទៀតទេ ដោយទ្រង់បានភៀសព្រះកាយទៅគង់នៅក្នុងខេត្តស្ទោង ចន្លោះខេត្តជីក្រែង និង
ខេត្តកំពង់ស្វាយ នៅឆ្នាំ ១៦១១ ហើយចាប់ផ្តើមកេណ្ឌទ័ព ។
ព្រះស្រីសុរិយោពណ៌បានលើកទ័ពទៅវាយ ចាប់ខ្លួនបាន ហើយបញ្ជាអោយគេសម្លាប់ចោលទៅ។
នៅគ.ស ១៦១៣, ខែ ធ្នូ បន្ទាប់ពីធ្វើសង្គ្រាមទាំងឡាយចប់ហើយ
ទ្រង់បានប្រារព្ធធ្វើពិធីប្រាប្តាភិសេក([2])
សោយរាជ្យសម្បត្តិដោយមាននាមសម្រាប់រាជ្យថា ព្រះបាទសម្តេចព្រះបរមរាជាធិរាជរាមាធិបតីព្រះស្រីសុរិយោពណ៌
ក្នុងអាយុ ៥៩ព្រះវស្សា។ ៥ឆ្នាំក្រោយមក ដោយនឿយណាយនិងរាជ្យសម្បត្តិ ហើយណាមួយទ្រង់មានអាពាធផង
ទ្រង់ក៏បានដាក់រាជ្យថ្វាយបុត្រាច្បងព្រះនាម ជ័យជេដ្ឋាទី២ គឺនៅឆ្នាំ ១៦១៨ ។ ជ័យជេដ្ឋាទី២
ឡើងសោយរាជ្យ ដោយមានព្រះនាមសម្រាប់រាជ្យថា ព្រះបាទសម្តេចព្រះរាជឱង្ការព្រះជ័យជេដ្ឋាធិរាជរាមាធិបតីបរមបពិត្រ
ក្នុងព្រះជន្មាយុ ៤០វស្សា មានមហេសីជាបុត្រីស្តេចអាណ្ណាម គឺព្រះនាងចូវ (វៀតណាមហៅថា
ង៉ុកវាន់)។ ចំនែក ឧទ័យ ដែលជាអនុជរបស់ទ្រង់ កាលនោះមានព្រះជន្ម ៣៩ព្រះវស្សា
បានទទួលឋានៈជា មហាឧបរាជ ។ មួយឆ្នាំក្រោយមក ព្រះបាទស្រីសុរិយោពណ៌ បានចូលទីវង្គត
ហើយព្រះអដ្ឋិធាតុ
ត្រូវបានគេយកមកបញ្ចុះនៅក្នុងចេតិយ៍មួយនៅលើភ្នំព្រះរាជទ្រព្យនៅក្បែរឧដុង្គ
ហើយភ្នំនោះត្រូវបានគេហៅថា ភ្នំត្រៃត្រឹង្ស ចាប់ពីពេលនោះមក។ មកដល់ឆ្នាំ ១៦២០
ព្រះរាជាជ័យជេដ្ឋា បានធ្វើដំណើរបូជនីយេសក៍មកកាន់ភ្នំត្រៃត្រឹង្ស
ទ្រង់បានចាប់ព្រះទ័យយ៉ាងខ្លាំងនិងស្រុកឧដុង្គ
ក៏បញ្ជាអោយគេសង់វាំងមួយនៅពីខាងជើងស្រះកែវ រួចបានបញ្ជាអោយ
គេដូរឈ្មោះរាជធានីដែលនៅក្បែរព្រះរាជវាំងនោះថា ឧដុង្គមានជ័យ វិញ ហើយអោយគេហៅ
ទ្រង់ថា សម្តេចព្រះនារាយណ៍មនាថ ។
អ្វីដែលយើងចាប់អារម្មណ៍នោះ គឺ ព្រះបាទជ័យជេដ្ឋាទី២ មានមហេសីដែលជាជនជាតិអាណ្ណាម
។ សំណួរដែលលេចឡើងដំបូង ក្នុងចិត្តអ្នកសិក្សា ពិតមិនជាខុសគ្នាប៉ុន្មានទេថា
ហេតុអ្វីបានជាទ្រង់មានមហេសីដែលជាជនជាតិអាណ្ណាម? ហើយជនជាតិនេះនៅឯណា?
ទំនាក់ទំនងរវាងខ្មែរនិងពួកនេះ កើតមានតាំងពីពេលណា? ហេតុអ្វីបានជាព្រះរាជាខ្មែរមាន សម្ព័ន្ធភាពជាមួយពួកនេះ?
១. ចំនងមេត្រីភាពរវាងក្សត្រខ្មែរ និង ក្សត្រអាណ្ណាម ត្រកូលង្វៀន
ហេតុអ្វីបានជាក្សត្រខ្មែរចងមេត្រីភាពជាមួយអាណ្ណាម?
ក. ការគម្រាមកំហែងពីសំណាក់ពួកសៀម
ពួកសៀម ជានិវេសន៍ជនចេញមកពីប្រទេសចិន ដែលគេចពីការគ្រប់គ្រង និង ធ្វើបាប
ពីសំណាក់ពួកម៉ុងហ្គោល ដែលបានចូលមកត្រួតត្រាប្រទេសចិន។ ពួកសៀម
បានចូលមកជ្រកកោនលើទឹកដីខ្មែរ ជាកុលសម្ព័ន្ធហើយបញ្ជូនសួយសារអារ-ក មករាជធានីអង្គរជារៀងរាល់ឆ្នាំ ។ បន្តិចម្តងៗ
ពួកនេះបានរីកចម្រើនសមាជិករបស់ខ្លួន ហើយក្លាយជាសាមន្តរដ្ឋរបស់ អាណាចក្រខ្មែរ ។
មកដល់ស.វទី១៤ សៀមបានមកតាំងរាជាណាចក្ររបស់ខ្លួននៅភាគខាងលិចក្រុងអង្គរ
ដែលមានរាជធានីឈ្មោះ អាយុធ្យា នៅឆ្នាំ ១៣៤៧ ។ ចាប់តាំងពីនោះមក
ពួកនេះបានអនុវត្តន៍នយោបាយឈ្លានពានទឹកដីខ្មែរ ជានិច្ចកាល ជាពិសេសស្របពេលដែលនៅ
កម្ពុជាមានវិបត្តិ និង រងការឈ្លានពានពីសំណាក់ពួកចាម្ប៉ា។ ក្នុងគោលគំនិតនេះ ពួកសៀម
បានធ្វើការវាយលុកលើអាណាចក្រខ្មែរជាច្រើនលើក ច្រើនសារ ដោយពេលខ្លះបានគ្រប់គ្រង
លើប្រទេសខ្មែរ ពេលខ្លះដណ្តើមបានទឹកដីខ្មែរភាគខាងលិច
ហើយបន្តលូកដៃចូលកិច្ចការផ្ទៃក្នុងប្រទេសខ្មែរជារឿយៗ។
គេអាចរាប់ការវាយលុកចូលប្រទេសខ្មែរពីសំណាក់ពួកសៀម
ចាប់តាំងពីការកកើតនៃរាជាណាចក្រសៀមនេះ រហូតដល់សម័យឧដុង្គជា ៩លើក ដូចខាងក្រោម៖
1. នៅគ.ស ១៣៥១ ក្នុងរជ្ជកាលព្រះបាទ
លំពង្សរាជា (១៣៤១ - ១៣៥២) ព្រះចៅសៀម ព្រះនាម រាមាធិបតី បានលើកទ័ពវាយយកក្រុងអង្គរ
2. គ.ស ១៣៩៥ ក្នុងរជ្ជកាលព្រះបាទ
ធម្មាសោក (១៣៧៣ - ១៣៩៥)
សៀមព័ទ្ធរាជធានីអង្គរជាប់ ៧ខែ ហើយវាយយកបានក្រុងអង្គរ ជាថ្មីម្តងទៀត
ដែលកាលនោះដឹកនាំដោយព្រះចៅសៀម រាមាសូរ
3. គ.ស ១៤២០ ក្នុងរជ្ជកាលព្រះបាទ បរមសុខា
ឬ បរមសោក្ករាជ (១៤១៧ - ១៤២០) សៀមវាយបានក្រុងអង្គរ ជាលើកទី៣ ។
4. នៅសម័យចតុមុខ គ.ស ១៤៧៣
ក្នុងរជ្ជកាលព្រះបាទ ស្រីរាជា(១៤៦៩ -
១៤៨៥) សៀមវាយលុកយកបានខេត្ត កូរ៉ាត់ មហានគរ និង ចន្ទបុរី ។
5. ក្នុងរជ្ជកាលព្រះបាទ ចន្ទរាជា (១៥១៦ - ១៥៦៦)
សៀមវាយបានខេត្តមហានគរនៅឆ្នាំ ១៥២០
6. នៅឆ្នាំ ១៥៣០ សៀម បានបញ្ជូន ពញាអុង
ដែលជាបងប្អូនជីដូនមួយនិងចន្ទរាជា អោយមកវាយខ្មែរម្តងទៀត
7. នៅគ.ស ១៥៧២ ឆ្លៀតពេលដែលព្រះបាទបរមរាជា
ប្រយុទ្ធនិងពួកលាវ សៀមលើកទ័ពមកដណ្តើមបាន នគររាជសីមា បស្ចឹមបុរី និង ចន្ទបុរី។
8. នៅឆ្នាំ ១៥៨៨ ដោយក្បត់និងសន្ធិសញ្ញាមិត្តភាពខ្មែរ-សៀម ពួកសៀម
បានលើកទ័ពមកព័ទ្ធក្រុងលង្វែក បីខែ តែមិនបានសម្រេច ហើយប្រើល្បិចបាញ់ប្រាក់ដួងចូល
គុម្ពឫស្សីដែលជារបងការពារក្រុងលង្វែក
9. នៅឆ្នាំ ១៥៩៤
សៀមលើកទ័ពមកវាយយកបានក្រុងលង្វែក ដោយបានដាក់ទ័ព
អោយនៅត្រួតត្រាផង
ដូចនេះយើងឃើញថា សៀមជាមេគ្រោះថ្នាក់មួយ
ដែលតែងតែប៉ងលេបត្របាក់យកទឹកដីខ្មែរមិនឈប់។ ព្រះបាទស្រីសុរិយោពណ៌
ដែលត្រូវសៀមចាប់យកទៅកាលពីក្រុង លង្វែកត្រូវសៀមវាយយកបាននោះ
បានត្រឡប់មកស្រុកខ្មែរវិញហើយបានដឹងច្បាស់ពី គំនិត របស់សៀមនេះ
ទើបទ្រង់រិះរកមធ្យោបាយ ដើម្បីគេចពីគ្រោះថ្នាក់បាត់បង់ទឹកដីទៅក្នុងដៃពួក សៀមនេះ
ដោយទ្រង់បានសម្លឹងឃើញ នគរថ្មីមួយទៀតនៅទិសខាងកើត
ដែលទើបតែកម្ចាត់បាននូវប្រទេសចាម្ប៉ា ដែលធ្វាប់តែយាយីខ្មែរដែរនោះ គឺប្រទេសអាណ្ណាម
។
តើហេតុអ្វីបានជា នគរអាណ្ណាមក្លាយជានគរជាទីទុកចិត្តចំពោះព្រះបាទស្រីសុរិយោ
ពណ៌ ក្នុងការចងមេត្រីភាព រួមកម្លាំងទប់ទល់និងឥទ្ធិពលសៀម?
ខ. នគរអាណ្ណាម
ពួកអាណ្ណាម ក៏មិនខុសពីពួកសៀមដែរ ។ ពួកនេះ
ជាអតីតប្រជាជនដែលរស់នៅក្នុងទឹកដីចិនភាគខាងត្បូង ក្នុងខេត្ត យួនណាន ។
បន្ទាប់ពីការរើបម្រះជាច្រើនលើក ហើយក៏ត្រូវពួកចិនបង្រ្កាបជាច្រើនលើក ទឹកដីវៀតណាមភាគខាងជើងសព្វថ្ងៃ ត្រូវបានចិនហៅថា អាណ្ណាមជូហូកួ ដែលមានន័យថា
ប្រទេសក្រោមអាណានិគម ។ នៅចុងរាជវង្សថាង ពួកនេះ បានរើបម្រះបានសម្រេច
ហើយប្រកាសខ្លួនជារដ្ឋឯករាជ្យ ក្រោមការដឹកនាំរបស់រាជវង្ស លី (១១១ មុនគ.ស - ៩២៣ នៃគ.ស) ដោយធ្វើការពង្រីកទឹកដីមកភាគខាងត្បុង គឺការឈ្លានពាន
ទឹកដីប្រទេសចាម្ប៉ា ។ គ.ស ឆ្នាំ ១៤៧០ ក្រោមការដឹកនាំរបស់ ស្តេចអាណ្ណាម ឡេថាញ់ទោន
(Lê Thanh Tôn) រាជធានី វិជ័យ
របស់នគរចាម្ប៉ាបានធ្លាក់ក្នុងដៃពួកអាណ្ណាម
នៅសល់តែទឹកដីមួយចំនួនតូចនៅភាគខាងត្បូងដែលមិនទាន់វាយយកបាន ។
គ.សឆ្នាំ ១៦០០, វិបត្តិផ្ទៃក្នុងបានកើតឡើងក្នុងរាជាណាចក្រអាណ្ណាម
បណ្តាលឲ្យរាជាណាចក្រនេះត្រូវបែងចែកជាពីរ ហើយបន្តច្បាំងគ្នាឯងគឺ៖
Ø ទឹកដីភាគខាងជើងដែលមានព្រំប្រទល់ជាប់និងចិន
ដឹកនាំដោយរាជ្យវង្ស ឡេ (Lê) គាំទ្រដោយពួកស្តេចត្រាញ់ត្រកូល ទ្រិញ (Trinh) ។
Ø ទឹកដីភាគខាងត្បូង
ដឹកនាំដោយស្តេចត្រាញ់ ត្រកូល ង្វៀន (Nguyên) ដែលបើទោះបី ជាមានជម្លោះជាមួយភាគខាងជើងក៏ដោយ
ក៏ពួកនេះនៅបន្តឈ្លានពានទឹកដីចាម្ប៉ា រហូតបានសម្រេចជាស្ថាពរនៅឆ្នាំ ១៦៩៣ ដែរ។
រាជធានីរបស់ស្តេចត្រាញ់ត្រកូលង្វៀននេះ មានឈ្មោះថា ក្រុងវេ (Hué) ។
បើដូចនេះហើយ គេអាចសន្មត់បានថា
ទន្ទឹមពេលដែលសៀមកំពុងគម្រាមកំហែងដល់សន្តិភាព សន្តិសុខ និង ស្ថិរភាពរបស់ខ្មែរ
ពួកអាណ្ណាម បានពង្រីកខ្លួន និង
ឥទ្ធិពលដ៏ធំមួយសម្រាប់ជាទីសម្លឹងមើលរបស់មហាក្សត្រខ្មែរ
ដែលកំពុងតែត្រូវការដៃគូជំនួយ។
មិនបង្អែរបង្អង់ ព្រះបាទស្រីសុរិយោពណ៌ បានបញ្ជូនបណ្តាការ និង
រាជទូតទៅសុំចង មេត្រីភាពនិងស្តេចត្រាញ់ត្រកូលង្វៀន នេះ
ហើយធ្វើការអភិសេកបុត្រាច្បងរបស់ទ្រង់ព្រះនាម ជ័យជេដ្ឋាទី២
ជាមួយបុត្រីស្តេចត្រាញ់អាណ្ណាម ព្រះនាងចូវ (ឯកសារអាណ្ណាមថា
ព្រះនាងមានព្រះនាមថា ង៉ុកវ៉ាន )
ទុកជាចំណងមេត្រីភាពតាមទម្លាប់សម័យបុរាណនោះភ្លាម។ ព្រឹត្តិការណ៍ នេះធ្វើឡើងនៅគ.ស
១៦១៨។
២. ចំនងមេត្រីភាពគ្រាដំបូង និង ប្រតិកម្មរបស់សៀម
ក្សត្រទី១ នៃសម័យឧដុង្គៈ
ព្រះបាទជ័យជេដ្ឋាទី២ បានឡើងសោយរាជ្យ នៅគ.ស
១៦១៨ ដែលមាននាមសម្រាប់រាជ្យថា ព្រះបាទសម្តេចព្រះរាជឱង្កាព្រះជ័យជេដ្ឋាធិរាជរាមាធិបតីបរមបពិត្រ
ក្នុងព្រះជន្មាយុ ៤០វស្សា មានមហេសីជាបុត្រីរបស់នគរអាណ្ណាម ព្រះនាងចូវ,
ព្រះឧទ័យជាអនុជដែលមានព្រះជន្ម ៣៩វស្សា បានទទួលឋានៈជា ព្រះមហាឧបរាជ មាននាមថា ឧទ័យបរមរាជា
ដែលមានរាជវាំងនៅរួមគ្នានៅឯ ល្វាឯម ។
នៅឆ្នាំ ១៦២០ ទ្រង់បានយាងមកគង់នៅក្រុងឧដុង្គ
ដែលក្សត្រក្រោយៗមកសុទ្ធតែគង់នៅក្រុងនេះ ជាហេតុដែលនាំអោយអ្នកប្រវត្តិសាស្ត្រកំនត់ថា
ឆ្នាំ១៦២០ ជាឆ្នាំចាប់ផ្តើមនៃ សម័យឧដុង្គ ។
ក្នុងរជ្ជកាលរបស់ទ្រង់ ព្រះអង្គបានបោះបង់ចោលនូវទម្លាប់បែបសៀម
ហើយលើកយកទម្លាប់បែបខ្មែរមកប្រើជំនួសវិញ ដើម្បីជាការបង្ហាញអោយឃើញថា
ព្រះអង្គមិនទទួលស្គាល់នូវអំនាចរបស់សៀមតទៅទៀតទេ ។
ទ្រង់បញ្ញត្តិអោយបណ្តាមុខមន្ត្រីធំ-តូចទូលឆ្លើយនិងព្រះអង្គថា
សម្តេចព្រះនរាយណ៍នរនាថ(មនាថ), អគ្គមហេសីរបស់ទ្រង់គឺព្រះនាងចូវ ត្រូវហៅថា
សម្តេចព្រះភគវតីព្រះស្រីវរក្សត្រី ។ ចំនែកព្រះឧទ័យវិញ បានកំនត់អោយគេហៅថា
ព្រះភូធរនរនាថ ។
ចំនែកព្រះចៅសៀម បានឆ្លើយតបវិញចំពោះ ការមិនទទួលស្គាល់អំនាចរបស់ខ្លួន និង
ការណ៍ដែលខ្មែរហ៊ានទៅចងមេត្រីភាពនិងនគរអាណ្ណាម នោះ បានលើកទ័ពមកវាយខ្មែរពីរលើកគឺ
នៅឆ្នាំ ១៦២២ ស្តេចសៀមថាយណា បានលើកទ័ពមួយកងមកដល់ភ្នំ ចុង្គាង(អតីតខេត្តបរិបូរណ៍)
ប៉ុន្តែត្រូវព្រះបាទ ជ័យជេដ្ឋាទី២ នាំទ័ពទៅកម្ចាត់បាន
ហើយហៅពួកឈ្លើយសឹកដែលចាប់បាននោះថា សៀមចុង្គាង និងលើកទី២ នៅឆ្នាំ ១៦២៣
តាមជើងទឹកដឹកនាំដោយ ស្រីធម្មរាជា មកដល់ខេត្តពាម (កំពត) តែត្រូវ មហាឧបរាជ ឧទ័យ
នាំទ័ពទៅកម្ចាត់បានទៀត ។ ចាប់ពីពេលនោះមក
សៀមហាក់ដូចជាស្ងាត់ពុំឃើញធ្វើសកម្មភាពអ្វីទៀតទេ ។
បែរទៅមើលញាតិថ្មីរបស់ខ្មែរយើង នៅភាគខាងកើតប្រទេសវិញម្តង ។ កាលនោះ
នគរអាណ្ណាមពុំទាន់មានស្ថិរភាពនៅឡើយទេ ណាដោយសារចម្បាំងជាមួយរាជវង្សឡេ
ដែលមានការគាំទ្រពីស្តេចត្រាញ់ត្រកូល ទ្រិញ, ណាមួយ ត្រូវពើបប្រទះនិងទុរ្ភិក្សជារឿយ
បានធ្វើអោយពួកអាណ្ណាមមួយចំនួន បានលបចូលទឹកដីខ្មែរនៅ ខេត្ត បារា និង ដូនណៃ
ដើម្បីកាប់ឆ្ការ ព្រៃយកដីធ្វើស្រែ ហើយចំនួនមនុស្សលបចូលមក ក៏កាន់តែច្រើនឡើងៗ
ព្រោះដីទំនេរមានចំនួនច្រើន ម្យ៉ាងតំបន់ទាំងនោះ ពុំសូវមានប្រជារាស្ត្រខ្មែររស់នៅផង
បន្ថែមដោយភាពធូររលុងរបស់អាជ្ញាធរប្រចាំខេត្តផង ។ នៅគ.ស ១៦២៣
គណៈបេសកទូតអាណ្ណាមមួយក្រុម ត្រូវបានគេបញ្ជូនមកកាន់ក្រុងឧដុង្គ
ដោយនាំមកនូវបណ្ណាការល្អៗ វត្ថុមានតម្លៃ ដែលជាតង្វាយចំពោះព្រះបាទជ័យជេដ្ឋា
ជាបុត្រសណិសារបស់នគរអាណ្ណាម ។ បេសកទូតនេះ បាននាំមកនូវសេចក្តីស្នើសុំរបស់ព្រះចៅក្រុងវេ
ដើម្បីអោយព្រះបាទជ័យជេដ្ឋាធ្វើនូវសេចក្តីអនុគ្រោះ និង អនុញ្ញាតអោយជនជាតិអាណ្ណាម
បង្កើតគ្រឹះស្ថានជំនួញនៅតំបន់ព្រៃនគរ និង កំពង់ក្របី សម្រាប់ហាត់ទ័ពយកទៅទប់ទល់និង
ពួកស្តេចត្រាញ់ត្រកូលទ្រិញ ដោយសន្យាសងវិញនៅ ប្រាំឆ្នាំក្រោយ ។ ព្រះបាទជ័យជេដ្ឋាទី២
ទ្រង់ព្រះរាជានុញ្ញាត ដោយសំអាងលើសម្ព័ន្ធមេត្រីភាព និង
យល់ដល់ព្រះភក្ត្រព្រះមហេសីរបស់ខ្លួន ។ ចាប់ពីពេលនោះមក
ដោយមានការលើកទឹកចិត្តពីព្រះចៅក្រុងវេ ផង
ពួកអាណ្ណាមបានជញ្ជូនកូនចៅចូលមករស់នៅលើទឹកដីនេះកាន់ តែច្រើនឡើងៗថែមទៀត
ដោយគ្មានប្រតិកម្មពីមន្ត្រីឬព្រះរាជាខ្មែរទេ ។ បន្ទាប់មក ដោយយកលេសសន្តិសុខ និង
ប្រសីទ្ធិភាព ក្នុងការគ្រប់គ្រងប្រជារាស្ត្រទាំងនោះ ព្រះចៅក្រុងវេ
បានបញ្ជូនមេទ័ពម្នាក់ អោយទៅឈរជើងប្រចាំតំបន់នោះទៀត ។ ពួកអាណ្ណាមដែលបានចូលមកទាំងនោះ
បានចូលមកតាំងទីលើតំបន់ដែលមានជីរជាតិ ដូចជាតាមមាត់ទន្លេ ស្ទឹង និង ទីប្រសព្វមុខនៃផ្លូវទឹកទាំងឡាយ
បណ្តាលអោយខ្មែរដែលមានចំនួនតិច បានដកខ្លួនចេញឆ្ងាយ
ព្រោះមិនចេះរស់នៅច្របូកច្របល់និងអ្នកចំណូលថ្មីដែលមានទំនៀមទម្លាប់ខុសប្លែកគ្នាពេក។
នៅឆ្នាំ ១៦២៨ នៅពេលដែលព្រះបាទជ័យជេដ្ឋាទី២ ចូលទីវង្គតទៅ
ទឹកដីខ្មែរភាគខាងកើតចាប់ពី បារា ដូនណៃ ទៅទល់និងអតីតទឹកដីប្រទេសចាម្ប៉ា
មានសុទ្ធតែជាជនជាតិ អាណ្ណាម
ពាសពេញអស់ទៅហើយ ។ ពួកអាណ្ណាម ពុំបានបង្វិលសងខេត្តទាំងពីរនេះ មកខ្មែរ
វិញតាមការសន្យារបស់ខ្លួនឡើយ ។
៣. វិបត្តិរាជវង្សានុវង្សខ្មែរ និង អន្តរាគមន៍របស់អាណ្ណាម
បន្ទាប់ពីព្រះបាទជ័យជេដ្ឋាទី២ ចូលទីវង្គតទៅ វិបត្តិរាជវង្សានុវង្សខ្មែរ
បានកើតឡើង រហូតដល់មានការពឹងពាក់បរទេស មាន អាណ្ណាមនិងសៀមជាដើម
ដែលជាហេតុធ្វើអោយបរទេសទាំងពីរ
មានឱកាសអាចលូកដៃចូលកិច្ចការផ្ទៃក្នុងរបស់ប្រទេសខ្មែរបាន ។
ដើម្បីអោយកាន់តែងាយយល់
ពីព្រឹត្តិការណ៍ដែលកើតមានក្នុងដំណើរនៃជម្លោះរាជវង្សនេះ យើងនឹងពិនិត្យមើល
ខ្សែស្រឡាយ និង ញាតិវង្ស នៅដំណាក់កាលទី១ នៃសម័យឧដុង្គ ជាមុនសិន៖
ញាតិវង្សនៅពាក់កណ្តាលទី១នៃសម័យឧដុង្គ
ស្រីសុរិយោពណ៌
ជ័យជេដ្ឋាទី២ ឧទ័យ
ពញាតូ ពញានូ ចន្ទវតី ពញាចន្ទ អង្គនន់ អង្គសូ អង្គតន់ អង្គអឹម
ស្រីជ័យជេដ្ឋា អង្គជី អង្គស៊ូ អង្គនន្ទ
អង្គយ៉ង ធម្មរាជា កែវហ្វ៊ាអង្គអឹម
អង្គទង អង្គអឹម អង្គហ៊ីង អង្គស្ងួន សត្ថា
អង្គសូ(ឧទ័័យ) អង្គនន់
អង្គតន់(ឧទ័យ)
អង្គអេង
ជ័យជេដ្ឋាទី២ ចូលទីវង្គត ពួកនាម៉ឺន មន្ត្រីសេនាបតី បានសូមយាងព្រះមហាឧបរាជ
ឧទ័យ អោយឡើងសោយរាជ្យ តែព្រះអង្គប្រកែកពុំព្រមសោះ ដោយព្រះអង្គទទួលយកឋានៈ ជា ឧភយោរាជ
កាន់អំណាចបណ្តោះអាសន្នទំរាំមានព្រះរាជាឡើងសោយរាជ្យ។ ឧទ័យ
បានកាន់កាប់កិច្ចការប្រទេសពីឆ្នាំ ១៦២៨ ដល់ ១៦២៩ ដោយមាននាមថា ព្រះធម្មនាថយោមរាជធម្ម
។ នៅឆ្នាំ ១៦២៩ ពញាតូ ដែលជាបុត្រច្បងរបស់ ជ័យជេដ្ឋាទី២ បានសឹកពីព្រះភ្នួសមក
ទទួលរាជ្យសម្បត្តិ។
៣.១ ពញាតូ ឬ ស្រីធម្មរាជា ឬ ព្រះរាជសម្ភារ(១៦២៩-៣៤)
ពញាតូទ្រង់ឡើងសោយរាជ្យ នៅគ.សឆ្នាំ ១៦២៩ ដោយយកព្រះនាមសម្រាប់រាជ្យថា ព្រះបាទសម្តេចព្រះរាជឱង្ការព្រះស្រីធម្មោរាជាធិរាជរាមាធិបតី
ដែលមានរាជវាំងនៅកោះឃ្លោក ។ ទ្រង់បានអោយគេ ដូរពិធីការ
ដែលព្រះរាជាមុនៗបានធ្វើជាច្រើនលើករួចមកហើយ ដោយអោយអ្នកទាំងពួងហៅព្រះអង្គថា ព្រះរាជសម្ភារបារមីពិសេស
និង អោយហៅអតីតព្រះរាជានុសិទ្ធិឧទ័យ ថា ព្រះភូវនាថ ។
គេនៅចាំបានថា កាលពីមិនទាន់សោយរាជ្យ ពញាតូ
ត្រូវបានបិតាផ្សំផ្គុំអោយជាគូនិងនិងចន្ទវត្តី ។ ប៉ុន្តែ ក្រោយមក ដោយពញាតូ
ជាប់ព្រះភ្នួសនៅឯនគរវត្ត ទើបស្នេហានេះត្រូវអាក់ខាន ។ ជាចៃដន្យ ចន្ទវត្តី ត្រូវបាន
ឧទ័យ ដែលជាព្រះបិតុលា ចាប់ចិត្តស្រឡាញ់ ហើយយកនាងធ្វើជាមហេសី ដោយគ្មានប្រតិកម្មពី
ពញាតូ អ្វីទាំងអស់។
គ.សឆ្នាំ ១៦៣៣ ពញាតូ បានលើកទ័ពទៅវាយយកខេត្ត នគររាជសីមា([3])
តែមិនបានសម្រេច តែឯកសាររបស់លោក អាដេម៉ាឡឺក្លែ សរសេរថា មិនអាចឈរជើងនៅទីនោះបាន ក៏លើកទ័ពត្រឡប់មកវិញ
កៀរបានឈ្លើយសឹកមួយចំនួនមកផង ។ ពេលយាងត្រឡប់មកវិញ ទ្រង់ឈៀងចូលនគរវត្ត ជាកន្លែងដែលទ្រង់ធ្លាប់បួស
រីឯឧបយោរាជ ឧទ័យ បាននាំមន្ត្រី សេនាបតី នាម៉ឺនសព្វមុខមន្ត្រីទៅទទួល ធ្វើអោយ
ពញាតូ បានជួបនិង ចន្ទវត្តី ហើយភ្លើងស្នេហាបាន ឆាបឆេះឡើងវិញ។ គូស្នេហានេះ
បានសរសេរលិខិតឆ្លើយឆ្លងគ្នាដោយលួចលាក់ ។
គេបានបង្កើតឧបាយហែរកឋិនទៅនគរវត្តដើម្បីបានជួបគ្នា ។ នៅពេលត្រឡប់មកដល់ ឧដុង្គវិញ
ព្រះឧបយោរាជ ឧទ័យ បានធ្លាក់ខ្លួនឈឺ, រីឯ ចន្ទវត្តី បានធ្វើឧបាយជា
ទៅបន់ស្រន់ព្រះពុទ្ធនៅវត្ត វិហារសួគ៌ ក្បែរវាំងកោះឃ្លោក របស់ពញាតូ
ដើម្បីបានឱកាសជួបគ្នា ហើយក៏លែងត្រឡប់ទៅ វាំងឧដុង្គវិញ ។ ជម្លោះរវាង ឧទ័យ និង ពញាតូ
ដណ្តើមនាង ចន្ទវត្តី បានកើតឡើង ។ ឧទ័យ បាននាំទ័ពវាយចូលរាជវាំង កោះឃ្លោក ដោយសំអាងថា
ព្រះរាជា លួចប្រពន្ធខ្លួន ដោយមាននាំទាហានពទុយកាល់ទៅជាមួយផង ។ ពញាតូ
ដែលមិនអាចទប់ទល់និងកម្លាំងទ័ពរបស់ ព្រះឧទ័យបាន ក៏ភៀសព្រះកាយតាមទូកទៅដល់ ខេត្តកញ្ជរ
ដែលនៅភាគខាងជើងនៃប្រទេស ប៉ុន្តែការដេញតាមប្រកិត ធ្វើអោយទ្រង់ និង ចន្ទវត្តី
ត្រូវចែកផ្លូវគ្នា ហើយទ្រង់បានឡើងពួនលើចុងត្នោត។ ទាហានពទុយកាល់
បានបាញ់ទ្រង់ទម្លាក់ពីលើចុងត្នោត ប៉ុន្តែមុននឹងសុគត ទ្រង់បានឃាត់ទាហានទាំងនោះ
ដើម្បីចារពីកំហុសដែលទ្រង់ងប់ងល់និងស្នេហាលើស្លឹកត្នោត
ដើម្បីទុកជាមេរៀនដល់មនុស្សជំនាន់ក្រោយ។ ពញាតូ ត្រូវគេធ្វើគុត នៅឆ្នាំ ១៦៣៤ ក្នុងព្រះជន្មាយុ
២៩វស្សា រីឯចន្ទវត្តី ត្រូវគេចាប់បាននៅពេលបន្ទាប់មក
ហើយនាំមករាជវាំងឧដុង្គធ្វើទោសប្រហារជីវិតទៅ។
ថ្វីត្បិតតែ ពញាតូ មានរឿងអាស្រូវរឿងស្នេហា
ប៉ុន្តែទ្រង់ត្រូវបានគេចាត់ទុកជាអ្នកមានចំណេះដឹងជ្រៅជ្រះខាងអក្សរសាស្ត្រ
ដែលស្នាព្រះហស្ថរបស់ទ្រង់រួមមាន៖
·
រាជស័ព្ទ
ឬ ច្បាប់ព្រះរាជសម្ភារ គ.ស ១៦២២
·
សរសើរហេមន្តមាស
គ.ស ១៦២៩
·
កាព្យនិរាស
គ.ស ១៦៣០
·
ហិនលក្ខណ៍សល
គ.ស ១៦៣០
បន្ទាប់ពី
ពញាតូ ចូលទីវង្គត អ្នកដែលស្នងរាជ្យគឺ បុត្រទី២ របស់ព្រះបាទជ័យជេដ្ឋាទី២ បានឡើងសោយរាជ្យគឺៈ
៣.២ ពញានូ ឬ ព្រះអង្គទងរាមាធិបតី(១៦៣៥ - ៣៩)
ពញានូ បានឡើងសោយរាជ្យនៅវាំងឧដុង្គ ក្នុងព្រះជន្ម ២៣វស្សា
ដោយមាននាមសម្រាប់រាជ្យថា ព្រះបាទសម្តេចព្រះរាជឱង្ការព្រះអង្គទងរាជាធិរាជរាមាធិបតីបរមបពិត្រ
។ ក្នុងរជ្ជកាលរបស់ទ្រង់ នៅគ.ស ១៦៣៨ មានការបះបោរមួយដឹកនាំដោយពួកចាម នៅ
រលាំងគ្រើល ប៉ុន្តែត្រូវបានទ្រង់ដឹកនាំទៅបង្ក្រាបវិញបាន។ ពង្សាវតាខ្មែរបានសរសេរថា
ទ្រង់បានតឿនទារយកដី ព្រៃនគរ និង កំពង់ក្របីមកវិញ ប៉ុន្តែព្រះនាងចូវ
បានសុំពន្យាពេលចាំព្រះនាងចូលទីវង្គតសិន ចាំយកមកវិញ ។ ទ្រង់បានផ្លាស់ប្តូររូបមន្តពិធីការ
ដោយអោយគេហៅព្រះអង្គថា ព្រះករុណាពិសេសព្រះអង្គរាជ ។
ទ្រង់ចូលទីវង្គតនៅខែ មិថុនា ១៦៣៩ ។
តាមត្រឹមត្រូវ អ្នកដែលត្រូវឡើងសោយរាជ្យបន្តគឺ ពញាចន្ទ ដែលជាបុត្រាពៅរបស់
ជ័យជេដ្ឋាទី២ ប៉ុន្តែតាមការបង្ហាញពីឧភយោរាជឧទ័យ និង
មានការព្រមព្រៀងពីមន្ត្រីសព្វមុខ ផង គេបានតែងតាំង អង្គនន់ ដែលជាបុត្រាច្បងរបស់
ឧទ័យ អោយសោយរាជ្យ។
៣.៣ អង្គនន្ទ ឬ បទុមរាជា (១៦៣៩ - ៤១)
អង្គនន្ទ ឡើងសោយរាជ្យក្នុងព្រះជន្ម ២៤វស្សា ដែលមាននាមសម្រាប់រាជ្យថា ព្រះបាទសម្តេចព្រះរាជឱង្ការព្រះបទុមរាជាធិរាជរាមាធិបតី
។ ទ្រង់បានយកបុត្រីរបស់ព្រះបាទ ជ័យជេដ្ឋាទី២ ដែលឯកសារសៀមបានបង្ហាញឈ្មោះថា
អ្នកយ៉ា ជាអគ្គមហេសី ហើយមានបុត្រជាមួយអង្គនាម ស្រីជ័យជេដ្ឋ ។ នៅគ.ស ១៦៤១
ព្រះរាជបុត្រពៅរបស់ ជ័យជេដ្ឋាទី២ គឺពញាចន្ទ ដែលខឹងមិនបានឡើងសោយរាជ្យ ក៏បាននាំទ័ពចូលរាជវាំងធ្វើគុតអង្គនន្ទ
ហើយឡើងសោយរាជ្យ។ ចំនែកបុត្របីអង្គទៀតរបស់ ឧទ័យ រួមមាន អង្គសូ អង្គតន់ និង អង្គអឹម
បានលាក់ខ្លួននៅក្នុងត្តមួយ ។
៣.៤ ពញាចន្ទ ឬ រាមាធិបតី ឬ ព្រះរាមចូលសាសន៍(១៦៤២ - ៥៩)
ពញាចន្ទ បន្ទាប់ពីធ្វើឃាត អង្គនន្ទ និង ឧទ័យ រួចហើយ បានឡើងសោយរាជ្យ ដោយ
មានសម្រាប់រាជ្យថា ព្រះបាទសម្តេចព្រះរាមាធិបតី ក្នុងព្រះជន្ម ២៣វស្សា ។
នៅក្នុងដំណើរកំសាន្តមួយរបស់ទ្រង់ នៅឆ្នាំ ១៦៤៤ ទៅភូមិ ឃ្លាំងស្បែក ដែលមានចំងាយប្រហែល
១០គ.ម ពីកំពង់ហ្លួង ព្រះអង្គបានចាប់ចិត្តលើនារីចាមម្នាក់ឈ្មោះ ហ្វាទីម៉ា([4])
ដោយបានតែងតាំងនាងជា ស្នំឯក ហើយព្រះអង្គបានកាន់សាសនាឥស្លាម ដែលប្រជារាស្ត្រហៅទ្រង់ថា
ព្រះរាមចូលសាសន៍ ហើយបញ្ជាអោយមន្ត្រីកាន់យកទំនៀមទម្លាប់ចាម ។
ទ្រង់បានតែងតាំង ចៃសុន ជាបិតាក្មេកអោយឡើងជា សម្តេចបរទេសរាជ ។
សកម្មភាពរបស់ទ្រង់បានបង្កការមិនសប្បាយចិត្តយ៉ាងខ្លាំងដល់ពួកមន្ត្រី និង
ប្រជារាស្ត្រ ។ ស្របពេលនោះដែរ ទ្រង់ក៏បានរំលឹកដល់ទឹកដី ព្រៃនគរ និងកំពង់ក្របី
ប៉ុន្តែត្រូវព្រះនាងចូវសុំពន្យាពេលបន្តទៅទៀត ។
នៅគ.ស ១៦៥៣ បុត្រារបស់ឧទ័យពីរអង្គគឺ អង្គសូ និង អង្គតន់
ដែលបានលាក់ខ្លួននោះ ក៏បានបញ្ចុះបញ្ចូលរាស្ត្រជាសម្ងាត់
ហើយលើកទ័ពទៅច្បាំងជាមួយព្រះអង្គចន្ទ តែច្បាំង មិនឈ្នះ
ក៏ចូលទៅជ្រកកោននិងក្សត្រីអង្គចូវ
ព្រោះក្សត្រីនេះក៏មានការមិនពេញចិត្តដែលព្រះអង្គចន្ទទាមទារដីព្រៃនគរ និង កំពង់ក្របី
។ ព្រះនាងបានអោយយោបល់ថា អោយទៅសុំជំនួយពីព្រះចៅក្រុងវេ ។ នៅឆ្នាំ ១៦៥៨ ស្តេចយួន
ថៃតុង បានបញ្ជូនទ័ព ២ពាន់នាក់ ជាការគាំទ្រដល់អង្គសូ និង អង្គតន់
ដឹកនាំដោយឧត្តមសេនីយ៍ អុងហ៊ាងធូ ចូលមកស្រុកខ្មែរ
ហើយបើកឆាកប្រយុទ្ធជាមួយព្រះអង្គចន្ទ នៅព្រែកតាទែន ។ នេះជាលើកទី១
ហើយដែលយួនលូកដៃចូលកិច្ចការនគរខ្មែរ ហើយធ្វើឡើងដោយកម្លាំងទ័ពទៀតផង។
ព្រះអង្គចន្ទអ៊ីប្រាហ៊ីម បរាជ័យ ត្រូវពួកយួនចាប់យកទៅក្រុងវេ រហូតចូលទីវង្គតនៅឆ្នាំ
១៦៥៩([5])
។ ការលើកទ័ពយួនមកនេះ នៅពេលទទួលបានជ័យជម្នះ ពួកគេពុំបានដក
ត្រឡប់ទៅវិញទេ ពួកនេះមានគម្រោងការណ៍វាយត្រួតត្រាក្រុងឧដុង្គ ប៉ុន្តែត្រូវបានអង្គសូ
និង អង្គតន់ ដឹង ក៏រៀបចំទ័ពទប់ទល់ ។ ចម្បាំងខ្មែរ និង យួនបានកើតឡើង។ ដោយសារមានការ
ត្រៀមទុកការពារជាមុនរបស់អង្គសូ និង អង្គតន់ ទ័ពយួនទទួលបរាជ័យ ហើយថយទៅវិញ។
ក្រោយពីដេញទ័ពយួនអោយត្រឡប់ទៅវិញ អង្គសូ ដែលជាបុត្រទី២ របស់ ឧទ័យ
បានឡើងសោយរាជ្យ។
៣.៥ អង្គសូ ឬ បរមរាជា (១៦៥៩ - ៧២)
គ.សឆ្នាំ ១៦៥៩ អង្គសូបានធ្វើពិធីប្រាប្តាភិសេក សោយរាជ្យ ក្នុងព្រះជន្ម ២៩
វស្សា ដោយមាននាម សម្រាប់រាជ្យថា សម្តេចព្រះបរមរាជាធិរាជរាមាធិបតី តែងតាំង អង្គឡី
(អង្គលី?) ជាអគ្គមហេសី ដែលមាននាមថា សម្តេចព្រះភគវតីព្រះចមក្សត្រីយ៍,
ហើយនៅឆ្នាំ ១៦៦១បានតែងតាំង អង្គតន់ អោយឡើងជាទី ឧភយោរាជ ។
នៅគ.ស ១៦៧២ ទ្រង់សព្វព្រះទ័យផ្សំផ្គុំបុត្រីរបស់ទ្រង់ ព្រះនាម អង្គស្រីធីតា
ដែលជាបុត្រីរបស់អ្នកម្នាង ពៅ អោយទៅ ស្រីជ័យជេដ្ឋា ដែលជាបុត្ររបស់អង្គនន់ (អង្គនន់ជាបុត្រច្បងរបស់ឧទ័យ
ដែលត្រូវ ព្រះអង្គចន្ទអ៊ីប្រាហ៊ីមធ្វើគុត) ។ បើគិតទៅ ស្រីជ័យជេដ្ឋា នេះ
គឺជាក្មួយរបស់អង្គសូ ។ ជាអកុសល នៅប៉ុន្មានខែក្រោយមក បុត្រសណិសា
រូបនេះបានដឹកនាំបក្សពួកចូលរាជវាំងធ្វើគុត ព្រះអង្គសូ ។ ចំនែកព្រះឧភយោរាជ តន់
បានភៀសខ្លួនទៅស្រុកយួនជាមួយនិង អង្គនន់(២) ដែលជាបុត្ររបស់អង្គអឹម។ ស្រីជ័យជេដ្ឋា
ក៏ឡើងសោយរាជ្យៈ
៣.៦ ស្រីជ័យជេដ្ឋា ឬ បទុមរាជា(១៦៧២ - ៧៣)
ក្នុងព្រះជន្ម ៣៣វស្សា ស្រីជ័យជេដ្ឋា
បានអភិសេកគ្រងរាជ្យភ្លាមបន្ទាប់ពីធ្វើគុតបិតាក្មេក ដែលជាព្រះបិតុលារបស់ខ្លួន
ដោយបានបង្ខំ អង្គឡី ដែលជាអគ្គមហេសីរបស់អង្គសូ មកធ្វើជាមហេសីរបស់ខ្លួនទៀត ។
ព្រះអង្គយកនាមសម្រាប់រាជ្យថា ព្រះបាទសម្តេចព្រះបទុមរាជាធិរាជរាមាធិបតី ។
បន្ទាប់ពីសោយរាជ្យបាន ៥ខែ ត្រូវបានអង្គឡី
នេះធ្វើការទាក់ទងជាមួយពួកចាមជាកូនចៅដែលធ្លាប់គាំទ្រអង្គចន្ទអ៊ីប្រាហ៊ីម
អោយមកធ្វើគុតវិញ នៅឆ្នាំ ១៦៧៣។
រាជ្យសម្បត្តិក៏បានប្រគល់ទៅ បុត្រច្បងរបស់អង្គសូ គឺ អង្គជី ។
៣.៧ អង្គជី ឬ ព្រះកែវហ៊្វា (១៦៧៣ - ៧៥)
អង្គជី ក្នុងព្រះជន្ម២១ វស្សា ត្រូវបានគេតែងតាំងអោយសោយរាជ្យនៅឧដុង្គ
ដែលមាននាមសម្រាប់រាជ្យថា ព្រះកែវហ្វ៊ា ។ អ្នកម្នាង ពៅ របស់ទ្រង់បានបុត្រមួយអង្គដាក់នាមថា
អង្គយ៉ង។
គួររំលឹកថា ពេលមានឃាតកម្មលើរូបព្រះអង្គសូ ឆ្នាំ១៦៧២, ព្រះឧភយោរាជ តន់ និង
អង្គនន្ទ ដែលជាបុត្ររបស់អង្គអឹម បានភៀសព្រះកាយទៅស្រុកយួន។ នៅឆ្នាំ ១៦៧៣ ព្រះអង្គម្ចាស់ទាំងពីរអង្គនេះបាននាំទ័ពយួន
មួយម៉ឺននាក់ ប្រាថ្នាមកសម្លាប់ ស្រីជ័យជេដ្ឋា វិញ ដោយពុំបានដឹងថា
ស្រីជ័យជេដ្ឋានេះត្រូវបានគេធ្វើគុតបាត់ទៅហើយនោះទេ ។ ផ្ទុយទៅវិញ ព្រះកែវហ្វ៊ា
ឃើញព្រះបិតុលា តន់ និង បងប្អូនជីដូនមួយគឺ អង្គនន្ទ លើកទ័ពយួនមក
ទ្រង់ស្មានថាអ្នកទាំងពីរមកដណ្តើមរាជ្យ ក៏ចេញទ័ពច្បាំងនៅបន្ទាយភ្នំពេញ
តែមិនចាញ់មិនឈ្នះ ។ អង្គតន់ ក៏ថយទ័ពទៅ ខាងត្រើយល្វាឯម
រួចលើកទ័ពវាយបែកបន្ទាយភ្នំពេញ ប្រុងបង្ហួសទៅឧដុង្គ ស្រាប់តែប្រឈួន ហើយសុគតទៅ
ទុកអោយ អង្គនន្ទ ច្បាំងបន្ត។ ព្រះកែវហ្វ៊ា លើកទ័ពទៅច្បាំងទៀត ធ្វើឱ្យ
ទ័ពយួនខ្ចាត់ខ្ចាយរត់ទៅស្រុកអស់ នៅសល់តែទ័ពខ្មែររបស់ អង្គនន្ទ ។ ពេលនោះអង្គនន្ទ
ត្រូវបានអ្នកគាំទ្រថ្វាយព្រះនាមថា សម្តេចព្រះបទុមរាជាមហាឧបយោរាជ
ដើម្បីជាការលើក កិត្តិយសដល់ទ្រង់ និង ពង្រីកឥទ្ទិពលក្នុងទឹកចិត្តកងទ័ព។
ព្រះកែវហ្វ៊ា លើកទ័ពទៅច្បាំងទៀត តែទ្រង់ប្រឈួន ហើយសុគតទៅ ។ អនុជរបស់ព្រះកែវហ្វ៊ា
ព្រះនាម អង្គស៊ូ បន្តភារៈធ្វើសង្គ្រាម ជាបន្តទៀតជាមួយអង្គនន្ទ ធ្វើអោយអង្គនន្ទ
ត្រូវបរាជ័យ ភៀសព្រះកាយទៅស្រុកយួន ជាថ្មីម្តងទៀតនៅឆ្នាំ ១៦៧៥ ។ នៅតាមផ្លូវទៅស្រុកយួន
អ្នកម្នាង ឯម របស់អង្គនន្ទ ប្រសូតបានបុត្រាមួយអង្គដាក់នាមថា អឹម ដូចព្រះអយ្យកោ
របស់ខ្លួនដែរ ។
នៅពេលវាយរុញច្រានអោយអង្គនន្ទ ភៀសព្រះកាយទៅស្រុកយួនហើយ អង្គស៊ូ
បានឡើងសោយរាជ្យ។
៣.៨ អង្គស៊ូ ឬ ព្រះជ័យជេដ្ឋា ឬ ចៅពញាសូ(រជ្ជកាលទី១: ១៦៧៥ - ៩៥)
នៅឆ្នាំ ១៦៧៥ អង្គស៊ូដែលមានព្រះជន្ម ១៩វស្សា បានឡើងសោយរាជ្យ
ដោយមាននាមសម្រាប់រាជ្យថា សម្តេចព្រះជ័យជេដ្ឋាបរមសុរិន្ទ្រធិរាជ ។ នៅឆ្នាំ
១៦៧៦ ទ្រង់បានយាងមកគង់នៅរាជវាំងទ្រនំជ្រឹង ខេត្តសំរោងទង ។
នៅឆ្នាំ ១៦៧៩ នៅប្រទេសចិន ពួកម៉ាន់ជូ បានវាយកម្ទេច រាជវង្ស
មីង ។ មន្ត្រីចិនពីររូបដែលបម្រើការនៅក្នុងរាជវង្ស មីង គឺ យឿងង៉ាន់ឌិច
និង ត្រឹងធឿងស្វៀង ពុំព្រមចុះចូលនិងពួកម៉ាន់ជូទេ ក៏នាំគ្នា បីពាន់នាក់ និង
សំពៅចំនួន ហាសិប មកជ្រកកោននិងស្តេចយួន។ ស្តេច យួន ថៃតុង
បានបញ្ជូនជនទាំងនោះអោយទៅនៅក្នុង តំបន់យ៉ាឌិញ ។ ក្រោយមកពួកនេះបាន បំបែកគ្នាទៅរស់នៅក្នុង
ខេត្តដូនណៃ និង មេសរ ប្រកបរបរស្រែចម្ការ បង្កើតជាក្រុង
មានឈ្មួញបរទេសចូលមករកស៊ីជាមួយដូចជាពួកអឺរ៉ុប ជប៉ុន និង ជ្វា ជាដើម ។
ក្នុងពេលដំណាលគ្នានោះដែរ មានចិនម្នាក់ឈ្មោះ ម៉ាកគីវ
បានភៀសខ្លួនពីខេត្តក្វាង ទុង មករស់នៅស្រុកខ្មែរដែរ ព្រោះពុំពេញចិត្តនិងទម្លាប់ពួកម៉ាន់ជូ។
គាត់ជាអ្នកជំនួញម្នាក់ដែលធ្លាប់ចេញចូល នៅហ្វីលីពីន និង ក្រុងបាតាវ្យា
ដោយមើលឃើញផ្ទៃក្នុងខ្មែរមានភាពច្របូកច្របល់ និង ដោយឃើញមានឈ្មួញបរទេសចេញចូលច្រើន
គាត់បានបើកក្បាលបៀយកតុង ។ ម្យ៉ាងទៀត ដោយសារជីកបានកំណប់មួយ
គាត់បានក្លាយជាអ្នកមានស្តុកស្តម្ភ ហើយសង់បន្ទាយមួយនៅជាប់សមុទ្រ
ហើយប្រមូលមនុស្សទៅរស់នៅត្រង់ ខេត្តពាម កោះត្រល់ កំពត កំពង់សោម ក្រមួនស ទឹកខ្មៅ
ហើយត្រូវបានព្រះអង្គស៊ូតែងតាំងជាមន្ត្រីអោយឈរត្រួតត្រាតំបន់តាមឆ្នេរសមុទ្រសៀម ។
នៅឆ្នាំ ១៦៨៧ សៀមលើកទ័ពចូលវាយលុកតំបន់ពាម ចាប់ខ្លួនគាត់ ប៉ុន្តែគាត់បានលួចរត់ត្រឡប់មកវិញ
នៅឆ្នាំ ១៧០០ ។
កាលពីឆ្នាំ ១៦៨២ អង្គនន្ទ ដែលច្បាំងចាញ់អង្គស៊ូ ហើយភៀសខ្លួនទៅស្រុកយួននោះ
បានប្រមែប្រមូលពួកចិនដែលរស់នៅតំបន់ ដូនណៃ យ៉ាឌិញ ផ្សំគ្នាជាមួយទ័ពជំនួយយួន
ហើយលើកទ័ពមកវាយព្រះអង្គស៊ូ ។ ដំបូងវាយយកបានខេត្តព្រះត្រពាំង បាសាក់
បង្ហួសមកភ្នំពេញ ហើយវាយចូលក្រុងឧដុង្គ ចាប់បានមាតាព្រះអង្គស៊ូ។
ព្រះអង្គស៊ូដែលគង់នៅវាំងទ្រនំជ្រឹង ឯសំរោងទង
បានអោយពញាហុកទៅរំដោះមាតាបានពីជ្រោយចង្វារមកវិញ ហើយទ្រង់លើកទ័ពទៅកម្ចាត់ទ័ពអង្គនន្ទ
រហូតដកថយទៅវិញ។ នៅឆ្នាំ ១៦៨៣ ទ្រង់យាងមកគង់នៅ ក្រុងឧដុង្គវិញ ។ អង្គនន្ទ
បានសុំជំនួយទ័ពពីយួន ពីរម៉ឺននាក់ មកវាយបន្ទាយភ្នំពេញជាថ្មី ម្តងទៀតនៅឆ្នាំ ១៦៨៤ ប៉ុន្តែបរាជ័យ
ក៏ដកទ័ពទៅតាំងនៅបន្ទាយស្រីសន្ធរ បន្ទាប់មកក៏ប្រឈួនហើយសុគតទៅ ។ នៅឆ្នាំ ១៦៨៨
អង្គស៊ូ ប្រឈួន ហើយដាក់រាជ្យថ្វាយព្រះមាតាគឺ អ្នកម្នាង ទៃ ប៉ុន្តែ
បីខែក្រោយមកទ្រង់សះស្បើយ ក៏ទទួលរាជសម្បត្តិវិញ ជាលើកទី២។
នៅឆ្នាំ ១៦៩៥ ទ្រង់បានដាក់រាជ្យអោយ អង្គយ៉ង ដែលបុត្ររបស់ព្រះអង្គជី។
៣.៩ ព្រះអង្គយ៉ង(១៦៩៥)
នៅឆ្នាំ ១៦៩៥ ក្នុងព្រះជន្ម ២៣វស្សា
បានទទួលការអភិសេកដែលមាននាមសម្រាប់រាជ្យថា ព្រះបាទសម្តេចព្រះរាជឱង្ការព្រះនរាយណ៍រាមាធិបតីព្រះឧទ័យរាជាបរមបពិត្រ
ដោយដោយរាជ្យបាន ១០ខែ ក៏ប្រឈួនហើយសុគតទៅនៅឆ្នាំ ១៦៩៦ ។ រាជ្យសម្បត្តិត្រូវបានគេថ្វាយទៅព្រះអង្គស៊ូ វិញ។
៣.១០ ព្រះអង្គស៊ូ (រជ្ជកាលទី៣ ១៦៩៦ - ៩៩)
នៅគ.ស ១៦៩៧ ព្រះអង្គស៊ូ
ដោយមានបំណងប្រមែប្រមូលរាជវង្សានុវង្ស
ទ្រង់បានបញ្ជាអោយនាម៉ឺនលើកគ្រឿងបណ្ណាការទៅថ្វាយស្តេចយួន សុំ ព្រះអង្គអឹម
ដែលជាបុត្ររបស់ អង្គនន្ទ ជាមួយអ្នកម្នាងឯម កាលពីរត់ទៅស្រុកយួនឆ្នាំ ១៦៧៥ មកវិញ។
ទ្រង់បានលើកបុត្រីរបស់ព្រះអង្គអោយជាទេពីរបស់ អង្គអឹម នេះទៀតផង ។
ក្នុងឆ្នាំ ១៦៩៩ នេះ មានមន្ត្រីម្នាក់ឈ្មោះ ឧកញ៉ានរិន្ទអឹម
ដែលមានចរិតមិនល្អ ទ្រង់ក៏ហៅមកប្រៀនប្រដៅ ធ្វើអោយមន្ត្រីរូបនេះមានការខ្មាសអៀន និង
អន់ចិត្ត រត់ចោលតំនែងទៅធ្វើជំនួញនៅកម្ពុជាភាគខាងក្រោមដែលជាប់សមុទ្រ
បានជួបមន្ត្រីយួនក៏និយាយអុជអាលថា ព្រះអង្គស៊ូជាក្សត្រមិនប្រកបដោយធម៌
យកសៀមជាមិត្តគិតចង់វាយយួន។ មន្ត្រីនោះបានសុំជំនួយទ័ពពីយួនដើម្បីមកវាយព្រះរាជា។
ស្តេចយួន ហៀនតុង បានជួយកម្លាំងទ័ព ៤ម៉ឺននាក់ និង ទូក ៥០០គ្រឿង
អោយចូលវាយដល់បឹងទន្លេសាប ។ ព្រះអង្គស៊ូ បានកេណ្ឌទ័ពទប់ទល់ ហើយចាត់តាំង ធម្មរាជា
ជាបុត្រា និង អង្គអឹម ជាបុត្រសណិសា លើកទ័ពវាយរុញច្រានពួកនេះអោយត្រឡប់ទៅវិញ ចាប់បាន
នរិន្ទអឹម មកធ្វើទោសទៀតផង។ ប៉ុន្តែពួកយួនដែលដកថយទៅនោះ បានក្រាញនៅត្រង់ ព្រៃនគរ
កំពង់ស្រកាត្រី និង បារា ដែលលោក នរិន្ទអឹម ធ្លាប់បានសន្យាថា
នឹងប្រគល់ដីនេះអោយទៅយួនប្រសិនបើខ្លួនបានជ័យជម្នះឡើងសោយរាជ្យ ។ ចាប់ពីពេលនោះមក
គឺក្នុងឆ្នាំ ១៧០០នៃគ.ស ស្តេចយួន ហៀនតុង បានចាត់អោយឧត្តមសេនីយ៍ ង្វៀន ហ៊ីវគិញ
ចូលមករៀបចំទឹកដីទាំងនោះ ដែលមានឈ្មោះដូចខាងក្រោម៖
Y
ស្រុកដូនណៃ
បង្កើតជា ស្រុក ភឿកឡុង
Y
បៀនវ៉ា
បង្កើតជា បន្ទាយ ត្រឹងបៀន
Y
ព្រៃនគរ
បង្កើតជា ស្រុក តឹងប៊ីញ
Y
យ៉ាឌិញ
បង្កើតជា បន្ទាយ ភៀនត្រឹង
Y
ទឹកដីខេត្ត
មេសរ យួនកាន់កាប់ ប៉ុន្តែក្រៅផ្លូវការនៅឡើយទេ
បែរមកមើលព្រះអង្គស៊ូ វិញ
ទ្រង់ពេញព្រះទ័យនិងការដឹកនាំរបស់បុត្រសណិសា គឺ ព្រះអង្គអឹម ទ្រង់ក៏ផ្ទេររាជ្យសម្បត្តិថ្វាយ
នៅឆ្នាំ ១៦៩៩ ។
៣.១១ អង្គអឹម ឬ ព្រះកែវហ្វ៊ា រជ្ជកាលទី១ (១៦៩៩ - ១៧០០)
អង្គអឹម នេះសោយរាជ្យនៅរាជវាំង តាក់ ក្នុងខេត្តពោធិ៍សាត់
បាន១ឆ្នាំ ក៏ប្រគល់រាជ្យថ្វាយបិតាក្មេកវិញ
ដោយសំអាងថាទ្រង់គ្មានសមត្ថភាពដឹកនាំប្រទេស ។
៣.១២ អង្គស៊ូ (រជ្ជកាលទី៤ ១៧០០ - ១៧០២)
ក្រោយពីបានឡើងសោយរាជ្យជាថ្មី
ទ្រង់បានសម្លឹងមើលឃើញបុត្រច្បង របស់ទ្រង់គឺ អ្នកអង្គម្ចាស់ ធម្មរាជា
ដែលមានឫកពារសមរម្យ ក៏បង្វែររាជ្យសម្បត្តិថ្វាយ ប៉ុន្តែមិនបានធ្វើពិធីរាជាភិសេកទេ
ព្រោះមានវ័យក្មេងពេក តែ១២វស្សាប៉ុណ្ណោះ ។
៣.១៣ ធម្មរាជា (រជ្ជកាលទី១ ១៧០២ -១៧០៣)
នៅឆ្នាំ ១៧០២ ដែលកាលនោះមានជនជាតិសំរ៉ែម្នាក់ឈ្មោះ កៈហ្រៀង
បានបះបោរ បង្កជាចលាចលឡើង។ ព្រះរាជា ដោយមានការថ្វាយយោបល់ពីមន្ត្រី
ក៏បញ្ជាអោយគេលើកទ័ពទៅបង្ក្រាបបាន ហើយនៅឆ្នាំ ១៧០៣ ទ្រង់បានយាងមកគង់នៅឧដុង្គវិញ
ព្រមទាំងបានថ្វាយរាជ្យសម្បត្តិទៅបិតាវិញ។ ព្រះអង្គស៊ូ ទទួលសោយរាជ្យជាលើកទី៥ ។
៣.១៤ អង្គស៊ូ (រជ្ជកាលទី៥ ១៧០៣ - ១៧០៦)
នៅគ.ស ១៧០៤ មានពួកលាវ ភៀសខ្លួនពីវិបត្តិរាជ្យវង្សមកសុំជ្រកកោន ៥ពាន់នាក់
ទ្រង់ក៏អនុញ្ញាត អោយនៅខេត្តបាទី ។ លុះដល់ឆ្នាំ ១៧០៦
ទ្រង់ដាក់រាជ្យថ្វាយធម្មរាជាវិញ។
៣.១៥ ធម្មរាជា (រជ្ជកាលទី២ ១៧០៦ - ១៧០៩)
ទ្រង់អភិសេកឡើងសោយរាជ្យដែលមាននាមសម្រាប់រាជ្យថា ព្រះស្រីធម្មរាជាធិរាជរាមាធិបតីបរមបពិត្រ
ក្នុងព្រះជន្ម ១៦វស្សា ។ រីឯព្រះអង្គស៊ូ ស្ថិតក្នុងឋានៈ ព្រះឧភយោរាជ។
នៅឆ្នាំ ១៧០៧ ដោយមើលឃើញថា
ផ្ទៃក្នុងរបស់ប្រទេសខ្មែរនៅតែមានភាពច្របូកច្របល់ដដែល ម៉ាកគីវ
ដែលឈរជើងត្រួតត្រាលើទឹកដីខ្មែរតាមឆ្នេរសមុទ្រ បានប្តូរភក្តីភាពទៅ
រកស្តេចយួនវិញម្តង ដោយទូលសុំស្តេចយួន អោយគាត់បានធ្វើជាចៅហ្វាយខេត្តពាម
ដែលស្តេចយួនយល់ព្រម។ ដូច្នេះ ចាប់ពីឆ្នាំ ១៧០៧ មក ខេត្តពាម
បានក្លាយជាទឹកដីរបស់យួន។
នៅឆ្នាំ ១៧០៩ ព្រះម៉ែនាង ស្រីបុប្ផា បានប្រសូត អង្គស្ងួន ។ ធម្មរាជា
មានព្រះដំណើរទៅពិនិត្យពួកលាវ ដែលនៅក្នុងខេត្តបាទី ដោយចង់អោយពួកនេះទៅរស់នៅមូលគ្នាឯ
កោះរាម វិញ ប៉ុន្តែពួកនេះពុំព្រម បែរជាបះបោរប្រឆាំងនិងព្រះរាជបញ្ជា។
ទ្រង់ក៏បង្គាប់អោយលើកទ័ពទៅបង្រ្កាប បំបែកពួកនោះជា បីក្រុមៈ
. ក្រុមមួយ រត់ទៅនៅព្រៃលើ
. ក្រុមមួយ ទៅនៅស្រុកកម្ពុជាក្រោម
. ក្រុមមួយ ទៅជ្រកកោននិង ព្រះកែវហ្វ៊ា អឹម ដែលបានដាក់រាជ្យកាលពីឆ្នាំ
១៧០០។ ព្រះកែវហ្វ៊ា នេះប្រហែលជាអន់ព្រះទ័យ និង មានគំនុំជាមួយនិងព្រះអង្គស៊ូ
ក៏បានចូលដៃនិង ព្រះអង្គម្ចាស់មួយអង្គនាម សុគន្ធបទ ហើយបំបះបំបោរពួកលាវ
ព្រមទាំងបានជំនួយទ័ពពីយួន ចំនួន ពីរម៉ឺននាក់ ។ បន្ថែមពីនេះ កែវហ្វ៊ាអឹម
នេះបានចាត់គេអោយទៅបញ្ចុះបញ្ចូលពួកលាវនៅព្រៃលើ និង ពួក កួយ សំរ៉ែ បានកម្លាំងថែម
១ម៉ឺននាក់ទៀត ទៅវាយបានខេត្តដែលនៅខាងកើតទន្លេមេគង្គ ហើយឆ្លងទន្លេវាយចូលក្រុងឧដុង្គ
នៅឆ្នាំ ១៧០៩ ។ ក្រោយពីតស៊ូទប់ទល់អស់រយៈពេលបីខែ ឃើញថាមិនអាចទប់បានតទៅទៀត ធម្មរាជា ក៏បានភៀសព្រះកាយទៅប្រទេសសៀម([6])
ជាមួយ អង្គទង ដែលជាបុត្រារបស់ព្រះអង្គយ៉ង ។
នៅទីនោះ អ្នកម្នាងរបស់ ធម្មរាជា ដែលជាជនជាតិសៀម ម៉មរ៉ត ប្រសូតបានបុត្រាជាបន្តបន្ទាប់ពីរអង្គគឺ
អង្គហ៊ីង និង អង្គដួង និងបុត្រីមួយអង្គនាម អង្គសោភាក្សត្រី ។
កែវហ្វ៊ា អឹម ក៏សោយរាជ្យ ជាលើកទី២ នៅឆ្នាំ ១៧១០ ។
៣.១៦ កែវហ្វ៊ាអឹម (រជ្ជកាលទី២ ១៧១០ - ១៧២២)
ទ្រង់អភិសេកឡើងសោយរាជ្យ ដែលយកនាមសម្រាប់រាជ្យថា ព្រះអង្គអឹមសម្តេចព្រះ
កែវហ្វ៊ា ។
នៅឆ្នាំ ១៧១៤ ព្រះចៅក្រុងស្រីអាយុធ្យារបស់សៀម បានបញ្ជូនមន្ត្រីពីរនាក់ គឺ
ចៅពញាពលទេព និង ពញាសភាវតី ជាមួយនិងទ័ព ១ម៉ឺន៥ពាន់នាក់ នាំស្តេចទាំងបីអង្គអោយ
មកជួបជុំគ្នា ប៉ុន្តែកែវហ្វ៊ា អឹម មិនព្រម ក៏នាំគ្នាត្រឡប់ទៅសៀមវិញ។ នៅឆ្នាំ ១៧១៥
អង្គទង ដោយមានជំនួយពីសៀម បានលើកទ័ពចូលវាយដល់ខេត្តពោធិ៍សាត់ ដែលនៅទីនោះប្រជា រាស្ត្រនៅស្រឡាញ់រាប់អាន ព្រះធម្មរាជា នៅឡើយ។ កែវហ្វ៊ា
អឹម ដឹងថា មានការបះបោរ និង មានទ័ពមកដណ្តើមទឹកដីបែបនេះ ក៏លើកទ័ពមានទាំងទ័ពយួនទៅវាយ
ធ្វើអោយអង្គទងត្រូវ របួសដកថយទៅនៅ ឫស្សីសាញ រង់ចាំទ័ពជំនួយពីសៀម ។ ចាប់ពីឆ្នាំ ១៧១៩
រហូតដល់ឆ្នាំ ១៧២២ ព្រះចៅសៀម បានបញ្ជាអោយលើកទ័ពជើងទឹក ៥ពាន់នាក់ វាយចូលខេត្តពាម
តែត្រូវ ចៅហ្វាយខេត្តដែលយួនតែងតាំងគឺ ម៉ាកគីវ វាយអោយថយទៅវិញ។ ទ័ពជើងគោករបស់សៀម
មួយម៉ឺននាក់ បានសម្រុកចូលដល់ក្រុងឧដុង្គ វាយសង្គ្រប់តែម្តង។ កែវហ្វ៊ា អឹម
ឃើញស្ថានការណ៍មិនល្អក៏ចាត់មន្ត្រីចរចា ដោយផ្តល់ប្រយោជន៍ដល់សៀម ធ្វើអោយព្រះចៅសៀម
ព្រមនាំ អង្គទង និង ធម្មរាជា ទៅសៀមវិញ ។
នៅឆ្នាំ ១៧២២ កែវហ្វ៊ា អឹម
បានសម្រេចព្រះទ័យបង្វែររាជសម្បត្តិអោយបុត្រាដែលមាននាមថា អង្គជី ។
៣.១៧ សម្តេចព្រះសត្ថា (ហៅក្រៅថា អង្គជី ១៧២២ - ១៧២៩)
នៅឆ្នាំ ១៧២២ អង្គជី ជាបុត្ររបស់ កែវហ្វ៊ា អឹម
ត្រូវបានគេអភិសេកអោយឡើងសោយរាជ្យ ដែលយកនាមសម្រាប់រាជ្យថា សម្តេចព្រះសត្ថា ។
មកដល់ឆ្នាំ ១៧២៩ ទ្រង់ថ្វាយរាជ្យសម្បត្តិទៅបិតាវិញ។
៣.១៨ កែវហ្វ៊ាអឹម (រជ្ជកាលទី៣ ១៧២៩)
សោយរាជ្យ ជាលើកទី៣ នេះ ទ្រង់យកនាមសម្រាប់រាជ្យថា ព្រះបាទសម្តេចព្រះជ័យជេដ្ឋាធិរាជរាមាឥសូរកំពូលលោកិយ៍ត្រីត្រៃភាវនាថ
។ ប៉ុន្តែទ្រង់សោយរាជ្យបាន ៧ខែ ក៏ដាក់រាជ្យអោយបុត្រាវិញ ។
៣.១៩ សម្តេចព្រះសត្ថា (អង្គជី រជ្ជកាលទី២ ១៧២៩ - ១៧៣៧)
សោយរាជ្យ ជាលើកទី៣ នេះ ទ្រង់យកនាមសម្រាប់រាជ្យថា ព្រះបាទសម្តេចព្រះរាជ ឱង្ការព្រះបរមរាជាធិរាជរាមាធិបតី ។
នៅឆ្នាំ ១៧៣០ មានលាវម្នាក់នៅ ប្រសូតបាភ្នំ តាំងខ្លួនជាអ្នកមានបុណ្យ
ប្រមូលបានអ្នកដើរតាមជាច្រើន ហើយលើកគ្នាទៅវាយយួនរហូតដល់ក្រុងព្រៃនគរ ។ ស្តេចយួន ទុកតុង
បានបញ្ជាអោយមេទ័ព ទ្រឿងភឿកវិញ លើកទ័ពមកបង្ក្រាប
ធ្វើអោយពួកនោះថយចូលមកស្រុកខ្មែរវិញ ប៉ុន្តែពួកនេះបានកាប់សម្លាប់ជនជាតិយួនជាច្រើន
អោយតែគេបានប្រទះ ។
ព្រះសត្ថាទ្រង់ជា្របពីរឿងនេះ ខ្លាចមានទោសសម្លាប់យួន
ក៏បានផ្ញើសារលិខិតទៅមេទ័ពយួន សុំពន្យាពេលក្នុងការកម្ចាត់ពួកបះបោរ
ប៉ុន្តែពួកបះបោរនៅតែបន្តសកម្មភាពសម្លាប់ ជនជាតិយួន។ មេទ័ពយួននោះចោទថា
ព្រះសត្ថាចូលដៃនិងពួកបះបោរប្រឆាំងយួន ។ ក្រោយមកព្រះសត្ថាបានបញ្ជាអោយគេលើកទ័ពទៅបង្ក្រាបពួកបះបោរអោយរាបទាបអស់
។ ប៉ុន្តែលទ្ធផលនៃការសម្លាប់ពួកយួនរបស់ពួកនេះ
បានធ្វើអោយស្តេចយួនខ្ញាល់ហើយលើកទ័ពមកវាយខ្មែរដើម្បីជាការសងសឹកដល់ក្រុងភ្នំពេញនៅឆ្នាំ
១៧៣១ ធ្វើឱ្យ ព្រះសត្ថា ត្រូវដកថយទៅដល់ ពាមជីក្រែង។ លុះកេណ្ឌទ័ពបានគ្រប់គ្រាន់
ក៏ធ្វើការវាយបកវិញ ធ្វើអោយពួកយួនថយទៅវិញ។ ក្រោយមកពួកយួនលើកទ័ពមកច្រើនជាងមុន
ដែលព្រះសត្ថា បានដកថយទៅ ពាមក្របៅ ខេត្តអាសន្ទុក (កំពង់ធំ)
កេណ្ឌទ័ពប្រឆាំងរហូតបានជោគជ័យ ។
ប្រភពឯកសារយួនបានបញ្ជាក់ថា ក្រោយពីព្រះសត្ថា បង្ក្រាបពួកបះបោររាបទាបអស់
ស្តេចយួន ទុកតុង បានតម្រូវអោយព្រះសត្ថា កាត់ទឹកដីខ្មែរពីរខេត្ត គឺខេត្ត មេសរ
និង លង់ហោ នៅឆ្នាំ ១៧៣២ ដោយយកលេសថា
ដើម្បីការពារជនជាតិយួនដែលរស់នៅយ៉ាងច្រើនលើទឹកដីទាំងនោះ ។ ដូច្នេះ
ជនជាតិយួនបានសម្រុកមកទិសខាងត្បូងចូលក្នុងខេត្តលង់ហោ បង្កើតបានជាបន្ទាយលង់ហោ និង
ខេត្តមេសរ នៅរក្សាលក្ខខន្តិកៈដដែល ។
ទ្រង់ក៏យាងមកគង់នៅក្រុងលង្វែកវិញ ។
នៅឆ្នាំ ១៧៣៥ ចិនម៉ាកគីវ ដែលត្រួតត្រានៅខេត្តពាម បានទទួលមរណភាព។ ស្តេច
យួន ទុកតុង បានតែងតាំងកូនប្រុសរបស់គាត់ឈ្មោះ ម៉ាកធៀនទី អោយកាន់តំណែងជំនួស។
មន្ត្រីរូបនោះបានធ្វើអោយខេត្តពាម ក្លាយជា តំបន់ពាណិជ្ជកម្មមមាញឹក
ដោយគាត់បានកេណ្ឌមនុស្ស សង់បន្ទាយ សង់ផ្សារ សង់ក្រុង
មានពួកបរទេសចូលមករកស៊ីយ៉ាងកុះករ ។
នៅឆ្នាំ ១៧៣៦ ព្រះសត្ថា មានព្រះទ័យសង្ស័យលើអគ្គមហេសីរបស់ទ្រង់
រួមគ្នានិង អ្នកអង្គម្ចាស់បីអង្គទៀតគឺ៖
. អង្គសូ បុត្រអង្គទង (អង្គទងបានភៀសខ្លួនទៅសៀមបាត់ហើយ)
. អង្គស្ងួន និង អង្គចន្ទ បុត្ររបស់ធម្មរាជា (ធម្មរាជាបានភៀសខ្លួនទៅសៀមហើយ)
ទើបព្រះសត្ថាយាងមកគង់នៅចតុមុខ ហើយបញ្ជាអោយគេមកព័ទ្ធធ្វើគុតអ្នកទាំងបួន
ប៉ុន្តែពុំបានសម្រេច ត្រូវបានអ្នកទាំងបួនប្រមូលរាស្ត្រនៅលង្វែក វាយបកវិញ
ធ្វើអោយព្រះ សត្ថា
ត្រូវភៀសខ្លួនទៅស្រុកយួន នៅឆ្នាំ ១៧៣៧ ។
ដើម្បីទប់ទល់និងការវិលត្រឡប់វិញរបស់ព្រះសត្ថា ដែលគេជឿថា នឹងត្រឡប់មកវិញ
ដោយមានជំនួយពីយួន អង្គស្ងួន យាងទៅគង់នៅ បាភ្នំ ត្រើយខាងកើតទន្លេ រីឯ អង្គចន្ទ
យាងគង់នៅខាងលិចទន្លេ។
បែរទៅមើលភាគខាងលិច ធម្មរាជា ដែលកាលពីមុនសុំត្រឡប់មកស្រុកខ្មែរវិញ ប៉ុន្តែ
មិនបានសម្រេចហើយគង់នៅ នគររាជសីមា នោះ បានកេណ្ឌទ័ពវាយយកបានខេត្តមហានគរ
យ៉ាងងាយ។ បន្តមក ដោយមានជំនួយទ័ពពីសៀម ទ្រង់បានលើកទ័ពមកដល់ សំរោងសែន
ក្នុងខេត្តកំពង់ឆ្នាំង ហើយចរចាគ្នាជាមួយ មហេសីរបស់ព្រះសត្ថា
រហូតមានកិច្ចព្រមព្រៀងគ្នា អោយ ធម្មរាជា ឡើងសោយរាជ្យ ។
៣.២០ ធម្មរាជា (រជ្ជកាលទី៣ ១៧៣៨ - ១៧៤៧)
ទ្រង់ឡើងសោយរាជ្យដោយមាននាមសម្រាប់រាជ្យថា ព្រះបាទសម្តេចព្រះរាជឱង្ការ
ជ័យជេដ្ឋាធិរាជរាមាធិបតីបរមបពិត្រ ដែលមានរាជធានីនៅឧដុង្គ ។
នៅឆ្នាំ ១៧៣៩ ធម្មរាជាបានលើកទ័ពទៅវាយយកខេត្តពាម ប៉ុន្តែត្រូវ ម៉ាកធៀនទី
វាយរុញចា្រនមកវិញ ។ នៅឆ្នាំ ១៧៤៧ ធម្មរាជាប្រឈួនហើយចូលទីវង្គត។ បុត្ររបស់ទ្រង់នាម
អង្គអឹម បានឡើងសោយរាជ្យ ។
៣.២១ អង្គអឹម (១៧៤៧)
ទ្រង់ឡើងសោយរាជ្យបានតែបន្តិច ក៏ត្រូវអង្គហ៊ីង ជាអនុជ ធ្វើគុត ។
ប៉ុន្តែអង្គហ៊ីងនេះ មិនបានសោយរាជ្យទេ ព្រោះនាម៉ឺន
មន្ត្រីមិនពេញចិត្តចំពោះអំពើឧក្រិដ្ឋនេះ ដោយបានជ្រើស យក ព្រះអង្គទង ដែលជាបុត្ររបស់អង្គយ៉ង
អោយកាន់កាប់កិច្ចការប្រទេស ។
៣.២២ ព្រះអង្គទង (រជ្ជកាលទី១ ១៧៤៧ - ១៧៤៨)
ទ្រង់មានព្រះជន្ម ៥៦វស្សា និងធ្វើជា ឧភយោរាជ អស់រយៈកាល ១០ឆ្នាំមកហើយ ។
ទ្រង់ឡើងកាន់អំនាចដើម្បីចាត់ចែងរាជកិច្ច មិនមែនសោយរាជ្យទេ ។
ក្នុងរជ្ជកាលទ្រង់ នៅឆ្នាំ ១៧៤៧ ពួកយួននៅខេត្តបាសាក់
ចេះតែរំលោភចូលទឹកដីដែលលោកឧកញ៉ា នរេន្ទតុក គ្រប់គ្រងជាញឹកញយ
ធ្វើអោយលោកទ្រាំពុំបាន ក៏លើកទ័ពទៅ បង្ក្រាប ធ្វើអោយពួកយួននោះភៀសខ្លួនទៅកោះ កាហុង
នៃទន្លេមេគង្គក្រោម ។ មួយឆ្នាំក្រោយ គឺនៅឆ្នាំ ១៧៤៨ ដោយយកលេសថា ខ្មែរបះបោរ
រួមគ្នានិងឧកញ៉ានរេន្ទតុក យួនបានបញ្ជូនមេទ័ព ហ្វៀងហ៊ីវយន និង ព្រះសត្ថា
(ដែលភៀសខ្លួនទៅយួនកាលពីឆ្នាំ ១៧៣៧) មកវាយលោក ឧកញ៉ានរេន្ទតុក ។ ទ័ពខ្មែរទន់ដៃដកថយ
យួនដេញតាមដល់ឧដុង្គ ។ ព្រះអង្គទង និង អង្គស្ងួន បានភៀសព្រះកាយទៅសៀម ។
ស្តេចយួនបានគាំទ្រអោយ ព្រះសត្ថា សោយរាជ្យ ។
៣.២៣ ព្រះសត្ថា (រជ្ជកាលទី៣ ១៧៤៩)
ឯកសារយួនបញ្ជាក់ថា ព្រះសត្ថា ឡើងសោយរាជ្យមែន ប៉ុន្តែមេ័ពយួនឯណោះទេ
ដែលជាអ្នកប្រើប្រាស់អំនាចដូចជា អំនាចហូតពន្ធដា អំនាចតែងតាំងមន្ត្រី និង
ផ្លាស់ប្តូរ ចៅហ្វាយខេត្តខ្មែរ ព្រមទាំងបានយកច្បាប់រដ្ឋបាលក្រុងវេ
មកអនុវត្តនៅស្រុកខ្មែរ ។
កាលនោះ មន្ត្រីខ្មែរលោក ឧកញ៉ាក្រឡាហោម ឱក
មានការឈឺចាប់និងការត្រួតត្រារបស់យួន បានកេណ្ឌទ័ពខ្មែរនៅពោធិ៍សាត់
ហើយលើកទ័ពទៅប្រយុទ្ធនិងទ័ពយួននៅវាលស្រាបអង្កាម ។ ទ័ពយួនបរាជ័យ ដកថយ
នាំទាំងព្រះសត្ថាទៅជាមួយផង ដែលព្រះសត្ថា បាន ប្រឈួនហើយសុគតនៅតាមផ្លូវ ។
លោកឧកញ៉ាក្រឡាហោម ឱក និង ចៅហ្វាយខេត្តពោធិ៍សាត់បានចាត់សេនាបតីទៅស្រុកសៀមសូមយាង
ព្រះអង្គស្ងួន ដែលនៅមានសេចក្តីអង់អាចជាងព្រះអង្គទង និង ញាតិវង្សមកវិញ ។
៣.២៤ ព្រះស្ងួន (១៧៤៩ - ១៧៥៥)
ទ្រង់ឡើងសោយរាជ្យដោយមាននាមសម្រាប់រាជ្យថា ព្រះបាទសម្តេចព្រះរាជឱង្ការ
ព្រះស្រីជ័យជេដ្ឋាធិរាជបរមបពិត្រ ដែលមានរាជធានីនៅឧដុង្គ ។ ព្រះអង្គទង បានឡើងជា
ព្រះឧភយោរាជ ។
នៅឆ្នាំ ១៧៥១
ព្រះចៅសៀមសព្វព្រះទ័យអនុញ្ញាតអោយញាតិវង្សដែលភៀសខ្លួនទៅសៀមកាលពីឆ្នាំ ១៧៤៨
ត្រឡប់មកស្រុកខ្មែរវិញ ។
គ.ស ១៧៥៣ ព្រះមហាឧបរាជ អង្គសូ ដែលមាននាមថា ឧទ័យ បានសុគត។
បុត្រារបស់ទ្រង់ ដែលមាននាមថា តន់ បានត្រូវគេប្រទាននាមថា ឧទ័យ ដូចបិតា ។ អង្គហ៊ីងដែលធ្លាប់ប្រពឹត្តិឧក្រិដ្ឋកម្មកាលពីឆ្នាំ
១៧៤៧ លើរូប អង្គអឹម នោះ ត្រូវបានគេតែងតាំង ជាមហាឧបរាជ ជំនួសវិញ។
នៅឆ្នាំ ១៧៥៥ អង្គស្ងួនចូលទីវង្គត ។ ព្រះឧភយោរាជ ទង
ត្រូវបានមន្ត្រីជ្រើសអោយស្នងរាជ្យ ។
៣.២៥ ព្រះអង្គទង (រជ្ជកាលទី២ ១៧៥៦ - ១៧៥៧)
ក្នុងរជ្ជកាលទី២នេះ មានជម្លោះរវាង ឧបរាជ ហ៊ីង និង ឧទ័យ(អង្គតន់)
។ ឧទ័យ(អង្គតន់) បានភៀសខ្លួនទៅខេត្តពាម ក្រោយមកទៅនៅខេត្តព្រះត្រពាំង ។ ម៉ាកធៀនទី
បានជួយកេណ្ឌទ័ពមកច្បាំងឈ្នះដល់ ចតុមុខ ហើយតាមចាប់ អង្គហ៊ីង សម្លាប់ចោលទៅ ។
មហេសីរបស់ ហ៊ីង បានកេណ្ឌទ័ពច្បាំងដោយមានការចូលរួមពីព្រះអង្គទង
មកច្បាំងនិងឧទ័យ(អង្គតន់) ប៉ុន្តែបរាជ័យ ក៏ភៀសព្រះកាយទៅ ពោធិ៍សាត់ ហើយនៅឆ្នាំ ១៧៥៧
ព្រះអង្គទង ក៏បាន សោយទីវង្គត ។ ឧទ័យ បានចាប់មហេសីអង្គហ៊ីង យកទៅប្រហារជីវិត។
គួររំលឹកថា នៅមុនពេលចូលទីវង្គត ព្រះអង្គទង
បានផ្តាំអោយមន្ត្រីលះបង់ចោលទឹកដី ខ្មែរមួយចំនួនអោយទៅយួនចុះ គឺ ខេត្តផ្សារដែក,
ស្រុកពីរនៃខេត្តលង់ហោ និង ខេត្តមាត់ជ្រូក ដោយហេតុថា
នៅលើទឹកដីទាំងនោះពួកយួនបានបង្កចលាចល ពិបាកគ្រប់គ្រង បង្កជាស្ថានការណ៍លំបាកដល់ខ្មែរ
ក្នុងពេលដែលខ្មែរកំពុងមានវិបត្តិរាជវង្សបែបនេះ ។ បន្ថែមពីនេះ យួន
បានបង្កចលាចលក្នុងខេត្តទ្រាំង បន្ទាយមាស និង ព្រៃកប្បាស
ដែលជាបន្ទុកដល់រាជការខ្មែរ ថែមទៀតផង ។
បន្ទាប់ពីបញ្ចប់ជម្លោះដោយ ការប្រើហឹង្សានេះរួចមក ឧទ័យ(អង្គតន់)
បានឡើងសោយរាជ្យ។
៣.២៦ ព្រះឧទ័យ(អង្គតន់) (១៧៥៨ - ១៧៧៥)
ទ្រង់ឡើងសោយរាជ្យនៅក្រុងឧដុង្គ ក្នុងព្រះជន្ម ២០វស្សា
ដោយយកព្រះនាមសម្រាប់រាជ្យថា ព្រះបាទសម្តេចព្រះរាជឱង្ការ
ព្រះនារាយណ៍រាជាធិរាជរាមាធិបតី ព្រះស្រីសុរិយោពណ៌បរមសុរេន្ទ ។
ព្រះចៅអាណ្ណាម ប្រកាសទទួលស្គាល់ក្សត្រនេះភ្លាម ។ ទ្រង់បានកាត់ខេត្តពីរ គឺ
ស្រុកត្រាំង(ព្រះត្រពាំង) និង ត្រាវិញ(ខេត្តឃ្លាំង) អោយទៅពួកអាណ្ណាម
។ បន្ថែមពីលើនេះ ព្រះចៅក្រុងវេ បានឆ្លៀតឱកាស ដណ្តើមយកទឹកដីបន្តិចម្តងដោយចាប់កសាងបន្ទាយនៅ
ផ្សារដែក កោះតេង និង មាត់ជ្រូក ថែមទៀត ។
នៅឆ្នាំ ១៧៦៧ ស្តេចភូមា ដែលបានធ្វើសង្គ្រាមជាមួយសៀមជាយូរណាស់មកហើយនោះ
បានដណ្តើមយកតំបន់ តាវ៉យ មែគុយ និង តេណាស់សេរីម ហើយជាបន្តក៏លើកទ័ពវាយចូលអាយុធ្យា
រួចដុតក្រុងអាយុធ្យា នៅថ្ងៃ ២៨ មេសា ១៧៦៧ ។ ក្រោយពីវាយបានអាយុធ្យា
ភូមាបានដាក់ការត្រួតត្រាលើប្រទេសសៀម ។
កាលនោះមានកូនកាត់ចិនម្នាក់ដែលរស់នៅក្នុងសហគមន៍ ហៃហុង ដែលគេហៅថា ពញាតាកស៊ីន
ជាចៅហ្វាយខេត្តម្នាក់នៅភាគខាងជើងរបស់សៀមដែលមានគ្នា មួយពាន់នាក់
បានធ្វើការវាយប្រហារលើពួកភូមាដែលគ្រប់គ្រងសៀម ដោយបានទទួលជ័យជម្នះជាច្រើនសមរភូមិ។
ពញាតាកស៊ីន បានរំដោះក្រុងអាយុធ្យា ដែលកាលនោះ បើតាមឯកសារបង្ហាញថា
នៅពេលគាត់ចូលរំដោះក្រុងអាយុធ្យា គាត់រើសបានព្រះខ័នរាជ្យ
ហើយត្រូវបានប្រជារាស្ត្រនិងមេទ័ពចាត់ទុកគាត់ជាអ្នកមានបុណ្យ
ហើយតែងតាំងគាត់ជាស្តេចដែលមានរាជវាំងនៅ បាងផ្លាសយ ។
គាត់បន្តធ្វើការវាយរុញច្រានពួកភូមាអោយចេញពីទឹកដីសៀម រួចហើយគាត់មកតាំងរាជធានីនៅ ណាចាបុរី
ដែលសព្វថ្ងៃគឺក្រុងបាងកក ។
តាកស៊ីន ចង់អោយព្រះរាជាខ្មែរគឺ ព្រះឧទ័យ(អង្គតន់)
ទទួលស្គាល់អធិរាជភាពរបស់សៀមលើកម្ពុជាដូចដែលក្សត្រមុនៗធ្លាប់ធ្វើអញ្ចឹងដែរ។ តាកស៊ីន
បានបញ្ជូនទូតនាំសារមកថ្វាយព្រះឧទ័យ(អង្គតន់) ដែលមានសេចក្តីសង្ខេបថា សូមអោយព្រះរាជាកម្ពុជារក្សាទុកនូវប្រពៃណីដែលធ្លាប់មានតាំងពីមុន
កុំបីគិតផ្លាស់ប្តូរដោយហេតុតែព្រះរាជាណាចក្រសៀមមានព្រឹត្តិការណ៍រងគ្រោះធ្ងន់ក៏ដោយ
ម្យ៉ាងទៀតព្រះរាជាកម្ពុជាត្រូវលើកសួយសារអារ-កទៅថ្វាយ
ព្រះចៅសៀម ដូចដែលព្រះរាជាមុនៗធ្លាប់អនុវត្តន៍កន្លងមក ។
ចំពោះព្រះឧទ័យ ដែលមានជាតិកំណើតក្នុងត្រកូលក្សត្រ ទ្រង់មិនបានទទួលស្គាល់
អំណាចរបស់ពញាតាកស៊ីន ឡើយ ដោយទ្រង់បានផ្ញើរាជសារតបវិញដែលមានសេចក្តីថា
ទ្រង់មិនអាចចរចាស្មើភាពជាមួយមនុស្សម្នាក់ ដែលកើតចេញពីពាណិជ្ជករជាមួយស្រីសៀមសាមញ្ញម្នាក់បានទេ
បើទោះជាជននោះមានសមត្ថភាពផ្ទាល់ខ្លួនដូចម្តេចក្តី ។
ទទួលបានសារនេះ ពញាតាកស៊ីន ច្រឡោតឡើង
ប្រកាសអរិភាពជាមួយនិងព្រះរាជាកម្ពុជាដែលប្រមាថទ្រង់។ តាកស៊ីន
បានប្រគល់ទ័ពមួយកងអោយជូនដំណើរ អង្គនន់([7])
ចូលមកស្រុកខ្មែរវិញដើម្បីធ្វើការកេណ្ឌទ័ពទម្លាក់ ព្រះឧទ័យ(អង្គតន់) ។
សង្គ្រាមដែលបណ្តាលមកពីការអុជអាលរបស់ តាកស៊ីន ធ្វើអោយប្រជារាស្ត្ររងគ្រោះជាទម្ងន់
ណាត្រូវរងកំណែនទ័ព ណាត្រូវបង់ពន្ធ ណាត្រូវគេចពីសង្គ្រាម
រាស្ត្រមួយភាគត្រូវបានទ័ពសៀមកៀរយកជាឈ្លើយសឹក ទុក្ខវេទនា ព្រាត់ប្រាស ។
ដើម្បីទប់ទល់និងកម្លាំងរបស់ ព្រះអង្គនន់ និង កម្លាំងទ័ពសៀម ព្រះរាជា ឧទ័យ(អង្គតន់)
បានទទួលយកតំនាងអាណ្ណាមមកធ្វើជាជំនួយដែល មានន័យថា
ទ្រង់បានដាក់កម្ពុជាជាសាមន្តរដ្ឋរបស់អាណ្ណាម ។ ប៉ុន្តែនៅទីបញ្ចប់
បើតាមការកត់ត្រានៅក្នុងពង្សាវតាបានអោយដឹងថា ព្រះឧទ័យ(អង្គតន់)
ដោយមើលឃើញពីទុក្ខវេទនារបស់ប្រជារាស្ត្រ ទ្រង់កើតព្រះទ័យមេត្តាករុណា ក៏សុខព្រះទ័យលះបង់រាជសម្បត្តិថ្វាយទៅ អង្គនន់
នៅឆ្នាំ ១៧៧៥ គឺបន្ទាប់ពីទ្រង់បានសោយរាជ្យអស់រយៈពេល ១៧ឆ្នាំ ។
៣.២៧ ព្រះអង្គនន់ (១៧៧៥ - ១៧៧៩)
ទ្រង់ឡើងសោយរាជ្យក្នុងព្រះជន្ម ៣៦វស្សា ដែលយកព្រះនាមសម្រាប់រាជ្យថា ព្រះបាទសម្តេចព្រះរាជឱង្កាព្រះរាមរាជាធិរាជបរមបពិត្រ
ចំនែកព្រះឧទ័យទទួលឋានៈជាព្រះឧភយោរាជ ព្រះអង្គថន ជាអនុជរបស់ព្រះអង្គនន់
បានទទួលឋានៈជា ព្រះឧបរាជធំ ។
នៅឆ្នាំ ១៧៧៧ វិបុលរាជស្រី ដែលជាជំនួយការរបស់លោកក្រឡាហោម
រដ្ឋមន្ត្រីខាងជើងទឹក យល់ថា មានតែព្រះអង្គថន ដែលជាឧបរាជធំ
គឺជាមនុស្សតែម្នាក់គត់ដែលអាចធ្វើការដណ្តើមយករាជ្យបល្ល័ង្គបាន
ទើបគាត់ផ្តល់យោបល់អោយព្រះអង្គថន ធ្វើគុតព្រះរាជា ។
ការញុះញង់របស់គាត់មិនបានសម្រេចឡើយ ទីបំផុតព្រះរាជាចាប់កំហុសគាត់បាន
ហើយកាត់ទោសប្រហារជីវិតគាត់។ ជំទាវ ឡាង ដែលជាម្តាយរបស់ វិបុលរាជស្រី
មានការគុំគួននិងព្រះរាជា បានបញ្ចុះបញ្ចូលកូនគាត់ ៤នាក់៖ តេជោ ទែន ចៅហ្វាយខេត្តកំពង់ស្វាយ,
តេជោ ពាង ចៅហ្វាយខេត្តបារាយណ៍, តេជោ សូ ចៅហ្វាយខេត្តព្រៃក្តី និង តេជោ
មូ ចៅហ្វាយខេត្តទ្រាំង អោយសងសឹកនិងព្រះរាជា ។
នៅឆ្នាំ ១៧៧៨ ពញាតាកស៊ីន បានចងសម្ព័ន្ធភាពជាមួយកម្ពុជាទៅវាយលាវ
ដោយសុំជំនួយទ័ពខ្មែរ មួយម៉ឺននាក់ ប៉ុន្តែមានទាហានរត់ចោលជួរ និង
ការបះបោរពីប្រជារាស្ត្រ ។ ចៅហ្វាយខេត្ត ទែន, ពាង និង សូ ពុំបានអើពើនិងរឿងនេះទេ
ធ្វើអោយព្រះរាជាកោះហៅមកកាត់ទោសនៅ បន្ទាយពេជ្រ ដែលនៅជិតក្រុងឧដុង្គ គឺ ប្រហារជីវិត
សូ , ពាង បញ្ចុះឋានៈ និង វាយ ៥០រំពាត់, ទែន ត្រូវដកចេញពីតំនែង ។
នៅឆ្នាំ ១៧៧៩ មូ, ពាង និង ទែន បះបោរធ្វើ សង្គ្រាមប្រឆាំងនិងព្រះរាជា
លើកកម្លាំងមកវាយបន្ទាយពេជ្របាន ហើយចាប់យកព្រះអង្គអេង ជាបុត្ររបស់ ឧទ័យ(អង្គតន់)
ដែលមានព្រះជន្ម ៧វស្សា និង សម្លាប់បុត្រ៤អង្គរបស់ព្រះអង្គ នន់ ទើបចាកចេញទៅហើយដុតបន្ទាយចោល ។
កាលនោះព្រះអង្គនន់គង់នៅឯកំពង់ធំ
បានលើកទ័ពទៅប្រយុទ្ធនិងពួកបះបោរទាំងនោះនៅកំពង់ឆ្នាំង តែបរាជ័យ
ក៏ភៀសព្រះកាយទៅភ្នំកំរៀង នៅខេត្តក្រង(ពោធិ៍សាត់) ។ មូ បានទទួលព័ត៌មានច្បាស់ថា
ព្រះរាជានៅឆ្ងាយពីកងពល និង មានសេនាការពារតិចតួច ក៏នាំទ័ពចូលចាប់ ព្រះអង្គនន់
យកទៅដល់បឹងខ្យង ដែលនៅខាងត្បូងក្រុងឧដុង្គ ហើយជ្រមុជទឹកសម្លាប់ទ្រង់ទៅ គឺនៅខែសីហា
១៧៧៩ ។
ថ្វីបើមានគម្រូពីប្រទេសជិតខាង ពីការឡើងកាន់អំនាចរបស់អ្នកបះបោរដែល
មិនមែនជាជាតិក្សត្រ ដូចជា អាឡោងប្រៈយ៉ា នៅភូមា បះបោរដណ្តើមរាជ្យ
តាំងខ្លួនជាស្តេចនៅឆ្នាំ ១៧៥៣, តាកស៊ីន នៅសៀម ជាកូនពាណិជ្ជករ
ប្រកាសខ្លួនជាស្តេច នៅឆ្នាំ ១៧៦៧, មូ វិញពុំបានអនុវត្តតាម ឬ
មានមហិច្ឆតាធំម្លឹងទេ ។ មូ ប្រកាសខ្លួនត្រឹមជា ចៅហ្វ៊ា
គឺសព្វថ្ងៃស្មើនិងនាយករដ្ឋមន្ត្រី ។ ពាង ដែលប្អូន ជាឧកញ៉ាចក្រី(រដ្ឋមន្ត្រីសង្គ្រាម)
។ ប៉ុន្តែប្រជារាស្ត្រចង់បាន ស្តេចមកសោយរាជ្យសម្រាប់ដឹកនាំប្រទេស ។ មូ
ឯកភាពជ្រើសតាំង អង្គអេង ដែលខ្លួនចាប់យកមក អោយឡើងសោយរាជ្យ ទាំងអ្នកអង្គម្ចាស់នេះ
មានព្រះជន្មត្រឹមតែ ៧វស្សាប៉ុណ្ណោះ ប៉ុន្តែអំនាចនៅក្នុងដៃ មូ ទាំងអស់។
អ្នកណារំខាន មូ បណ្តេញជននោះចេញ ក្នុងនោះឧកញ៉ាបែន ដែលជាមន្ត្រីយោមរាជ(តុលាការ)
ត្រូវបាន មូ បណ្តេញចេញ។ បែន បានរត់ទៅស្រុកសៀម ដោយលួចយកព្រះខ័នរាជ្យ ទៅជាមួយផង ។
ចាប់ពីពេលនេះទៅ សៀម បានឱកាសលូកដៃចូលកិច្ចការផ្ទៃក្នុងខ្មែរ វិញហើយ
ប៉ុន្តែ សៀមត្រូវជួបនិងដៃគូម្ខាងទៀតដែលកំពុងមានឥទ្ធិពលលើខ្មែរដែរ គឺ អាណ្ណាម ។ គឺនៅក្នុង ឱកាសដែលខ្មែរចុះខ្សោយដោយសារការដណ្តើមអំនាច និង
បែកបាក់ផ្ទៃក្នុងនេះហើយ ដែលសៀម និង អាណ្ណាម
បានយកទឹកដីខ្មែរធ្វើជាទីលានប្រយុទ្ធគ្នា
ដើម្បីអាចបំពេញមហិច្ឆតាដែលធ្លាប់មានតាំងពីយូរមកហើយក្នុងការលេបយកទឹកដីខ្មែរ ។
ជំពូក២
ពាក់កណ្តាលទី២ នៃសម័យឧដុង្គ (១៧៧៩ ដល់ ១៨៦៣)
សៀម និង អាណ្ណាម ប្រជែងគ្នាគ្រប់គ្រងទឹកដីខ្មែរ
ដើម្បីបំពេញចិត្តរាស្ត្រនិងមន្ត្រី ចៅហ្វ៊ា មូ បានតែងតាំងព្រះអង្គអេង
ដែលមានវ័យក្មេងអោយសោយរាជ្យ ប៉ុន្តែខ្លួនជាអ្នកក្តោបក្តាប់អំនាច។
១. ព្រះអង្គអេង(១៧៧៩ - ១៧៩៦)
ទ្រង់ជាបុត្ររបស់ ឧទ័យ(អង្គតន់) ។
ដោយមើលឃើញថា នៅកម្ពុជា មានភាពរញេរញ៉ៃ តាកស៊ីន ក៏រៀបចំកងទ័ពជា បីកងពល
ដែលមួយកងពលមានទ័ព ៧ពាន់នាក់ ដឹកនាំដោយមេទ័ពបីនាក់ មកវាយលុកយក ខេត្តមហានគរ
កំពង់ស្វាយ និង បន្ទាយពេជ្រ ដែលនៅជិតក្រុងឧដុង្គ ។ ចៃដន្យ តាកស៊ីន កើតរោគឆ្កួត
ហើយត្រូវអ្នកបះបោរ ពញាសាន ចាប់ខ្លួន។ មេទ័ពសៀម ពីរនាក់
ក្នុងចំនោមបីនាក់ដែលលើកទ័ពមកវាយកម្ពុជា បានស្រុះស្រួលគ្នាឈប់ធ្វើសង្គ្រាមនៅកម្ពុជា
ហើយប្រញាប់វិលចូល បាងកកវិញ ។ មេទ័ពទាំងពីរ ឆ្លៀតឱកាសដណ្តើមអំនាច
ប៉ុន្តែមិនធ្វើដូចចៅហ្វ៊ា មូ ទេ គឺគេយកគម្រូតាម អាឡោងប្រៈយ៉ា និង តាកស៊ីន។ ពញាមហាក្រសាសែក
តាំងខ្លួនជាមហាក្សត្រ, សាសី ដែលជាប្អូនប្រុសរបស់ក្រសាសែក ឡើងជា ឧបរាជ,
ក្មួយប្រុសឈ្មោះ ម៉ាឡាក់ បានឡើងជា កែវហ្វ៊ា
ចំនែកអ្នកបដិវត្តន៍ផ្សេងៗត្រូវសម្លាប់ចោលនៅខែមីនា ឆ្នាំ ១៧៨២ រីឯ ស្តេចតាកស៊ីន
ត្រូវគេធ្វើគុតនៅខែ មេសា ១៧៨២ ។
ចំនែកនៅអាណ្ណាមវិញ ពួកតៃសឺន បានងើបបះបោរនៅកូសាំងស៊ីន ហើយលបចូលមកក្នុងទឹកដីកម្ពុជា
ដើម្បីរៀបចំកម្លាំងរបស់ខ្លួនឡើងវិញក្រោយពីការបង្ក្រាបរបស់ព្រះចៅ
យ៉ាឡុង
ដែលគង់នៅព្រៃនគរ តាំងពីឆ្នាំ ១៧៧៧។ ស្តេចយួនបានផ្ញើសារអោយរដ្ឋាភិបាលខ្មែរ
ជួយដេញពួកនេះទៅវិញ ។
នៅក្នុងរាជវាំងឧដុង្គវិញ ជម្លោះរបស់ ចៅហ្វ៊ា មូ និង ពញាសួស
បានកើតឡើង ។ ពញាសួស បានគេចខ្លួនទៅនៅ បាត់ដំបង ហើយសុំអោយសៀមជួយ។
សៀមបានបញ្ជូន បែន ដែលត្រូវ មូ បណ្តេញចេញពីតំនែង ហើយរត់ទៅស្រុកសៀមនោះអោយមកជួយ។
អ្នកទាំងពីរ បានលើកទ័ពមកវាយយកឧដុង្គបាន ហើយសម្លាប់ មូ និង ពាង
ចោលទៅ។ ក្រោយមក បែន ក៏បានកម្ចាត់ សួស ចោល រួចតែងតាំងខ្លួនជា ចៅហ្វ៊ា
វិញម្តង។ បែន ត្រូវបានស្តេចសៀមតែង តាំងជា ហួមឿង(=ចៅហ្វាយខេត្ត)
បាត់ដំបងនៅឆ្នាំ ១៧៩១ ដែលមានងារថា អភ័យធិបែសវិសេសសង្គ្រាម រាមរិន្ទឥន្ទវិជ័យ
អភ័យភេរីបរាក្រុមពាហុ។
នៅឆ្នាំ ១៧៩៤ ព្រះអង្គអេង ដែលមានព្រះជន្ម ២០វស្សា ត្រូវបាន បែន
នាំ ទៅធ្វើពិធីអភិសេកនៅក្រុងបាងកក ដោយថ្វាយព្រះនាមថា ព្រះបាទសម្តេចព្រះរាជឱង្កាព្រះនារាយណ៍រាជាធិរាជ
រួចហើយស្តេចសៀម បានរៀបចំទ័ពមួយកងដែលមាន បែន ជាមេបញ្ជាការ ជូនដំណើរព្រះអង្គអេងត្រឡប់មកឧដុង្គវិញ។
បែន ក៏ត្រឡប់ទៅបាត់ដំបងវិញគ្រប់គ្រងទឹកដីនោះ ដែលគ្មានទំនាក់ទំនងរដ្ឋបាលអីជាមួយក្រុងឧដុង្គឡើយ។
ចំនែកបណ្តាខេត្តដែលនៅភាគខាងជើងបាត់ដំបងវិញ រួមមាន មង្គលបុរី សិរីសោភ័ណ និង កូរ៉ាត់
គេមិនបាច់សង្ស័យឡើយ ពួកសៀមបានយកជាទឹកដីរបស់គេយ៉ាងស្ងៀមស្ងាត់នៅឆ្នាំ ១៧៩៥ ។
បែន ជាមនុស្សក្បត់ប្រាកដណាស់
ព្រោះដឹងហើយថាខ្លួនមានតួនាទីខ្ពង់ខ្ពស់មួយ តែបែរជាកាត់យកទឹកដីមួយចំនែកធំពីរាជាណាចក្រមកគ្រប់គ្រងក្រោមគោរម្យងារថា
ហួមឿង ដែលប្រៀបបាននិងព្រះរាជាណាចក្រមួយនៅចន្លោះកម្ពុជា និង សៀមទៅវិញ។
កងទ័ពដែលគាត់កាន់នៅក្នុងដៃគឺជា កងទ័ពសៀម តែមានគាត់ជាខ្មែរធ្វើជាមេបញ្ជាការ,
គាត់ជាចៅហ្វាយខេត្តខ្មែរ តែស្ថិតក្រោមបញ្ជាពីស្តេចសៀម រីឯទឹកដីដែលគាត់គ្រប់គ្រងជាទឹកដីខ្មែរ។
គាត់គោរពតែបញ្ជាពី ក្រុងបាងកក មិនទទួលបញ្ជាពីក្រុងឧដុង្គទេ
ប៉ុន្តែគាត់ចេញចូលរាជវាំងទាំងពីរ, រីឯតង្វាយវិញ គាត់យកទៅថ្វាយតែស្តេចសៀម
មិនមែនក្នុងនាមជា ចៅហ្វាយខេត្តខ្មែរទេ គឺក្នុងនាមមេទ័ពសៀម ។ ចំណូលផ្សេងៗក្នុងខេត្ត
គាត់រក្សាទុកចិញ្ចឹមទាហានដែលនៅជាមួយគាត់ ។ កូនៗរបស់គាត់ដែលបន្តតំនែងពីគាត់ ក៏នៅតែបានបន្តនយោបាយបែបនេះទៀត
។
ព្រះអង្គអេង បានចេញព្រះរាជបញ្ជាជាច្រើនដូចជា នៅពេលមន្ត្រីចូលវាំង មហាតលិក
មហាទេព និង មហាមន្ត្រី ត្រូវមានត្រារំលេចដោយភ្ញីផ្កាមួយរង្វង់,
ត្រូវបាំងក្លស់ពីរជាន់ធ្វើអំពី សូត្រពណ៌ក្រហម, ត្រូវពាក់អាវផាយពណ៌ផ្កាកូឡាប និង
មានកាន់ថង់រង(ប្រអប់ស្លាធ្វើពីឈើ ស្រោបដោយក្រណាត់) ។ មន្ត្រីដែលមានសក្តិពី ៨-៩ហ៊ូពាន់[8]
អាចពាក់អាវផាយពណ៌បៃតង ហើយបាំងក្លស់សូត្រមួយជាន់ពណ៌បៃតងដែរ ។ អ្នកដែលមានសក្តិ ៦-៧ហ៊ូពាន់ មានអាវស្វាយនិងក្លស់ពណ៌ស្វាយ ។ អ្នកដែលមានសក្តិ ៤-៥ហ៊ូពាន់ ពាក់អាវពណ៌ខៀវ ។ ភរិយារបស់មន្ត្រីដែលមានសក្តិ ៩-១០ហ៊ូពាន់ ត្រូវមានឋានៈជា ឃុនណាង ។
នៅខែមីនា ១៧៩៦ ព្រះអង្គអេង ផ្ទេររាជសម្បត្តិអោយឧបរាជ ប៉ុក
ដោយទ្រង់យាងទៅប្រទេសសៀម ដើម្បីធ្វើការតវ៉ាសុំខេត្តខ្មែរដែល ចៅហ្វ៊ាបែន
កាត់ទៅអោយសៀមនោះមកវិញ ប៉ុន្តែស្តេចសៀម ពុំបានអើពើចំពោះព្រះអង្គឡើយ ។
ទ្រង់ក៏យាងត្រឡប់មកស្រុកខ្មែរវិញ ហើយសុគតនៅ ៧ខែ ក្រោយមក ។ រាជ្យសម្បត្តិត្រូវស្ថិតក្រោមការគ្រប់គ្រង
របស់ឧបរាជប៉ុក អស់រយៈពេលដប់ឆ្នាំ។
២. ឧបរាជប៉ុក(១៧៩៦ - ១៨០៦)
ចៅហ្វ៊ា ប៉ុក បានដឹកនាំកិច្ចការព្រះរាជាណាចក្រដោយពុំបានខិតខំប្រឹងប្រែង ជ្រើសរើសក្សត្រថ្មីមួយអង្គណាទេ
។ ព្រះរាជវង្សានុវង្សពេលនោះស្ទើរតែផុតរលត់ទៅហើយ នៅសល់តែ បុត្ររបស់ព្រះអង្គអេង
ដែលនៅតូចៗនៅឡើយ។ ចៅហ្វ៊ា បែន ដែលសុខស្រួលក្នុងទឹកដីរបស់គាត់ទៅហើយ ក៏ពុំមានខ្វល់ខ្វាយអ្វីបន្តិចសោះ
។ ពួកចៅហ្វាយខេត្តក៏កាន់តែឯករាជ្យឡើង ដោយមកពីគ្មានការដឹកនាំ
ហើយពេញចិត្តណាស់និងសភាពការណ៍បែបនេះ ។ ពួកគេប្រមូលពន្ធបានមក បង់អោយ ចៅហ្វ៊ាប៉ុក
តែអ្វីដែលគេចង់បង់អោយប៉ុណ្ណោះ ជួនកាលមិនបង់អោយទៀតផងក៏មាន។ និយាយអោយខ្លី
រាជាណាចក្រទាំងមូលកំពុងតែពុកផុយ បាត់បង់ទៅ ខ្សោះកម្លាំង អ្នកណាចង់ធ្វើអីក៏បាន ។
បើសិនគ្មានពួកអាណ្ណាម មកដណ្តើមទឹកដីភាគខាងកើតទេ
ម្ល៉េះសមសៀមកាត់យកប្រទេសទាំងមូលទៅហើយ។ ប៉ុន្តែអាចថា សំណាងម្យ៉ាងដែរ
ដែលខ្មែរមានសត្រូវពីរ នៅសងខាងដែលចង់លេបយកទឹកដីខ្មែរ ម្ល៉ោះហើយម្នាក់ៗក៏តាមដាន
ត្រួតពិនិត្យគ្នាទៅវិញទៅមក ដោយនៅស្ទាក់ស្ទើរមិនហ៊ានធ្វើអ្វីជាធំដុំទេ ។
នៅឆ្នាំ ១៨០៦ សៀមក៏បានបញ្ជូន ព្រះអង្គចន្ទ អោយមកសោយរាជ្យនៅ
ឧដុង្គ។
៣. ព្រះអង្គចន្ទ(១៨០៦ - ១៨៣៤)
ទ្រង់ជាបុត្រាច្បងរបស់ព្រះអង្គអេង ។ នៅពេលទ្រង់ឡើងសោយរាជ្យ ទ្រង់មានព្រះនាមសម្រាប់រាជ្យថា
ព្រះបាទសម្តេចព្រះរាជឱង្កាព្រះឧទ័យរាជាធិរាជរាមាធិបតីព្រះស្រីសុរិយោពណ៌ ។
ចៅហ្វ៊ា បែន បានលើកកូនស្រីរបស់គាត់ មកធ្វើជាមហេសីរបស់ព្រះអង្គចន្ទ ។
ស្តេចអាណ្ណាម បានបញ្ជូនក្រណាត់សូត្រ ៦៨ដុំមកថ្វាយ។ ព្រះអង្គចន្ទ
បានយាងនាំក្រណាត់សូត្រទាំងអស់នោះទៅក្រុងបាងកកជាមួយចៅហ្វ៊ាប៉ុក
ដើម្បីចូលគាល់ស្តេចសៀម ។ ស្តេច អាណ្ណាមប្រឆាំងជំទាស់និងទង្វើនេះក៏បញ្ជូនទ័ពមួយកងមកដល់ចតុមុខ
។ ស្តេចអាណ្ណាម ទទួលយល់ព្រមថា អោយសៀមរៀបអភិសេកព្រះរាជាកម្ពុជានៅឯសៀមចុះ
ក៏ប៉ុន្តែបើព្រះរាជាកម្ពុជាយល់ព្រមចំណុះសៀម ព្រះអង្គក៏ត្រូវចំណុះអាណ្ណាមដែរ
ហើយត្រូវលើកសួយសារអារ-កទៅអាណ្ណាមជារៀងរាល់ឆ្នាំ ក្នុងនោះមាន
ដំរីឈ្មោលកម្ពស់ ៥ហត្ថពីរក្បាល, ចែរមាសពីរ, ភ្លុកដំរីបីគូ, ក្រវាញ, ក្រមួន,
ម្រ័ក្សណ៍ ។ល។ ពេលនោះពួកនាម៉ឺនមន្ត្រី
យល់ថា តើគួរចំនុះសៀមផង ចំណុះអាណ្ណាមផងឬយ៉ាងណា? ប៉ុន្តែបើមានអធិរាជពីរ
ប្រកាប់ប្រចាក់គ្នាដើម្បីនគរចំណុះមួយ វាល្អជាងមានអធិរាជតែមួយ ដែលនឹងលេបត្របាក់យកទឹកដីទាំងមូលតែម្តង។
ហេតុនេះហើយ ពួកគេក៏យល់ព្រមតាមសំនើរនេះ ទើបពួកអាណ្ណាមត្រឡប់ទៅវិញ
ទុកតែមេទ័ពពីរនាក់នៅប្រចាំការនៅចតុមុខ ។
ការណ៍ដែលព្រះអង្គចន្ទ ទទួលស្គាល់អធិរាជភាពរបស់អាណ្ណាមលើកម្ពុជា
មិនបានធ្វើអោយរាជវាំងក្រុងបាងកកសប្បាយចិត្តនោះឡើយ ។ ចាប់ពីពេលនោះមក
ទំនាក់ទំនងល្អជាមួយសៀម បានចាប់ផ្តើមប្រេះឆា ។ ចំនែកស្តេចយ៉ាឡុងរបស់អាណ្ណាម
បានធ្វើត្រារាងបួនជ្រុងស្មើមួយធ្វើពីមាស ផ្ញើមកថ្វាយព្រះអង្គចន្ទ (ត្រារបស់ខ្មែរ
មានរាងមូល) ។ ព្រះអង្គចន្ទទទួលទុក ប៉ុន្តែមិនដែលប្រើវាម្តងណាឡើយ ។ សៀម
មិនចង់អោយកម្ពុជាចំណុះអាណ្ណាមទេ កម្ពុជាត្រូវចំណុះសៀមតែមួយគត់
ព្រោះព្រះរាជាកម្ពុជាត្រូវអភិសេកដោយសៀម ។ បន្ទាប់ពីមរណភាពរបស់ស្តេចសៀម និង ចៅហ្វ៊ា
បែន នៅឆ្នាំ ១៨១១ ស្តេចសៀមថ្មី បានតែងតាំង អ្នកអង្គម្ចាស់ពីរអង្គ
ដែលជាអនុជរបស់ព្រះអង្គចន្ទ គឺ អង្គស្ងួន អោយធ្វើជា ឧភយោរាជ និង អង្គអឹម ធ្វើជា
មហាឧបរាជ អមព្រះអង្គចន្ទ ដោយពុំបានសួរយោបល់ ព្រះអង្គចន្ទឡើយ ។ នេះជាការបង្ហាញអោយឃើញពី
អធិរាជរបស់ខ្លួនលើកម្ពុជា ។ ព្រះអង្គចន្ទ យល់ថា
សៀមធ្វើនេះគឺជាគំនាបធំមួយចំពោះទ្រង់។ ទ្រង់ក៏ដកសេចក្តីទុកចិត្តពីសៀម
ហើយទុកចិត្តអាណ្ណាមជាង ។ ជម្លោះបានកើតមានរវាង ព្រះអង្គចន្ទ និង អង្គស្ងួន
ដែលកាន់នាទីជា ឧភយោរាជ ធ្វើអោយអង្គស្ងួនភៀសខ្លួនទៅពោធិ៍សាត់ រួចចាប់ប្រមែប្រមូលទ័ព
ព្រមទាំងធ្វើការ ទាមទារយកខេត្ត ក្រង, ក្រគរ និងខ្លុង ។
ព្រះអង្គចន្ទ ភ័យខ្លាចមានជំនួយពីសៀម ក៏ស្នើសុំជំនួយពីស្តេចអាណ្ណាម យ៉ាឡុង
។ ប៉ុន្តែទ័ពជំនួយយួនមានចំនួនតិចពេក មិនអាចទប់ទល់បានក៏ដកថយនាំទាំងព្រះអង្គចន្ទ
ចុះទៅព្រៃនគរផង ។ អង្គអឹមដែលជាមហាឧបរាជ និង អង្គដួង
បានគេចខ្លួនចេញពីព្រះអង្គចន្ទដែលទៅតាមទ័ពយួន
ហើយត្រឡប់មកឧដុង្គវិញដែលមានទ័ពសៀមកាន់កាប់ ។ ប្រទេសគ្មានស្តេចដឹកនាំទៀតហើយ
ព្រោះព្រះរាជាគង់នៅឯអាណ្ណាម ចំនែកព្រះអង្គស្ងួន មិនហ៊ានចាប់កាន់អំនាចនៅឡើយទេ ។
អង្គអឹម និង អង្គដួង បង្កើតរដ្ឋាភិបាលបណ្តោះអាសន្នមួយនៅឧដុង្គ
ដែលមានសមាជិកពាក់កណ្តាលជាខ្មែរ ពាក់កណ្តាលទៀតជាសៀម ហើយនាំគ្នាទៅបាងកក
សុំសេចក្តីសម្រេចពីស្តេចសៀម នៅខែកក្កដា ១៨១១ ។
នៅឆ្នាំ ១៨១៣ ស្តេចយួនព្រះនាម យ៉ាឡុង បានដង្ហែរព្រះអង្គចន្ទមកគង់នៅឧដុង្គវិញដោយមានទ័ពពីរម៉ឺននាក់មកជាមួយ
ក្នុងនោះមានទ័ពអាណ្ណាម ៥ពាន់នាក់ ។ កាលនោះគ្មានការប្រយុទ្ធគ្នាអ្វីទេ
មានតែប្រជារាស្ត្រចេញមកស្វាគមន៍ព្រះអង្គចន្ទ ដែលរាស្ត្រទទួលស្គាល់ថាជា
ព្រះរាជាពេញសិទ្ធិពីមុនហើយនោះ។ ចាប់ពីពេលនោះមក ព្រះអង្គចន្ទ បានក្លាយជាស្តេចដែលចំណុះអោយនគរអាណ្ណាម
ទាំងស្រុងតែម្តង ។ មេទ័ពយួននាម អុងតាគុន បានកេណ្ឌខ្មែរអោយទៅកាប់ឈើនៅភ្នំហាន់ជ័យ
(កំពង់ចាម) ហើយសង់ដំណាក់បារមីមួយនៅជ្រោយចង្វារ ដើម្បីអោយមន្ត្រី និង ស្តេចខ្មែរ
ធ្វើពិធីសំពះរំលឹកគុណស្តេចយួន ។
នៅឆ្នាំ ១៨១៤ សៀមបានលើកទ័ពមកវាយយកខេត្តកូរ៉ាត់ និង
ទឹកដីដែលនៅចន្លោះខេត្តព្រហ្មទេព និង ភ្នំដងរែក ហើយក៏យកបានខេត្តម្លូព្រៃ និង ទន្លេរពៅ
ផងដែរ ។ សៀមក៏លើកទ័ពចូលដណ្តើមយក ស្ទឹងត្រែង ជាបន្ត ។ ព្រះអង្គចន្ទ
មិនសូវជាយកចិត្តទុកដាក់ចំពោះទឹកដីទាំងអស់នោះទេ ព្រោះទឹកដីទាំងនោះនៅឆ្ងាយពីក្រុង
ឧដុង្គ។
ឆ្នាំ ១៨១៥ ស្តេចយួនសុំអោយព្រះអង្គចន្ទ កេណ្ឌមនុស្ស មកសង់បន្ទាយនៅខេត្តមាត់ជ្រូកនិងជីកព្រែកពីរដែលមានកម្លាំងចូលរួមទាំងអស់
មួយម៉ឺននាក់ គឺ អាណ្ណាម ៥ពាន់នាក់ និង ខ្មែរ ៥ពាន់នាក់ ។
. ព្រែកទី១ ឈ្មោះ វិញតេ ខ្មែរហៅថា ព្រែកជីក
ភ្ជាប់ពីខេត្តមាត់ជ្រូកទៅខេត្តពាម មានប្រវែង ៥៣គ.ម ទទឹង ៣៣ម
. ព្រែកទី២ឈ្មោះ វិញអាន ខ្មែរហៅថា ឡុងសែន
ភ្ជាប់ពីទន្លេមេគង្គទៅទន្លេបាសាក់ ប្រវែង ១៨គ.ម ទទឹង ២៨ម
ការជីកព្រែកនេះ ខ្មែររងទុក្ខវេទនាជាពន់ពេក។
ដំបូងគេប្រើគោក្របីសម្រាប់អូសទាញដីចេញពីពោះព្រែក លុះយូរៗទៅដោយប្រើទាំងយប់ទាំងថ្ងៃ
គោក្របីងាប់អស់គេអោយមនុស្សជាអ្នកអូសម្តង ដោយធ្វើការតាំងពីព្រលឹមទល់ព្រលប់
គ្មានពេលសម្រាក ។ ពេលខ្មែរដួល វាចោទថាខ្មែរខ្ជិល ឬ ខ្មែរធ្វើពុត
ចំនែកទឹកសម្រាប់ផឹកវិញ មានក្លិនលាមក និង មានជាតិកំបោរ បាយហូបទៅហើមពោះ។
មិនតែប៉ុណ្ណោះ យួនបានចាប់ខ្មែរដែលវាចោទថា ប្រឆាំងយកទៅកប់ដីត្រឹម ក
ជាមុំចង្ក្រានដាំតែ ដែលគេហៅថា ដាំតែអុង ។ ម្យ៉ាងទៀតនៅពេលការជីកព្រែក
បានបញ្ចប់ យួនបើកទឹកបង្ហូរចូលព្រែកដោយពុំបានប្រាប់អោយខ្មែរអោយដឹងមុនទេ
ធ្វើអោយកម្មករខ្មែរលង់ទឹកស្លាប់ជាច្រើន។ ក្រោយពីការជីកព្រែកនេះបានរួចរាល់
ពួកអាណ្ណាមបានចាត់ទុកព្រែកជីកនេះជាព្រំដែននៃនគរកម្ពុជា និង នគរអាណ្ណាម ។
ដោយពុំចង់អោយ អាណ្ណាម មានអធិរាជភាពលើកម្ពុជាខ្លាំងពេក
ព្រះរាជាក្រុងបាងកកបានបញ្ជូនទ័ពមកលុកលុយកម្ពុជា
យោងតាមសំណើរចៅហ្វាយខេត្តពោធិ៍សាត់នៅឆ្នាំ ១៨២០ ។ ព្រះអង្គចន្ទ ដកព្រះកាយទៅ
ខេត្តលង់ហោ ។ មួយថ្ងៃបន្ទាប់ពីព្រះអង្គចន្ទចេញផុតពីឧដុង្គ
ទ័ពសៀមបានចូលមកគ្រប់គ្រងឧដុង្គ មានអង្គអឹម និង អង្គដួង មកជាមួយផង។ ទ័ពចម្រុះខ្មែរ-សៀម បានបន្តវាយ ចូវដុក នៅមាត់ព្រែកវិញតេ, វាយយកក្រុង ហាទៀង រួចទៅ ដល់
លង់ហោ ជាកន្លែងដែលព្រះអង្គចន្ទ គង់នៅ ដោយវាយយកបាននៅខែធ្នូ ១៨៣១ ។
ទ័ពអាណ្ណាម បានធ្វើការវាយបកវិញ រហូតទ័ពខ្មែរ-សៀមដកថយចុះសំពៅនៅ
កំពត រួចត្រឡប់ទៅបាងកកវិញ នាំយកទាំងអង្គអឹម និង អង្គដួងទៅផង ។ អស់ទ័ពសៀម
អាណ្ណាមបានក្លាយជាម្ចាស់លើកម្ពុជាម្តងទៀត ។ ស្តេចអាណ្ណាម
បានផ្ញើសម្លៀកបំពាក់បែបអាណ្ណាម រួមមានទាំងមួកផង មកថ្វាយព្រះរអង្គចន្ទ
ដោយមានមន្ត្រីមួយចំនួនស្លៀកពាក់តាមទ្រង់ដែរ ដើម្បីជាការអែបអប និង ដោយការភ័យខ្លាចផង
ព្រោះពួកគេក៏បានទទួលសម្លៀកបំពាក់នេះពី ស្តេចអាណ្ណាមដូចគ្នា ។ ម្តងនេះគេឃើញថា
អាណ្ណាមមានប្រៀបខ្លាំងជាងពួកសៀម ។
នៅក្នុងជួររាជវង្ស យួនបានកម្ចាត់ព្រះអង្គម្ចាស់ណា ដែលយួនគិតថា
មានទំនោរទៅរកសៀម ។ នៅឆ្នាំ ១៨៣៤ ព្រះអង្គចន្ទ ចូលទីវង្គត ។ គ្មានអ្នកអង្គម្ចាស់ណា
សម្រាប់ធ្វើជាទីជម្រើសសម្រាប់អោយស្នងរាជ្យទេ ។ បើនិយាយពី អនុជរបស់ព្រះអង្គចន្ទ គឺ
អង្គអឹម និង អង្គដួង វិញ អាណ្ណាម មិនព្រមអោយសោយរាជ្យឡើយ
ព្រោះអ្នកទាំងពីរចូលដៃនិងសៀម ហើយកំពុងរស់នៅក្នុងប្រទេសសៀម ។ ដោយព្រះអង្គចន្ទមានតែបុត្រី
គ្មានបុត្រាសម្រាប់ស្នងរាជ្យ យួនបានតែងតាំងក្សត្រីអង្គម៉ី អោយសោយរាជ្យៈ
៤. ក្សត្រីអង្គម៉ី (១៨៣៤ - ១៨៤០)
ក្សត្រីអង្គម៉ី ជាបុត្រីរបស់ព្រះអង្គចន្ទ ជាមួយនិងជាយា លំដាប់ទីបី ឈ្មោះអ្នកម្នាង ក្រចាន់ ។ ព្រះនាងពេលនោះមានព្រះជន្ម ២១វស្សា,
អនុជរបស់ព្រះនាងគឺ ក្សត្រីអង្គពៅ បានទទួលឋានៈជា ឧបរាជ, អង្គស្ងួន
ដែលតូចជាងគេ ទទួលឋានៈជា ព្រះកែវហ្វ៊ា ។
អ្វីដែលគេមើលឃើញច្បាស់ថា អាណ្ណាមប្រុងប្រៀបនឹងយកកម្ពុជា
ធ្វើជាទឹកដីរបស់គេមែនទែននោះ គឺតាមព្រះរាជាក្រឹត្យមួយរបស់ស្តេចអាណ្ណាម គឺថា
ព្រះរាជាណាចក្រកម្ពុជា ត្រូវគ្រប់គ្រងដោយមន្ត្រីអាណ្ណាម ៣នាក់ៈ ទ្រឿងមិញយ៉ាង, ផាំវ៉ាន់ឌាន
និង តា្រន់វ៉ាន់ណាង ដោយមានកិច្ចជំនួយពីរដ្ឋមន្ត្រី និង
ចៅហ្វាយខេត្តខ្មែរជាច្រើននាក់ ។
កម្ពុជាត្រូវបានគេហៅថា ត្រឹងតីថាញ់ (ត្រឹង=មណ្ឌលរដ្ឋបាល, តី=ខាងលិច,
ថាញ់=បន្ទាយ) រីឯ រាជធានីភ្នំពេញ កាលនោះត្រូវគេប្តូរមកហៅថា ត្រានណាំយ៉ាង
(ណាំ=ភ្នំ, យ៉ាង= ពេញ) ។
មន្ត្រីទាំងអស់ត្រូវស្លៀកពាក់បែបអាណ្ណាម គឺ បួងសក់ និង
ផ្តល់ឋានៈតាមរបៀបអាណា្ណម ដូចជា អុងបាញ់, អុងផ, ដូយ, កាយឡាង, ថុន, ទ្រឿង, ត្រាំ
។ល។ ចៅហ្វាយខេត្តខ្មែរត្រូវអមដោយមន្ត្រីអាណ្ណាមម្នាក់
ដើម្បីត្រួតពិនិត្យមើលសកម្មភាពនិងដឹកនាំការងាររដ្ឋបាល។
ដំបូងព្រះរាជាអាណ្ណាម បានសម្រេចបន្ថយចំនួនខេត្តពី ៥៦ មកត្រឹម ៣៣ វិញ
ដោយបង្កើតស្រុកពីរសម្រាប់ជាទឹកដីដែលមានពួកព្រៃរស់នៅ
រួចហៅឈ្មោះជាភាសាអាណ្ណាមទាំងអស់។ ប៉ុន្តែឈ្មោះខ្លះមិនដឹងត្រូវនិងទឹកដីណាទេ
ដោយគ្មានព័ត៌មានលម្អិត។
ខេត្តទាំង ៣៣ នោះមានដូចជា([9])៖
1.
ណាមយ៉ាង
ឬ ត្រានតាយ =ភ្នំពេញ
2.
ថានធូ
3.
តាំដន
4.
ទុយឡាប់
5.
បាណាម
(បាក់ណាម)
6.
បាឡាយ
(បារាយណ៍)
7.
ប៊ិញធាន
(កោះអញ្ចៀន)
8.
ខាបាត
9.
ឡាវេន(ព្រៃវែង)
10. ហៃដុង
11. គឹមទ្រឿង
12. ចាជុង
13. កាអាវ
14. វ៉ាងវ៉ាន
15. ហាប៊ិញ
16. ជុងឡយ
17. សានភូ(សម្បូរណ៍)
18. សានបុក(សម្បុក)
19. តាវ៉ូ
20. ខាយបៀន
21. ហៃតាយ
22. ខាស៊ុម (កោះសូទិន)
23. ថេឡាប់
24. តាំកាយ
25. ឡូវៀត(លង្វែក)
26. ឡុងទន(សំរោងទង)
27. ក្វាងបៀន
28. ហួយី
29. ចានតាយ
30. អ៊ីយី
31. ចានថាញ់
32. ម៉ាត់លួត
33. អ៊មអាន
សម្រាប់ស្រុកព្រៃពីរនោះគឺ កាញ់ចេ (ក្រចេះ) និង កាន់យ៉ើ
(កញ្ជរ) ។
មន្រ្តីទាំងអស់មាន ១០៧រូប ដែលទទួលបន្ទុក ការងាររដ្ឋបាលស៊ីវិល និង កងទ័ព
ដែលភាសាអាណ្ណាមគេហៅថាៈ
. ទួងក្វាន = សេនាប្រមុខ គឺ ឧត្តមសេនីយ៍ ទ្រឿងមិញម៉ាង
នៅភ្នំពេញ
. ថាមតាន់ = ខាងភស្តុភារ គឺ ឡេដៃគឿង
. ដេដុក = អគ្គមេបញ្ជាការ ១រូប
. ហ៊ាបតាន់ = វរសេនីយ៍ឯក ១រូប
. ឡាញ់ប៊ិញ = វរសេនីយ៍ត្រី ២រូប
. ផឡាញ់ប៊ិញ = ជំនួយការវរសេនីយ៍ត្រី ២រូប
. ប៊ិញប៊ីដាវ = ឆ្មាំកងទ័ព ១រូប
. លឿងប៊ីដាវ = ឆ្មាំខាងភស្តុភារ ១រូប
. វៀនង៉យឡាង = នាយការិយាល័យក្រសួង ២រូប
. ជូស៊ូ = នាយរងការិយាល័យក្រសួង ៣រូប
. បាតវូ = ពិធីការ សណ្តាប់ធ្នាប់ ៤រូប
. បាតផាម = លេខាធិការកម្រិតទី៨ មាន ៨រូប
. គួនផាម = លេខាកម្រិតទី៩ មាន ៨រូប
. ថឡាយ = នាយទោផ្គត់ផ្គង់ស្បៀង ៦០រូប
. ហួនដាវ = សាស្ត្រាចារ្យ ១២រូប
. យ៉ាវថ = គ្រូបង្រៀន ?
ក្រោយមក
ពួកអាណ្ណាមរៀបចំបែងចែកទឹកដីកម្ពុជាទាំងមូលជា ៨ភូ(ខេត្ត) ដែលមាន ១៨ហ្វៀន(មណ្ឌលរដ្ឋបាល)
គឺ៖
ភូដែលត្រួតដោយ ទួងក្វាន និង ថាមតាន់ មាន ៤ភូ៖
1. ភូត្រាន់តាយ =ភ្នំពេញ មាន ហ្វៀន ពីរគឺ
ថៃអាន និង លូអាន
2. ភូញាហ្វា មាន ហ្វៀន ពីរដែរគឺ អឿងផុង
និង ផុងញួង
3. ភូណាមនិញ មាន ហ្វៀន ៣គឺ ណាមធិញ, ណាមថៃ
និង ភូណាម
4. ភូវ៉ូកុង មាន ហ្វៀន បីដែរគឺ ប៊ិញដុង,
គីតូ និង ជុងធុយ
ភូដែលត្រួតដោយ ជានភូស៊ូ មានពីរ ភូ៖
5. ភូហាយតាយ មាន ហ្វៀន ពីរគឺ ហាយប៊ិញ និង
ថានជុង
6. ភូហាប៊ិញ មានហ្វៀន ពីរដែរគឺ ជុងហា និង
ភូឡាយ
ភូដែលត្រួតដោយ ជានភូស៊ូ នៅ សានទិញ៖
7.
ភូសានទិញ
មានហ្វៀនពីរគឺ ក្វឡាំ និង សានដុង
8.
ភូមីឡាម
ហ្វៀនពីរគឺ មីឡាម និង ដាវឡាម
ទ័ពអាណ្ណាមនៅកម្ពុជា ក៏ត្រូវបានគេរៀបចំដោយបែងចែកជា ២៥កងពល និង
មានកងពលពិសេសមួយទទួលបន្ទុកថែរក្សា ពង្រាប និង បង្ហាត់ដំរីចម្បាំង ។
កងពលកណ្តាល មានគ្នា ២៦៩៦នាក់
កងពលបើកផ្លូវ មានគ្នា ២១១៦នាក់
កងពលស្លាបឆ្វេង មានគ្នា ២៥៣០នាក់
កងពលស្លាបស្តាំ មានគ្នា ២២០០នាក់
កងពលបិទគូទ មានគ្នា ២២៥៥នាក់
សរុបៈ
១១.៧៩៦នាក់
ពួកអាណ្ណាម ហៅម្ចាស់ក្សត្រីអង្គម៉ីថា ង៉ុកវ៉ាន
ហើយថ្វាយឋានៈជាភាសាអាណ្ណាមថា ថាមីឡាមក្វានជួ ។
ក្សត្រីអង្គម៉ី គង់នៅរាជវាំង ស្លាកែត ប៉ុន្តែកិច្ចការដឹកនាំប្រទេស
ស្ថិតក្នុងកណ្តាប់ដៃ ឧត្តមសេនីយ៍យួន ទ្រឿងមិញម៉ាង
ដែលបានរៀបចំរដ្ឋបាលស្រុកខ្មែរតាមបែបយួនដូចជា៖ មន្ត្រីខ្មែរត្រូវស្លៀកពាក់បែបយួន,
ព្រះពុទ្ធសាសនាបែបខ្មែរត្រូវជំនួសបែបយួនវិញ,
ក្សត្រីបីអង្គដែលជាញាតិវង្សរបស់ក្សត្រីអង្គម៉ី ត្រូវយួនចាប់យកទៅខេត្ត លង់ហោ
ហើយសម្លាប់ចោល ព្រោះអ្នកទាំងនោះមានខ្សែលោហិតជាមួយសៀម ។ ពួកអាណ្ណាម
បានអនុវត្តន៍វិធានការណ៍ពីរដែលជាហេតុបង្កអោយប្រជារាស្ត្រខ្មែរយល់ថា
ជាការកាត់យកទឹកដីខ្មែរនិងនយោបាយគ្រប់គ្រងខ្មែរ គឺ ការធ្វើសម្រង់ស្ថិតិប្រជាជន និង
ការចុះបញ្ជីដីធី្ល។ ហេតុការណ៍នេះធ្វើអោយខ្មែរ ស្អប់យួនជាខ្លាំង ហើយងើបឡើងបះបោរសម្លាប់យួនអស់ជាច្រើន។
ប្រទេសខ្មែរជួបចលាចល ដោយរាស្ត្រមិនពេញចិត្តយួន ។ ក្នុងរយៈពេល ៨ថ្ងៃ
ការសម្លាប់ពួកយួនបានរីករាលដាលរហូតដល់ចតុមុខ
សូម្បីតែពេលយប់ក៏មានការលួចសម្លាប់ពួកយួនដែរ ដែលគេមិននឹកស្មានថា
ប្រជារាស្ត្រខ្មែរធ្វើបានដូចេ្នះសោះ។ កម្ពុជាទាំងមូលសឹងតែគ្មានវត្តមានពួកអាណ្ណាម
តទៅទៀតទេ លើកលែងតែនៅតាមទីប្រជុំជនធំៗប៉ុណ្ណោះ ។ ពួកមន្ត្រីធំៗ
បានប្រជុំគ្នាជាសម្ងាត់ និង សម្រេចថាត្រូវតែពឹងសៀមម្តងទៀត ដោយចាត់ ឧកញ៉ាវិបុលឡុង
និង ឧកញ៉ាសួគ៌ាលោក មួក(ចៅហ្វាយខេត្តពោធិ៍សាត់)
អោយនាំញត្តិមួយទៅបាងកកសុំអន្តរាគមន៍ពីសៀម និង តែងតាំងព្រះអង្គដួង
ដែលជាបុត្រពៅរបស់ព្រះអង្គអេង អោយសោយរាជ្យតាមបំណងរាស្ត្រ ។ សៀមយល់ព្រមតាមសំណើរនេះ
ដោយចាត់ ចៅឃុនបឌិនតេជោ នាំទ័ពដង្ហែរព្រះអង្គដួងចូលមកស្រុកខ្មែរវិញ និង
កម្ចាត់ទ័ពយួនអោយដកថយទៅដល់ចូវដុក។ នៅទីនោះ មេទ័ពយួនទាំងឡាយ
បានផឹកថ្នាំពុលសម្លាប់ខ្លួន ដើម្បីជៀសវាងការដាក់ទណ្ឌកម្មពីព្រះចៅអាណ្ណាម។ ព្រះអង្គដួង
និង ចៅឃុនបឌិន បានចាប់ផ្តើមដឹកនាំកិច្ចការប្រទេស ដោយតែងតាំងចៅហ្វាយខេត្តនានាជាថ្មី
រួចទ្រង់យាងមកគង់នៅវាំង ឃ្លាំងស្លឹក នៅជិត ពញាលឺ។
ជំពូក៣
ចុងសម័យឧដុង្គ
សៀម និង អាណ្ណាមស្រុះស្រួលគ្នា ត្រួតត្រាខ្មែរ ស្រាប់តែបារាំងមកដណ្តើម
ព្រះអង្គដួង បានទទួលការស្វាគមន៍ អបអរសាទរ
ពីសំណាក់ប្រជារាស្ត្រដែលមានការខឹងសម្បារចំពោះពួកអាណ្ណាមដែល
កែប្រែស្រុកខ្មែរអោយទៅជាទម្រង់អាណ្ណាម ។
១. ព្រះអង្គដួង (១៨៤០ - ១៨៦០)
ទ្រង់ជាបុត្រពៅរបស់ព្រះអង្គអេង ។ ការបែកបាក់រាជវង្ស ,
សង្គ្រាមខ្មែរគ្នាឯង និង ការឈ្លានពានពីបរទេសជិតខាង
បានធ្វើអោយប្រទេសខ្មែរវិនាសហិនហោច ។
នៅឆ្នាំ ១៨៤១ ទ័ពអាណ្ណាម បានធ្វើការវាយបកមកលើទ័ពខ្មែរ-សៀម របស់ បឌិនតេជោ ធ្វើអោយមានការប្រយុទ្ធស៊ីសាច់ហុតឈាមនៅជើងកញ្ចុំ។
បឌិនតេជោ បានអោយគេសង់របាំងការពារនៅទន្លេធំ, នៅដៃទន្លេចូវដុក និង ដៃទន្លេតូចៗ
ដប់កន្លែងទៀតសម្រាប់ទប់បង្អាក់ដំណើររុលមករបស់ទ័ពអាណ្ណាម ។
ទ័ពទាំងសងខាង បានបោះទីតាំងនៅលើទឹកដីដែលខ្លួនដណ្តើមបាន
ហើយលួចចេញវាយគ្នាម្តងម្កាល ជួននៅពេលយប់ ដែលបង្កជាការហិនហោចយ៉ាងខ្លាំង។ ទ័ពសៀម និង
ទ័ពអាណ្ណាមច្បាំងគ្នាលើទឹកដីខ្មែរ
ហេតុនេះពួកគេមិនប្រញាប់ប្រញាល់ក្នុងការដណ្តើមយកជ័យជម្នះលើគ្នាភ្លាមៗទេ ។
គេគិតតែដណ្តើមយកទឹកដីមួយចំនួនដាក់ចូលទៅក្នុងទឹកដីរបស់ខ្លួន បែងចែកដីខ្មែរចែកគ្នា
ធ្វើយ៉ាងណាកាន់កាប់ទឹកដីអោយបានច្រើនតាមតែអាចធ្វើទៅបាន។ គោលដៅតែមួយរបស់ពួកគេគឺធ្វើយ៉ាងណា
កាន់កាប់ ចតុមុខ អោយបានព្រោះទីនោះជាចំនុចយុទ្ធសាស្ត្រ និង ជាបេះដូងនៃប្រទេស។
ពួកអាណ្ណាមបានបង្ខំសភាពការណ៍ដោយចាប់វាយពីបន្ទាយ ពាមមានជ័យ(បាណាម)
រួចវាយឡើងតាមទន្លេតូចមក បន្ទាយដែក ខាងកើតច្បារអំពៅសព្វថ្ងៃនេះ។ ព្រះអង្គដួង និង
បឌិនតេជោ បានដកថយទៅឧដុង្គ រៀបចំកំពែងការពារ ដោយអស់សង្ឃឹមថានឹងអាចឈ្នះបានទៀតហើយ ។
ស្រាប់តែព្ញដំណឹងមកថា ទ័ពខ្មែរដែលរត់រប៉ាត់រប៉ាយ ក្រោមការដឹកនាំរបស់ពួកអ្នកស្រុក
បានសម្លាប់ទ័ពអាណ្ណាមមួយកងធំនៅជិតលង្វែក ព្រមទាំងដេញតាមសម្លាប់ពួកនេះយ៉ាងរង្គាល។ នៅទីណាដែលគេប្រទះឃើញកងទ័ព អាណ្ណាមដែលរត់បែកខ្ញែក ប្រជាជនប្រមូលគ្នាដេញតាមសម្លាប់គ្មានប្រណី។
ក្នុងរយៈពេលនៃការគ្រប់គ្រងរបស់ពួកអាណ្ណាម៧ឆ្នាំចុងក្រោយ ១៨៤១ - ៤៧ ពួកគេបានសង់បន្ទាយរឹងមាំ, ប៉មលើសពី ៥០កន្លែង ។ ព្រះអង្គដួង និង
បឌិនតេជោ ដោយមើលឃើញថាគ្មានអ្វីនឹងបន្តសង្គ្រាមបន្តទៀត
ក៏ស្នើសុំចរចាជាមួយមេទ័ពអាណ្ណាម ប៉ុន្តែមេទ័ព
អាណ្ណាមពុំទទួលតាមសំណើរ ហើយលើកទ័ពសំដៅទៅឧដុង្គ។
ទ័ពខ្មែរនិងសៀមបានទប់ទល់យ៉ាងស្វិតស្វាញ រហូតបំបែកពួកអាណ្ណាមបាន ។
មេទ័ពអាណ្ណាមអស់លទ្ធភាព ទើបសុំចរចាវិញ ។
កិច្ចប្រជុំបានប្រព្រឹត្តិនៅ ខែធ្នូ ១៨៤៥ ដោយមានការចូលរួមពី បឌិនតេជោ និង
ឧត្តមសេនីយ៍អាណ្ណាម នៅសមរភូមិ ពោធិ៍បីដើម។ គេបានព្រមព្រៀងគ្នាថា នឹងលើកព្រះអង្គដួង
អោយសោយរាជ្យ បន្ទាប់ពីបានទទួលការព្រមព្រៀងពីរដ្ឋាភិបាលសៀម និង អាណ្ណាម ។ អាណ្ណាមនឹងបញ្ជូនញាតិវង្សខ្មែរ
ដែលឃាត់ទុកនៅអាណ្ណាមអោយវិលត្រឡប់មកវិញ ជាថ្នូរនិងឈ្លើយសឹកអាណ្ណាម និង នាយទាហាន
កូនទាហានដែលខ្មែរចាប់បាន។ ប៉ុន្មានសប្តាហ៍ក្រោយមក សន្ធិសញ្ញានេះត្រូវបានរាជរដ្ឋាភិបាល
សៀម និង អាណ្ណាម អោយសច្ចាប័ន ហើយការប្តូរឈ្លើយសឹកគ្នា បានធ្វើឡើងនៅ ខែមិថុនា ១៨៤៦
គឺ សៀមរុះរើបន្ទាយយួន រីឯយួនរុះរើបន្ទាយសៀម។
អាណ្ណាមបានបង្វិលព្រះខ័នរាជ្យមកថ្វាយព្រះអង្គដួង,
ជំនូនសម្រាប់ការសោយរាជ្យ គឺ ត្រារាងបួនជ្រុងធ្វើអំពីមាស និង ប្រទានឋានៈ ថាកាវមេនក្វួកវឿង(ព្រះរាជាកម្ពុជា)
រីឯសៀមបានបញ្ជូនគ្រឿងឥស្សរិយយស
សម្រាប់រាជបល្ល័ង្គកម្ពុជាដែលគេយកទៅបាងកកកាលពីមុនមកវិញ និង សុំអោយព្រះអង្គដួងអនុម័តយល់ព្រមតាមសន្ធិសញ្ញាសម្ងាត់មួយ
ដែលនាំមកដោយចៅហ្វាយខេត្តកំពង់ស្វាយ គឺប្រគល់ទឹកដីម្លូព្រៃ ទន្លេរពៅ និង
ទឹកដីឯទៀតដែលគេបានយកតាំងពី ៣០ឆ្នាំមុននោះផង។ ព្រះអង្គដួងមានបន្ទូលថា
យើងមិនយល់ព្រមប្រគល់ដីសូម្បីតែបន្តិចអោយទៅពួកសៀមទេ ក៏ប៉ុន្តែដោយពួកគេខ្លាំងជាង
អោយគេរក្សាទុកដីដែលគេបានយកជាយូរហើយនោះ មួយរយៈទៀតសិនចុះ ។
ពិធីអភិសេកព្រះអង្គដួង ធ្វើឡើងនៅចុងឆ្នាំ ១៨៤៧ ដោយមានការចូលរួមពីតំនាងយួន
អុងខាំម៉ាង និង តំនាងពីរនាក់របស់សៀមគឺ ពញាពេជពិជ័យ និងបារគូម្នាក់ទៀត។
ទ្រង់ត្រូវបានគេថ្វាយព្រះនាមសម្រាប់រាជ្យថា ព្រះហរិរក្សរាមាឥស្សាធិបតី ក្នុងព្រះជន្ម
៥២វស្សា។
ចាប់តាំងពីមានយុទ្ធសន្តិភាពរវាងសៀម និង អាណ្ណាម ១៨៤៥ ទឹកដីកម្ពុជាក្រោមឬទឹកដីដែលបារំាំងហៅថា
កូសាំងស៊ីន នោះ កើតមានការរត់ចោលដីស្រែ ចម្ការ របស់ប្រជាជនខ្មែរ ដែលខ្លួនធ្លាប់រស់នៅប្រកបរបរចិញ្ចឹមជីវិត
ព្រោះតែ ពួកយួនចេះតែបង្ករឿង មិនអោយខ្មែររស់បានស្រួល។ ចំនែកអាជ្ញាធរ
នៅទីទាំងនោះសុទ្ធតែជាដៃជើងរបស់យួន
ដែលពួកគេមិនបានផ្តល់ភាពយុត្តិធម៌ដល់ជនជាតិខ្មែរសោះឡើយ ជាហេតុធ្វើអោយខ្មែរនាំគ្នាចាកចេញ
មកជ្រកកោនលើទឹកដីកម្ពុជាភាគខាងលើវិញ។ ពួកអាណ្ណាម បាននាំគ្នាចូលមករស់នៅជំនួស ហើយក៏ប្តូរឈ្មោះភូមិ
ស្រុក ដែលខ្មែររត់ចោល ជាថ្មីតាមភាសាអាណ្ណាមដូចជា៖
1. ព្រៃនគរទៅជា ទៅជា យ៉ាឌិញ
2. កំពង់ស្រកាត្រី - បៀនវ៉ា
3. បារិយា - បារាជ
4. ផ្សារដែក - អានយ៉ាង
រួចប្តូរទៅជា សាដែក
5. ពោធិលើ - បាក់លីវ
6. ទឹកខ្មៅ កាម៉ៅ
7. បាយឆៅ បាយសាវ
8. ពាមបាជ័យ មីថាង
9. ស្រុកតាំ្រង សុកត្រាង
10. ពាមមេសែន ដូងណាយង៉ាយ
11. ក្រមួនស រ៉ាច់យ៉ា
12. ព្រែកឬស្សី កាន់ថឺ
13. អូរមរ អូម៉ូន នៅក្នុងខេត្ត កាន់ថឺ
14. កំពូលមាស ប៊ិញធុយ
15. មាត់ជ្រូក ចូវដុក
16. ភ្នំស្វាយ នូយសាម
17. បារាជ ឡុងស្វៀង
18. ភ្នំបាធី នូយបាធី
19. មួញខាំ ហាទៀង
20. ព្រះត្រពាំង ត្រាវិញ
21. កំពង់ឬស្សី ប៊ិញត្រែ
22. លង់ហោ វិញឡុង
23. មេសរ មី-ថ
24. កោះកុង ហ្គូកុង
25. កំពង់គោ ទ្រឿងអាញ់ ក្រោយមកទៅជា តាន់អាន
26. បានលិច បេនឡុក
27. រោងដំរី តៃនិញ,
ភ្នំរោងដំរីឬភ្នំជើងមេដែង ទៅជា នូយតៃនិញ
28. កោះត្រឡាច ពូលូកុងឌ័រ
29. កោះត្រល់ ហ្វូកុក
30. ភ្នំយួក នូយកាវុយ
31. ពាមជើងកញ្ជើ កាន់យើ
32. ឈើទាលមួយដើម ធូដូម៉ូត
33. បន្ទាយជីឬស្សី ហុងង្វៀង
34. កំពង់កោះក្របី បេនង៉ែ(សាយហ្គន)
35. ផ្សារធំ ចឺឡឹង
36. កង្វារដាក់ពាង បៀនវ៉ា
37. ដូងណាយ តុងថាញ់ ក្រោយមកជា ដុងណាយ
38. កនកាវ បាថាក់ (ស្រុកមួយនៅត្រើយមេគង្គខាងលិច)
នៅឆ្នាំ ១៨៤៨ កំហឹងអាណ្ណាមបានស្តែងឡើងបន្ទាប់ពី ព្រះអង្គដួង
បញ្ជូនបុត្រារបស់ទ្រង់គឺ អង្គវត្តី([10])
អោយទៅក្រុងបាងកក ។ ពួកអាណ្ណាមបានបង្កការលំបាកចំពោះទូកខ្មែរដែលឡើងចុះតាមទន្លេ ចេញ-ចូលកម្ពុជាគឺត្រូវឆ្លងកាត់គយ និង ការពិនិត្យច្រើនអន្លើពីមន្ត្រីអាណ្ណាម
រួមទាំងការលំបាកនានាដែលបង្កឡើងដោយពាណិជ្ជករអាណ្ណាមផងដែរ ។
នេះជាការបញ្ជាក់អោយឃើញថា ស្តេចអាណ្ណាមចង់បិទច្រកចេញ-ចូលរបស់ខ្មែរមិនអោយចេញទៅសមុទ្ររួច
គឺអោយខ្មែរនៅឯកោពីពិភពលោក ។
ព្រះអង្គដួង បាន រៀបចំប្រទេសអោយមានសន្តិភាពឡើងវិញ
ដោយធ្វើកំណែទម្រង់រូបិយវត្ថុ កសាងទំនប់ ផ្លូវ ពង្រីកព្រះពុទ្ធសាសនា
តាក់តែងច្បាប់ថ្មី....
ស្នាព្រះហស្ថរបស់ព្រះអង្គដួង មានដូចជា៖
. ផ្នែកអក្សរសាស្ត្រៈ និពន្ធរឿងចំប៉ាថោង កាកី ច្បាប់ស្រី...
បង្កើតក្រុមនិពន្ធអក្សរ សាស្ត្រនៅឆ្នាំ
១៨៥០
. សង់កំពង់ផែនៅកំពត ១៨៤៧ ផ្លូវមួយខ្សែពីឧដុង្គទៅកំពត ប្រវែង ១៤០គ.ម
ដើម្បីបើកមុខកម្ពុជាឆ្ពោះទៅរកសមុទ្រ ព្រោះច្រកចេញតាមទន្លេមេគង្គ និង ទន្លេបាសាក់
ដែលកាត់ទឹកដីកម្ពុជាក្រោម ពួកយួនបង្កការលំបាកជាខ្លាំង។
. មិនបង្កើតពន្ធថ្មី មិនតម្លើងពន្ធចាស់ តែមានការយកពន្ធលើមុខរបរអាភៀន
ដាក់ទោសចំពោះអ្នកប្រព្រឹត្តអាភៀន និងអ្នកផឹកស្រា ហើយនៅឆ្នាំ ១៨៤៧
ទ្រង់បង្កើតតុលាការ...
. វិស័យនយោបាយៈ ទ្រង់មិនទុកចិត្តសៀម ក៏មិនទុកចិត្តយួនដែរ
ព្រោះពួកនេះតែងតែចង់ត្រួតត្រា និង ចង់លេបយកទឹកដីខ្មែរជានិច្ច ។
ទ្រង់មានការខ្លាចរអាពួកសៀម
ព្រោះព្រះអង្គមិនអាចតែងតាំងមន្ត្រីណាម្នាក់ដោយគ្មានការអនុញ្ញាតពីស្តេចសៀមបានទេ ។
ជាក់ស្តែងណាស់នៅឆ្នាំ ១៨៤៨ ព្រះអង្គបានបញ្ជូនឧកញ៉ាចក្រី និង ឧកញ៉ាក្រឡាហោម
ទៅស្រុកសៀម ដើម្បីសុំការឯកភាពអោយតែងតាំងជា ចៅហ្វ៊ាទឡ្ហៈ និង ជាសម្តេចពញា
ប៉ុន្តែស្តេចសៀមបែរ ជាតែងតាំងមន្ត្រីពីររូបមកពីបាត់ដំបង អោយទទួលតួនាទីនេះជំនួសវិញ។
ដើម្បីគេចចេញពីអំនាចសៀម និង យួន ទ្រង់មានព្រះតម្រិះថា មិនត្រូវគិតពីរឿង ដណ្តើមយកអ្វីដែលបាត់បង់ទៅហើយមកវិញទេ
ប៉ុន្តែពេលនេះ កាលៈទេសៈនេះ យើងត្រូវការអ្វីដែលនៅសល់អោយបានជាមុនសិន ។
ទ្រង់មានការបារម្ភណាស់ចំពោះអនាគត ដោយទ្រង់ពិភាល់ថា សន្តិភាពរវាងសៀម-អាណ្ណាម គ្រាន់តែជាការសម្រាកដើម្បីរកឱកាសផ្តួលគ្នា
នឹងបានលេបយកទឹកដីខ្មែរតែម្នាក់ឯងប៉ុណ្ណោះ។
បើមានសង្គ្រាមជាថ្មីការបែងចែកទឹកដីខ្មែរដោយ សៀម និង អាណ្ណាម ពិតជាមិនអាចជៀសរួច។
ពួកសៀមនឹងយកទឹកដី ពោធិសាត់, កំពង់ស្វាយ, ឧដុង្គ, សម្បូរ, ក្រចេះ, ត្បូងឃ្មុំ រីឯ
អាណ្ណាមវិញនឹងយកអាណាខេត្តភាគខាងកើតដូចជា បាភ្នំ,ទ្រាំង និង ចតុមុខ ផង។
ក្នុងព្រះរាជតម្រិះរបស់ទ្រង់
គឺមានតែរកកម្លាំងមហាអំនាចបរទេសណាមួយដែលខ្លាំងជាងសត្រូវសងខាងពីរនេះគឺ ត្រូវតែពឹងមហាអំនាច
អឺរ៉ុបណាមួយ បារាំង ឬ អង់គ្លេស ។ ដោយហេតុថា
ទ្រង់មានបព្វជិតបារាំងម្នាក់ដែលជិតស្និតនិងទ្រង់ឈ្មោះ មីស
ទើបទ្រង់មានព្រះរាជបំណងទាក់ទងសុំការចងមេត្រីភាពជាមួយបារាំង។
ថ្ងៃទី១៤ ខែមិថុនាឆ្នាំ១៨៥៣ដោយមានអេវែកមីស ជាអ្នកជួយបកប្រែ
សម្ដេចអង្គឌួងបាន ផ្ញើសារលិខិតមួយច្បាប់ពីរាជវាំងឧត្តុង្គ
ទៅថ្វាយព្រះចៅអធិរាជណាប៉ូលេអុងទី៣តាម រយៈមន្ត្រីកុងស៊ុលបារាំងនៅសិង្ហបុរីគឺលោក
ហ្រ្វេដេរិក ហ្គោទីយ៉េ(Frederic Gautier)។
ព្រះរាជសារដ៏វែងបានៈ
-ធានាយ៉ាងកក់ក្ដៅចំពោះស្ថានភាពនៃពួកបេសកបព្វជិតនៅកម្ពុជា
។
-ត្អូញត្អែរអំពីឧបសគ្គដែលពួកសៀម និង វៀតណាម រារាំងចំពោះពាណិជ្ជកម្មរវាងកម្ពុជា
និងអឺរ៉ុប ។
-ដំណាលយ៉ាងពិស្ដារ
អំពីកាលៈទេសៈដែលព្រះអង្គ ឡើងគ្រងរាជ្យដោយគូស បញ្ជាក់ថា
ពួកអាណ្ណាមបានកាន់កាប់ទឹកដីអស់ជាងពាក់កណ្ដាលនៃប្រទេសកម្ពុជា ។
មន្ត្រីខ្មែរពីរនាក់គឺ កុយដឺម៉ុងតេរ៉ូ (Koy de Monterro) និង ប៉ែន (Pen)
បានធ្វើដំណើរទៅសិង្ហបុរី
ដោយនាំទៅជាមួយនូវវត្ថុអនុស្សាវរីយ៍ខាងក្រោមនេះសម្រាប់ថ្វាយចំពោះព្រះចៅអធិរាជបារាំង ៖
- ភ្លុកដំរីធំ ៤
- កុយរមាស២
- ជ័ររង្គទំងន់៥ហាប
គឺ៣០០គីឡូក្រាម
- ស្ករសទំងន់៣០០គីឡូក្រាម
- ម្រេចចំនួន៣០០គីឡូក្រាម ។
បារាំងបានបញ្ជូនតំនាងមកគឺ សាលដឺម៉ុងទីញី (Charles de
Montigny) មកឥណ្ឌូចិននៅឆ្នាំ ១៨៥៥ ។
សាលដឺម៉ុងទីញី មកដល់សិង្ហបុរី នៅថ្ងៃទី១៦ខែឧសភាឆ្នាំ១៨៥៦
និង មកដល់ក្រុងបាងកកនៅដើមខែកក្កដា។ការចរចាជាមួយសៀម
បានអូសបន្លាយយ៉ាងយូរ រហូតដល់ ថ្ងៃទី ១៥ ខែសីហា ឆ្នាំ១៨៥៦
ទើបមានការចុះហត្ថលេខាលើសន្ធិសញ្ញាមិត្តភាពនិងពាណិជ្ជកម្ម
ជាមួយសៀម ។ ភាពខ្វះការប៉ិនប្រសប់
និង ការធ្វេសប្រហែសរបស់ សាលដឺម៉ុងទីញី គាត់បានធ្លោយមាត់អោយព្រះចៅ បង្គត របស់សៀម
ដឹងពីបំណងរបស់គាត់ ដែលចង់មកជួបព្រះរាជាកម្ពុជា។
ដោយខ្លាចបាត់បង់សិទ្ធិត្រួតត្រាលើប្រទេសកម្ពុជានោះ សៀមបានរិះរកមធ្យោបាយធ្វើយ៉ាងណាឲ្យ
លោកដឺម៉ុងទីញី ស្នាក់នៅរយៈពេលយូរឯក្រុងបាងកក ហើយឆ្លៀតពេលនោះបញ្ជូនមន្ត្រីរបស់គេមក
កាន់រាជវាំងឧដ្តុង្គដើម្បីស្ដីបន្ទោសសម្ដេចអង្គឌួង
។
មេដឹកនាំសៀមបានទាក់ទាញទឹកចិត្ត លោកដឺម៉ុងទីញី
ដោយរៀបចំបដិសណ្ឋារកិច្ចយ៉ាងគគ្រឹកគគ្រេង ព្រោះគេមានគោលបំណងពីរយ៉ាងសំខាន់គឺៈ
ទី១-សៀមចង់ឲ្យប្រទេសខ្មែរស្ថិតនៅចំណុះប្រទេសសៀមតទៅទៀត
។
ទី២-សៀមចង់ប្រើប្រាស់ប្រទេសបារាំង
ធ្វើជាកំពែងការពារទល់និងវៀតណាមផង និងធ្វើជាកូនជញ្ជីងសម្រាប់ឲ្យមានតុល្យភាពជាមួយអង់គ្លេសដែលបានចូលដល់ភូមាហើយ
។
នៅចុង ខែកញ្ញាឆ្នាំ១៨៥៦ អ្នកការទូតបារាំងបានជិះនាវាឆ្ពោះមកកាន់ប្រទេសកម្ពុជា ហើយចេញដំណើរពីតំបន់
បាក់ណាម(Paknam) គាត់មកសំចតនៅចន្ទបុរី ពីថ្ងៃទី២៩កញ្ញាដល់ថ្ងៃទី០១តុលា
ដើម្បីផ្ទុកអុសសម្រាប់ដុតលើនាវាម៉ារសូ (Marceau) ។ លោកសាលដឺម៉ុងទីញី
មកដល់ដែនសមុទ្រកំពត នៅថ្ងៃ៥តុលាឆ្នាំ១៨៥៦ ។
អេវ៉ែក មីស បានទួល ថ្វាយសម្ដេចអង្គដួងអំពីគម្រោងធ្វើដំណើរនៃអ្នកការទូតបារាំងមកកាន់ប្រទេសកម្ពុជាតាំងពីពេលមុនគាត់មកដល់ទីក្រុងបាងកកមកម្ល៉េះ ។ ដោយមានជំនួយពី បព្វជិត
មីស និង អែសត្រែស (Hestrest) សម្ដេចអង្គដួងបានត្រាស់បង្គាប់ឲ្យរៀបចំកន្លែងស្នាក់នៅយ៉ាងសមរម្យនៅកំពង់ផែកំពត សម្រាប់ ម៉ុងទីញី ព្រមទាំង
រៀបចំសំអាតផ្លូវលំ ពីរាជវាំងឧត្តុង្គទៅកាន់ខេត្តកំពតផងដែរ ។ ទោះបីមានការជំទាស់ពីពួកមន្ត្រីរបស់ព្រះអង្គក៏ដោយ ក៏ព្រះអង្គបានសម្រេចព្រះទ័យថានឹងយាងទៅជួបអ្នកការទូតបារាំងនៅខេត្ត។
គាត់បានមកដល់ខេត្តកំពតរបស់ខ្មែរនៅខែ កញ្ញា ១៨៥៦ ។ សៀមដឹងគោលបំណងរបស់
សាលដឺម៉ុងទីញី ចង់ទាក់ទងខ្មែរ ក៏គម្រាមព្រះអង្គដួង មិនអោយទាក់ទងបារាំង ។ ហេតុនេះ
បំណងរបស់ព្រះអង្គដួង ចង់បានការការពារពីបារាំងមិនបានសម្រេចទេ ។ ដឺម៉ុងទីញី ក៏ធ្វើដំណើរហួសទៅកូសាំងស៊ីន
ដោយពុំបានធ្វើសន្ធិសញ្ញាណាមួយជាមួយ ព្រះអង្គដួង ឡើយ ។ នៅថ្ងៃ ១៩ តុលា ឆ្នាំ ១៨៦០
ព្រះអង្គដួងចូលទីវង្គត។
២. ព្រះបាទនរោត្តម (១៨៦០ - ១៩០៤)
ទ្រង់ជាបុត្រាច្បងរបស់ព្រះអង្គដួង បានឡើងសោយរាជ្យបន្តនៅឆ្នាំ ១៨៦០
ក្នុងព្រះជន្ម ២៦វស្សា ក្រោមក្រសែភ្នែកច្រណែនយ៉ាងខ្លាំងពី ព្រះអង្គម្ចាស់ស៊ីវុត្ថា([11])
ដែលជាអនុជ ។ ក្រោយមក តំនាងបារាំងនៅព្រៃនគរឈ្មោះ ឡាក្រង់ឌីយែ បានចូលមកក្រុងឧដុង្គ
សុំអោយ ព្រះបាទនរោត្តម ឡាយព្រះហស្ថលេខាលើសន្ធិសញ្ញាមួយដែលគេអោយឈ្មោះថា សន្ធិសញ្ញាមិត្តភាពនិងពាណិជ្ជកម្ម
នៅថ្ងៃ ១១ សីហា ១៨៦៣ ។ តាមរយៈខ្លឹមសារនៃ សន្ធិសញ្ញានេះ
ប្រទេសខ្មែរបានក្លាយជាប្រទេសក្រោមអាណាព្យាបាលរបស់បារាំង ។
សម័យកាលបញ្ចប់ៈ
ថ្វីត្បិតតែព្រះបាទនរោត្តមនៅតែគង់នៅ រាជវាំងឧដុង្គ នៅឡើយ ប៉ុន្តែ តាមរយៈសន្ធិសញ្ញា
១១ សីហា ១៨៦៣ សៀម និង យួន លែងអាចមានឥទ្ធិពល លើប្រទេសខ្មែរទៀតហើយ គឺ
ប្រវត្តិសាស្ត្របានឈានចូលរបបថ្មីមួយទៀត ដែលគេហៅថា អាណាព្យាបាលបារាំង ។ ដូចនេះ
សម័យឧដុង្គបញ្ចប់នៅឆ្នាំ ១៨៦៣ ។
ជំពូក៤
តើខ្មែរខាតបង់អ្វីខ្លះនៅសម័យឧដុង្គ?
ក. ទឹកដីដែលធ្លាក់ទៅក្នុងដៃសៀម
ដោយមិនគិតពីទឹកដីដែលសៀមដណ្តើមយក តាំងសម័យមុនៗ សៀមនៅតែបន្តការលើកទ័ពចូលមកគ្រប់គ្រងខេត្តខ្មែរភាគខាងលិចដែលមានដូចខាងក្រោម៖
ទី១. នៅឆ្នាំ ១៧៩៥ ក្នុងរជ្ជកាលព្រះអង្គអេង ទឹកដីខ្មែរភាគខាងលិច រួមមាន
បាត់ដំបង, សេរីសោភ័ណ, អង្គរ ត្រូវបាន ពញាអភ័យធិបែស បែន កាត់អោយសៀម
ដោយមានការរៀបចំរដ្ឋបាលបែបសៀម លើកជំនូនទៅសៀម និង ឡើងគាល់ស្តេចសៀម ។
ទី២. នៅឆ្នាំ ១៨១៤ ក្នុងរជ្ជកាលព្រះអង្គចន្ទ ដែលចំណុះអោយយួន
បានធ្វើអោយសៀម មិនសប្បាយចិត្តហើយលើកទ័ពចូលមកដណ្តើមយក ខេត្ត ម្លូព្រៃ ទន្លេរពៅ និង
ស្ទឹងត្រែង ដោយមានការចូលដៃពីចៅហ្វាយស្រុកកំពង់ស្វាយ ជាមួយសៀមផង។
ខ. ទឹកដីដែលធ្លាក់ទៅក្នុងដៃ អាណ្ណាម
ទី១. ចាប់ពីទំនាក់ទំនងជាមួយអាណ្ណាមនៅឆ្នាំ ១៦១៨
អាណ្ណាមបានធ្វើអោយគេមើលឃើញយ៉ាងច្បាស់ពីការកេងចំនេញលើកម្ពុជា
ដោយការផ្តើមសុំខ្ចីទឹកដីខ្មែរ នៅឆ្នាំ ១៦២៣ នូវទឹកដី ព្រៃនគរ និង
កំពង់ក្របី ដោយមិនដែលនឹកនា និងមិនបានសងវិញសោះ។
ទី២. នៅប្រហែលជាឆ្នាំ ១៦៧៩ ឬ ១៦៨០ គឺក្នុងរជ្ជកាលទី១
នៃព្រះអង្គស៊ូ នៅពេលដែលពួកចិន យឿងង៉ាន់ឌិច
គេចខ្លួនពីការគ្រប់គ្រងរបស់ពួក ម៉ាន់ជូ មករស់នៅលើទឹកដីខ្មែរភាគខាងកើត ស្តេចយួន ថៃតុង
ក៏បានបញ្ជូនជនជាតិយួនមករស់នៅលើទឹកដីខ្មែរដែរ នៅខេត្តបារា និង ដូនណៃ ដែលក្រោយមកពួកនេះមិនបានចាកចេញទៅណាឡើយ។
ថ្វីបើគ្មានការយល់ព្រមជាផ្លូវការ
ប៉ុន្តែទឹកដីទាំងនោះត្រូវបានពួកយួនគ្រប់គ្រងជារហូតមក។
ទី៣. ក្នុងឆ្នាំ ១៧០០នៃគ.ស ក្នុងរជ្ជកាលទី៣
នៃព្រះអង្គស៊ូ នៅពេលដែល នរិន្ទអឹម សុំជំនួយពីស្តេចយួនមកវាយ ព្រះអង្គស៊ូ
ប៉ុន្តែសង្គ្រាមនេះបរាជ័យ ទ័ពយួនដកថយទៅវិញ។ ពួកនេះមិនបានត្រឡប់ទៅស្រុកយួនឡើយ
គឺនៅក្រាញលើទឹកដីនៃ ខេត្ត ព្រៃនគរ កំពង់ស្រកាត្រី និង បារា
គឺប្រហែលជាទឹកដីដែល នរិន្ទអឹម សន្យាកាត់អោយយួនបើសិនជាខ្លួនអាចឈ្នះព្រះអង្គស៊ូ ។
បន្ទាប់ពីនោះ ស្តេចយួន ហៀនតុង បានចាត់អោយឧត្តមសេនីយ៍ ង្វៀន ហ៊ីវគិញ
ចូលមករៀបចំទឹកដីទាំងនោះ ដែលមានឈ្មោះដូចខាងក្រោម៖
·
ស្រុកដូនណៃ
បង្កើតជា ស្រុក ភឿកឡុង
·
បៀនវ៉ា
បង្កើតជា បន្ទាយ ត្រឹងបៀន
·
ព្រៃនគរ
បង្កើតជា ស្រុក តឹងប៊ីញ
·
យ៉ាឌិញ
បង្កើតជា បន្ទាយ ភៀនត្រឹង
ពួកគេសាងបន្ទាយការពារ និង ចាត់ចែងការគ្រប់គ្រងនៅតំបន់ទាំងនេះ
តាមបែបយួនទាំងអស់ ហេតុនេះទឹកដីទាំងប៉ុន្មានខាងលើ បានធ្លាក់ក្នុងដៃយួន
ដោយគ្មានស្តេចក្រោយៗណា ទាមទារ ឬ ដណ្តើមមកវិញបានឡើយ។ ចំនែកទឹកដីខេត្ត មេសរ ក៏យួនកាន់កាប់រួចហើយ
ប៉ុន្តែទោះបីជាក្រៅផ្លូវការ ក៏ទឹកដីនេះ មិនដែលបានត្រឡប់មកជារបស់ខ្មែរវិញទេ ។
ទី៤. នៅឆ្នាំ ១៧០៧ គឺក្នុងរជ្ជកាលទី៣ នៃព្រះបាទ ធម្មរាជា
ដែលជាបុត្ររបស់ ព្រះអង្គស៊ូ ខេត្តពាម ដែលនៅក្រោមការត្រួតត្រារបស់
ម៉ាកគីវ ត្រូវបានធ្លាក់ទៅក្នុងដៃយួន ដោយម៉ាកគីវ លែងមានភក្តីភាពចំពោះព្រះរាជាខ្មែរ
ហើយបែរទៅគោរពអធិរាជយួនវិញ ។
ទី៥. នៅឆ្នាំ ១៧៣២ គឺក្នុងរជ្ជកាលទីពីរ របស់ព្រះបាទសត្ថា
ដែលជាបុត្ររបស់ កែវ ហ្វ៊ាអឹម ស្តេចយួន
ទុកតុង បានតម្រូវអោយទ្រង់កាត់ខេត្ត មេ.ស និង លង់ហោ ដោយសំអាងថា
ទឹកដីទាំងនោះមានជនជាតិយួនចូលមករស់នៅច្រើន
ទី៦. នៅឆ្នាំ ១៧៥៧ គឺចុងរជ្ជកាលទី២ របស់ព្រះអង្គទង
ទ្រង់បានអោយមន្ត្រីសេនាបតី នាម៉ឺន ទាំងឡាយបោះបង់ចោល ខេត្ត ផ្សារដែក, ស្រុកពីរនៃខេត្តលង់ហោ
និង ខេត្តមាត់ជ្រូក អោយទៅយួនចុះ ព្រោះខេត្តទាំងនោះ ពួកយួនបង្កចលាចល និង
បះបោរពិបាកគ្រប់គ្រង និងបង្ក្រាបណាស់ ។
ទី៧. នៅឆ្នាំ ១៧៥៨ ដើមដំបូងនៃការឡើងសោយរាជ្យ របស់ព្រះ
ឧទ័យ(អង្គតន់) ទ្រង់បានសងគុណដល់ស្តេចអាណ្ណាម ដែលបានគាំទ្រ និង ជួយជាកម្លាំងទ័ព
រហូតទ្រង់បានឡើងសោយរាជ្យនូវ ខេត្តព្រះត្រពាំង និង ខេត្តឃ្លាំង ។
ទី៨. នៅឆ្នាំ ១៨៥៦ ចុងរជ្ជកាលរបស់ព្រះអង្គដួង,
យួនបានមកសង់បន្ទាយនៅ បាយឆៅ, ឃ្លាំង និង លំពួយា (ក្នុងខេត្តឃ្លាំង)
ដើម្បីពង្រឹងជំហររបស់ខ្លួននៅលើទឹកដីភាគខាងលិចរបស់ខ្លួន។
គេគួរស្វែងយល់ថា ការណ៍ដែលយួនអាចយកទឹកដីខ្មែរបានច្រើនយ៉ាងនេះ
គឺគេអាចសិក្សាពីដំណើរឆ្ពោះមកទិសខាងត្បូង ហើយជាបន្តគឺ ដំណើរឆ្ពោះមកទិសខាងលិច។
ល្បិចដែលយួនប្រើរួមមាន៖
1. វិធីការទូត ឬ ល្បិចខ្ចី តែមិនសងៈ
វិធីនេះចាប់ប្រើដំបូងគឺក្នុងរជ្ជកាលព្រះស្រីជ័យជេដ្ឋាទី២
ដែលទទួលបានមហេសីជាជនជាតិយួន គឺព្រះនាងចូវ នៅឆ្នាំ ១៦២៣
យួនបានបញ្ជូនទូតមកសុំខ្ចីទឹកដីខ្មែរ ព្រៃនគរ និង កំពង់ក្របី ដោយសន្យាសងវិញនៅ
ប្រាំឆ្នាំ ក្រោយ។ ដោយទ្រង់យល់ដល់ចំនងមេត្រីភាពរវាងនគរទាំងពីរ ព្រះបាទជ័យជេដ្ឋាទី២
ក៏ទ្រង់យល់ព្រម។ យួនបានទឹកដី ព្រៃនគរ និង កំពង់ក្របី នោះហើយ ពុំដែលបានសូម្បីតែនឹកដល់ក្នុងការបង្វិលសងវិញឡើយ។
2. វីធីសាស្ត្រទារសគុណៈ
នៅពេលយួនបានជួយដល់ព្រះអង្គម្ចាស់ខ្មែរណាមួយ ឲ្យបានឡើងសោយរាជ្យហើយ
គេតែងតែទាមទារយកទឹកដីក្នុងតំបន់ណាមួយ សម្រាប់បង្ហូរប្រជាជនគេចូលមករស់នៅ ។ ឧទាហរណ៍
ករណីឧកញ៉ានរិន្ទអឹម នៅឆ្នាំ ១៦៩៩, ករណី ព្រះឧទ័យ(អង្គតន់) នៅឆ្នាំ ១៧៥៨...។
3. នយោបាយដើមឫស្សី ឬ ច្រេះស៊ីដែកៈ
គឺយួនបានបញ្ជូនប្រជាជនគេ ទៅរស់នៅជាបណ្តើរៗ ហើយបង្កជាជម្លោះ ប្រព្រឹត្តិចោរកម្ម
ធ្វើអោយខ្មែរមិនអាចរស់នៅជាមួយបាន ក៏ដកខ្លួនថយចេញដោយខ្លួនឯង
ដូចដើមឫស្សីដែលដុះនៅទីណាហើយ ដីនោះនឹងខ្សោះជីជាតិ គ្មានដើមឈើ
ឬរុក្ខជាតិណាអាចរស់បានស្រួលក្បែរនោះឡើយ ។ មិនយូរប៉ុន្មាន
ខ្មែរក៏កាន់តែរលោះបន្តិចម្តងៗរហូតអស់ពីតំបន់មួយដែល
ពួកយួនកាន់តែមានចំនួនច្រើនចូលមកជំនួស ដូចជាច្រេះដែលស៊ីដែកបន្តិចម្តងៗរហូតអស់នៅសល់តែកម្ទេចដូច្នេះដែរ។
ឧទាហរណ៍ នៅឆ្នាំ ១៧៥៧ ចុងរជ្ជកាលព្រះអង្គទង
ទ្រង់អោយលះបង់ខេត្តដែលយួនបង្កចលាចលពិបាកគ្រប់គ្រង, ១៨៤៥
ចាប់ពីមានយុទ្ធសន្តិភាពសៀម និង អាណ្ណាម ខ្មែររត់ចោលភូមិស្រុក
ព្រោះពួកយួនបង្កបញ្ហា និងរុកគួនមិនឈប់....
4. រំលោភយកដោយត្រង់ៗ
គឺនៅពេលដែលខ្មែរមានវិបត្តិរាជវង្សកើតឡើង
ឬមានចលនាបះបោរប្រឆាំងយួនពួកគេនឹងលើកទ័ពមកកាន់កាប់ទឹកដីណាមួយ ដោយយកលេសថា
មកការពារជនជាតិគេពីការធ្វើទុក្ខបុកម្នេញ និង គ្រប់គ្រងអោយពួកគេចេះគោរពច្បាប់ខ្មែរ
តាមពិតគឺចូលហើយមិនចេញ ។ ឧទាហរណ៍ ការបះបោរប្រឆាំងយួននៅឆ្នាំ ១៧៣០...
ជំពូក៥
សន្និដ្ឋាន
ពីមហាអាណាចក្រដ៏មានឥទ្ធិពលមួយនៅអាស៊ីអាគ្នេយ៍
ចាប់ពីដើមគ្រឹស្ទសករាជមកដល់ស.វទី១៦ កម្ពុជាដែលប្រៀបបាននឹងសត្វសីហៈដ៏ខ្លាំងមួយក្បាល
បានធ្លាក់ខ្លួនទៅជា
កូនប្រទេសមួយដែលប្រៀបបានទៅនិងកូនកណ្តុរដែលនៅចំកណ្តាលឆ្មារស្រេកឃ្លានពីរក្បាល គឺសៀម
និង អាណ្ណាម ដែលរង់ចាំតែឆ្មារណាមួយហារមាត់ទំពារស៊ីប៉ុណ្ណោះ។
ការបែកបាក់សាមគ្គី ដែលបណ្តាលមកពីការដណ្តើមរាជសម្បត្តិ បានធ្វើអោយឥទ្ធិពល របស់មហាក្សត្រ
ដែលគេគោរពស្មើនិងអាទិទេព បានធ្លាក់ចុះមកត្រឹមជាបុគ្គលធម្មតា បាត់បង់ការបូជាអស់។
ក្សត្របានក្លាយជាមនុស្សសាមញ្ញ ប្រព្រឹត្តិកំហុសឆ្គង ការដឹកនាំគ្មានប្រសិទ្ធិភាព
រហូតក្សត្រត្រូវការជំនួយពីមនុស្សសាមញ្ញទៅវិញ ។ នៅដើមសម័យឧដុង្គ ការប្រកាប់ប្រចាក់គ្នាឯង
បានធ្វើអោយសៀម លូកដៃមិនឈប់ ។ រីឯ អាណ្ណាមវិញ ដែលកំពុងតែ
ជួបការលំបាកក្នុងចម្បាំងគ្នាឯងជាមួយ រាជវង្សឡេ នៅភាគខាងជើង
បែរជាបានជួបនិងក្សត្រខ្មែរដែលទៅចងសម្ព័ន្ធភាព គឺហាក់ដូចជា
ផ្តល់កម្លាំងចិត្តអោយគេក្នុងការបំពេញមហិច្ឆតាពង្រីកឥទ្ធិពលរបស់ខ្លួននៅក្នុងតំបន់។
គ្រាន់តែចាប់ផ្តើមនៃចំនងមេត្រីភាពភ្លាម
ខ្មែរត្រូវបានអាណ្ណាមប្រើល្បិចសុំខ្ចីទឹកដីទៅហើយ
ជាទឹកដីដែលជាចំនុចមមាញឹកខាងពាណិជ្ជកម្មផង ជាចំនុចយុទ្ធសាស្ត្រតំបន់ផង និង
ជាច្រកឆ្ពោះទៅរកពិភពលោកខាងក្រៅតាមផ្លូវសមុទ្រផង។ ការមិនចងចាំមេរៀនប្រវត្តិសាស្ត្រ
ការមិនអើពើសិក្សាពីចរិតប្រទេសជិតខាង បានធ្វើខ្មែរកាន់
តែលង់ខ្លួនក្នុងទំនាក់ទំនងជាមួយអាណ្ណាម ហើយក៏ដកខ្លួនមិនរួចពីសៀមដែលជាសត្រូវចាស់
ផងដែរ។
បើគេមើលទៅការលេបត្របាក់យកទឹកដីប្រទេសចាម្ប៉ាដោយពួកអាណ្ណាម
គេឃើញយ៉ាងច្បាស់ពីមហិច្ឆតារបស់ពួកនេះ
ហើយគេក៏នឹងឃើញនូវយុទ្ធសាស្ត្រដែលពួកនេះប្រើក្នុងកាលកន្លងមកដែរ ។
ក្រោមការឈ្លានពានពីសំណាក់ពួកសៀម និង អាណ្ណាម ជាងពីរសតវត្ស ប្រជាជនកម្ពុជា
ហាក់ដូចជាល្ងីល្ងើ លែងយល់ថា អ្នកណាជាសត្រូវ អ្នកណាជាមិត្តអោយពិតប្រាកដណាស់
ហើយពួកគេបានក្លាយជាមនុស្សសន្សំសុខតែខ្លួនឯង ។ ប្រជាជនកម្ពុជារួមគ្នាជាប្រជាជាតិមួយ
ដោយសារតែព្រះរាជា ។ ប៉ុន្តែប្រជាជននេះមានការសាមគ្គីគ្នា
តែនៅពេលណាដែលទុក្ខវេទនានៅកន្លែងមួយ ធ្វើអោយមានការប៉ះពាល់ដល់កន្លែងផ្សេងទៀតប៉ុណ្ណោះ
មិនមែនរួមគ្នាគ្រប់កាលៈទេសៈទេ។ដរាបណាការឈ្លានពាន ឬ ការបះបោរ ឬ
អំពើរំលោភកើតមាននៅតំបន់ណាមួយដែលមិនមានការប៉ះពាល់ដល់មហាក្សត្រទេ ពួកគេក៏គិតថា សកម្មភាពនោះក៏មិនមានការខូចខាតដល់ខ្លួនពួកគេដែរ។
ក្នុងរយៈកាលនៃ សម័យឧដុង្គ ប្រជាជាតិខ្មែរដែល ជាពូជអ្នកសាងអង្គរ
បានក្លាយជាជាតិមួយដែលរត់ទៅលិច ពឹងសៀម ឬ រត់ទៅកើតសុំជំនួយពីអាណ្ណាម
លែងជាជាតិដែលឯករាជ្យ និង ស្វាហាប់ ដូចមុនទៀតហើយ ។
ឯកសារពិគ្រោះ និង យោង
១. អាដេម៉ារឡឺក្លែរ
,” ប្រវត្តិសាស្រ្តកម្ពុជា” ឆ្នាំ២០០៥
២. ទៀ ថេន,”រឿងរ៉ាវនៃទឹកដីកម្ពុជាក្រោម”,ឆ្នាំ២០០៥
៣. ក្រសួងអប់រំយុវជននិងកីឡា, ប្រវត្តិវិទ្យា
ថ្នាក់ទី ១១ បោះពុម្ព ឆ្នាំ ២០១០
៤. ហ្វ្រង់ស្វ័រ ប៉ុងសូដ៍, «ប្រវត្តិសង្ខេបនៃប្រទេសកម្ពុជា»,
ភ្នំពេញ- ២០០៧
៥. ត្រឹង ងារ ,”ប្រវត្តិសាស្ត្រខ្មែរ”, ភាគ ១–២, ឆ្នាំ១៩៧៣
ឧបសម្ព័ន្ធ
[1]
នៅក្នុងឯកសាររបស់លោក ត្រឹង ងា
ទំព័រ ១៩៦ បានសរសេរថា ទ្រង់បញ្ញត្តិអោយទូល, អោយឆ្លើយថានិងទ្រង់ថា ព្រះស្រីសព៌េជ្ញសម្តេចនរនាថ
២. សង្គ្រាមាភិសេក=
ឡើងសោយរាជ្យនៅពេលកំពុងធ្វើសង្គ្រាម
៣. ប្រាប្តាភិសេក =ឡើងសោយរាជ្យបន្ទាប់ពីធ្វើសង្គ្រាមចប់
[3] តាមលោក ត្រឹង ងារ ក្នុងសៀវភៅ ប្រវត្តិសាស្ត្រខ្មែរ
ភាគ១-២, ភ្នំពេញ, គ.ស ១៩៧៣ ត្រង់ទំព័រ ២០៣
បានសរសេរថា ខេត្តនគររាជសីមា ប៉ុន្តែក្នុងសៀវភៅ របស់លោក អាដេម៉ាឡឺក្លែ
ក្នុងសៀវភៅ ប្រវត្តិសាស្ត្រប្រទេស កម្ពុជា ចាប់ពីស.វទី១ រហូតមក
ប្រែសម្រួលសោយ ទីឃាយុ ត្រង់ទំព័រ ២៩៨ ថា វាយលុកខេត្ត កូរ៉ាត់...
[4]
ឯកសាររាជពង្សាវតាខ្មែរ ហៅថា នាង
វះ ជាជនជាតិចាម។ ក្រោយពីអភិសេកនាងហើយ ទ្រង់ត្រូវចូលសាសន៍ចាម ដោយច្រឹបចុងអង្គជាតិ
និង ហៅថា អ៊ីប្រាហ៊ីម តាមភាសាចាម។
[5] មានការបកស្រាយខុសគ្នាអំពីជីវិតចុងក្រោយរបស់ព្រះអង្គចន្ទអ៊ីប្រាហ៊ីមនេះ
ឯកសារខ្លះថា ទ្រង់ត្រូវយួនចាប់បានហើយយកទៅឃុំទុកនៅក្រុងវេ, ខ្លះថា ឃុំទុកនៅ
ក្វាងប៊ិញ, ខ្លះថា នៅពេលអង្គសូនិងអង្គតន់វាយរុញច្រានទ័ព អុងហ៊ាងធូ អោយថយនោះ
យួនបានដោះលែងអោយ ព្រះអង្គចន្ទ នាំទ័ពមកច្បាំងនិងអង្គសូ និង អង្គតន់វិញ
តែមិនទាន់បានច្បាំងផងក៏ប្រឈួនហើយសុគតនៅស្រុក បត់ចិញ្ចៀន ។
[6] នេះជាលើកទី២
ហើយដែលមានក្សត្រខ្មែររត់ទៅជ្រកកោនក្នុងប្រទេសសៀម ដែលលើកទី១ គឺកាលពញាចន្ទ ឬ
ចន្ទរាជា នៅសម័យចតុមុខ ត្រូវបាន កន បំភ័យថា ស្រីសុគន្ធបទ
កេណ្ឌទ័ពទៅកម្ចាត់ពញាចន្ទដែលក្បត់ចង់
ដណ្តើមអំណាចនៅក្រុងចតុមុខ
[7]
ជាបុត្ររបស់ អង្គស្ងួន
ដែលភៀសព្រះកាយទៅស្រុកសៀម កាលពីជម្លោះរវាង ឧទ័យ(អង្គតន់) និង អង្គហ៊ីង
[8]
ពាក្យ ហ៊ូពាន់ នេះ
សម្គាល់ឋានន្តរសក្តិមន្រ្តីជាភាសាសៀមៈ ហ៊ូ ឬ ហួ=មេកោយ, ពាន់=មួយពាន់ ដូច្នេះពាក្យថា
ហ៊ូពាន់=មេកោយកាន់ពលមួយពាន់នាក់ ។
[10] ក្រោយពេលពិធីកោរជុក បានប្តូរឈ្មោះថា
អង្គច្រឡឹង នៅពេលគេតែងតាំងជាឧបរាជយកនាមថា នរោត្តម ហើយពេលឡើងសោយរាជ្យនៅប្រើនាម
នរោត្តម ដដែល។
[11] អ្នកអង្គម្ចាស់រូបនេះ
មានរូបរាងសង្ហារជាង ប៉ិនប្រសប់ក្នុងការនិយាយស្តីទៅកាន់មនុស្សម្នាជាង
និយាយភាសាខ្មែរច្បាស់ជាង មានប្រជាប្រិយភាពជាង មានមន្ត្រីចូលចិត្តច្រើនជាង ព្រះបាទ
នរោត្តម ប៉ុន្តែ ការជ្រើសរើសយក នរោត្តមអោយស្នងរាជ្យគឺតាមបណ្តាំរបស់ព្រះអង្គដួង ។ គឺអ្នកអង្គម្ចាស់
ស៊ីវុត្ថា នេះហើយដែលសៀមយកធ្វើជាកូនអុកសម្រាប់ជាគំនាបដល់ព្រះបាទនរោត្តមគឺថា
បើព្រះបាទនរោត្តម ងាករេពីសៀម, សៀមនឹងគាំទ្រដល់ ស៊ីវុត្ថា នេះអោយមកដណ្តើមរាជ្យ ។
ស៊ីវុត្ថានេះ បានដឹកនាំចលនាជាច្រើនប្រឆាំងនិងព្រះបាទនរោត្តម
ប៉ុន្តែមិនដែលបានជោគជ័យម្តងណាឡើយ ។