ជំពូកទី
១ បទល្មើសព្រហ្មទណ្ឌ
បទល្មើសព្រហ្មទណ្ឌ
គឺជាអំពើដែលត្រូវផ្តន្ទាទោសដោយច្បាប់ព្រហ្មទណ្ឌ ហើយជាកំហុសរបស់ចារីផ្ទាល់។
ម្យ៉ាងវិញទៀត បទល្មើស អាចត្រូវចាត់ទុកថាជាបាតុភូតអសកម្ម ក្នុងជីវភាពរស់នៅផងដែរ
ដោយហេតុថា បទល្មើស បានជះឥទ្ធិពលអាក្រក់ ដល់សណ្តាប់ធ្នាប់សង្គម
ដល់សេរីភាពរបស់ពលរដ្ឋ។ ជាធម្មតា
គេចាត់ទុកអំពើមួយ គឺជាបទល្មើស លុះត្រាតែ អំពើនេះបង្ហាញនូវគ្រោះថ្នាក់ដល់សង្គម
ដែលច្បាប់ការពារ។ ជាទូទៅ បទល្មើស គឺជាអំពើខុសនឹងសីលធម៌សង្គម
ប៉ះពាល់ដល់សណ្តាប់ធ្នាប់សង្គម និងបង្កឲ្យព្យនសកម្មគួរឲ្យកត់សម្គាល់សម្រាប់សង្គម។
តាមការពិតទៅ មិនមែនតែបទល្មើសព្រហ្មទណ្ឌ ដែលបង្កគ្រោះថ្នាក់ដល់បុគ្គល និងសង្គម
គឺនៅមានអំពើមួយចំនួនទៀត ដែលជាអំពើបង្កឲ្យមានគ្រោះថ្នាក់ដែរ ក៏ប៉ុន្តែ
មិនត្រូវបានចាត់ទុកជាបទល្មើស ព្រហ្មទណ្ឌទេ
តែគេចាត់ទុកថាជាកំហុសរដ្ឋប្បវេណី
ហើយចារីត្រូវដាក់ទណ្ឌកម្មឲ្យបង់ជាសំណងនិងជម្ងឺចិត្តតែប៉ុណ្ណោះ។[1] ១.១ ភាពខុសប្លែកគ្នារវាងបទល្មើសព្រហ្មទណ្ឌ
និងអំពើល្មើសផ្សេងៗទៀត ១.១.១ ភាពខុសគ្នារវាងបទល្មើសព្រហ្មទណ្ឌ
និងអំពើល្មើសផ្នែករដ្ឋប្បវេណី អំពើល្មើសផ្នែករដ្ឋប្បវេណី
មានប្រភពមកពីបទបញ្ញត្តិនៃមាត្រា ១២១ នៃក្រឹត្យច្បាប់លេខ ៣៨ ស្តីពីកិច្ចសន្យា
និងការទទួលខុសត្រូវក្រៅកិច្ចសន្យា ឆ្នាំ ១៩៨៨ ដែលចែងថា ជនណាធ្វើឲ្យមានការខូចខាត
ដល់អ្នកដទៃដោយកំហុសរបស់ខ្លួន ជននោះត្រូវជួសជុលការខូចខាត។ រីឯបទល្មើសព្រហ្មទណ្ឌវិញ ត្រូវតែជាអំពើ
ដែលច្បាប់បានចែងយ៉ាងច្បាស់លាស់ថា ជាបទល្មើសព្រហ្មទណ្ឌ។ សម្រាប់អំពើរដ្ឋប្បវេណីវិញ
ព្យសនកម្ម ជាកត្តាចាំបាច់ដើម្បីអាចអោយចៅក្រមដាក់ទណ្ឌកម្មលើអ្នកប្រព្រឹត្តបាន។
ផ្ទុយទៅវិញ ការបង្កើតជាបទល្មើសព្រហ្មទណ្ឌ ពុំសុទ្ធតែទាមទារឲ្យមានព្យសនកម្មទេ
ដូចជាៈ បទល្មើសជួញដូរគ្រឿងញៀន កាបើកបរលឿនខុសច្បាប់ ជាដើម ការបង់សំណងជម្ងឺចិត្ត ជាទណ្ឌកម្មសម្រាប់អំពើល្មើសរដ្ឋប្បវេណី
និងជាទណ្ឌកម្ម ដែលផ្តល់ប្រយោជន៍ដល់ជនរងគ្រោះ។ ប៉ុន្តែ ទោសដែលជាទណ្ឌកម្មព្រហ្មទណ្ឌ
និងមានគោលដៅការពារសង្គម មិនត្រូវបានជាប្រយោជន៍ដល់ជនរងគ្រោះទេ។ ប្រាក់ពិន័យ
គឺជាចំណូលថវិការបស់រដ្ឋ រីឯប្រាក់សំណងជម្ងឺចិត្ត ត្រូវបានទៅជនរងគ្រោះ។ អំពើមួយអាចជាបទល្មើសព្រហ្មទណ្ឌ
តែពុំមែនជាអំពើល្មើសផ្នែករដ្ឋប្បវេណីទេ ដូចជា ការល្មើសដោយពុំព្រមឈប់ពេលភ្លើងក្រហម
ការរត់ពន្ធគ្រឿងញៀន ជាដើម។ អំពើល្មើសផ្នែករដ្ឋប្បវេណីខ្លះ
ថ្វីត្បិតតែជាអំពើខុសឆ្គង ប៉ុន្តែ ពុំមែនជាបទល្មើសទេ។ ឧទាហរណ៍ៈ
ការធ្វើឲ្យខូចខាតទ្រព្យរបស់អ្នកដទៃដោយអចេតនា។ ផ្ទុយទៅវិញ
អំពើមួយ អាចត្រូវបានទុកថាជាបទល្មើសព្រហ្មទណ្ឌផង អពើល្មើសផ្នែក រដ្ឋប្បវេណីផងដែរ ដូចជា អំពើឃាតកម្ម ឬ
អំពើហិង្សាដោយចេតនា ដល់តតិយជន ជាដើម។ ក្នុងករណីបែបនេះ
អំពើល្មើសនាំឲ្យមានបណ្តឹងពីរប្រភេទគឺ៖ បណ្តឹងអាជ្ញា[2]
និង បណ្តឹងរដ្ឋប្ប វេណី[3]។ ១.១.២
ការបែងចែករវាងបទល្មើសព្រហ្មទណ្ឌ និងអំពើល្មើសផ្នែកវិន័យ អំពើល្មើសផ្នែកវិន័យ គឺជាអំពើធ្វើឲ្យប៉ះពាល់
ដល់ផលប្រយោជន៍សមូហភាពនៃក្រុមសង្គមណាមួយ ដូចជា ពេទ្យ មេធាវី ជាដើម ដោយអំពើនោះ
មិនត្រូវបានកំណត់ឲ្យច្បាស់លាស់ ជាទូទៅទេ។ ឧទាំហរណ៍ៈ មាត្រា ៥៩
នៃច្បាប់ស្តីពីលក្ខន្តិកៈមេធាវី ឆ្នាំ ១៩៩៥ បានចែងថាៈ ត្រូវទទួលទណ្ឌកម្ម
ជាបទវិន័យចំពោះមេធាវីណា ដែលប្រព្រឹត្តល្មើស និងវិធានវិជ្ជាជីវៈប្រកបវិជ្ជាជីវៈ
របស់ខ្លួន ក៏ដោយ។ ការកំណត់យ៉ាងដូច្នេះ បង្ហាញឲ្យឃើញថា អំពើល្មើសផ្នែកវិន័យ សម្រាប់
វិជ្ជាជីវៈមេធាវី ពុំត្រូវបានបញ្ជាក់ឲ្យច្បាស់ជាមុន ដូចជា បទល្មើសព្រហ្មទណ្ឌទេ
ព្រោះថា អំពើ ប៉ះពាល់ដល់សីលធម៌ ឬ
កិត្តិយសមេធាវី ជាសញ្ញាមួយទូលំទូលាយណាស់។ ផ្ទុយទៅវិញ បទល្មើសព្រហ្មទណ្ឌ ទោះបីជា
មានច្រើនយ៉ាងណាក៏ដោយ ក៏សុទ្ធសឹងជា
អំពើដែលច្បាប់បានកំណត់យ៉ាងច្បាស់លាស់ជាមុនរួចស្រេចអស់ហើយ បានន័យថា អំពើណា
ដែលច្បាប់ពុំបានចែងថា ជាបទល្មើសព្រហ្មទណ្ឌទេ ពុំអាចចាត់ទុក ជាបទល្មើសព្រហ្មទណ្ឌ ទ្បើយ
ផ្អែកតាមគោលការណ៍នីត្យានុកូលភាពនៃបទល្មើស។ អំពើល្មើសផ្នែកវិន័យធ្វើឲ្យប៉ះពាល់តេផ្នែកណាមួយនៃសង្គមតែប៉ុណ្ណោះ
ពោលគឺក្រុមសង្គម ដែលជនប្រព្រឹត្តល្មើសស្ថិតនៅ។ ប៉ុន្តែ បទល្មើសព្រហ្មទណ្ឌវិញ
ជាអំពើដែលប៉ះពាល់ ដល់សង្គមជាទូទៅ។ ការដាក់ទណ្ឌកម្មលើអំពើល្មើស
ខាងវិន័យ ត្រូវធ្វើដោយស្ថាប័នពិសេស សម្រាប់ក្រុមសង្គមណាមួយ ដូចជា
ក្រុមប្រឹក្សាមេធាវី សម្រាប់ការដាក់វិន័យមេធាវី ឬ ឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រម
សម្រាប់ការដាក់វិន័យចៅក្រម ជាដើម។ ចំណែកឯ ការដាក់ទណ្ឌកម្មផ្នែកព្រហ្មទណ្ឌវិញ
ជាសមត្ថកិច្ចរបស់សាលាជម្រះក្តីនៃព្រះរាជាណាចក្រកម្ពុជា ហើយទណ្ឌកម្ម
អាចមានលក្ខណៈធ្ងន់ធ្ងរ រហូតដល់ការដាក់ពន្ធនាគារអស់មួយជីវិតទៀតផង។ ក៏ដូចជា
បំណែងចែករវាងបទល្មើសព្រហ្មទណ្ឌ និងអំពើល្មើសផ្នែករដ្ឋប្បវេណីដែរ ការបែងចែក រវាងបទល្មើសផ្នែកវិន័យ
និងបទល្មើសព្រហ្មទណ្ឌ ឆ្លុះបញ្ចាំងឲ្យឃើញថា ក្នុងករណីខ្លះ អំពើមួយ
ត្រូវចាត់ទុកជាបទល្មើសព្រហ្មទណ្ឌ ប៉ុន្តែ ពុំមែនជាអំពើល្មើសផ្នែកវិន័យទេ។ ឧទាហរណ៍ៈ
អំពើលួចប្រព្រឹត្តដោយជនអនាថាម្នាក់។ ពេលខ្លះអំពើណាមួយ
ត្រូវចាត់ទុកជាអំពើល្មើសផ្នែកវិន័យ ប៉ុន្តែ
ពុំត្រូវបានចាត់ចូលជាបទល្មើសព្រហ្មទទណ្ឌទ្បើយ។ អំពើមួយចំនួន
ត្រូវចាត់ទុកជាអំពើល្មើសផ្នែកវិន័យផង និងជាបទល្មើសព្រហ្មទណ្ឌផង ដូចជា
ឃាតកម្មប្រព្រឹត្តដោយវេជ្ជបណ្ឌិតម្នាក់ ទៅលើអតិថិជនរបស់ខ្លួន ឬ ការរំលូតកូន
ដោយល្មើស និងច្បាប់ស្តីពីការរំលូតកូន ឆ្នាំ ១៩៩៧ ។ល។ អំពើដែលច្បាប់បានកំណត់
ថាជាបទល្មើសមានច្រើន ហើយមិនអាចរៀបរាប់ឲ្យអស់ សេចក្តីបានទេ។
មិនមែនមានតែក្រមព្រហ្មទណ្ឌទេ ដែលកំណត់អំពីបទល្មើសច្បាប់ ជាច្រើន ផ្សេងៗទៀត ក៏កំណត់បទល្មើសដែរ ហើយជាងនេះទៅទៀត
បទដ្ឋានគតិយុត្ត ដែលចេញដោយអង្គការនីតិប្រតិបត្តិ ក៏អាចកំណត់ពីបទល្មើសបទលហុដែរ
ដែលត្រូវផ្តន្ទាទោសត្រឹមតែពិន័យជា ប្រាក់បាន។[4]
ដូច្នេះ ដើម្បីអាចរាប់បទល្មើសទាំងអស់បាន លុះត្រាតែ ពិនិត្យគ្រប់ច្បាប់
និងបទដ្ឋានគតិយុត្តទាំងអស់ ក្នុងគ្រប់វិស័យទើបអាចដឹងបាន។ តែគេអាចធ្វើចំណាត់ថ្នាក់បទល្មើស
ទៅតាមប្រភេទនៃបទល្មើស។[5]
១.២ ចំណាត់ថ្នាក់នៃបទល្មើស ដើម្បីស្គាល់ឲ្យបានច្បាស់នូវប្រភេទនៃបទល្មើសនីមួយៗ
គឺជាការចាំបាច់ ដែលត្រូវតែធ្វើចំណាត់ថ្នាក់នៃបទល្មើសទាំងអស់
ក្នុងគោលដៅសម្រួលដល់ការកំណត់ និងស្គាល់នូវរបប គតិយុត្ត អនុវត្តចំពោះបទល្មើសណាមួយ។
ការបែងចែកបទល្មើស ដែលសំខាន់ជាងគេបំផុតគឺ ការបែងចែករវាង បទឧក្រិដ្ឋ បទមជ្ឈិម
និងបទលហុ។ ១.២.១ ការបែងចែក រវាងបទលហុ បទមជ្ឈិម និង
បទឧក្រិដ្ឋ
មាត្រា ២ វាក្យខណ្ឌទី ២
នៃក្រមព្រហ្មទណ្ឌ ឆ្នាំ ២០០៩ បានបញ្ញត្តថា បទល្មើស ត្រូវបានចាត់ថា្នក់ជា
បទឧក្រិដ្ឋ បទមជ្ឈិម និងបទលហុ ទៅតាមទម្ងន់នៃបទល្មើសនោះ។[6]
ការបែងចែកបទល្មើសជា ៣ ប្រភេទ
តាមលក្ខណៈធ្ងន់ធ្ងរនៃបទល្មើស មានសារៈសំខាន់ ណាស់ នៅក្នុងនីតិព្រហ្មទណ្ឌ ពីព្រោះថា
ការបែងចែក នាំមកនូវផលប្រយោជន៍ ទាក់ទងនឹង របបគតិយុត្ត ដែលច្បាប់រមែងភ្ជាប់
ទៅនឹងប្រភេទនីមួយៗ នៃបទល្មើស។
ក. លក្ខណៈវិនិច្ឆ័យនៃការបែងចែក
ដើម្បីអាចដឹងពីប្រភេទនៃបទល្មើស
គេត្រូវពិនិត្យទៅលើ អតិបរមានៃទោស
ដែលច្បាប់បានចែងទៅលើបទល្មើសនីមួយៗ។
v
បទឧក្រិដ្ឋ ៖
បទល្មើសជាបទឧក្រិដ្ឋ នៅក្នុងករណីដែល
អតិបរមានៃទោស ដាក់ពន្ធនាគារ ដែលត្រូវរង៖
- ជាទោសដាក់ពន្ធនាគារអស់មួយជីវិត។
- ជាទោសដាក់ពន្ធនាគារ
មានរយៈពេល លើសពី ៥ ឆ្នាំ និង
ក្រោម
ឬ
ស្មើនឹង
៣០ ឆ្នាំ។
ឧទាហរណ៍ៈ បទឃាតកម្មគិតទុកជាមុន ( ម ២០០ )។
ឧទាហរណ៍ៈ បទរំលោភសេពសន្ថវៈ ( ម ២៣៩ )។
ឧទាហរណ៍ៈ
បទរួមភេទជាមួយអនីតិជន ដោយបុព្វញាតិ ( ម ៣៥១ )។
ឧទាហរណ៍ៈ បទទារុណកម្ម និងអំពើឃោរឃៅ ( ម ២១០ )។
ឧទាហរណ៍ៈបទឃាតកម្មដោយមានទារុណកម្ម អំពើឃោរឃៅ ឬ អំពើរំលោភសេពសន្ថវៈ ( ម ២០៥
)។
v
បទមជ្ឈិម៖
បទល្មើសជាមជ្ឈិម នៅក្នុងករណីដែល អតិបរមា
នៃទោស ដាក់ពន្ធនាគារ ដែលត្រូវរងនោះ មានរយៈពេល លើសពី ៦ ថ្ងៃ និងក្រោម ឬ
ស្មើនឹង ៥ ឆ្នាំ ( មាត្រា ៤៧ )។
ឧទាហរណ៍ៈបទមនុស្សឃាតដោយអចេតនា
( មាត្រា ២០៧)
ឧទាហរណ៍ៈ
បទប្រទូស្តកេរខ្មាស ( ម ២៤៦ )។
ឧទាហរណ៍ៈ
បទរុកកួនខាងផ្លូវភេទ ( ម ២៥០ )។
ឧទាហរណ៍ៈ
បទរំលោភលើលំនៅឋាន ( ម ២៩៩ )។
v
បទលហុ៖
បទល្មើសជាបទលហុ
នៅក្នុងករណីដែល៖
១. អតិបរមា នៃទោស
ដាក់ពន្ធនាគារ ដែលត្រូវរងនោះ មានរយៈពេល ក្រោម ឬ ស្មើនឹង ៦ ថ្ងៃ។
២. បទល្មើស
ត្រូវផ្តន្ទាទោស ត្រឹមតែពិន័យ ជាប្រាក់ប៉ុណ្ណោះ។
ឧទាហរណ៍ៈ
បើកបរដោយមិនពាក់ខ្សែក្រវ៉ាត់ការពារ ឬ ពាក់មួកការពារសុវត្ថិភាព បើកបរហួសល្បឿនកំណត់។
ខ. ផលប្រយោជន៍នៃការបែងចែក
ការបែងចែកជាបទល្មើស ទាំង
៣ ប្រភេទខាងលើ មានផលប្រយោជន៍ ជាច្រើន ដែលច្បាប់បានកំណត់ ហើយផលប្រយោជន៍ សំខាន់ៗ
មានដូចជា៖
ខ១.
ផលប្រយោជន៍ទាក់ទងនឹងអាជ្ញាយុកាល
អាជ្ញាយុកាល គឺជារយៈពេលមួយកំណត់
ដោយច្បាប់ ដែលផុតរយៈពេលនេះ បុគ្គលម្នាក់ អាចបាត់បង់សិទ្ធិណាមួយ របស់ខ្លួន ឬ
អាចទាមទារសិទ្ធិណាមួយ ជាប្រយោជន៍ដល់ខ្លួនឯង។ ក្នុងច្បាប់ព្រហ្មទណ្ឌ អាជ្ញាយុកាល
មាន២ប្រភេទគឺ
Ø
អាជ្ញាយុកាលនៃបទល្មើស ឬ បណ្តឹងអាជ្ញា។
Ø
អាជ្ញាយុកាលនៃទោស។ អាជ្ញាយុកាលនៃបទល្មើស
គឺជារយៈពេលមួយកំណត់ ដោយច្បាប់ ដែលផុតរយៈពេល នេះ ព្រះរាជអាជ្ញា
ពុំអាចធ្វើការចោទប្រកាន់បានទេ ឬ និយាយម្យ៉ាងទៀតថា ព្រះរាជអាជ្ញា ពុំ
អាចធ្វើបណ្តឹងអាជ្ញាបានទ្បើយ។
អាជ្ញាយុកាល
ប្រែប្រួលទៅតាមប្រភេទនីមួយៗនៃបទល្មើស។ មាត្រា ១០ នៃក្រមនីតិវិធីព្រហ្មទណ្ឌ ឆ្នាំ
២០០៦ បានចែងថា លើកលែងតែ បទប្បញ្ញត្តិនៃមាត្រា ៩ ( ឧក្រិដ្ឋកម្មដែល
គ្មានអាជ្ញាយុកាលកំណត់ ) នៃក្រមនេះចេញ ថិរវេលានៃអាជ្ញាយុកាលនៃបណ្តឹងអាជ្ញា
មានដូចតទៅ៖ - ១៥
ឆ្នាំ ចំពោះបទឧក្រិដ្ឋ -
៥ ឆ្នាំ ចំពោះបទមជ្ឈិម -
១ ឆ្នាំ ចំពោះបទលហុ។[7] ជាគោលការណ៍ អាជ្ញាយុកាលនៃបទល្មើស
ចាប់ផ្តើមរាប់ពីពេលប្រព្រឹត្តបទល្មើសទៅ។ អាជ្ញាយុកាលនៃទោស
គឺជារយៈពេលមួយកំណត់ ដោយច្បាប់ដែលផុតរយៈពេលនេះ ទោស លែងអាចអនុវត្តបានទៀតហើយ។ យោងតាមមាត្រា
១៤៤ នៃក្រមព្រហ្មទណ្ឌ ឆ្នាំ ២០០៩ បានកំណត់រយៈពេលអាជ្ញាយុកាលនៃទោសដូចតទៅ៖ -
ទោសដែលប្រកាស ពីបទឧក្រិដ្ឋមានអាជ្ញាយុកាល ២០ ឆ្នាំ។ -
ទោសដែលប្រកាស ពីបទមជ្ឈិមមានអាជ្ញាយុកាល ៥ ឆ្នាំ។ -
ទោសដែលប្រកាស ពីបទលហុមានអាជ្ញាយុកាល ១ ឆ្នាំ។[8] ខ២. ផលប្រយោជន៍ទាក់ទងនឹងការអនុវត្តនីតិវិធី នៅក្នុងការអនុវត្តនីតិវិធីព្រហ្មទណ្ឌ
អ្នកនីតិបញ្ញត្តិខ្មែរ កំណត់នូវគោលការណ៍មួយចំនួន
ដោយផ្អែកលើប្រភេទនៃបទល្មើសឧក្រិដ្ឋ ឬ បទមជ្ឈិម។ ឧទាហរណ៍ៈ
ក្នុងករណីជាបទឧក្រិដ្ឋ ព្រះរាជអាជ្ញា ត្រូវតែបើកការស៊ើបសួរ ដោយធ្វើដីកា
សន្និដ្ឋានបញ្ជូនរឿងឲ្យស៊ើបសួរតាមមាត្រា ៤៤ នៃក្រមនីតិវិធីព្រហ្មទណ្ឌ ឆ្នាំ ២០០៦។[9]
ប្រសិនបើ រឿងនោះជាបទលហុ ព្រះរាជអាជ្ញា ត្រូវកោះជនជាប់ចោទ
ឲ្យចូលខ្លួនទៅមុខតុលាការជំនុំជម្រះដោយផ្ទាល់។[10] ខ៣. ផលប្រយោជន៍ទាក់ទិននឹងការកំណត់ពីបទល្មើសប៉ុនប៉ង មាត្រា
២៧ នៃក្រមព្រហ្មទណ្ឌ ឆ្នាំ ២០០៩ បានចែងថា ការប៉ុនប៉ងក្នុងបទឧក្រិដ្ឋ ឬ
ក្នុងករណីដែល ច្បាប់បានចែងទុក ក្នុងបទមជ្ឈិម
អាចត្រូវ ផ្តន្ទាទោសបាន កាលណាលក្ខខណ្ឌ ខាងក្រោមនេះ ត្រូវបានបំពេញ
ដូចខាងក្រោម៖ - ចារី[11]
បានចាប់ផ្តើមអនុវត្តបទល្មើស មានន័យថា ចារី បានប្រព្រឹត្តអំពើ
ដែលមានគោលបំណងដោយផ្ទាល់ ដើម្បីប្រព្រឹត្តបទល្មើស និង - ចារី
មិនបានបញ្ឈប់អំពើរបស់ខ្លួន ទៅវិញ ដោយស្ម័គ្រចិត្ត តែត្រូវបានរាំងស្ទះ ឬ អាក់ខាន
ដោយឥទ្ធិពលនៃកាលៈទេសៈក្រៅឆន្ទៈរបស់ខ្លួន។ អំពើត្រៀមបម្រុង
ដែលពុំមានគោលបំណងដោយផ្ទាល់ ដើម្បីប្រព្រឹត្តិបទល្មើស មិនមែនជាការចាប់ផ្តើមអនុវត្តទេ។ ការប៉ុនប៉ងក្នុងបទលហុ
ពុំទទួលការផ្តន្ទាទោសទេ។[12] ខ៤.
ផលប្រយោជន៍ទាក់ទងនឹងការកំណត់ការផ្តើមគំនិត និង ការសមគំនិតមានទោស មាត្រា ២៨ នៃក្រមព្រហ្មទណ្ឌ ឆ្នាំ
២០០៩ ត្រូវចាត់ទុកជាអ្នកផ្តើមគំនិតក្នុងបទឧក្រិដ្ឋ ឬ បទមជ្ឈិម ចំពោះបុគ្គលណាដែល៖ ១.
ជម្រុញឲ្យប្រព្រឹត្តបទឧក្រិដ្ឋ ឬ បទមជ្ឈិមនោះ តាមការណែនាំ ឬ ការបញ្ជា។ ២.
បង្កឲ្យមានបទឧក្រិដ្ឋ ឬ បទមជ្ឈិមនោះ ដោយផ្តល់អំណោយ ដោយការសន្យា ឬ ការគម្រាមកំហែង
ការញុះញង់ ការលួងលោម ឬ ក៏ដោយការរំលោភអាជ្ញា ឬ អំណាចរបស់ខ្លួន។ អ្នកផ្តើមគំនិត
នឹងអាចត្រូវផ្តន្ទាទោសបាន លុះត្រាតែ បទឧក្រិដ្ឋ ឬ បទមជ្ឈិម ត្រូវបានសម្រេច ឬ
បានប៉ុនប៉ង។
អ្នកផ្តើមគំនិតនៃបទឧក្រិដ្ឋ ឬ បទមជ្ឈិម ត្រូវផ្តន្ទាទោសដូចគ្នានឹងចារីដែរ។[13] មួយវិញទៀត ត្រូវចាត់ទុកជាអ្នកសមគំនិតក្នុងបទឧក្រិដ្ឋ
ឬ បទមជ្ឈិម ចំពោះបុគ្គលណា ដែលជួយសម្រួលដោយចេតនា ដល់ការប៉ុនប៉ង ឬ
ការសម្រេចបទឧក្រិដ្ឋ ឬ បទមជ្ឈិមនោះ ដោយផ្តល់ជំនួយ ឬ ការឧបត្ថម្ភរបស់ខ្លួន។ អ្នកសមគំនិត
នឹងអាចត្រូវផ្តន្ទាទោសបាន លុះត្រាតែបទឧក្រិដ្ឋ ឬ បទមជ្ឈិម ត្រូវបានសម្រេច ឬ
បានប៉ុនប៉ង។ អ្នកសមគំនិតនៃបទឧក្រិដ្ឋ
ឬ បទមជ្ឈិម ត្រូវផ្តន្ទាទោសដូចគ្នានឹងចារីដែរ។[14] ១.២.២
ការបែងចែក រវាងបទល្មើសដោយចេតនា និង បទល្មើសដោយអចេតនា ជាគោលការណ៍
ពុំមានបទល្មើសទេ ប្រសិនបើ គ្មានចេតនាប្រព្រឹត្ត។ ប៉ុន្តែ ក្នុងករណីដែល ច្បាប់បានចែងទុកជាមុន
បទល្មើសមួយ អាចកើតចេញ ពីការមិនប្រុងប្រយ័ត្ន ការខ្ជីខ្ជា ការធ្វេសប្រហែស ឬ
ការមិនគោរពកាតព្វកិច្ចដោយទ្បែកណាមួយ។[15] - បទល្មើសដោយចេតនា៖ ជាបទល្មើស ដែលចារី មានបំណងប្រព្រឹត្ត។ ឧទាហរណ៍ៈ
ចោរមានចេតនាយកអាវុធអ្នកដទៃ មានន័យថា បំណងយកទ្រព្យរបស់អ្នកដទៃ
មកធ្វើជាកម្មសិទ្ធិរបស់ខ្លួន។ ឧទាហរណ៍ៈ ឃាតករ
រមែងមានបំណងធ្វើឲ្យជនរងគ្រោះស្លាប់បាត់បង់ជីវិត។ -
បទល្មើសដោយអចេតនា៖ ជាបទល្មើសដោយអចេតនា
ភាពសុចរិតរបស់ចារី ពុំមែនជា ធាតុផ្សំបទល្មើសទេ បានសេចក្តីថា ទោះបីជា ចារី
ពុំមានបំណងទុច្ចរិត ក៏ដោយ ក៏នៅតែមាន បទល្មើស កើតទ្បើងបានដដែល។ ឧទាហរណ៍ៈ
មនុស្សឃាតដោយអចេតនា, បើកបរដោយបង្កឲ្យស្លាប់ ដល់អ្នកដទៃដោយ
អចេតនា, បើកបរបង្កឲ្យមានរបួស ដល់អ្នកដទៃដោយអចេតនា។ ម្យ៉ាងវិញទៀត
ក្រមព្រហ្មទណ្ឌ មិនត្រឹមតែដាក់ទោសការប្រព្រឹត្តបទល្មើសបានសម្រេច ផលនោះទេ
ថែមទាំងដាក់ទោស លើការប៉ុនប៉ងប្រព្រឹត្តបទល្មើសផងដែរ កាលបើលក្ខខណ្ឌនៃការប៉ុនប៉ង
មានទោសត្រូវបានបំពេញយ៉ាងគ្រប់គ្រាន់។[16] ១.២.៣ ការបែងចែករវាងបទល្មើស
នយោបាយ បទល្មើសយោធា និង បទល្មើសភេរវកម្ម ក. បទល្មើសនយោបាយ
តាមពិតគ្មានបទល្មើសនយោបាយទេមានតែបទល្មើសមានចរិតជានយោបាយ។
បទល្មើសនយោបាយ ដូចឈ្មោះរបស់វាប្រាប់ស្រាប់ គឺកម្មវត្ថុនៃបទល្មើស
ទាក់ទងនឹងបញ្ហានយោបាយ ពោលគឺបទល្មើស ធ្វើឲ្យប៉ះពាល់ដល់ការរៀបចំ និងការប្រព្រឹត្តទៅ ជាប្រក្រតីនៃអំណាច សាធារណៈ។ និយាយឲ្យខ្លី បទល្មើស កើតទ្បើងដោយហេតុផលនយោបាយ។
ក្រមព្រហ្មទណ្ឌ ពុំបានចែងពីបទល្មើសនយោបាយទេ។ ខ.
បទល្មើសយោធា ក្រមព្រហ្មទណ្ឌ
ពុំបានបញ្ជាក់ថាតើបទល្មើស ដែលមានចែងក្នុងជំពូកទី២ មាតិកាទី១ នៃក្រមព្រហ្មទណ្ឌ
ឆ្នាំ ២០០៩ ទោះជាប្រព្រឹត្តដោយយោធិន ក៏ពុំអាចបង្កើតជាបទល្មើសយោធាដែរ បទល្មើសយោធា គឺជាបទល្មើស
ដែលទាក់ទងនឹងដល់យោធិន ទាំងយោធិន
ជាប់កិច្ចសន្យា ទាំងយោធិនកំណែន ហើយដែលពាក់ព័ន្ធដល់បទវិន័យយោធា ឬ ការខូចខាត
ទ្រព្យសម្បត្តិយោធា។[17]
បទល្មើសយោធា ស្ថិតនៅក្រោមសមត្ថកិច្ចតុលាការយោធា ក្រៅពី បទវិន័យយោធា ឬ ការខូចខាតទ្រព្យសម្បត្តិយោធា
( ជាទូទៅ ការបំពានច្បាប់ជាបទល្មើស តែបើពិនិត្យវិស័យនៃការបំពានវិញ វាពិតជាមានឥទ្ធិពលលើការកំណត់ប្រភេទបទល្មើស)
ជាសមត្ថកិច្ចរបស់តុលាការនៃនីតិរួម។[18] គ. អំពើភេរវកម្ម អំពើភេរវកម្ម
គឺជាប្រភេទបទល្មើសថ្មីនាសតវត្សទី ២១នេះ ហើយក៏ជាប្រភេទនៃ បទល្មើស
ដែលមតិភាគច្រើនបានយល់ស្របគ្នាថា ជាបទល្មើសដ៏សែនគ្រោះថ្នាក់បំផុត ចំពោះមនុស្សជាតិ
មិនត្រឹមតែសម្រាប់ជាតិណាមួយនោះទេ តែចំពោះសហគមន៍អន្តរជាតិទាំងមូល។ អំពើភេរវកម្ម
គឺជាអំពើហិង្សាទាំងទ្បាយ ដែលប្រព្រឹត្តដោយជនមួយនាក់ ឬ ច្រើននាក់ ឬ ជនមួយក្រុម
បង្កើតការភិតភ័យតកស្លុត ក្នុងចំណោមប្រជាជន ក្នងគោលដៅធ្វើឲ្យច្របល់យ៉ាងខ្លាំងដល់សណ្តាប់ធ្នាប់
និងសន្តិសុខជាសាធារណៈ និងធ្វើឲ្យប៉ះពាល់ស្ថិរភាពនយោបាយ។[19] ច្បាប់នេះ
អនុវត្តលើអំពើភេរវកម្ម ការចាប់ជម្រិត និងបង្ខាំងមនុស្សដោយខុសច្បាប់
ក្នុងគោលដៅធ្វើវិច្ឆេទកម្ម ទារប្រាក់ សងសឹក ធ្វើជាចំណាំងខ្មាំង យកទៅលក់
ហើយត្រូវផ្តន្ទាទោស ដាក់ពន្ធនាគារពី ១០ ឆ្នាំ ទៅ ២០ ឆ្នាំ ឬ អស់មួយជីវិត
ក្នុងករណី១. អនីតិភាពនៃជនរងគ្រោះ ២.
មរណៈភាពនៃជនរងគ្រោះ និង ៣. ការគិតទុកជាមុន។ ច្បាប់ស្តីពីការប្រឆាំងនឹងភេរវកម្ម
ឆ្នាំ ២០០៧ ត្រូវបានរៀបចំទ្បើង ដើម្បីឲ្យកម្ពុជា
មានលទ្ធភាពគ្រប់គ្រាន់ក្នុងការទប់ស្កាត់អំពើភេរវកម្ម។ ជាពិសេស
សក្តានុពលនៃអំពើភេរវកម្ម អាចកើតទ្បើងនៅក្រប់ទីកន្លែង និងគ្រប់ពេលវេលា។ ច្បាប់នេះ
កំណត់បទល្មើសទាំងទ្បាយចាំបាច់ និងចែងពីលទ្ធភាពក្នុងការបង្កកប្រាក់
និងការរឹបអូសទ្រព្យបម្រើឲ្យភេរវកម្ម ព្រមទាំង បត្យាប័ន
និងការជួយគ្នាទៅវិញទៅមក ជាអន្តរជាតិ។ ១.២.៤
ចំណាត់ថ្នាក់ទៅតាមប្រភេទនៃអំពើជាសម្ភារៈ ប្រភេទនៃអំពើជាសម្ភារៈនៃបទល្មើសមួយ
អាចជាការប្រព្រឹត្តសកម្មភាពណាមួយ ឬ ការមិនប្រព្រឹត្តសកម្មភាពណាមួយ។ ប្រសិនបើ
អំពើជាសម្ភារៈ ជាការប្រព្រឹត្តសកម្មភាព បទល្មើសមានឈ្មោះថា បទល្មើសសកម្ម។
ផ្ទុយទៅវិញ ប្រសិនបើ អំពើជាសម្ភារៈ ជាការមិនប្រព្រឹត្តសកម្មភាព ឬ អនុប្បវាទបទល្មើសមានឈ្មោះថា
បទល្មើសអកម្ម។ ក. បទល្មើសសកម្ម បទល្មើសសកម្ម
គឺជាអំពើសម្ភារៈ ឬ ជាសត្យានុម័តរបស់បទល្មើស អាចជាសកម្មភាព ពោលគឺជាអំពើវិជ្ជាមាន
បានន័យថា ចារីនៃបទល្មើស បានប្រព្រឹត្តទង្វើណាមួយ ដែលច្បាប់បាន ហាមឃាត់។ ឧទាហរណ៍ៈ
-អំពើជាសត្យានុម័តនៃអំពើលួច
គឺជាអំពើដកហូតយកនូវទ្រព្យសម្បត្តិរបស់ អ្នកដទៃ។ -អំពើជាសត្យានុម័តនៃបទប្រទូសកេរខ្មាស គឺជាអំពើប៉ះពាល់ ស្ទាបអង្អែលកេរភេទ ឬ
ផ្នែកភេទផ្សេងទៀត របស់អ្នកដទៃ។ ខ.
បទល្មើសអកម្ម បទល្មើសអកម្ម
គឺជាបទល្មើស កើតចេញពីការបំពានកាតព្វកិច្ចដែលច្បាប់តម្រូវ ដូចជា ការបំពេញកិច្ច
ជាវិជ្ជមានមួយ ដូចជា កាតព្វកិច្ចផ្តល់ព័ត៌មានអំពីបទល្មើស និងការដោះបន្ទុក
និងបង្ហាញភស្តុតាងពីភាពស្លូតត្រង់របស់ជនដែលស្ថិតនៅក្នុងដំណាក់កាលនីតិវិធីតុលាការ។ មូលហេតុនៃការបង្កើតបទល្មើសអកម្ម មានពីរយ៉ាងគឺ៖ - បង្កើតការសហការជាមួយអាជ្ញាធរមានសមត្ថកិច្ចនានា
ដើម្បីស្វែងរក និងបង្រ្កាប បទល្មើស។ - បង្កើតសាមគ្គីភាពក្នុងសង្គម
ក្នុងគោលដៅរួមចំណែករក្សាសន្តិសុខ ភាពស្ងប់ស្ងាត់។ ឧទាហរណ៍ៈ
មាត្រា ៣២៦ នៃក្រមព្រហ្មទណ្ឌ ឆ្នាំ ២០០៩ ចាត់ទុកថាជាបទមិនព្រមប្រគល់អនីតិជន
ចំពោះអំពើប្រព្រឹត្តដោយគំនិតទុច្ចរិត មិនព្រមប្រគល់អនីតិជនឲ្យទៅបុគ្គលដែលមានសិទ្ធទាមទារនោះ
ហើយត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី ១ ខែ ទៅ ១ ឆ្នាំ និងពិន័យជាប្រាក់ពី ១
សែនរៀល ទៅ ២ លានរៀល។ មាត្រា ៥២៩ នៃក្រមព្រហ្មទណ្ឌ
ចាត់ទុកជាបទល្មើស ចំពោះការមិនប្តឹងបរិហារបទឧក្រិដ្ឋ ដោយបានចែងថា
រាល់បុគ្គលណាដែលបានដឹងពីបទឧក្រិដ្ឋ ដែលអាចនឹងបង្ការ ឬ បន្ថយអានុភាពរបស់បទល្មើសបាន
ហើយមិនប្តឹងបរិហារ ដល់អាជ្ញាធរតុលាការ ឬ អាជ្ញាធរមានសមត្ថកិច្ចផ្សេងទៀត
ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី ១ខែ ទៅ ១ ឆ្នាំ និងពិន័យជាប្រាក់ពី ១ សែនរៀល ទៅ ២
លានរៀល។ មាត្រា ៥៣០ នៃក្រមព្រហ្មទណ្ឌ
ចាត់ទុកជាបទល្មើស ចំពោះការមិនប្តឹងបរិហារការធ្វើបាបអនីតិជន ដោយចែងថា
រាល់បុគ្គលណាដែលបានដឹងពីការធ្វើបាប ឬ ការបៀតបៀនខាងផ្លូវ ភេទអនីតិជនអាយុក្រោម ១៥
ឆ្នាំ ហើយមិនបានប្តឹងបរិហារអាជ្ញាតុលាការ ឬ អាជ្ញាធរមានសមត្ថកិច្ចផ្សេង
ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី ១ ឆ្នាំ ទៅ ៣ ឆ្នាំ និងពិន័យជាប្រាក់ពី ២ លាន រៀល ទៅ
៦ លានរៀល។ ១.៣
ធាតុផ្សំនៃបទល្មើសព្រហ្មទណ្ឌ ជាគោលការណ៍
ដែលមានចែងក្នុងមាត្រា ២៣ នៃក្រមនីតិវិធីព្រហ្មទណ្ឌ ឆ្នាំ ២០០៧ ការចោទប្រកាន់ និង ការផ្តន្ទាទោសជនណា ឬ
បុគ្គលណាមួយបាន លុះត្រាតែ តុលាការ បានរកឃើញ និង បានប្រកាសពិរុទ្ធភាពដាក់បន្ទុកលើជននោះជាមុនសិន។[20]
ការប្រកាសពិរុទ្ធភាព លើជនណា ឬ បុគ្គលណាមួយ អាចអនុវត្តបាន លុះត្រាតែ
អំពើដែលប្រព្រឹត្តនោះ មានធាតុផ្សំគ្រប់គ្រាន់ ដែលតុលាការ អាចប្រកាសទោសលើជន ឬ
បុគ្គលនោះបាន។ ផ្ទុយទៅវិញ បើអំពើ ដែលប្រព្រឹត្តនោះពុំមានធាតុផ្សំគ្រប់គ្រាន់ ឬ
ពុំមានភស្តុតាងដាក់បន្ទុកលើជនជាប់ចោទ ឬ បុគ្គលណាមួយសោះទេ តាមគោលការណ៍ តុលាការ
មិនអាចប្រកាសផ្តន្ទាទោសលើជន ឬ បុគ្គលនោះបានទេ។ ដោយហេតុនេះ ជន ឬ បុគ្គល
ដែលត្រូវចោទប្រកាន់តាមផ្លូវតុលាការនោះ
ក៏ត្រូវតែបានរួចពីបទចោទប្រកាន់តាមផ្លូវច្បាប់ ដែលមានចែងក្នុងមាត្រា ៣៥០ និង មាត្រា
៣៥១ នៃក្រមនីតិវិធីព្រហ្មទណ្ឌ ឆ្នាំ ២០០៧។[21]
១.៣.១
ធាតុផ្សំនីត្យានុកូល ឬ ធាតុច្បាប់
ក. គោលការណ៍នីត្យានុកូលភាព ធាតុនីត្យានុកូល
សំដៅយកអត្ថបទច្បាប់ ដែលបញ្ញត្តិអំពើណាដែលចាត់ជាបទល្មើស និងកំណត់អំពីទោស
ដែលត្រូវទទួលរង។ ក្នុងស្មារតីនៃការកំណត់បទល្មើស ច្បាប់គ្រាន់តែជាធាតុបឋមតែប៉ុណ្ណោះ។
មានន័យថា ធាតុនីត្យានុកូល ធ្វើឲ្យមាននីត្យានុកួលភាពនៃបទល្មើស និងនៃទោស
ដូចមានចែងក្នុង មាត្រា ៣ នៃក្រមព្រហ្មទណ្ឌ ឆ្នាំ ២០០៩ បានបញ្ញត្តថា មានតែអំពើ
ដែលបង្កើតជាបទល្មើស នៅពេលដែល អំពើនោះមានចែងក្នុងបទប្បញ្ញត្តិ
ព្រហ្មទណ្ឌជាធរមានប៉ុណ្ណោះ ទើបត្រូវផ្តន្ទាទោសព្រហ្មទណ្ឌបាន។ មានតែទោស
ដែលមានចែងក្នុងបទប្បញ្ញត្តិព្រហ្មទណ្ឌជាធរមាន នៅពេលដែល បទល្មើស
ត្រូវបានប្រព្រឹត្តប៉ុណ្ណោះ ទើបអាចត្រូវប្រកាសបាន។[22] គោលការណ៍នីត្យានុកូលភាព
ត្រូវបានទទួលស្គាល់ដោយលិខិតតុបករណ៍អន្តរជាតិ[23]
ដែលមានតម្លៃជារដ្ឋធម្មនុញ្ញតាមមាត្រា ៣១ នៃរដ្ឋធម្មនុញ្ញព្រះរាជាណាចក្រកម្ពុជា
ឆ្នាំ ១៩៩៣ ផងដែរ។ មាត្រា ១៥ កថាខណ្ឌទី ១ នៃកតិកាសញ្ញាអន្តរជាតិស្តីពីពលរដ្ឋ
និងសិទ្ធិនយោបាយ លើកទ្បើងថា គ្មានជនណាម្នាក់ ត្រូវជាប់ទោសពីបទល្មើសព្រហ្មទណ្ឌ
មានក្រោមច្បាប់ជាតិ ឬ ប្រហែលណាមួយ ដែលពុំមែនជាបទល្មើសព្រហ្មទណ្ឌនៅក្រោមច្បាប់ជាតិ
ឬ ច្បាប់អន្តរជាតិ នៅខណៈពេលដែល
អំពើនោះបានប្រព្រឹត្ត។[24]
ជាក់ស្តែងណាស់
តាមគោលការណ៍ ខាងលើ ដើម្បីអាចឲ្យគេចាត់តុកថាអំពើណាមួយជាបទល្មើស
ហើយត្រូវផ្តន្ទាទោសបាន លុះត្រាតែ មានអត្ថបទច្បាប់ បានចែងថា អំពើនោះជា បទល្មើស
ហើយត្រូវទទួលទណ្ឌកម្មដែលច្បាប់បានកំណត់។ ដូច្នេះ រាល់ការចោទប្រាកន់
និងការដាក់ទោសទាំងអស់ ត្រូវតែផ្អែកលើច្បាប់។ គ្មានបទល្មើសព្រហ្មទណ្ឌទេ ប្រសិនបើ
គ្មានបទប្បញ្ញត្តិច្បាប់ ចែងអំពីបទល្មើស ហើយគ្មានទោសទេ ប្រសិនបើ
គ្មានបទប្បញ្ញត្តិច្បាប់ចែង អំពីទោស។[25] ខ. ការអនុវត្តច្បាប់ព្រហ្មទណ្ឌ ការអនុវត្តច្បាប់ព្រហ្មទណ្ឌ
គឺជាការសំដែងប្រតិកម្មរបស់សង្គម ឆ្លើយតបទៅនឹង ជនល្មើស និងអំពើល្មើស
ក្នុងគោលដៅធានាឲ្យបាន នូវភាពសុខស្ងប់ សណ្តាប់ធ្នាប់ និងរបៀប រៀបរយសាធារណៈ
ជូនសង្គមទាំងមូល។ ខ១. ការបកស្រាយច្បាប់ព្រហ្មទណ្ឌ ដើម្បីអាចអនុវត្តច្បាប់ព្រហ្មទណ្ឌឲ្យបានត្រឹមត្រូវ
ការបកស្រាយឲ្យបានសមស្របនិងត្រឹម ត្រូវជាដំណាក់កាល មិនអាចខ្វះបាន
មុននឹងឈានទៅរកការអនុវត្តច្បាប់ព្រហ្មទណ្ឌ ហេតុនេះ ចៅក្រម
មានកាតព្វកិច្ចផ្ទៀងផ្ទាត់ផ្គូរផ្គង ដោយប្រុងប្រយ័ត្ន និងហ្មត់ចត់នូវច្បាប់
ដែលចង្អុល បទល្មើស អត្ថិភាពនៃទោស
និងការត្រួតពិនិត្យរកមើលអានុភាពប្រតិសកម្មនៃច្បាប់ព្រហ្មទណ្ឌ។ ការដកហូតសិទ្ធិសេរីភាពបុគ្គល
ទោះក្នុងរយៈពេលណាមួយជាកំណត់ តម្រូវឲ្យមានភាព ច្បាស់លាស់ អំពីនីត្យានុកូលភាពនៃអំពើ
និងនៃទោស ដែលត្រូវអនុវត្ត បើពុំនោះទេ ការដកហូត នេះ
នឹងធ្វើទ្បើងដោយរំលោភសិទ្ធិសេរីភាពបុគ្គល។ - ការអនុវត្តច្បាប់ព្រហ្មទណ្ឌក្នុងន័យទូទៅ៖
ក្នុងរឿងព្រហ្មទណ្ឌ
ច្បាប់ត្រូវតែបកស្រាយ យ៉ាងតឹងរឹង។[26] មាត្រានេះ
ចង្អុលបង្ហាញប្រាប់ចៅក្រម ទទួលបន្ទុកអនុវត្តច្បាប់ ឲ្យធ្វើការផ្ទៀងផ្ទាត់ និងផ្គូរផ្គងដោយហ្មតចត់
និងប្រកបដោយការយកចិត្តទុកដាក់ រវាងអង្គហេតុ និងអត្ថបទច្បាប់ព្រហ្មទណ្ឌ
មុននឹងសម្រេចអនុវត្តច្បាប់ព្រហ្មទណ្ឌ ទៅនឹងអង្គហេតុ។ ចៅក្រម មិនត្រូវយក
ច្បាប់មកអនុវត្តទេ ប្រសិនបើ ច្បាប់ចែងមិនច្បាស់លាស់ ( វិមតិសង្ស័យ ជាប្រយោជន៍ ដល់ ជនជាប់ចោទ ) ហើយចៅក្រម
មិនអាចពង្រីកវិសាលភាពអនុវត្ត ឬ ប្រព្រឹត្តតាមសទិសភាពបានទ្បើយ។[27] សទិសភាព
គឺជាការប្រដូចអំពើណាមួយ ដែលច្បាប់មិនបានកំណត់ថា ជាបទល្មើស។ ឯពង្រីកដែនអនុវត្ត
សំដៅយកស្ថានភាព ដែលចៅក្រមពង្រីកដែនអនុវត្តច្បាប់ ករណី ដូចជា មាត្រា ៣៨៤
នៃក្រមព្រហ្មទណ្ឌ ឆ្នាំ បានចែងអំពី បទបន្លំ ( ស៊ីមាំង ) នៅតាមគេហដ្ឋានឯកជន
ដែលច្បាប់សំដៅយកតែកន្លែងប្រកបអាជីវកម្ម។[28] ខ២.
ការអនុវត្តច្បាប់ព្រហ្មទណ្ឌនៅក្នុងកាល ខ២.១ គោលការណ៍មិនប្រតិសកម្មនៃច្បាប់ព្រហ្មទណ្ឌ
ជាគោលការណ៍ ច្បាប់មួយ
មានអនុភាពអនុវត្តតែក្នុងពេលអនាគត ពោលគឺ ចាប់បីថ្ងៃចូលជាធរមាន រហូតដល់ពេលនិរាករណ៍
កែប្រែ ឬ ជំនួសដោយច្បាប់ថ្មី។ តាមមាត្រា ៩៣ ថ្មី នៃរដ្ឋធម្មនុញ្ញ ឆ្នាំ ១៩៩៣
បានបញ្ញត្តថា ច្បាប់ដែលរដ្ឋសភា បានអនុម័ត និងព្រឹទ្ធសភា បានពិនិត្យ
ច្បាប់សព្វគ្រប់រួចហើយៗ ត្រូវបានព្រះមហាក្សត្រប្រកាសឲ្យប្រើ
ត្រូវចូលជាធរមាននៅភ្នំពេញ រយៈពេល ១០
ថ្ងៃគត់ ក្រោយថ្ងៃប្រកាសឲ្យប្រើ និងនៅទូទាំងប្រទេស រយៈពេល ២០ ថ្ងៃគត់
ក្រោយប្រកាសឲ្យប្រើ។ ក៏ប៉ុន្តែ បើច្បាប់នេះ បានចែងជាការប្រញប់ ច្បាប់នេះ
ត្រូវចូលជាធរមាន ភ្លាមនៅទូទាំងប្រទេស ក្រោយថ្ងៃប្រកាសឲ្យប្រើ។ ដូចនេះ
ច្បាប់ក្នុងន័យទូទៅ និងច្បាប់ព្រហ្មទណ្ឌជាពិសេស
អាចមានអនុភាពអនុវត្តតែទៅលើអំពើទាំងទ្បាយណា ដែលកើតក្រោយថ្ងៃចូលជាធរមានរបស់ខ្លួន
តែប៉ុណ្ណោះ។ គោលការណ៍នេះ គេឲ្យឈ្មោះថា “គោលការណ៍មិនប្រតិសកម្មនៃច្បាប់ព្រហ្មទណ្ឌ”។ គោលការណ៍នេះ ក៏ជាផលវិបាកនៃគោលការណ៍នីត្យានុកូលនៃបទល្មើស និងនៃទោសដែរ
ព្រោះថា នៅពេលដែល មិនមានច្បាប់ចែងទេនោះ គឺពុំមានបទល្មើស
ហើយពុំមានការផ្តន្ទាទោសដែរ។ គោលការណ៍នេះ
មានគោលដៅដើម្បីការពារសេរីភាពបុគ្គល មានន័យថា នៅពេលដែល
ពុំទាន់មានច្បាប់ហាមឃាត់ទេនោះ បុគ្គលមានសេរីភាពពេញលេញ ដើម្បីធ្វើសកម្មភាពណាមួយ
ក៏ប៉ុន្តែ គេសង្កេតឃើញមានអញា្ញត្រកម្មមួយចំនួនផងដែរ ចំពោះគោលការណ៍នេះ។ + អញ្ញាត្រកម្ម អញ្ញាត្រកម្ម
បានដល់សម្មតិកម្មទាំងទ្បាយណា ដែលក្នុងនោះ ច្បាប់ព្រហ្មទណ្ឌមួយ អាច
មានអានុភាពអនុវត្ត ចំពោះអំពើទាំងទ្បាយណា ដែលបានកើតមុនការចូលជាធរមានរបស់ខ្លួន ឬ
ក្នុងករណីដែលច្បាប់ព្រហ្មទណ្ឌ ត្រូវយកមកអនុវត្តភ្លាមៗ ភាពប្រតិសកម្ម ឬ
ភាពត្រូវយកមក អនុវត្តភ្លាមៗនេះ
អាស្រ័យទាំងស្រុង តើច្បាប់នោះ ជាច្បាប់សារធាតុ[29]
ឬ ច្បាប់នីតិវិធី[30]។ - ប្រតិសកម្មនៃច្បាប់សារធាតុ ប្រតិសកម្មនៃច្បាប់សារធាតុស្រាលជាងៈ
គោលការណ៍មិនប្រតិសកម្ម អនុវត្តតែក្នុងករណីដែលច្បាប់ថ្មី
ផ្តន្ទាទោសធ្ងន់ជាងច្បាប់ចាស់។ តើបើច្បាប់ថ្មីស្រាលជាង ពេលនោះ ច្បាប់ថ្មី
កាលណាច្បាប់ថ្មីៈ - កែប្រែបទល្មើស
ពីបទឧក្រិដ្ឋ ទៅបទមជ្ឈិម ឬ ពីបទមជ្ឈិម ទៅបទលហុ ជាដើម។ - បន្ថយថរិវេលានៃការដាក់ទណ្ឌកម្ម ឬ ជំនួសទោសគុកដោយទោសពិន័យ។ - បន្ថយ ឬ លុបចោលទោសគុក ទោសពិន័យ ឬ ទោសបន្ថែមដែលមានក្រោមអំណាច ច្បាប់ចាស់។ - លុបចោលបទល្មើស ដែលកំណត់ដោយច្បាប់ចាស់។ -
បន្ថែមធាតុផ្សំនៃបទល្មើស។ ការអនុវត្តភ្លាមនេះ ( បទប្បញ្ញត្តិដែលចែងអំពីទោស
ដែលស្រាលជាងត្រូវអនុវត្តភ្លាម) អាចធ្វើទៅបាន តែក្នុងករណីដែល៖
- សំណុំរឿងនៃបទល្មើស
ត្រូវបានប្រព្រឹត្តមុនពេលច្បាប់ថ្មីចូលជាធរមាន។ -
ពុំទាន់ត្រូវបានតុលាការសម្រេចផ្តន្ទាទោសតាមអំណាចសាលក្រម ឬ
សាលដីកាស្ថាពរ នៅទ្បើយ។ និយាយម្យ៉ាង ការផ្តន្ទាទោស ដែលជាស្ថាពរ ហើយនោះត្រូវអនុវត្ត
ទោះបីជា ទោសដែលប្រកាសនោះធ្ងន់ធ្ងរយ៉ាងណាក៏ដោយ។ បទប្បញ្ញត្តិថ្មី
ដែលចែងអំពីទោសធ្ងន់ជាង នឹងត្រូវ អនុវត្តតែទៅលើអំពើ
ដែលបានប្រព្រឹត្តក្រោយការចូលជាធរមាននៃបទប្បញ្ញត្តិនោះ។[31]
ក៏ប៉ុន្តែ បទប្បញ្ញត្តិថ្មី ដែលលុបចោលបទល្មើសណាមួយ នោះត្រូវអនុវត្តភ្លាម។
អំពើដែលប្រព្រឹត្តនៅមុន បទប្បញ្ញត្តិនេះ ចូលជាធរមាន
មិនអាចត្រូវចោទប្រកាន់ទៀតទ្បើយ។ ការចោទប្រកាន់
ដែលកំពុងប្រព្រឹត្តទៅនោះត្រូវបញ្ចប់។ ប្រសិនបើ ការផ្តន្ទាទោសជាស្ថាពរ
ត្រូវបានប្រកាសរួចមកហើយ ទោស ដែលចេញអំពីការផ្តន្ទាទោសនេះ មិនត្រូវអនុវត្តទេ ឬ ត្រូវតែឈប់អនុវត្ត។[32] -
ប្រតិសកម្មនៃច្បាប់សារធាតុ តាមការបញ្ញត្តិរបស់ច្បាប់ ក្នុងករណីមួយចំនួន
ច្បាប់ បានកំណត់អំពីអានុភាពប្រតិសកម្មនេះតែម្តង។ នេះជាករណីពិសេស
កើតក្នុងកាលៈទេសៈពិសេស ហើយកម្រកើតមានណាស់ ព្រោះវាប៉ះពាល់ដល់សេរីភាពពលរដ្ឋ។ ប្រការ
១១ នៃក្រឹត្យ - ច្បាប់លេខ ០២ ចុះថ្ងៃទី ១៥ ខែ ឧសភា ឆ្នាំ
១៩៨០ ចែងថា អំពើប្រព្រឹត្តបទល្មើសទាំងទ្បាយ ដែលកើតមានក្រោយថ្ងៃ ៧ មករា ១៩៧៩
រហូតដល់ថ្ងៃប្រកាសក្រឹត្យ-ច្បាប់នេះ
ហើយមិនទាន់បានជំនុំជម្រះ ត្រូវចោទប្តឹងទៅតុលាការ និងជំនុំជម្រះតាមក្រឹត្យនេះ។
ប្រការ ១២ នៃក្រឹត្យ ច្បាប់លេខ ០៤ ចុះថ្ងៃទី ១២ ខែ សីហា ឆ្នាំ ១៩៨១ ចែងថា ក្រឹត្យ-ច្បាប់នេះ ត្រូវអនុវត្តទៅលើបទល្មើសទាំងទ្បាយ ដែលបានកើតទ្បើងតាំងពីថ្ងៃ ៧
មករា ១៩៧៩ ហើយដែលពុំទាន់ដាក់ជំនុំជម្រះនៅទ្បើយ។ អានុភាពប្រតិសកម្មនេះ
ត្រូវកំណត់អំទ្បុង ពេលច្បាស់លាស់។ -
ប្រតិសកម្មនៃច្បាប់សារធាតុក្នុងករណីផ្សេងទៀតៈ ដូចជា បទប្បញ្ញត្តិថ្មី
ធ្វើការបកស្រាយបទប្បញ្ញត្តិចាស់ ដោយបទបញ្ញត្តិចាស់ មាន ខ្លឹមសារមិនច្បាស់។ ករណីនេះ កម្រណាស់។ - ការអនុវត្តភ្លាមៗនៃច្បាប់នីតិវិធី នៅពេលដែលមានច្បាប់នីតិវិធី
ចូលជាធរមាន ដែលទាក់ទងនឹងសមត្ថកិច្ចសាលាជម្រះក្តី ឬ ដំណើរការរឿងព្រហ្មទណ្ឌ ជាដើម
ច្បាប់ប្រភេទនេះ ត្រូវមានអានុភាពអនុវត្តភ្លាម ចំពោះគ្រប់ អំពើដែលកើតមុន
ហើយមិនទាន់ត្រូវបានជំនុំជម្រះតាមអំណាចសេចក្តីសម្រេចស្ថាពរនៅទ្បើយ
គិតចាប់ពីថ្ងៃចូលជាធរមាន។ ប្រការដែលអនុវត្តបែបនេះ ព្រោះច្បាប់ប្រភេទនេះ
ពុំបានធ្វើឲ្យ ប៉ះពាល់
ដល់អត្ថិភាពនៃបទល្មើសទ្បើយ ហើយជាទូទៅច្បាប់ ប្រភេទនេះទៀតសោត គ្រាន់តែ
មានបំណងស្វែងរកជនល្មើស និងស្វែងរកការពិត ឲ្យបានឆាប់រហ័ស
និងកាន់តែមានប្រសិទ្ធិភាពប៉ុណ្ណោះ។ ហេតុនេះ ទើបវាមិនបានធ្វើឲ្យប៉ះពាល់
ដល់សុពលភាពនៃកិច្ចនីតិវិធី ដែលធ្វើទ្បើង ស្របតាមអំណាចច្បាប់ចាស់ទេ។
ការអនុវត្តភ្លាមនៃបទប្បញ្ញត្តិ គ្មានអានុភាពទៅលើ សុពលភាពនៃកិច្ចនីតិវិធី ដែលបានបំពេញស្រប
តាមបទប្បញ្ញត្តិចាស់ទ្បើយ។[33] ខ៣.
ការអនុវត្តច្បាប់ព្រហ្មទណ្ឌក្នុងដែនដី - គោលការណ៍ដែនដីនៃច្បាប់ព្រហ្មទណ្ឌ ក្នុងរឿងព្រហ្មទណ្ឌ
ច្បាប់កម្ពុជា ត្រូវអនុវត្តទៅលើបទល្មើសទាំងទ្បាយ ដែលបានប្រព្រឹត្ត នៅលើដែនដីនៃព្រះរាជាណាចក្រកម្ពុជា។
ដែនដីននៃព្រះរាជាណាចក្រកម្ពុជា រួមបញ្ចូលទាំង លំហអាកាស និងសមុទ្រ
ដែលមានចំណងចង់ភ្ជាប់នឹងដែនដីនៃព្រះរាជាណាចក្រកម្ពុជា។[34] បទល្មើស ត្រូវបានចាត់ទុកថាប្រព្រឹត្ត
នៅលើដែនដីនៃព្រះរាជាណាចក្រកម្ពុជា នៅពេលដែល អំពើណាមួយនៃបទល្មើសនោះ
បានប្រព្រឹត្តនៅលើដែនដីនៃព្រះរាជាណាចក្រកម្ពុជា។[35] - បទល្មើសដែលបានប្រព្រឹត្តនៅក្នុងនាវាកម្ពុជា ច្បាប់កម្ពុជា
ត្រូវអនុវត្តទៅលើបទល្មើស ដែលប្រព្រឹត្តនៅក្នុងនាវា ដែលមានសញ្ជាតិខ្មែរ ទោះបីជា
នាវានោះ ស្ថិតនៅទីណាក៏ដោយ។ ច្បាប់កម្ពុជា ត្រូវអនុវត្តទៅលើបទល្មើស
ដែលប្រព្រឹត្តនៅក្នុងនាវាបរទេស ដែលអាជ្ញាធរកម្ពុជា
បានទទួលការអនុញ្ញាតឲ្យពិនិត្យមើល ឬ ឲ្យចាប់នាវាតាមអំណាចនៃកិច្ចព្រមព្រៀងអន្តរជាតិ។ - បទល្មើសដែលបានប្រព្រឹត្តនៅក្នុងអាកាសយានកម្ពុជា ច្បាប់កម្ពុជា
ត្រូវអនុវត្តទៅលើបទល្មើសដែលប្រព្រឹត្ត នៅក្នុងអាកាសយាន
ដែលបានចុះបញ្ជីនៅក្នុងព្រះរាជាណាចក្រកម្ពុជា ទោះបីជា អាកាសយាននោះ
ស្ថិតនៅទីណាក៏ដោយ។ ច្បាប់កម្ពុជា ក៏ត្រូវអនុវត្តទៅលើបុគ្គលគ្រប់រូប ដែលជាអ្នកផ្តើមគំនិត
ឬ អ្នកសមគំនិតនៅលើដែនដីនៃព្រះរាជាណាចក្រកម្ពុជា ក្នុងបទឧក្រិដ្ឋ ឬ បទមជ្ឈិម
ដែលប្រព្រឹត្តនៅឯបរទេស ប្រសិនបើ លក្ខខណ្ឌទាំងពីរ ដូចខាងក្រោមនេះ ត្រូវបានបំពេញៈ - បទល្មើស
ត្រូវផ្តន្ទាទោសតាមច្បាប់កម្ពុជា និងតាមច្បាប់បរទេស និង - អត្ថិភាពនៃបទល្មើស ត្រូវបានបញ្ជាក់ដោយសេចក្តីសម្រេចជាស្ថាពរ
របស់តុលាការ បរទេស។ -
សមត្ថកិច្ចដោយទ្បែកចំពោះបទឧក្រិដ្ឋដោយទ្បែកៈ - ច្បាប់កម្ពុជា
ត្រូវអនុវត្តទៅលើបទល្មើស ដែលប្រព្រឹត្តនៅក្រៅដែនដីនៃព្រះរាជាណា ចក្រកម្ពុជា
ហើយបទល្មើសនោះជាៈ -
បទល្មើសប្រឆាំង នឹងសុវត្ថិភាពនៃព្រះរាជាណាចក្រកម្ពុជា។ - បទល្មើសក្លែងត្រាផ្លូវការនៃព្រះរាជាណាចក្រកម្ពុជា។ -
បទល្មើសក្លែងរូបិយវត្ថុ និងធនបត្រជាតិ
ដែលមានតម្លៃស្របច្បាប់នៅព្រះរាជាណាចក្រ កម្ពុជា។ - បទល្មើសប្រឆាំងនឹងភ្នាក់ងារទូត ឬ កុងស៊ុលនៃព្រះរាជាណាចក្រកម្ពុជា។ - បទល្មើសប្រឆាំងនឹងទីតាំងទូត ឬ កុងស៊ុលនៃព្រះរាជាណាចក្រកម្ពុជា។ -
អញ្ញាត្រកម្មនៃគោលការណ៍ដែនដីនៃច្បាប់ព្រហ្មទណ្ឌ ច្បាប់កម្ពុជា
ត្រូវអនុវត្តទៅលើគ្រប់បទឧក្រិដ្ឋដែលប្រព្រឹត្ត
ដោយពលរដ្ឋខ្មែរនៅក្រៅដែនដីនៃព្រះរាជាណាចក្រកម្ពុជា។ ច្បាប់កម្ពុជា ត្រូវអនុវត្តទៅលើបទមជ្ឈិម
ដែលប្រព្រឹត្តដោយពលរដ្ឋខ្មែរ នៅក្នុងប្រទេសក្រៅណាមួយ ប្រសិនបើ អំពើនោះ
ត្រូវបានផ្តន្ទាទោសតាមច្បាប់នៃ ប្រទេសនោះផងដែរ។ ទោះបីជា ជនជាប់ចោទ
បានទទួលសញ្ជាតិខ្មែរ ក្រោយអំពើដែលចោទប្រកាន់នេះ ក៏ដោយ។[36]
ច្បាប់កម្ពុជា
ត្រូវបានអនុវត្តទៅលើគ្រប់បទឧក្រិដ្ឋ ដែលប្រព្រឹត្តនៅក្រៅដែនដីនៃព្រះរាជាណាចក្រកម្ពុជា
ដោយពលរដ្ឋខ្មែរ ឬ ដោយជនបរទេស ទៅលើជនរងគ្រោះ ដែលមានសញ្ជាតិខ្មែរ នៅក្នុងពេលដែល
បទល្មើស ត្រូវបានប្រព្រឹត្ត។[37] គ.
ការត្រួតពិនិត្យមើលនីត្យានុកូលភាពនៃច្បាប់ព្រហ្មទណ្ឌ អត្ថបទដែលបង្កើតបទល្មើសព្រហ្មទណ្ឌ
ត្រូវតែស្របនឹងឋានានុក្រមថ្នាក់លើ បើពុំដូច្នោះទេ វានឹងត្រូវប្រកាសមោឃភាព មានន័យថា
មិនត្រូវយកមកអនុវត្តទេ។ ១.៣.២ ធាតុសត្យានុម័ត ឬ
ធាតុសម្ភារៈ ធាតុសត្យានុម័ត
គឺជាការប្រព្រឹត្តអំពើល្មើសនឹងច្បាប់ និង មានផលវិបាក ឬ លទ្ធផល
កើតទ្បើងពីអំពើល្មើសនោះពិតប្រាកដ។ មានន័យថា ជាសកម្មភាព ឬ កាយវិការរបស់ជនល្មើស
ដែលស្តែងទ្បើងក្រោមរូបភាពសកម្មក្តី អកម្មក្តី ហើយដើម្បីប្រព្រឹត្តអំពើល្មើស
ជនល្មើស អាចប្រើប្រាស់មធ្យោបាយមួយចំនួន ដូចជា ការប្រើប្រាស់ ឧបករណ៍ផ្សេងៗ
កលល្បិចបញ្ជោត ឬ ធ្វើសកម្មភាពពួនស្ទាក់ ជាដើម។ ឧទាហរណ៍ៈ ជនល្មើស
ប្រើកាំបិតចាក់ទៅលើជនរងគ្រោះ ដូច្នេះ ស្នាមនៅលើជនរងគ្រោះ ដូច្នេះ
ស្នាមនៅលើជនរងគ្រោះ ត្រូវតែជាស្នាមកាំបិត មិនមែន ស្នាមពូថៅ ឬ គ្រាប់កាំភ្លើងទ្បើយ។[38]
១.៣.៣
ធាតុអត្តនោម័ត ឬ ធាតុចិត្តសាស្រ្ត ជាគោលការណ៍
ពុំមានបទល្មើសទេ ប្រសិនបើ គ្មានចេតនាប្រព្រឹត្ត។ ប៉ុន្តែ ក្នុងករណីដែល ច្បាប់
បានចែងទុកមុន បទល្មើសមួយ អាចកើតចេញពីការមិនប្រុងប្រយ័ត្ន ការខ្ជីខ្ជា
ការធ្វេសប្រហែស ឬ ការមិនគោរពកាតព្វកិច្ចដោយទ្បែកណាមួយ។[39]
គឺមានន័យថា ធាតុអត្តនោម័ត សំដៅទៅលើ ចិត្តគំនិតរបស់ជនល្មើស ដែលបង្កដោយចេតនាក្តី
អចេតនាក្តី ក្នុងការប្រព្រឹត្តបទល្មើស។ ធាតុអត្តនោម័តខ្លះ
ស្តែងទ្បើងដោយការគិតទុកជាមុន និង ស្តែងទ្បើងភ្លាមៗរបស់ជនល្មើស ដើម្បីសម្រេច
នូវបទល្មើសអ្វីមួយៗ
[1]
.
សាស្រ្តាចារ្យ ឯកឧត្តម រុណ ពណ្ណារិទ្ធ និង
លោកស្រី ចៅក្រម ចាំង ស៊ីណាត នីតិព្រហ្មទណ្ឌទូទៅ ឆ្នាំ ២០១២
[2].មាត្រា ២
នៃក្រមនីតិវិធីព្រហ្មទណ្ឌ ឆ្នាំ ២០០៧ បណ្តឹងអាជ្ញា
មានគោលបំណងពិនិត្យអត្ថិភាពនៃបទល្មើស បង្ហាញឲ្យឃើញពិរុទ្ធភាពនៃ ជនល្មើស និងផ្តន្ទាទោសជននេះ
តាមច្បាប់កំណត។
[3]
. មាត្រា ២
នៃក្រមនីតិវិធីព្រហ្មទណ្ឌ ឆ្នាំ ២០០៧ បណ្តឹងរដ្ឋប្បវេណី
មានគោលបំណងធ្វើឲ្យបានជួសជុលការខូចខាត ដែលបណ្តាលមកពី អំពើល្មើស ដល់ភាគីរងគ្រោះ ហើយក្នុងគោលបំណងនេះ
ឲ្យអ្នករងគ្រោះ បានទទួលសំណងជម្ងឺចិត្តធួនល្មម នឹងព្យសនកម្ម ដែលខ្លួនបានទទួល
[4]
. មាត្រា ១
កថាខណ្ឌទី ២ នៃក្រមព្រហ្មទណ្ឌ ឆ្នាំ ២០០៩
[5]
. ពន្យល់ដោយឯកឧត្តម
ហ៊ី សោភា ឯកឧត្តម ប៊ុន ហ៊ុន
ឯកឧត្តម កើត រិទ្ធ ឯកឧត្តម ផូវ
សំភី និង លោកស្រី ចៅក្រម ចាំង ស៊ីណាត ចងក្រដោយ លោក សឿន មុនីរ័ត្ន ព្រះរាជអាជ្ញារង ខេត្តកំពង់ចាម
មេរៀនក្រមព្រហ្មទណ្ឌនៃព្រះរាជាណាចក្រកម្ពុជា ឆ្នាំ ២០១១
[6]
. មាត្រា ២
វាក្យខណ្ឌទី ២ នៃក្រមព្រហ្មទណ្ឌ ឆ្នាំ ២០០៩
[7]
. មាត្រា
១០ នៃក្រមនីតិវិធីព្រហ្មទណ្ឌ ឆ្នាំ ២០០៦
[8]
. មាត្រា
១៤៤ នៃក្រមព្រហ្មទណ្ឌ ឆ្នាំ ២០០៩
[9] . មាត្រា ៤៤
នៃក្រមនីតិវិធីព្រហ្មទណ្ឌ ឆ្នាំ ២០០៦ បានចែងថា ក្នុងករណីបទឧក្រិដ្ឋ ព្រះរាជអាជ្ញា
ត្រូវតែបើកការស៊ើបសួរ។ ការស៊ើបសួរ ត្រូវបានបើក
តាមដីកាបញ្ជួនរឿងឲ្យស៊ើបសួរ ដែលត្រូវប្តឹងទៅចៅក្រមស៊ើបសួរ។ ការស៊ើបសួរ
អាចបើកប្រឆាំង លើបុគ្គលម្នាក់ ឬ ច្រើននាក់ ដោយមានចង្អុលប្រាប់ឈ្មោះ ឬ
ប្រឆាំងទៅលើអញ្ញាតជន។
ដីកាបញ្ជូនរឿងឲ្យស៊ើបសួរ
រួមមាន៖
-
សេចក្តីសង្ខេបនៃអង្គហេតុ
-
ការកំណត់ឈ្មោះបទល្មើស
-
ការបង្ហាញអត្ថបទច្បាប់ដែលកំណត់ និង
បង្រ្កាបបទល្មើស និង ឈ្មោះបុគ្គលដែលត្រូវរងការស៊ើបសួរ ប្រសិនបើ អាចកំណត់បាន។
ដីកាបញ្ជូនរឿងឲ្យស៊ើបសួរ
ត្រូវចុះកាលបរិច្ឆេទ និង ចុះហត្ថលេខា។ ទម្រង់ការនេះ មានលក្ខណៈដាច់ខាត ត្រូវតែគោរព
បើពុំដូច្នេះទេ ដីកាបញ្ជូនរឿងឲ្យស៊ើបសួរនេះ ត្រូវទុកជាមោឃៈ។
[10] . មាត្រា ៤៩
នៃក្រមនីតិវិធីព្រហ្មទណ្ឌ ឆ្នាំ ២០០៦
[11] . មាត្រា ២៥
នៃក្រមព្រហ្មទណ្ឌ ឆ្នាំ ២០០៩ ត្រូវចាត់ទុកជាចារី
ចំពោះបុគ្គលណា ដែលប្រព្រឹត្តបទល្មើស ដែលត្រូវចោទប្រកាន់ ឬ ត្រូវចាត់ទុក ជាចារីផងដែរ ចំពោះបុគ្គលណា
ដែលប៉ុនប៉ងប្រព្រឹត្តបទឧក្រិដ្ឋ ឬ ក្នុងករណីដែល
ច្បាប់ បានចែងទុក ចំពោះបទមជ្ឈិម។
[12]
. មាត្រា
២៧ នៃក្រមពហ្មទណ្ឌ ឆ្នាំ ២០០៩
[13]
. មាត្រា
២៨ នៃក្រមព្រហ្មទណ្ឌ ឆ្នាំ ២០០៩
[14]
. មាត្រា
២៩ នៃក្រមព្រហ្មទណ្ឌ ឆ្នាំ ២០០៩
[15]
. មាត្រា
៤ នៃក្រមព្រហ្មទណ្ឌ ឆ្នាំ
២០០៩
[16]
. ពន្យល់
និង បកស្រាយ ដោយ ឯកឧត្តម ហ៊ី សោភា ឯកឧត្តម ប៉ុន ហ៊ុន ឯកឧត្តម កើត រិទ្ធ ឯកឧត្តម
ផូវ សំភី និង លោក ស្រី ចាំង ស៊ីណាត
[17]
.មាត្រា
១១ នៃច្បាប់ស្តីពីព្រហ្មទណ្ឌអន្តរកាល
ឆ្នាំ ១៩៩២
[18]
.
សាស្រ្តាចារ្យ សែ វ៉េង នីតិព្រហ្មទណ្ឌទូទៅ ឆ្នាំ ២០១៣
[19]
. មាត្រា ១
នៃច្បាប់ស្តីពីការផ្តន្ទាទោសអំពើភេរវកម្ម ឆ្នាំ ១៩៩២
[20]
. មាត្រា
២៣ នៃក្រមនីតិវិធីព្រហ្មទណ្ឌ ឆ្នាំ ២០០៧
[21]
.
សាស្រ្តាចារ្យ ឯកឧត្តម អនុប្រធានសាលាឧទ្ធរណ៍ សេង ស៊ីវិត្ថា
នីតិព្រហ្មទណ្ឌខ្មែរ ឆ្នាំ ២០១០
[22]
.មាត្រា
៣ នៃក្រមព្រហ្មទណ្ឌ ឆ្នាំ ២០០៩
[23]
. លិខិតុបករណ៍អន្តរជាតិ
គឺជាលិខិតបទដ្ឋានអន្តរជាតិ ដែលបង្កើតទ្បើង រវាងរដ្ឋ និងរដ្ឋ ឬ ក៏រវាង រដ្ឋ
និងអង្គការអន្តរជាតិ។
[24]
. មាត្រា
១៥ នៃកតិកាសញ្ញាអន្តរជាតិ ស្តីពីសិទ្ធិពលរដ្ឋ និងនរយោបាយ ឆ្នាំ ១៩៦៦
[25]
.
សាស្រ្តាចារ្យ ឯកឧត្តម រុន ពណ្ណារិទ្ធ និង
លោកស្រី ចៅក្រម ចាំង ស៊ីណាត ឆ្នាំ ២០១២
[26]
. មាត្រា ៥
នៃក្រមព្រហ្មទណ្ឌ ឆ្នាំ ២០០៩
[27]
. មាត្រា ៥
នៃក្រមព្រហ្មទណ្ឌ ឆ្នាំ ២០០៩
[28]
.
សាស្រ្តាចារ្យ សែ វ៉េង នីតិព្រហ្មទណ្ឌូទៅ ឆ្នាំ ២០១៣
[29]. ច្បាប់សារធាតុ
ឬ ច្បាប់ព្រហ្មទណ្ឌគ្រឹះ គឺជាច្បាប់
ដែលកំណត់ពីបទល្មើស និងពីទោស ដែលត្រូវអនុវត្តលើបទល្មើស ព្រមទាំង លក្ខខណ្ឌ
នៃការទទួលខុសត្រូវរបស់ចារី។
[30]
. ច្បាប់នីតិវិធី
ឬ ច្បាប់ព្រហ្មទណ្ឌទម្រង់ គឺជាច្បាប់
ដែលពាក់ព័ន្ធទៅនឹងការរៀបចំប្រព័ន្ធតុលាការ សមត្ថកិច្ចតុលាការ នីតិវិធីព្រហ្មទណ្ឌ
ផ្លូវនៃបណ្តឹង ផ្លូវតវ៉ា ការអនុវត្តទោស អាជ្ញាយុកាលនៃបណ្តឹងអាជ្ញា
និងអាជ្ញាយុកាលនៃទោស។
[31]
. មាត្រា
១០ នៃក្រមព្រហ្មទណ្ឌ ឆ្នាំ ២០០៩
[32]
. មាត្រា ៩
នៃក្រមព្រហ្មទណ្ឌ ឆ្នាំ ២០០៩
[33]
. មាត្រា
១១ នៃក្រមព្រហ្មទណ្ឌ ឆ្នាំ ២០០៩
[34]
. មាត្រា
១២ នៃក្រមព្រហ្មទណ្ឌ ឆ្នាំ ២០០៩
[35]
. មាត្រា
១៣ នៃក្រមព្រហ្មទណ្ឌ ឆ្នាំ ២០០៩
[36]
. មាត្រា
១៩ នៃក្រមព្រហ្មទណ្ឌ ឆ្នាំ ២០០៩
[37]
. មាត្រា
២០ នៃក្រមព្រហ្មទណ្ឌ ឆ្នាំ ២០០៩