សេចក្តីផ្តើម
ច្បាប់ព្រហ្មទណ្ឌ
គឺជាច្បាប់មានសារៈសំខាន់ណាស់
សម្រាប់ការការពារសង្គម ក៏ដូចជា
ការការពារសេរីភាពបុគ្គលដែរ ដោយអនុញ្ញាតឲ្យជន ដែលគ្មានកំហុស អាចជៀសផុតពី
ការភាន់ច្រទ្បំផ្នែកតុលាការ ពោលគឺឲ្យជនជាប់ចោទការពារខ្លួន
ផ្តល់នូវអំណៈអំណាងបញ្ជាក់ពី ភាពបរិសុទ្ធរបស់ខ្លួន។ នីតិព្រហ្មទណ្ឌ
គឺជាផ្នែកមួយនៃនីតិ ដែលទាក់ទងយ៉ាងខ្លាំង ទៅនឹង ជីវភាពរបស់មនុស្សនៅក្នុងសង្គមជាក់ស្តែង។
រឿងព្រហ្មទណ្ឌ ត្រូវបានផ្សព្វផ្សាយយ៉ាងខ្លាំង តាមរយៈ ប្រព័ន្ធផ្សព្វផ្សាយនានា
នៅក្នុងប្រទេស។ និយាយជារួម នីតិព្រហ្មទណ្ឌ ជានីតិដែលឆ្លុះ បញ្ចាំង
ពីតម្លៃរបស់សង្គម។
១. កម្មវត្ថុនីតិព្រហ្មទណ្ឌ សង្គមមនុស្សតែងតែរៀបចំរបៀបទំនាក់ទំនង
រវាងមនុស្សក្នុងសង្គម ដោយបង្កើតជាវិធានផ្សេងៗ ក៏ប៉ុន្តែ ជានិច្ចកាល
គេរមែងឃើញមានការរំលោភបំពាន ទៅលើវិធានច្បាប់
ជារឿយ។ ហេតុដូច្នេះ សង្គម ត្រូវតែឆ្លើយតបទៅនឹងការរំលោភបំពានទាំងនេះវិញ ដោយធ្វើការដាក់ ទណ្ឌកម្មទៅលើអ្នកដែលរំលោភបំពានទាំងអស់។
គោលបំណងរបស់នីតិព្រហ្មទណ្ឌ គឺការពារសង្គមប្រឆាំងនឹងអំពើ ឬ
អាកប្បកិរិយាដែលផ្ទុយនឹងច្បាប់ ក្នុងគោលដៅការពារ សណ្តាប់ធ្នាប់និងសន្តិសុខសាធារណៈ។
កម្មវត្ថុធំបំផុតរបស់នីតិព្រហ្មទណ្ឌគឺ បទល្មើស។
២.
មុខងារនីតិព្រហ្មទណ្ឌ មុខងារចម្បងរបស់នីតិព្រហ្មទណ្ឌ
គឺជាមុខងារបង្រ្កាប បានន័យថា បង្រ្កាបរាល់អំពើផ្ទុយ ច្បាប់ព្រហ្មទណ្ឌ។ ទន្ទឹមនឹងនេះ
នីតិព្រហ្មទណ្ឌ ក៏មានមុខងារបង្ការផងដែរ សម្រាប់ទណ្ឌិត និង សម្រាប់ជនដទៃទៀតផង
បានសេចក្តីថា នីតិព្រហ្មទណ្ឌ ធ្វើឲ្យជនទាំងទ្បាយ ភ័យខ្លាចនឹង ទណ្ឌកម្មផ្សេងៗ
ហើយលែងហ៊ានប្រព្រឹត្ត អំពើល្មើសតទៅទៀត។ ជាចុងក្រោយបំផុត នីតិព្រហ្មទណ្ឌ ដើរតួនាទី
ជាអ្នកធ្វើឲ្យទណ្ឌិតចូលចុះក្នុងសង្គមវិញ តាមរយៈវិធានការផ្សេងៗ ដូចជា
វិធានការអប់រំ។
៣.
មែងធាងនៃនីតិព្រហ្មទណ្ឌ ៣.១ នីតិព្រហ្មទណ្ឌទូទៅ នីតិព្រហ្មទណ្ឌទូទៅ
មានកម្មវត្ថុរៀបចំវិធានជារួម ស្តីពីបទល្មើស និងទោស ដែលត្រូវផ្តន្ទា
ចំពោះបទល្មើសនីមួយៗ និយាយរួម ការសិក្សានីតិព្រហ្មទណ្ឌទូទៅ គឺជាការសិក្សាពីគោលការណ៍
ទាក់ទងនឹង បទល្មើស ការទទួលខុសត្រូវព្រហ្មទណ្ឌ និងទោស។ ៣.២ នីតិព្រហ្មទណ្ឌពិសេស នីតិព្រហ្មទណ្ឌពិសេស គឺជានីតិ
ដែលសិក្សា អំពីបទល្មើសនីមួយៗ លើអត្ថន័យ និងលើការអនុវត្តគោលការណ៍
នៃនីតិព្រហ្មទណ្ឌទូទៅ ក្នុងនោះមានធាតុផ្សំនៃបទល្មើស និងក្នុងការកំណត់
នូវទណ្ឌកម្មនៃបទល្មើសនីមួយៗ។ ៣.៣ នីតិវិធីព្រហ្មទណ្ឌ គឺជាច្បាប់ ដែលសិក្សាអំពីរបៀបរៀបចំអំណាចតុលាការជាជាន់ថ្នាក់
ការរៀបចំជាវិធី ដើម្បីតម្រូវឲ្យសាលាជម្រះក្តីគោរពតាមគោលការណ៍ ដែលត្រូវគោរពសិទ្ធិ
និង សេរីភាពបុគ្គល ក្នុងការឃាត់ខ្លួន ឃុំខ្លួន និង វិធីផ្សេងៗទៀត
ដើម្បីត្រួតពិនិត្យការអនុវត្តច្បាប់ ដោយអង្គការតុលាការគ្រប់ជាន់ថ្នាក់។ ៤.
ប្រភពនៃនីតិព្រហ្មទណ្ឌ ៤.១ ប្រភពជាតិៈ ព្រះរាជាណាចក្រកម្ពុជា
ទទួលស្គាល់ និង គោរពសិទ្ធិមនុស្ស ដូចមានចែងក្នុងធម្មនុញ្ញ នៃអង្គការសហប្រជាជាតិ
សេចក្តីប្រកាសជាសកលស្តីពីសិទ្ធិមនុស្ស និង កតិកាសញ្ញា ព្រមទាំង អនុសញ្ញាទាំងទ្បាយ ទាក់ទងនឹងសិទ្ធិមនុស្ស
សិទ្ធិនារី និង សិទ្ធិកុមារ។ ប្រជាពលរដ្ឋខ្មែរ
មានសិទ្ធិស្មើគ្នាចំពោះមុខច្បាប់ មានសិទ្ធិសេរីភាព និង ករណីយកិច្ច ដូចគ្នាទាំងអស់ ដោយឥតប្រកាន់ពូជសាសន៍
ពណ៌សប្បុរ ភេទ ភាសា ជំនឿសាសនា និន្នាការ នយោបាយ ដើមកំណើតជាតិ ឋានៈសង្គម ធនធាន ឬ
ស្ថានភាពឯទៀតទ្បើយ។ ការប្រើសិទ្ធិសេរីភាពផ្ទាល់ខ្លួន របស់បុគ្គលម្នាក់ៗ
មិនត្រូវឲ្យប៉ះពាល់ ដល់សិទ្ធិសេរីភាពអ្នកដទៃទ្បើយ។ ការប្រើ សិទ្ធិសេរីភាពនេះ
ត្រូវប្រព្រឹត្តតាមលក្ខខណ្ឌកំណត់ក្នុងច្បាប់។[1]
មាត្រា
៣៨ ចង្អុលបង្ហាញអំពីគោលការណ៍គ្រឹះនៃនីតិវិធីព្រហ្មទណ្ឌថា “ការចោទប្រកាន់ ការចាប់ខ្លួន
ការឃាត់ខ្លួន ឬ ការឃុំខ្លួនជនណាមួយ នឹងអាចធ្វើទៅកើតលុះត្រាតែ អនុវត្តតាម ច្បាប់។ ការបង្ខិតបង្ខំ
ការធ្វើបាបលើរូបរាងកាយ ឬ ប្រព្រឹត្តកម្មណាមួយ ដែលបន្ថែមទម្ងន់ទណ្ឌកម្ម
អនុវត្តចំពោះជនជាប់ឃុំឃាំង ឬ ជាប់ពន្ធនាគារ ត្រូវហាមឃាត់មិនឲ្យធ្វើទ្បើយ។ អ្នកដៃដល់ អ្នករួមប្រព្រឹត្ត និង
អ្នកសមគំនិត ត្រូវទទួលទោសតាមច្បាប់។ ការទទួលសារភាព
ដែលកើតទ្បើងពីការបង្ខិតបង្ខំតាមផ្លូវកាយក្តី តាមផ្លូវចិត្តក្តី មិនត្រូវទុក ជាភស្តុតាងនៃពិរុទ្ធភាពទេ។ វិមតិសង្ស័យ
ត្រូវបានជាប្រយោជន៍ដល់ជនជាប់ចោទ។ ជនណាក៏ដោយ
ត្រូវទុកជាមនុស្សឥតទោស ដរាបណាតុលាការ មិនទាន់កាត់ទោសជា ស្ថាពរ។ ជនគ្រប់រូប
មានសិទ្ធិការពារខ្លួនតាមផ្លូវច្បាប់។[2]
លើសពីនេះ
សេរីភាពក្នុងការដើរឆ្ងាយ ជិត និង តាំងទីលំនៅក្នុងស្ថានភាពស្របច្បាប់
របស់ប្រជាពលរដ្ឋត្រូវបានគោរព។ ប្រជាពលរដ្ឋខ្មែរ អាចចេញទៅតាំងទីលំនៅប្រទេសក្រៅ ឬ
វិលត្រទ្បប់មកវិញបាន។ ការរក្សាសិទ្ធិមិនឲ្យរំលោភលើលំនៅឋាន
និង អាថ៌កំបាំងនៃការឆ្លើយឆ្លងតាមលិខិត តាមសារទូរលេខ ទូរពុម្ភ ទូរគមន៌ និង
តាមទូរស័ព្ទ ត្រូវបានធានា។ ការឆែកឆេរលំនៅឋាន
សម្ភារៈ វត្ថុ និង លើរូបបុគ្គល ត្រូវធ្វើឲ្យស្របនឹងបញ្ញត្តិច្បាប់។[3]
៤.២ ប្រភពអន្តរជាតិ
ក្រៅពីរដ្ឋធម្មនុញ្ញ នៅមានបទដ្ឋានអន្តរជាតិមួយចំនួន
ចែងពីគោលការណ៍នានាទាក់ទងនឹងនីតិវិធីព្រហ្មទណ្ឌ។ មាត្រា ៧ នៃសេចក្តីប្រកាសជាសាកលស្តីពីសិទ្ធិមនុស្ស ឆ្នាំ ១៩៤៨ បានចែងថា
មនុស្សគ្រប់ មានសិទ្ធិស្មើគ្នាៗគ្នា ចំពោះច្បាប់ និងមានសិទ្ធិទទួលបានកិច្ចការពារពីច្បាប់ស្មើៗគ្នា
ដោយគ្មានការរើសអើង។ មនុស្សគ្រប់រូប មានសិទ្ធិទទួលការការពារស្មើៗគ្នាប្រឆាំងនឹងការរើសអើងណាដែលរំលោភលើសេចក្តីប្រកាសនេះ
ព្រមទាំងប្រឆាំងនឹងការញុះញង់ឲ្យមានការរើសអើង។[4]
មនុស្សគ្រប់រូប
មានសិទ្ធិរកដំណោះស្រាយជាក់ស្តែងមួយ នៅចំពោះមុខសាលាជម្រះក្តី ជាតិ ដែលមានសមត្ថកិច្ច
ចំពោះអំពើទាំងទ្បាយណា ដែលរំលោភសិទ្ធិមូលដ្ឋានរបស់ខ្លួន
ដែលត្រូវបានទទួលស្គាល់ដោយរដ្ឋធម្មនុញ្ញ ឬដោយច្បាប់។[5]
គ្មានជនណាម្នាក់
ត្រូវបានចាប់ខ្លួន ឃុំខ្លួន ឬ និរទេសខ្លួន ដោយបំពាន់ទ្បើយ។[6]
លើសពីនេះ
មនុស្សគ្រប់រូប មានសិទ្ធិស្មើគ្នាពេញលេញ សុំឲ្យតុលាការឯករាជ្យ និង មិនលំអៀង ពិនិត្យរឿងក្តីរបស់ខ្លួន
ជាសាធារណៈ និង ដោយសមធម៌ ដើម្បីសម្រេចលើសិទ្ធិ កាតព្វកិច្ច និង ភាពសមហេតុផល
ចំពោះការចោទប្រកាន់ទាំងទ្បាយខាងព្រហ្មទណ្ឌ។[7]
មួយវិញទៀត
ជនណាដែលជាប់ចោទពីបទល្មើសព្រហ្មទណ្ឌ ត្រូវសន្មត់ជាជនគ្មានទោស រហូតដល់ពិរុទ្ធភាព
ត្រូវបានរកឃើញ នៅក្នុងសវនាការជាសាធារណៈ ដែលមានការធានាចាំបាច់
ដើម្បីការពារសិទ្ធិជនជាប់ចោទ ពីបទល្មើសព្រហ្មទណ្ឌ។ គ្មានជនណាម្នាក់ ត្រូវបានផ្តន្ទាទោស ពីបទល្មើសព្រហ្មទណ្ឌ
ដោយបានប្រព្រឹត្ត ឬ ភ្លាំងភ្លាត់ប្រព្រឹត្ត ដែលអំពើនេះមិនបានចែងក្នុងច្បាប់ជាតិ ឬ
អន្តរជាតិ។ មិនត្រូវផ្តទន្ទាទោសឲ្យធ្ងន់ជាងទោស ដែលបានកំណត់ឲ្យអនុវត្ត ក្នុងអំទ្បុងពេលបទល្មើស
បានកើតទ្បើងទ្បើង។[8]
មាត្រា ១៤
នៃកតិកាលសញ្ញាស្តីពីសិទ្ធិពលរដ្ឋ និង សិទ្ធិនយោបាយ ឆ្នាំ ១៩៦៦ បានកំណត់ថា
ជនគ្រប់រូប ត្រូវមានភាពស្មើគ្នា ចំពោះមុខតុលាការ និង សាលាជម្រះក្តី។ ជនគ្រប់រូប
ត្រូវមានសិទ្ធិឲ្យសាលាក្តីមានសមត្ថកិច្ច ឯករាជ្យ និង មិនលម្អៀង
ដែលបង្កើតទ្បើងដោយច្បាប់ ជំនុំជម្រះរឿងក្តីរបស់ខ្លួន ដោយសមធម៌ និងជាសាធារណៈ
ដើម្បីសម្រេចលើការចោទប្រកាន់ ប្រឆាំងមកលើខ្លួន ក្នុងវិស័យព្រហ្មទណ្ឌ ឬ លើសិទ្ធិ
និង ករណីយកិច្ច ក្នុងវិស័យរដ្ឋប្បវេណី។ ជនដែលជាប់ចោទពីបទព្រហ្មទណ្ឌ ត្រូវបានសន្មតជាមុនថាជាជនគ្មានទោស រហូតដល់
ពិរទ្ធភាពរបស់ខ្លួន ត្រូវបានកំណត់ស្របតាមច្បាប់។ ក្នុងការសម្រេចសេចក្តីចោទប្រកាន់
ពី បទព្រហ្មទណ្ឌណាមួយ ប្រឆាំងមកលើខ្លួន
ជនគ្រប់រូប មានសិទ្ធិទទួលបានការធានាជាអប្បបរិមា ដោយស្មើភាពគ្នាយ៉ាងពេញលេញ
ដូចខាងក្រោមៈ
-
ត្រូវបានព័ត៌មានភ្លាមៗ និង ដោយលម្អិតអំពីប្រភេទ និង
មូលហេតុនៃការចោទប្រកាន់មក លើខ្លួន ជាភាសាដែលជននោះចេះ។ -
ត្រូវបានជំនុំជម្រះដោយឥតពន្យារពេលយូររហួស។ - ត្រូវបានជំនុជម្រះដោយមានវត្តមានរបស់ខ្លួន
និង ការពារខ្លួនដោយផ្ទាល់ឯង ឬ តាមរយៈ ជំនួយការច្បាប់ តាមការជម្រើសរបស់ខ្លួន និង
ត្រូវបានប្រាប់ឲ្យដឹងអំពីសិទ្ធិនេះ ប្រសិនបើ ខ្លួនគ្មានជំនួយការច្បាប់
ហើយត្រូវទទួលបានជំនួយការច្បាប់សម្រាប់ខ្លួន ក្នុងករណីដែល ផលប្រយោជន៍យុត្តិធម៌ តម្រូវឲ្យធ្វើដូច្នេះ
និង ដោយឥតបង់ថ្លៃ នៅគ្រប់ករណីបែបនេះ ប្រសិនបើជនជាប់ចោទ គ្មានមធ្យោបាយគ្រប់គ្រាន់
ដើម្បីចំណាយទៅលើជំនួយការច្បាប់ទេ។ -
ត្រូវមានការសួរចម្លើយ ឬ សុំឲ្យសួរចម្លើយ ទៅលើសាក្សីដាក់បន្ទុក និង
សុំឲ្យសាក្សីដោះបន្ទុកចូលខ្លួន ដើម្បីសួរចម្លើយក្នុងនាមខ្លួន ក្នុងលក្ខខណ្ឌដូចគ្នានឹងសាក្សីដាក់បន្ទុក។ ជនគ្រប់រូប
ដែលជាប់ពិរុទ្ធពីបទល្មើសព្រហ្មទណ្ឌ ត្រូវមានសិទ្ធិសុំឲ្យសាលាជម្រក្តីជាន់ខ្ពស់
ពិនិត្យទៅលើការប្រកាសពិរុទ្ធភាព និង ការផ្តន្ទាទោសទ្បើងវិញ ស្របតាមច្បាប់។ នៅពេលជនណាម្នាក់
ត្រូវបានប្រកាសឲ្យជាប់ពិរុទ្ធបទព្រហ្មទណ្ឌជាស្ថាពរ ហើយក្រោយ មកការប្រកាសឲ្យជាប់ពិរុទ្ធិនេះ
ត្រូវបានបដិសេធ ឬ ត្រូវបានលើកលែងទោស ដោយហេតុថា អង្គហេតុថ្មី ឬ ដែលបានរកឃើញថ្មី
បញ្ជាក់យ៉ាងច្បាស់ថា មានការខុសឆ្គងពីសំណាក់តុលាការ ជនដែលទទួលរងគ្រោះ ដោយសារ ការដាក់ទោសនេះ ត្រូវទទួលសំណងស្របទៅតាមច្បាប់ លើកលែងតែ
មានការកំណត់បង្ហាញថា
ការមិនលាតត្រដាងអាថ៌កំបាំង នៃការពិតទាន់ពេល
បណ្តាលមកពីជននោះទាំងស្រុង ឬ មួយផ្នែក។ គ្មានជនណាម្នាក់
ត្រូវយកមកចោទប្រកាន់ ឬ យកមកផ្តន្ទាទោសសារជាថ្មីទ្បើយ ចំពោះ បទល្មើស
ដែលបានផ្តន្ទាទោសជាស្ថាពរ ឬ បានលើកលែង ទោសស្របច្បាប់ និង នីតិវិធីព្រហ្មទណ្ឌរបស់រដ្ឋនីមួយៗរួចហើយ។[9]
[1]
. មាត្រា
៣១ នៃរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា ឆ្នាំ ១៩៩៣
[2]
. មាត្រា
៣៨ នៃរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា ឆ្នាំ ១៩៩៣
[3]
. មាត្រា
៤០ នៃរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា ឆ្នាំ ១៩៩៣
[4]
. មាត្រា ៧
នៃសេចក្តីប្រកាសជាសាកលស្តីពីសិទ្ធិមនុស្ស ឆ្នាំ ១៩៤៨
[5]
. មាត្រា ៨
នៃសេចក្តីប្រកាសជាសកលស្តីពីសិទ្ធិមនុស្ស ឆ្នាំ ១៩៤៨
[6]
. មាត្រា ៩
នៃសេចក្តីប្រកាសជាសកលស្តីពីសិទ្ធិមនុស្ស ឆ្នាំ ១៩៤៨
[7]
. មាត្រា
១០ នៃសេចក្តីប្រកាសជាសកលស្តីពីសិទ្ធិមនុស្ស ឆ្នាំ ១៩៤៨
[8]
. មាត្រា
១១ នៃសេចក្តីប្រកាសជាសកលស្តីពីសិទ្ធិមនុស្ស ឆ្នាំ ១៩៤៨
[9]
. មាត្រា
១៤ នៃកាតិកាលសញ្ញាអន្តរជាតិ ស្តីពីសិទ្ធិពលរដ្ឋ និង សិទ្ធិនយោបាយ ឆ្នាំ
១៩៧៦
Casino Review - DrmCD
ReplyDeleteIf you 통영 출장마사지 love slots, you will love the casino. We have listed all 대전광역 출장안마 the games that 거제 출장마사지 are provided on the 경산 출장마사지 site including jackpots, 원주 출장마사지 table games, jackpots