ភូមិសាស្ត្រនយោបាយចិន
តើជិតដល់វេនប្រទេសចិនហើយឬ ដែលត្រូវជាប់លេខ១ពិភពលោក?
នាអនាគតខាងមុខ តើប្រទេសណាមួយនឹងក្លាយជាលេខ១ពិភពលោក ជំនួសសហរដ្ឋអាមេរិក?ក្នុងខណៈនេះ និងនៅក្នុងលោកសព្វថ្ងៃ ប្រទេសចិនលេចមុខជាងគេ។ អានុភាពរបស់មហាយក្សចិន កើនលឿន និងកើនខ្លាំងឡើងជាលំដាប់ ពីមួយឆ្នាំទៅមួយឆ្នាំទាំងនៅលើវិស័យសេដ្ឋកិច្ច យោធា និងនយោបាយ។ ម្ល៉ោះហើយ បើគ្មានឧបសគ្គអ្វីធំដុំទេ និងបើគ្មានភាពចៃដន្យធ្ងន់ធ្ងរនៃប្រវត្តិសាស្រ្តទេ មិនយូរមិនឆាប់ ចិននឹងច្បាស់ជាក្លាយទៅជាមហាអំណាចពិភពលោកទីមួយ មិនខានឡើយ។
ពី មួយឆ្នាំទៅមួយឆ្នាំ ចិនពង្រឹងឲ្យមាំខ្លាំងឡើងជាលំដាប់ ទីតាំងរបស់ខ្លួននៅលើឆាកអន្តរជាតិ។ តាមរយៈការរៀបចំល្បែងកីឡាអូឡាំពិកនៅឆ្នាំ២០០៨ តាមរយៈការសម្តែងឫទ្ធិរំឭកខួប៦០ឆ្នាំនៃរបបកុម្មុយនិស្តនៅឆ្នាំ ២០០៩ និងតាមរយៈការតាំងពិព័រណ៍សកលនៅទីក្រុងសៀងហៃនៅឆ្នាំ២០១០នេះ ប្រទេសចិនបង្ហាញខ្លួន ជាមហាអំណាចពិភពលោក ជាមហាប្រទេសមួយដែលរកឃើញវិញហើយមហិទ្ធានុភាពដែលខ្លួនបានបាត់បង់ តាំងពីពាក់កណ្តាលសតវត្សរ៍ទី១៩មកម្ល៉េះ។
តាំងពីខែវិច្ឆិកា ឆ្នាំ២០០៨មក ចិនមិនត្រឹមតែមិនបានទទួលរងធ្ងន់ធ្ងរចំហាយអាក្រក់ របស់វិបត្តិសេដ្ឋកិច្ចសកលតែប៉ុណ្ណោះទេ តែថែមទាំងបានក្លាយជាក្បាលម៉ាស៊ីនដែលអូសទាញសេដ្ឋកិច្ចពិភពលោក ទាំងមូលទៅទៀត និងបានលេចត្រដែតឡើង កាន់តែលឿននិងកាន់តែច្បាស់ ជាមហាអំណាចមួយប្រកែកមិនបាន។ ជាក់ស្តែង នៅចុងឆ្នាំ២០០៩ ចិនបានវ៉ាឈ្នះប្រទេសអាល្លឺម៉ង់ ដោយបានក្លាយជាប្រទេសជាប់ចំណាត់ថ្នាក់លេខ១ ខាងនាំទំនិញទៅក្រៅប្រទេស និងនៅឆមាសទី១នៃឆ្នាំ២០១០នេះ ចិនបានវ៉ាឈ្នះប្រទេសជប៉ុន ដោយបានក្លាយជាមហាអំណាចសេដ្ឋកិច្ចពិភពលោកទី២។
ក្រៅពីនេះ ប្រទេសចិនមាននៅក្នុងដៃ ប័ណ្ណរតនាគាររបស់អាមេរិក គិតជាទឹកប្រាក់ប្រមាណ៨រយពាន់លានដុល្លារ។ អ៊ីចឹងហើយបានជាចិនដែលចាយតិចនិងសម្បូណ៌ទៅដោយសញ្ច័យធន ក្លាយជាម្ចាស់បំណុលរបស់សហរដ្ឋអាមេរិកដែលចាយធំ ទោះបីជាសេដ្ឋកិច្ចចិននៅអន់ជាងសេដ្ឋកិច្ចរបស់អាមេរិក៣ដងក៏ដោយ។
នៅ លើវិស័យយោធាវិញ ប្រាក់ចំណាយរបស់ប្រទេសចិនបានកើនឡើង៥ដង ក្នុងអំឡុងពេល១០ឆ្នាំចុងក្រោយនេះ កើនដល់ជិត៦ម៉ឺនលានដុល្លារ នៅឆ្នាំ២០១០នេះ។ ចិនកំពុងបន្តកម្មវិធីនវូបនីយកម្មនៃប្រព័ន្ធមីស៊ីលប្រឆាំងនាវា ចម្បាំង នៃប្រព័ន្ធមីស៊ីលបាញ់បានឆ្ងាយ និងនៃប្រព័ន្ធមីស៊ីលប្រឆាំងមីស៊ីល។
ទន្ទឹមជាមួយគ្នានេះ ថ្នាក់ដឹកនាំចិនបាននិងកំពុងបន្តខ្នះខ្នែងបញ្ចុះបញ្ចូលពិភពលោកឲ្យ យល់ថា ប្រទេសខ្លួនចង់លេចត្រដែតឡើងដោយសន្តិវិធី ជាមហាអំណាចពិភពលោក។ នៅក្នុងន័យនេះ ចិនចូលរួមចំណែកកាន់តែសកម្មក្នុងប្រតិបត្តិការរក្សាសន្តិភាព នៅក្នុងលោក បង្កើនបណ្តាញនៃវិជ្ជាស្ថានខុងជឺ(Confucius) នៅគ្រប់ជ្រុងជ្រោយក្នុងពិភពលោក ដើម្បីផ្សព្វផ្សាយវប្បធម៌ចិន។
នៅ ក្នុងន័យដូចគ្នាអ៊ីចឹងដែរ ថ្មីៗកន្លងទៅនេះ ក្រោយបរាជ័យនៃជំនួបកំពូលស្តីពីអាកាសធាតុ នៅទីក្រុងកូប៉េនហាក(Copenhague) លោកប្រធានាធិបតីចិនហ៊ូ ជីងតៅ (Hu Jintao) បានតុបតែងឡើងនូវយុទ្ធសាស្រ្តនយោបាយថ្មីមួយដែលមានភ្ជាប់មកនូវ ទស្សនវិស័យអន្តរជាតិ ជាលើកទីមួយបង្អស់។
តាមរយៈការផ្សព្វផ្សាយ យ៉ាងទូលំទូលាយឯកសារនេះ ទីក្រុងប៉េកាំង ចង់ឲ្យពិភពលោកយល់ថា ចិនជាមហាអំណាចមួយដែលមានស្មារតីទទួលខុសត្រូវខ្ពស់ ចំពោះរាល់បញ្ហាធំៗដែលពិភពលោកជួបប្រទះ រួមទាំងបញ្ហាអាកាសធាតុផងដែរ។
មានឆន្ទៈលេចត្រដែតឡើងដោយ សន្តិវិធីមែនពិត តែប្រទេសចិនមិនបណ្តោយឲ្យបស្ចិមលោកដឹកច្រមុះជាដាច់ខាត ហើយក៏មិនទទួលដែរមេរៀនប្រជាធិបតេយ្យ និងមេរៀនសីលធម៌ ពីសំណាក់បរទេស។ ជាក់ស្តែង នៅដើមឆ្នាំ២០១០កន្លងទៅនេះ រដ្ឋអំណាចចិនបានកាត់ទោសឲ្យអ្នកជំទាស់នយោបាយ លាវ សៀវប៉ូ(Liu Xiaobo) ជាប់គុក១១ឆ្នាំ ទោះជាមានការរិះគន់និងការសុំឲ្យលើកលែងទោស ពីសំណាក់បណ្តាបស្ចិមប្រទេសក៏ដោយ។
នៅឆ្នាំ២០១០នេះដែរ ជនជាតិអង់គ្លេសម្នាក់ដែលបានរត់ពន្ធគ្រឿងញៀន ត្រូវបានរបបទីក្រុងប៉េកាំងប្រហារជីវិតចោល ទោះបីជាមានការសុំឲ្យអធ្យាស្រ័យនិងក្រោយមកការដាក់សម្ពាធពី សំណាក់នាយករដ្ឋមន្ត្រីអង់គ្លេសហ្គដុន ប្រោន(Gordon Brown) ផ្ទាល់ក៏ដោយ។
ដោយ ឡែក ថ្នាក់ដឹកនាំចិននិងគណបក្សកុម្មុយនិស្តចិន បន្តប្រឆាំងជានិច្ចនឹងរាល់ទង្វើព្រមទាំងរាល់សេចក្តីសម្រេចចិត្ត របស់សហរដ្ឋអាមេរិកនៅលើឆាកអន្តរជាតិ ឬនៅលើឆាកនៃតំបន់អាស៊ី។
ជាក់ស្តែង ចិនទទួលបដិសណ្ឋារកិច្ចមិនបានសមរម្យល្អឡើយលោកប្រធានាធិបតីអាមេរិក បារ៉ាក់ អូបាម៉ា(Barack Obama) នាឱកាសទស្សនកិច្ចរបស់លោកនៅទីក្រុងប៉េកាំងកន្លងទៅថ្មីៗនេះ។ ចិនមិនព្រមថ្កោលទោសកូរ៉េខាងជើង ដែលបានបាញ់ពន្លិចនាវាចម្បាំងមួយគ្រឿងរបស់កូរ៉េខាងត្បូង ហើយថែមទាំងរិះគន់សមយុទ្ធរួមគ្នារវាងអាមេរិកនិងកូរ៉េខាងត្បូងទៀត ផង។
តាមមើលទៅ ការចេញមុខប្រឆាំងជានិច្ចនឹងសហរដ្ឋអាមេរិកបែបនេះ មានគោលដៅពីរយ៉ាង។ ម្យ៉ាង រដ្ឋអំណាចចិនចង់ឲ្យពួកអ្នកប្រឆាំងនៅក្នុងស្រុកនិងនៅក្រៅស្រុក យល់ថា សូម្បីតែសហរដ្ឋអាមេរិកក៏មិនអាចជួយពួកគេបានដែរ ម្ល៉ោះហើយគួរតែយល់ព្រមទទួល យកទៅ របបសេដ្ឋកិច្ចសេរីតែនយោបាយបក្សតែមួយដែលកំពុងធ្វើឲ្យប្រទេសចិន លេចត្រដែតឡើងកាន់តែច្បាស់និងកាន់តែលឿន។ ម្យ៉ាងទៀត រដ្ឋអំណាចចិនចង់ឲ្យពិភពលោកយល់ថា ចិនមានមហិច្ឆតាក្លាយជាមហាអំណាចពិភពលោកទីមួយ ជំនួសសហរដ្ឋអាមេរិក ដោយមិនយកគំរូមនោគមវិជ្ជា នយោបាយនិងសេដ្ឋកិច្ច តាមប្រទេសនេះឡើយ។
យ៉ាងណា ក៏ដោយ ប្រទេសចិនមិនអាចវ៉ាឈ្នះសហរដ្ឋអាមេរិក នាពេលឆាប់ៗខាងមុខទៅកើតទេ ពីព្រោះសេដ្ឋកិច្ចអាមេរិកនៅខ្លាំងជាងសេដ្ឋកិច្ចចិនយ៉ាងតិច៣ដង ហើយពីព្រោះសេដ្ឋកិច្ចនៃប្រទេសចិននៅមានលក្ខណៈផុយស្រួយនៅឡើយ។
សេដ្ឋកិច្ចចិនខ្លាំងមែន តែមូលដ្ឋានរបស់វានៅផុយស្រួយ
សេដ្ឋកិច្ចចិនកំពុងមានថាមពលខ្លាំងមែន ក៏ប៉ុន្តែ
វាមានលក្ខណៈផុយស្រួយជាច្រើន ©Reuters
នារយៈពេលពី១៥ទៅ២៥ឆ្នាំខាងមុខ ប្រទេសចិនទំនងជាអាចក្លាយជាមហាអំណាចសេដ្ឋកិច្ចពិភពលោកទី១។ ក៏ប៉ុន្តែ
ចូរកុំភ្លេចថា នៅក្នុងទសវត្សរ៍ទី៨០ គេក៏ធ្លាប់បានឮដែរថា ប្រទេសជប៉ុនដែលកាលណោះកំពុងមានអានុភាពខ្លាំងក្លា
នៅលើវិស័យឧស្សាហកម្ម បច្ចេកវិជ្ជា
និងហិរញ្ញវត្ថុនឹងអាចវ៉ាឈ្នះសហរដ្ឋអាមេរិក។
ក៏ប៉ុន្តែ នៅទីបំផុត ស្ថានភាពមិនបានវិវឌ្ឍទៅ ដូចការគ្រោងទុកឡើយ។ សេដ្ឋកិច្ចចិនកំពុងមានថាមពលខ្លាំងមែន ក៏ប៉ុន្តែវាមានលក្ខណៈផុយស្រួយជាច្រើន ដែលនឹងអាចបង្អាក់ដំណើរនៃមហាយក្សអាស៊ីមួយនេះ ក្នុងការឈោងចាប់លក្ខន្តិកៈជាប្រទេសជាប់លេខ១ពិភពលោក។ប្រទេស ចិនមិនអាចវ៉ាឈ្នះសហរដ្ឋអាមេរិក នាពេលឆាប់ៗខាងមុខទៅកើតទេ ពីព្រោះនៅក្នុងគ្រានេះ សេដ្ឋកិច្ចអាមេរិកនៅខ្លាំងជាងសេដ្ឋកិច្ចចិនយ៉ាងតិច៣ដងឯណោះ។ ក៏ប៉ុន្តែ នារយៈកាលមធ្យម គឺពី១៥ ទៅ២៥ឆ្នាំទៀត ដូចដែលធនាគារហ្គោលមេន សាច់(Goldman Sachs) បានប្រមើលឃើញអ៊ីចឹង ប្រទេសចិននឹងអាចក្លាយជាមហាអំណាចសេដ្ឋកិច្ចពិភពលោកទី១។
ជា ការពិតណាស់ដែលថា សេដ្ឋកិច្ចនៃប្រទេសចិនទំនងជាអាចបន្តកើនឡើងលឿនរហ័ស ដោយសារតែមហាយក្សមួយនេះ សម្បូណ៌សញ្ច័យធន និងសម្បូណ៌ពលករ។ ក៏ប៉ុន្តែ មកទល់ពេលនេះ សេដ្ឋកិច្ចចិនពឹងពាក់បរទេសខ្លាំងពេក បានន័យថា កំណើនខ្លាំងក្លានៃសេដ្ឋកិច្ចចិន ជាលទ្ធផលបានមកពីការលក់ទំនិញទៅបរទេស។ មិនតែប៉ុណ្ណោះ ម៉ាស៊ីនបង្កបង្កើតផលរបស់ប្រទេសចិន ប្រើប្រាស់ ជាពិសេសបច្ចេកវិជ្ជារបស់បរទេស រីឯវត្ថុធាតុដើមសឹងទាំងស្រុង ពិសេសថាមពល ក៏ត្រូវទិញពីបរទេសដែរ។
ដើម្បីបន្តអភិវឌ្ឍ សេដ្ឋកិច្ចនៃប្រទេស និងដឹកនាំប្រទេសឆ្ពោះទៅឈោងចាប់យកលក្ខន្តិកៈ ជាមហាអំណាចសេដ្ឋកិច្ចពិភពលោកទី១បាន ទីក្រុងប៉េកាំងត្រូវតែដោះស្រាយបញ្ហាទាំងបីខាងលើឲ្យបានទាន់ពេល វេលា។
វិបត្តិ សេដ្ឋកិច្ចសកលដែលកាត់បន្ថយការបញ្ជាទិញពីបរទេស បានធ្វើឲ្យថ្នាក់ដឹកនាំចិនភ្ញាក់ខ្លួន និងងាកមកចាប់ផ្តើមផ្តល់សន្ទុះដល់ទីផ្សារផ្ទៃក្នុង ដោយជម្រុញឲ្យប្រជាជនចិនចាយលុយច្រើនជាងមុន ទិញគ្រឿងឧបភោគ និងគ្រឿងបរិភោគច្រើនជាងមុន។
សំណង់នៅចិនកាន់តែរីកច្រើនដូចផ្សិត ©Reuters
ក៏ប៉ុន្តែ
នយោបាយសេដ្ឋកិច្ចថ្មីនេះត្រូវការពេលវេលា ពីព្រោះត្រូវដំឡើងប្រាក់ខែឲ្យពលករបន្តិចម្តងៗ និងត្រូវពង្រឹងប្រព័ន្ធធានារ៉ាប់រងសង្គម
ដើម្បីជួយយកអាសាអ្នកជម្ងឺ អ្នកគ្មានការងារធ្វើ ជនចាស់ជរា និងជនពិការ។
បើពុំនោះសោតទេ ប្រជាជនចិននឹងនៅតែមិនទុកចិត្តអនាគត
ហើយបន្តសន្សំសំចៃលុយ ជាជាងចាយវាយផ្តេសផ្តាស។ ម្ល៉ោះហើយ ចង់ឬមិនចង់ សេដ្ឋកិច្ចចិនដែលត្រូវបន្តពឹងពាក់បរទេសជាច្រើនឆ្នាំតទៅមុខទៀត ជាសេដ្ឋកិច្ចផុយស្រួយ។ទន្ទឹមជាមួយគ្នានេះដែរ នៅលើវិស័យឧស្សាហកម្ម ថ្នាក់ដឹកនាំចិនក៏បាន និងកំពុងបន្តប្រឹងប្រែងកាត់បន្ថយការពឹងពាក់លើបច្ចេកវិជា្ជបរទេស ដែរ។ គោលដៅ គឺបង្កើនឲ្យបានដល់៧០% បរិមាណនៃបច្ចេកវិជ្ជាជាតិ ហើយកាត់បន្ថយឲ្យមកនៅត្រឹមតែ៣០%ប៉ុណ្ណោះបរិមាណនៃបច្ចេកវិជ្ជា បរទេស នៅឆ្នាំ២០២០ខាងមុខ។
យ៉ាងណាមិញ កញ្ចប់ថវិកាសាធារណៈដែលរដ្ឋចិនចាយក្នុងមួយឆ្នាំៗ សម្រាប់វិស័យស្រាវជ្រាវ និងអភិវឌ្ឍន៍ នៅមានទំហំតិចតួចស្តួចស្តើងណាស់ គឺប្រមាណ១,៤% តែប៉ុណ្ណោះនៃផលិតផលដុលក្នុងស្រុក ទល់នឹង៣,៤%សម្រាប់ប្រទេសជប៉ុន និង២,៦% ជាមធ្យមភាគសម្រាប់បណ្តាប្រទេសសមាជិកសហភាពអឺរ៉ុប។
មិន តែប៉ុណ្ណោះ សូម្បីតែនៅលើវិស័យបច្ចេកវិជ្ជាឈានមុខ បណ្តាក្រុមហ៊ុនចិនចាយតិចណាស់សម្រាប់ការស្រាវជ្រាវនិងការអភិវឌ្ឍន៍ ជាមធ្យមភាគគឺមិនដល់៤% ផងនៃទឹកប្រាក់ដែលបានមកពីកិច្ចការជំនួញ ទល់នឹង៣៨% សម្រាប់បណ្តាក្រុមហ៊ុនអាមេរិក និង២៩% សម្រាប់បណ្តាក្រុមហ៊ុនជប៉ុន។ ម្ល៉ោះហើយ ចង់ឬមិនចង់ សេដ្ឋកិច្ចចិនដែលត្រូវបន្តពឹងពាក់បច្ចេកវិជា្ជបរទេសច្រើនឆ្នាំតទៅ មុខទៀត ជាសេដ្ឋកិច្ចផុយស្រួយ។
ដោយឡែក សេដ្ឋកិច្ចចិនក៏ជាសេដ្ឋកិច្ចមួយផុយស្រួយដែរ ដ្បិតល្មោភវត្ថុធាតុដើម ម្ល៉ោះហើយត្រូវពឹងពាក់បរទេសជាប្រចាំ ជាអាទិ៍តាមរយៈការទិញថាមពលពីប្រទេសក្រៅ។ ក្នុងមួយឆ្នាំៗ ប្រទេសចិនលេបត្របាក់១៧,៧% នៃថាមពលទាំងស្រុងដែលត្រូវបានប្រើប្រាស់នៅក្នុងលោក។ តួលេខនេះ នឹងត្រូវកើនទ្វេពីរដង នៅឆ្នាំ២០៣០។ ដើម្បីធានាតម្រូវការថាមពលនៃសេដ្ឋកិច្ចរបស់ប្រទេស ថ្នាក់ដឹកនាំចិន បាននិងកំពុងបន្តអនុវត្តអ្វីដែលគេហៅថា ការទូតថាមពល នៅអាស៊ី នៅអាហ្វ្រិក នៅអាមេរិកខាងត្បូង។ មិនតែប៉ុណ្ណោះ ទីក្រុងប៉េកាំង ក៏បាននិងកំពុងបន្តបង្កើនការជីករុករករ៉ែ នៅក្នុងប្រទេសរបស់ ខ្លួនដែរ ជាអាទិ៍នៅទីបេ។
ក្រៅ ពីបញ្ហាទាំងអម្បាលម៉ានខាងលើ ដែលអាចនឹងបង្អាក់កំណើនសេដ្ឋកិច្ចនៃប្រទេស ថ្នាក់ដឹកនាំចិនយល់ដឹងថា គម្លាតកាន់តែធំរវាងអ្នកមាននិងអ្នកក្រ និងវិបត្តិបរិស្ថាន នឹងអាចគំរាមអំណាចរបស់គណបក្សកុម្មុយនិស្ត នៅថ្ងៃណាមួយជាមិនខានឡើយ។
ជា ការពិតណាស់ដែលថា ការអភិវឌ្ឍន៍លឿនរហ័សនៃសេដ្ឋកិច្ចចិន បានជួយកាត់បន្ថយមិនតិចទេភាពក្រីក្រនៅក្នុងប្រទេស តែវាក៏បានបង្កឲ្យមានវិសមភាពសង្គម និងភាពលូតលាស់មិនស្មើគ្នា នៅតាមតំបន់នានាក្នុងប្រទេសដែរ។
អ្នកនេសាទចិន ©Reuters
នៅក្នុងគ្រានេះ ជាមធ្យមភាគ ប្រាក់ចំណូលរបស់អ្នកទីក្រុងមានទំហំច្រើនជាងប្រាក់ចំណូលរបស់ អ្នកស្រុកស្រែចម្ការពីរដងយ៉ាងតិច។ ប្រជាជនអ្នកស្រុកស្រែចម្ការដែលតំណាង៥៥%នៃចំនួនប្រជាជនទាំងស្រុង ក្តោបក្តាប់បានតែ១១%
នៃទ្រព្យសម្បត្តិជាតិតែប៉ុណ្ណោះ។ ធ្ងន់ធ្ងរជាងនេះទៅទៀត គឺ៣៦%នៃប្រជាជនចិនបន្តរស់ក្នុងភាពក្រីក្រខ្លាំង ហើយតួលេខនេះមិនថយចុះទាល់តែសោះ
តាំងពីឆ្នាំ១៩៩០មក។ទន្ទឹម ជាមួយគ្នានេះ តំបន់ជិតឆ្នេរសមុទ្របន្តអភិវឌ្ឍលឿនមែនទែន នាពេលដែលតំបន់ជាច្រើនចូលជ្រៅទៅខាងក្នុងប្រទេសនៅតែមិនលូតលាស់ សោះ និងនៅបន្តក្រីក្រ ដូចជំនាន់ដើមតទៅទៀត។
ក្រៅពីនេះ វិបត្តិបរិស្ថានកំពុងយាយីសុខភាពសាធារណៈខ្លាំងឡើងៗ។ ឧស្សាហកម្មជំហានយក្ស ការប្រើប្រាស់ច្រើនជ្រុលថាមពលធ្យូងថ្ម និងនគរោបនីយកម្ម លឿនជ្រុល ធ្វើឲ្យចិនក្លាយជាប្រទេសដែលបង្ហុយផ្សែងពុលកាបូនឌីអុកស៊ីត(Dioxyde de carbone) ច្រើនជាងគេ នៅក្នុងពិភពលោកសព្វថ្ងៃ។ ស្ទឹង និងទន្លេបង្ហូរសុទ្ធតែទឹកកខ្វក់ រីឯប្រជាជននៅតាមស្រុកស្រែចម្ការចំនួនជាង៣០០លាននាក់គ្មានទឹកស្អាតប្រើប្រាស់។
អ៊ីចឹង ហើយបានជាប៉ុន្មានឆ្នាំចុងក្រោយនេះ តែងតែមានបាតុកម្ម និងកូដកម្មតូចតាចកើតឡើង ជាពិសេសនៅតាមមូលដ្ឋាន។ សុទ្ធសឹងជាបាតុកម្មប្រឆាំងនឹងវិបត្តិបរិស្ថាន ប្រឆាំងនឹងចំណីអាហារមានជាតិពុល ដែលបានប៉ះពាល់ដល់សុខភាពសាធារណៈ ប្រឆាំងនឹងការរឹបអូសយកដីធ្លី ព្រមទាំងប្រឆាំងនឹងអំពើពុករលួយរបស់អាជ្ញាធរតំបន់។
ជាការពិត ណាស់ដែលថា កូដកម្ម និងបាតុកម្មតូចតាចទាំងនេះ មិនអាចគំរាមរដ្ឋអំណាចចិនបានទេ ក្នុងពេលនេះ។ ក៏ប៉ុន្តែ ចំនួនច្រើនឡើងជាលំដាប់ពីមួយឆ្នាំទៅមួយឆ្នាំ នៃចលនាសង្គមបែបនេះ សុទ្ធសឹងជាសញ្ញាអាសន្ននៃអស្ថិរភាពដ៏ធំមួយដែលនឹងអាចបង្អាក់ ដំណើរបោះពួយទៅមុខនៃកំណើនសេដ្ឋកិច្ចជាតិ បើសិនជាថ្នាក់ដឹកនាំចិនមិនប្រុងប្រយ័ត្ននិងមិនប្រញាប់ដោះស្រាយ នោះទេ៕
ចិន៖ត្រូវគិតពីប្រយោជន៍ជាតិឬការទទួលខុសត្រូវដ្បិតខ្លួនជាមហាអំណាចពិភពលោក?
ប្រធានាធិបតីអាមេរិក (ខាងឆ្វេង) ឱនក្បាលពេលចាប់ដៃប្រធានាធិបតីចិន (ខាងស្ថាំ) © Reuters
នារយៈពេលពី១៥ទៅ២៥ឆ្នាំខាងមុខ ប្រទេសចិននឹងក្លាយជាមហាអំណាចសេដ្ឋកិច្ច
ពិភពលោកទី១។ ម្ល៉ោះហើយ ចង់ឬមិនចង់ ទីក្រុងប៉េកាំង
ដែលកំពុងបន្តលេចត្រដែតឡើងនៅលើឆាកអន្តរជាតិ ត្រូវតែបន្តអភិវឌ្ឍការផ្តោះប្តូរសេដ្ឋកិច្ចជាឧភតោភាគី ហើយទន្ទឹមជាមួយគ្នានេះ ក៏ត្រូវប្រឹងប្រែងជួយរក្សាស្ថិរភាពនៃប្រព័ន្ធអន្តរជាតិបច្ចុប្បន្ន ដែរ
ឲ្យសមនឹងឋានៈរបស់ខ្លួនជាមហាអំណាចពិភពលោក។នៅក្នុង អភិក្រមនៃការពង្រីកឥទ្ធិពលរបស់ខ្លួននៅលើលោក ថ្នាក់ដឹកនាំចិនត្រូវប្រឈមមុខ កាន់តែខ្លាំងនឹងជម្រើសពីរដ៏ពិបាក។ នៅម្ខាង ទីក្រុងប៉េកាំងត្រូវការពារផលប្រយោជន៍របស់ប្រទេសជាតិ តែនៅម្ខាងទៀត ទីក្រុងប៉េកាំងដែលកំពុងក្លាយជាមហាអំណាចពិភពលោក ក៏ត្រូវគិតគូរដែរពីប្រយោជន៍អន្តរជាតិ។
ដូចដែលធ្លាប់បានលើកឡើងហើយ ប្រទេសចិនដែលយកឥទ្ធិពលរបស់ខ្លួននៅអាស៊ី មកធ្វើជាឈ្នាន់ជាន់ឡើង ទៅក្រសោបយកលក្ខន្តិកៈជាមហាអំណាចពិភពលោក មានមធ្យោបាយពីរសំខាន់ដែលប្រទេសជប៉ុនពុំមាន។ នោះគឺ ចិនជាសមាជិកអចិន្ត្រៃយ៍នៃក្រុមប្រឹក្សាសន្តិសុខរបស់អង្គការសហ ប្រជាជាតិ ហើយចិនក៏ជាមហាអំណាចនុយក្លេអ៊ែរដែរ។ ម្ល៉ោះហើយ នៅក្នុងនយោបាយការបរទេសរបស់ខ្លួន ទីក្រុងប៉េកាំងដែលកំពុងបន្តលេចត្រដែតឡើងនៅលើឆាកអន្តរជាតិ ត្រូវតែអភិវឌ្ឍការផ្តោះប្តូរសេដ្ឋកិច្ចជាឧភតោភាគី ហើយទន្ទឹមជាមួយគ្នានេះ ក៏ត្រូវប្រឹងប្រែងជួយរក្សាស្ថិរភាពនៃប្រព័ន្ធអន្តរជាតិដែរ តាមរយៈការពង្រឹងលក្ខណៈពហុភាគីនិយមនិងពហុប៉ូលនៃពិភពលោក បច្ចុប្បន្ន។
ក្នុងគោលដៅការពារផលប្រយោជន៍របស់ប្រទេសជាតិ ការពង្រឹងភាពជាដៃគូសេដ្ឋកិច្ចជាមួយប្រទេសនីមួយៗនិងជាមួយទ្វីប នីមួយៗ ជាការមួយចាំបាច់បំផុត សម្រាប់ថ្នាក់ដឹកនាំចិន។ ពីព្រោះ ធ្វើដូច្នេះ ទីក្រុងប៉េកាំងអាចបន្តទិញពីបរទេស វត្ថុធាតុដើម ពិសេសថាមពលនិងពង្រីកទីផ្សារនៅលើឆាកអន្តរជាតិ សម្រាប់ផលិតផលMade in China (ផលិតនៅចិន) ដែលត្រូវលក់ចេញទៅក្រៅប្រទេស។
ត្រង់នេះ ការបង្កើនទំនាក់ទំនងរវាងចិននិងទ្វីបអាហ្វ្រិក ប៉ុន្មានឆ្នាំចុងក្រោយនេះ ជាឧទាហរណ៍មួយជាក់ស្តែង។ ទំហំនៃការផ្តោះប្តូររវាងចិននិងអាហ្វ្រិកដែលជាទ្វីបសម្បូណ៌ទៅ ដោយធនធានធម្មជាតិ បានកើនឡើងមួយជាបួនក្នុងរយៈពេល១០ឆ្នាំចុងក្រោយនេះ បានកើន គិតជាទឹកប្រាក់ ដល់១០ម៉ឺនលានដុល្លារ នៅឆ្នាំ២០០៨។ ក្នុងន័យនេះ នៅខែវិច្ឆិកាឆ្នាំ២០០៦ ជាលើកទីមួយបង្អស់ ជំនួបកំពូលចិន-អាហ្វ្រិក បានប្រព្រឹត្តទៅនៅទីក្រុងប៉េកាំង។
នៅក្នុងន័យដូចគ្នា អ៊ីចឹងដែរ ទ្វីបអាមេរិកខាងត្បូងបានក្លាយទៅជាដៃគូសេដ្ឋកិច្ចទី៣របស់ប្រទេស ចិន ដោយទំហំនៃការផ្តោះប្តូរបានកើន គិតជាទឹកប្រាក់ដល់ទៅ១៤ម៉ឺនលានដុល្លារ នៅឆ្នាំ២០០៨។ នៅអាមេរិកខាងត្បូង ចិនដាក់ទុនរកស៊ីនៅលើវិស័យរ៉ែនិងប្រេងកាត លក់សម្លៀកបំពាក់ និងគ្រឿង អគ្គីសនី(Electronique) ទៅឲ្យបណ្តាប្រទេសអាមេរិកខាងត្បូង និងទិញពីប្រទេសទាំងនេះមកវិញ នូវផលិតផលកសិកម្មនិងវត្ថុធាតុដើម។ អ៊ីចឹងហើយ បានជាតាំងពីឆ្នាំ២០០៨មក ចិនបានក្លាយជាដៃគូសេដ្ឋកិច្ចទី១របស់ប្រទេសប្រេស៊ីល ជំនួសសហរដ្ឋអាមេរិក។
ក៏ប៉ុន្តែ ការទូតជាឧភតោភាគីរបស់ប្រទេសចិន នៅលើវិស័យសេដ្ឋកិច្ចនិងថាមពល មិនស៊ីចង្វាក់គ្នាឡើយជាមួយនឹងស្មារតីទទួលខុសត្រូវរបស់ទីក្រុង ប៉េកាំង ក្នុងនាមជាថ្នាក់ដឹកនាំនៃប្រទេសមហាអំណាចពិភពលោក។ ជាក់ស្តែងនៅទ្វីបអាហ្វ្រិក ចិនឲ្យអាទិភាពទៅលើតែប្រយោជន៍សេដ្ឋកិច្ចដែលខ្លួនទាញបានពីបណ្តា ប្រទេសដៃគូ ហើយមិនខ្ចីរវីរវល់សោះឡើយអំពីស្ថានភាពនយោបាយនៃប្រទេសទាំងនេះ។ ចិនដែលខ្លាចបរទេសជ្រៀតជ្រែកក្នុងបញ្ហាផ្ទៃក្នុងរបស់ខ្លួន ចាំបាច់ត្រូវតែហាមខ្លួនឯង កុំចូលជ្រៀតជ្រែកក្នុងបញ្ហាផ្ទៃក្នុងរបស់ប្រទេសអាហ្វ្រិកនីមួយៗ។ អ៊ីចឹងហើយ បានជាចិនចាំបាច់ត្រូវតែការពាររដ្ឋាភិបាលស៊ូដង់ (Soudan) ក្នុងសំណុំរឿងដារហ្វួ(Darfour) ឲ្យរួចផុតពីការដាក់ទ័ណ្ឌកម្មពីសំណាក់អង្គការសហប្រជាជាតិ។ ក៏ប៉ុន្តែធ្វើដូច្នេះ ចិនមិនឲ្យតម្លៃខ្លួនឯងក្នុងនាមជាមហាអំណាចពិភពលោក ដែលតាមធម្មតាត្រូវមានស្មារតីទទួលខុសត្រូវខ្លាំងជាងនេះ។
ដូច គ្នាអ៊ីចឹងដែរ នៅក្នុងទំនាក់ទំនងជាមួយសហរដ្ឋអាមេរិក ចិនពិបាកជ្រើសរើសរវាងការ ការពារផលប្រយោជន៍របស់ខ្លួន និងការទទួលខុសត្រូវរបស់ខ្លួន ឲ្យសមជាមហាអំណាចពិភពលោក។
ទំនាក់ទំនង រវាងចិននិងសហរដ្ឋអាមេរិក សំខាន់ណាស់សម្រាប់សេដ្ឋកិច្ចនៃប្រទេសទាំងពីរ ពីព្រោះនៅម្ខាងចិនត្រូវការទីផ្សារសហរដ្ឋអាមេរិក និងនៅម្ខាងទៀតអាមេរិកត្រូវការលុយច្រើនសន្ធឹកសន្ធាប់របស់ចិនដែល ជាប្រទេសសម្បូណ៌សញ្ច័យធន។ សហរដ្ឋអាមេរិកអះអាងថា នយោបាយរក្សាតម្លៃប្រាក់យ័នចិនឲ្យនៅថោកជ្រុល យ៉ាងតិច២០% ថោកជាងតម្លៃពិតប្រាកដរបស់វា បង្កឲ្យមានការប្រកួតប្រជែងមិនស្មោះត្រង់។ ពីព្រោះ ធ្វើយ៉ាងនេះ និងដោយសារតែកម្លាំងពលកម្មនៅក្នុងប្រទេសចិនមានតម្លៃថោក ថ្នាក់ដឹកនាំទីក្រុងប៉េកាំង អាចលក់ផលិតផលទៅក្រៅប្រទេសក្នុងតម្លៃថោកមែនទែន។ ម្ល៉ោះហើយបានជា ទាំងសហរដ្ឋអាមេរិកនិងទាំងសហភាពអឺរ៉ុប ចេះតែទាមទារឲ្យចិនដំឡើងតម្លៃប្រាក់យ័ន។
ក៏ប៉ុន្តែ ត្រង់នេះ ថ្នាក់ដឹកនាំចិនក៏ពិបាកជ្រើសរើសដែរ។ ផលប្រយោជន៍របស់ជាតិ តម្រូវឲ្យទីក្រុងប៉េកាំងបន្តបដិសេធមិនព្រមដំឡើងតម្លៃប្រាក់យ័ន។ ទន្ទឹមជាមួយគ្នានេះ ថ្នាក់ដឹកនាំចិនដឹងថា នយោបាយរក្សាតម្លៃប្រាក់យ័នឲ្យនៅថោកជ្រុលបែបនេះ គំរាមស្ថិរភាពនៃប្រព័ន្ធហិរញ្ញវត្ថុអន្តរជាតិ និងធ្វើឲ្យការផ្តោះប្តូរពាណិជ្ជកម្ម នៅលើឆាកអន្តរជាតិ បាត់បង់តុល្យភាព។
យ៉ាងណាមិញ ក្នុងសំណុំរឿងប្រាក់យ័ន ក៏ដូចក្នុងសំណុំរឿងធាតុអាកាសពិភពលោកកើនកំដៅដែរ មកទល់ពេលនេះ ថ្នាក់ដឹកនាំចិនឲ្យតម្លៃទៅលើផលប្រយោជន៍ជាតិខ្លាំងជ្រុល ខ្លាំងជាងផលប្រយោជន៍អន្តរជាតិ។ អ៊ីចឹងហើយបានជាបស្ចិមលោកជាទូទៅ ចាត់ទុកចិនថាជាប្រទេសឆ្មើងឆ្មៃ គ្មានស្មារតីទទួលខុសត្រូវ មិនសមនឹងមាឌព្រមទាំងទម្ងន់របស់ខ្លួននៅលើឆាកអន្តរជាតិ។
មែនទែនទៅ ការពិតមិនអ៊ីចឹងទាំងស្រុងទេ។ ថ្នាក់ដឹកនាំចិនយល់ណាស់ថា ខ្លួនគ្មានជម្រើសអ្វីក្រៅពីបង្កើនស្មារតីទទួលខុសត្រូវនៅចំពោះ មុខពិភពលោក នាពេលដែលប្រទេសរបស់ខ្លួនលេចត្រដែតឡើងកាន់តែច្បាស់នៅលើឆាក អន្តរជាតិ។ ក៏ប៉ុន្តែ សម្រាប់ទីក្រុងប៉េកាំង នៅមានច្រើនណាស់បញ្ហាដែលខ្លួនត្រូវដោះស្រាយជាអាទិភាព ជាអាទិ៍ ធ្វើកំណែទម្រង់ ដើម្បីកុំឲ្យសេដ្ឋកិច្ចនៃប្រទេសពឹងពាក់បរទេសខ្លាំងពេក កាត់បន្ថយវិសមភាពក្នុងសង្គម បន្តពង្រឹងអនុត្តរភាពសេដ្ឋកិច្ចនៃប្រទេសនៅក្នុងទ្វីបអាស៊ី និងនៅទីបំផុតក្លាយជាមហាអំណាចពិភពលោក ដែលមានស្មារតីទទួលខុសត្រូវខ្ពស់។ ថ្នាក់ដឹកនាំចិនដឹងទៀតថា ការស្លាប់រស់របស់គណបក្សកុម្មុយនិស្ត អាស្រ័យទាំងស្រុងនឹងជ័យជំនះឬបរាជ័យនៃការអនុវត្តន៍ផែនការទាំង អស់នេះ៕
យកឈ្នះដោយមិនចាំបាច់ប្រយុទ្ធ
©រក្សារសិទ្ធិ
ក្នុងខណៈនេះ
និងនៅក្នុងលោកសព្វថ្ងៃ ប្រទេសចិនលេចមុខជាងគេ។ អានុភាពរបស់មហាយក្សចិនកើនលឿន និងកើនខ្លាំងឡើងជាលំដាប់ ពីមួយឆ្នាំទៅមួយឆ្នាំទាំងនៅលើវិស័យសេដ្ឋកិច្ច
យោធា និងនយោបាយ។ ម្ល៉ោះហើយ
បើគ្មានឧបសគ្គអ្វីធំដុំទេ និងបើគ្មានភាពចៃដន្យធ្ងន់ធ្ងរនៃប្រវត្តិសាស្រ្តទេ
មិនយូរមិនឆាប់ ចិននឹងច្បាស់ជាក្លាយទៅជាមហាអំណាចពិភពលោកទីមួយ
មិនខានឡើយ។ ក៏ប៉ុន្តែ
តើអ្វីទៅមហិច្ឆតារបស់ប្រទេសចិន?តើអ្វីទៅ មហិច្ឆតារបស់ប្រទេសចិន? គ្មានទេចម្លើយពិតប្រាកដ។ ប៉ុន្តែ គេត្រូវតែចោទសួរ សាកល្បងយល់ ប្រឹងប្រែងវិភាគ ខ្នះខ្នែងមើលឲ្យធ្លុះ ពីព្រោះការរីកចំរើនលឿនរហ័សពេកនៃមហាយក្សមួយនេះ ទាំងនៅលើផ្នែកសេដ្ឋកិច្ច ទាំងនៅលើផ្នែកយោធា នឹងច្បាស់ជាធ្វើឲ្យប្រែប្រួលមុខមាត់នៃទ្វីបអាស៊ី ក្នុងរយៈកាលមធ្យម និងធ្វើឲ្យប្រែប្រួលមុខមាត់នៃពិភពលោក ក្នុងរយៈកាលវែង។
អាស្រ័យ ទៅលើអ្វីដែលគេបានដឹង ទៅលើអ្វីដែលគេបានវិភាគឃើញ គេអាចនិយាយថា ថ្នាក់ដឹកនាំចិនសព្វថ្ងៃមានមហិច្ឆតាចង់យកឈ្នះ យកឈ្នះទៅលើភាពក្រីក្រ យកឈ្នះទៅលើភាពយឺតយ៉ាវគ្រប់វិស័យរបស់ប្រទេសខ្លួន បើប្រៀបធៀបទៅនឹងបស្ចិមលោក។ យកឈ្នះ ដើម្បីធ្វើឲ្យប្រទេសចិនក្លាយជាអ្នកមាន អ្នកមានអំណាច អ្នកខ្លាំង និងជាអ្នកសង្គមនិយម។
ការពិត មហិច្ឆតានេះមានចំណាស់ជាងមួយរយឆ្នាំមកហើយ។ នៅចុងសតវត្សរ៍ទី១៩ ថ្នាក់ដឹកនាំចិនបានប្រើពាក្យស្លោកFuqiang ពាក្យ ស្លោកដែលបានន័យថា អ្នកមាន និងមានអំណាច។ ក្រោយមកទៀត ស៊ុន យ៉ាត់សេន (Sun Yat-Sen) ដែលជាបិតានៃសាធារណរដ្ឋចិន បានដាក់បន្ថែមពាក្យសង្គមនិយម ទៅលើពាក្យស្លោកFuqiang ដើម្បីឃោសនាបង្រួបបង្រួមប្រជាជាតិ។
យកឈ្នះ តែមិនចាំបាច់ប្រយុទ្ធ…នេះហើយជាមហិច្ឆតារបស់ថ្នាក់ដឹកនាំចិនសព្វ ថៃ្ង។ បានន័យថាយកឈ្នះ ដោយប្រើវិធីសន្តិភាព មិនចាំបាច់ធ្វើសង្គ្រាម ពីព្រោះគណបក្សកុម្មុយនិស្តចិនដឹងថា សង្រ្គាមដែលមានលក្ខណៈយោធានឹងធ្វើឲ្យប្រទេសចិនចាញ់។ បើចិនធ្វើសង្គ្រាម មានតែធ្វើជាមួយសហរដ្ឋអាមេរិក។ ពីព្រោះចង់ឬមិនចង់ ពីពេលនេះតទៅ ប្រទេសចិនត្រូវប្រឈមមុខមុនគេនឹងអាមេរិក។ និយាយបែបផ្សេង សង្គ្រាមទោះជាកើតឡើងនៅអាស៊ីបូព៌ា នៅអាស៊ីអាគ្នេយ៍ ឬនៅប៉ាស៊ីហ្វិកក៏ដោយ នឹងធ្វើឲ្យចិនខាត។ អ៊ីចឹងហើយ បានជាក្នុងពេលនេះ ចិនបិទមាត់ សំលៀងធ្មេញ ពីព្រោះត្របាក់មិនទាន់បាន។ នៅក្នុងន័យនេះ តាំងពីខែធ្នូឆ្នាំ១៩៧៨មកម៉្លេះ បក្សកុម្មុយនិស្តចិន កាលណោះក្រោមការដឹកនាំរបស់តេង សៀវប៉េង (Deng Xiaoping) បានសម្រេចចិត្តឈប់ប្រឈមមុខផ្ទាល់ ជាមួយ«ចក្រពត្តិអាមេរិក» ងាកមករកមាគ៌ាសេដ្ឋកិច្ចមូលធននិយម ដោយបើកចំហប្រទេសទៅក្រៅ និងធ្វើកំណែទម្រង់នៅខាងក្នុង។
ម្យ៉ាងវិញទៀត ប្រទេសចិនបច្ចុប្បន្ន បានសម្រេចដកខ្លួនចេញពីតតិយលោក (Tiers Monde) ។ នៅក្នុងអតីតកាល និយាយឲ្យចំ ចាប់ពីសន្និសីទបណ្តាប្រទេសមិនចូលបក្សសម្ព័ន្ធ នៅបានឌុង(Bandung) ឆ្នាំ១៩៥៥ ជាពិសេសក្រោយពីលែងត្រូវគ្នាជាមួយសហភាពសូវៀត នៅខ្ទង់ឆ្នាំ១៩៦០-១៩៦២ រហូតដល់ការបញ្ចប់បដិវត្តន៍វប្បធម៌ នៅដើមទសវត្សរ៍ទី៧០ ប្រទេសចិនបានតាំងខ្លួនជាអ្នកដឹកនាំបណ្តាប្រទេសក្រីក្រ បានន័យថា កាលណោះ ចិនបានប្រឆាំងនឹងអនុត្តរភាពរបស់សហរដ្ឋអាមេរិកផង និងរបស់សហភាពសូវៀតផង។
ប្រទេសចិនបច្ចុប្បន្នអស់មានចិត្តចង់ តំណាងពិភពអ្នកក្រទៀតហើយ ចង់ធ្វើជាប្រទេសដឹកនាំពិភពលោកវិញម្តង។ ធ្វើជាប្រទេសដឹកនាំពិភពលោកទៅកើត ទាល់តែចេះវាយតម្លៃ និងយល់ស្ថានភាពពិភពលោកជាមុនសិន។ ចំពោះគណបក្សកុម្មុយនិស្តចិន ពិភពលោកសព្វថ្ងៃ ឋិតនៅក្នុងភ្លើងសង្រ្គាមនិងឡោមព័ទ្ធទៅដោយសង្គ្រាម។ មានសង្គ្រាមយោធាពិតជាក់ស្តែង ដូចជានៅអៀរ៉ាក់ (Irak) និងនៅអាហ្វហ្កានីស្តង់ (Afghanistan) មានសង្គ្រាមដែលហៀបនឹងផ្ទុះឡើងម្តងៗ និងមានសង្គ្រាមប្រឆាំងភេរវកម្មឬបង្កឡើងដោយក្រុមភេរវជន។ ក៏មានដែរ សង្គ្រាមដែលមិនប្រើកាំភ្លើង គឺសង្គ្រាមសេដ្ឋកិច្ច។
រហូតមក ដល់ចុងទសវត្សរ៍ទី៧០ ថ្នាក់ដឹកនាំចិនបានមើលស្រាលសង្គ្រាមសេដ្ឋកិច្ច។ មូលហេតុទីមួយ គឺមកពីនៅក្នុងបរិបទនៃសម័យសង្គ្រាមត្រជាក់ និងក្រោមការដឹកនាំរបស់ម៉ៅ សេទុង(Mao Tsé-Toung) ប្រទេសចិនបានឲ្យតម្លៃទៅលើតែសង្គ្រាមមនោគមវិជ្ជា។ មូលហេតុទីពីរ គឺមកពីរហូតមកដល់ចុងទសវត្សរ៍ទី៧០ អ្វីដែលគេហៅថា បាតុភាពនៃពិភពភាវូបនីយកម្ម(Mondialisation)មិនទាន់មានសន្ទុះ ក្លៀវក្លា និងលក្ខណៈសកលដូចសព្វថ្ងៃ។
ចំពោះថ្នាក់ដឹកនាំចិន ពាក្យថាពិភពភាវូបនីយកម្ម មានន័យថា ជាសង្គ្រាមសេដ្ឋកិច្ចពិភពលោកដែលអាចធ្វើឲ្យប្រទេសមួយក្លាយជា ប្រទេសអ្នកមាន និងពេលណាក្លាយជាអ្នកមានហើយ អាចគេចផុតពីការសង្កត់សង្កិនពីសំណាក់ប្រទេសមួយផ្សេងទៀត។ នៅក្នុងសង្គ្រាមសេដ្ឋកិច្ចពិភពលោកនេះ ថ្នាក់ដឹកនាំចិនដឹងថាប្រទេសខ្លួនមានគុណសម្បត្តិច្រើន ដូចជាចំនួនសន្ធឹកសន្ធាប់នៃប្រជាជន ពលករស្វិតស្វាញនិងមានថ្វីដៃ កំណើនសេដ្ឋកិច្ចខ្លាំងក្លា អាសនៈអចិន្រ្តៃយ៍នៅអង្គការសហប្រជាជាតិ សមាជិករបស់អង្គការពាណិជ្ជកម្មពិភពលោកតាំងពីឆ្នាំ២០០១។ ប្រទេសចិនមិនថយឡើយ មិនចាំឡើយ ត្រូវតែយកឈ្នះសង្រ្គាមសេដ្ឋកិច្ច ពីព្រោះ មហាអំណាចសេដ្ឋកិច្ចជាឈ្នាន់ជាន់ឡើងទៅធ្វើជាមហាអំណាចយោធា និងនៅទីបំផុត ជាប្រទេសដឹកនាំពិភពលោក។ នៅពេលនោះហើយ ដែលមុខមាត់អាស៊ី ដាច់ដោយឡែក និងមុខមាត់ពិភពលោកជាទូទៅ នឹងត្រូវដូរ៕
តេង សៀវប៉េង (Deng Xiaoping) បិតានៃវឌ្ឍនភាពសេដ្ឋកិច្ចចិន
ម៉ៅ សេទុង និងតេង សៀវប៉េង ©
សព្វថ្ងៃ
ចិនបានក្លាយជាមហាអំណាចតំបន់មួយប្រកែកមិនបាន និងមានមហិច្ឆតាចង់ក្លាយ
ជាមហាអំណាចពិភពលោក។ ទាំងនេះ គឺដោយសារតែមរតកសេដ្ឋកិច្ច
និងសម្បត្តិ មនោគមវិជ្ជាដ៏ធំធេងដែលលោក
តេង សៀវប៉េងបានបន្សល់ទុកឲ្យប្រជាជាតិចិនដែរ។ថ្នាក់ដឹកនាំបស្ចិម លោក អ្នកសង្កេតការណ៍ និងអ្នកការទូតចាប់អារម្មណ៍ខ្លាំងឡើងៗ ទៅលើមហិច្ឆតារបស់ចិន ពីព្រោះចិនទុកចិត្តខ្លួនឯងកាន់តែខ្លាំង ចង់ឲ្យពិភពលោកទទួលស្គាល់ខ្លួន ថាជាមហាអំណាចមួយពិតប្រាកដ។ សកម្មភាពអន្តរជាតិរបស់មហាយក្សអាស៊ីមួយនេះ ដែលច្របាច់បញ្ចូលគ្នាយ៉ាងប៉ិនប្រសប់ជំនួញនិងការទូត កំពុងជះឥទ្ធិពលខ្លាំងទៅលើអាស៊ី អាហ្វ្រិក និងអាមេរិកខាងត្បូង។
គេនឹងមិនអាចយល់បានឡើយថាហេតុអ្វីបានជានៅដើមសតវត្សរ៍ទី២១នេះ ចិនបានក្លាយជាមហាអំណាចតំបន់ និងមានមហិច្ឆតាចង់ក្លាយជាមហាអំណាចពិភពលោក បើសិនជាគេមិនសាកល្បងយល់ជាមុនសិនទេនូវមរតកសេដ្ឋកិច្ចនិង សម្បត្តិមនោគមវិជ្ជាដ៏ធំធេងដែលតេង សៀវប៉េង (Deng Xiaoping) បានបន្សល់ទុកឲ្យប្រជាជាតិចិន។ គឺតេង សៀវប៉េងនេះហើយ ដែលបានប្តូរទិសដៅយុទ្ធសាស្រ្តរបស់ប្រទសចិនមុនគេបង្អស់ ដោយបានទាញប្រជាជាតិទាំងមូលចេញពីសករាជមនោគមវិជ្ជាដើម្បីបោះជំហាន ទៅរកការអភិវឌ្ឍន៍សេដ្ឋកិច្ច។
ពីឆ្នាំ១៩៤៩ ឆ្នាំដែលសាធារណរដ្ឋប្រជាមានិតចិនបានបដិសន្ធិឡើង រហូតដល់ឆ្នាំ១៩៧៦ ឆ្នាំនៃមរណភាពរបស់ជូ អេនឡាយ (Chou En Lai) និងរបស់ម៉ៅ សេទុង (Mao Tsé-Tong) យុទ្ធសាស្រ្តរបស់ប្រទេសចិនពឹងផ្អែកទាំងស្រុងទៅលើកត្តា មនោគមវិជ្ជា ទៅលើទ្រឹស្តីរបស់អគ្គមគ្គទេសក៍ម៉ៅ ទឹ្រស្តីដែលគេបានចងក្រងទុកក្នុងកូនសៀវភៅក្រហម(Le petit livre rouge)។
ចំពោះម៉ៅ សេទុង វីរបុរសចិនគឺជាអ្នកដែលបានចាប់កំណើត នៅក្នុងភាពក្រតោកយ៉ាក តែធំដឹងក្តីក្នុងភាពរុងរឿង ដោយសារតែគណបក្សកុម្មុយនិស្ត។ តាមរយៈការសង្វាតអានកូនសៀវភៅក្រហមរបស់ម៉ៅ សេទុង រៀងរាល់ថ្ងៃ វីរបុរសកុម្មុយនិស្តចិនប្រែក្លាយទៅជាគោលគំនិតរបស់ម៉ៅ សេទុង ដែលកំពុងតែមានចលនា និងសកម្មភាពជាក់ស្តែង នៅក្នុងជីវិតប្រចាំថ្ងៃតែម្តង។
ចំពោះម៉ៅ សេទុង មនោគមវិជ្ជាម៉ៅនិយមគឺជាអាវុធភូមិសាស្រ្តនយោបាយមួយដ៍មាន ប្រសិទ្ធភាព សម្រាប់ទប់ទល់នឹងការគំរាមកំហែងពីសំណាក់សហរដ្ឋអាមេរិក និងពីសំណាក់សហភាពសូវៀត។ ឧទាហរណ៍ ទ័ពកុម្មុយនិស្តនៅវៀតណាម នៅកម្ពុជា និងនៅឡាវ សុទ្ធតែបានអនុវត្តទ្រឹស្តីយោធារបស់ម៉ៅ ដើម្បីរុញច្រានអាមេរិក ចេញពីឥណ្ឌូចិននៅឆ្នាំ១៩៧៥។
ផ្ទុយ ពីម៉ៅ សេទុង តេង សៀវប៉េង យល់ឃើញថាប្រទេសចិនត្រូវតែចាកចេញជាបន្ទាន់ពីសករាជមនោគមវិជ្ជា ឆ្វេងនិយមជ្រុល ដែលបានជះឥទ្ធិពលអវិជ្ជមានទៅលើសង្គមចិនទាំងមូល តាមរយៈបដិវត្តន៍វប្បធម៌ពីឆ្នាំ១៩៦៦ដល់ឆ្នាំ១៩៧៦។ តេង សៀវប៉េង យល់ឃើញថា មនោគមវិជ្ជាឆ្វេងនិយមជ្រុលបានបង្កឲ្យមានភាពតានតឹងជាអចិន្ត្រៃយ៍ ទាំងនៅក្នុងប្រទេសចិន ទាំងនៅលើឆាកអន្តរជាតិ។ តេង សៀវប៉េងមានជំនឿយ៉ាងមាំថា ដើម្បីទប់ទល់នឹងអាមេរិក ប្រឈមមុខនឹងសូវៀត ប្រទេសចិនត្រូវបោះជំហានទៅរកភាពរុងរឿងផ្នែកសេដ្ឋកិច្ចជាមុនសិន រួចហើយបើសិនជាចាំបាច់ បើសិនជាកាលៈទេសៈទាមទារ ចាំវិលមកពង្រឹងមនោគមវិជ្ជា នៅពេលក្រោយវិញ។
នៅខែធ្នូឆ្នាំ ១៩៧៨ នាឱកាសសម័យប្រជុំពេញអង្គទី៣នៃមហាសន្និបាតលើកទី១១របស់បក្ស កុម្មុយនិស្តចិន តេង សៀវប៉េង បានប្រកាសប្តូរទិសដៅយុទ្ធសាស្រ្តនៃប្រទេសចិន។ គេអាចសង្ខេបគោលគំនិតរបស់តេង សៀវប៉េង ថាជាយុទ្ធសាស្ត្រដែលមានគោលដៅធ្វើឲ្យប្រទេសចិនលេចត្រដែតឡើងដោយ សន្តិវិធីនៅលើឆាកអន្តរជាតិ។ លោកអគ្គមគ្គទេសន៍តេង សៀវប៉េងមានមហិច្ឆតាចង់ធ្វើឲ្យ«ខ្លាក្រដាសចិន»ក្លាយជាមហាអំណាច មួយពិតប្រាកដ តាមរយៈកំណែទម្រង់សេដ្ឋកិច្ច។
ដើម្បីបោះជំហានទៅ រកភាពរុងរឿងសេដ្ឋកិច្ចបាន ប្រទេសចិនត្រូវការបរិយាកាសធូរស្រាល នៅលើឆាកអន្តរជាតិ និងសន្តិភាពនៅក្នុងតំបន់។ ទោះជាយ៉ាងណាក៏ដោយ នៅលើសាច់ការជាក់ស្តែង គោលគំនិតធ្វើឲ្យប្រទេសចិនលេចត្រដែតឡើងដោយសន្តិវិធីរបស់តេង សៀវប៉េង ត្រូវបានបំផុសបំផុលឡើងជួនចំពេលមួយដែលប្រទេសចិនជួបប្រទះនឹងភាព តានតឹង នៅលើឆាកអន្តរជាតិ ជាពិសេស នៅខ្ទង់ឆ្នាំ១៩៧៨-១៩៧៩។ ពីព្រោះកាលនោះ ចិននិងសូវៀត ប្រជែងឥទ្ធិពលគ្នាខ្លាំង និងពីព្រោះ វៀតណាមដែលកាលណោះជាប្រទេសរណបសូវៀតបានចូលឈ្លានពានកម្ពុជា ប្រជាធិបតេយ្យរបស់ប៉ុល ពតដែលរណបប្រទេសចិន។
ដើម្បី ទប់ទល់នឹងការគំរាមកំហែងពីសំណាក់សហភាពសូវៀត តេង សៀវប៉េង បានអនុវត្តនយោបាយ«សត្រូវរបស់សត្រូវខ្ញុំជាមិត្ររបស់ខ្ញុំ»។ នៅក្នុងន័យនេះ នៅថ្ងៃទី១មករាឆ្នាំ១៩៧៩ ប្រទេសចិនបានសម្រួលទំនាក់ទំនងទូតជាមួយសហរដ្ឋអាមេរិក ដែលជាសត្រូវ របស់សហភាពសូវៀត។ ចាប់ដៃជាមួយអាមេរិករួចហើយ ថ្នាក់ដឹកនាំចិនដែលកក់ក្តៅចិត្តជាងមុន បានសម្រេចបញ្ជូនសារធម៌ក្តៅមួយទៅកាន់សហភាពសូវៀត ដោយបានវាយលុកលុយទៅលើប្រទេសវៀតណាម នៅថ្ងៃ១៧កុម្ភៈឆ្នាំ១៩៧៩។ គឺជាសង្រ្គាមមួយដ៏ខ្លី ដែលថ្នាក់ដឹកនាំចិនចាត់ទុកថា ជាការផ្តល់មេរៀនមួយដល់ទីក្រុងហាណូយ(Hanoï)។
នៅ ទីបំផុត យុទ្ធសាស្រ្តភូមិសាស្រ្តនយោបាយនេះរបស់តេង សៀវប៉េង បានបើកលទ្ធភាពឲ្យចិនហែលឆ្លងកាត់ទសវត្សរ៍ទី៨០ ដោយទទួលបានជោគជ័យទាំងនៅក្រៅប្រទេស ទាំងនៅក្នុងប្រទេស។ នៅក្រៅប្រទេស សម្ព័ន្ធភាពយុទ្ធសាស្រ្តរវាងចិននិងអាមេរិក មិនត្រឹមតែបានរំងាប់ភាពតានតឹងរវាងទីក្រុងប៉េកាំង(Pékin)និង វ៉ាស៊ីនតោន(Washington) ប៉ុណ្ណោះទេ តែវាថែមទាំងបានអនុញ្ញាតឲ្យប្រទេសចិនទប់ទល់នឹងការគាបសង្កត់ ពីសំណាក់សហភាពសូវៀតទៀតផង។ ម្យ៉ាងវិញទៀត បរិយាកាសធូរស្រាល នៅលើឆាកអន្តរជាតិក៏បានអនុញ្ញាតឲ្យប្រទេសចិនប្រមូលកម្លាំងកាយ និងកម្លាំងប្រាជ្ញា ដើម្បីធ្វើកំណែទម្រង់សេដ្ឋកិច្ច នៅក្នុងប្រទេស ស្របទៅតាមទ្រឹស្តីរបស់តេង សៀវប៉េង៕
យុទ្ធសាស្ត្រទាំងស្រុងមួយថ្មីនៃប្រទេសចិន សម្រាប់សតវត្សរ៍ទី២១
ពិភលោកមើលពិប្រទេសចិនមកវិញ ©
ពីដើមទសវត្សរ៍ទី៩០
រហូតដល់ឆ្នាំ២០០០ ជាលើកទីមួយបង្អស់ ថ្នាក់ដឹកនាំចិនបានរៀបចំយុទ្ធសាស្រ្តទាំងស្រុងមួយថ្មី ដោយសម្រេចបាញ់តម្រង់មុខព្រួញយុទ្ធសាស្ត្ររបស់ខ្លួន ទៅលើពិភពលោកទាំងមូលតែម្តង មិនត្រឹមតែទៅលើទ្វីបអាស៊ីតែមួយដូចពេលមុនៗទៀតទេ។ តើមានមូលហេតុសំខាន់ៗអ្វីខ្លះ ដែលបានតម្រូវឲ្យថ្នាក់ដឹកនាំចិនសើរើមើលឡើងវិញទិសដៅយុទ្ធសាស្រ្ត របស់ខ្លួន?នៅដើមទសវត្សរ៍ទី៩០ ថ្នាក់ដឹកនាំចិនផ្តើមមានគំនិតចង់សើរើមើលឡើងវិញ ទិសដៅ យុទ្ធសាស្រ្ត របស់ខ្លួន ពីព្រោះសហភាពសូវៀតបានរលំរលាយបាត់ទៅ នៅថ្ងៃទី២៦ធ្នូឆ្នាំ១៩៩១។ ពីព្រោះម្យ៉ាងទៀត ចិនដែលបានសម្រួលទំនាក់ទំនងទូតជាមួយសហរដ្ឋអាមេរិក នៅខែមករាឆ្នាំ១៩៧៩ ដើម្បីទប់ទល់នឹងសូវៀត ផ្តើមយល់ពីបរិបទថ្មីនៃសករាជក្រោយសង្គ្រាមត្រជាក់។ ចិនផ្តើមយល់ថា មិនយូរមិនឆាប់ខ្លួននឹងក្លាយជាសត្រូវទីមួយរបស់អាមេរិកវិញម្តង។
ប៉ុន្តែ ក្តីបារម្ភបែបនេះរបស់ប្រទេសចិន បាត់បង់ទៅវិញ ពីព្រោះនៅឆ្នាំ១៩៩២ អាមេរិករបស់ Georges Bushឪពុក មិនបានចាត់ទុកចិនថាជាសត្រូវទេ ហើយនៅឆ្នាំ១៩៩៧ អាមេរិកថែមទាំងសម្រេចកាត់បន្ថយចោល៣០%នៃថវិកាយោធារបស់ខ្លួនទៀត ផង។ នៅក្នុងបរិបទបែបនេះ ទំនាក់ទំនងរវាងចិននិងអាមេរិកធូរស្រាលនិងស្ងប់ស្ងាត់ល្អ តរហូតដល់ចប់អាណត្តិលោកប្រធានាធិបតីអាមេរិកBill Clinton។
ក្តី ព្រួយបារម្ភរបស់ថ្នាក់ដឹកនាំចិនកើនឡើងវិញខ្លាំងចាប់ពី ឆ្នាំ២០០០ទៅ។ នេះក៏ពីព្រោះ Georges Bushកូនឡើងគ្រប់គ្រងសហរដ្ឋអាមេរិក ហើយចាត់ទុកចិនថា ជាគូប្រជែងយុទ្ធសាស្ត្រ និង ពីព្រោះមានព្រឹត្តិការណ៍មហាភេរវកម្មថ្ងៃទី១១កញ្ញាឆ្នាំ២០០១ ព្រមទាំងប្រតិកម្មយ៉ាងលឿនរហ័សពេកក្រៃរបស់អាមេរិក តាមរយៈការធ្វើសង្គ្រាមនៅ អាហ្វហ្កានីស្តង់(Afghanistan) និងក្រោយមកទៀតនៅអៀរ៉ាក់(Irak)។ ព្រឹត្តិការណ៍ទាំងអស់នេះ ធ្វើឲ្យថ្នាក់ដឹកនាំចិនយល់ច្បាស់ថា ពីពេលនេះទៅអាមេរិកមានជំហរឯកតោភាគីនិយម មិនរារែកនឹងធ្វើអ្វីមួយ ដើម្បីការពារផលប្រយោជន៍របស់ខ្លួនឡើយ និងថាពីពេលនេះតទៅ អាមេរិកជាសត្រូវទីមួយរបស់ចិន។
គឺការប្រែប្រួលស្ថានភាព នយោបាយនៅអាមេរិក និងការប្រែប្រួលខ្លាំងនៃបរិបទភូមិសាស្ត្រនយោបាយនៅក្នុងពិភពលោក នេះហើយ ដែលជម្រុញថ្នាក់ដឹកនាំចិនឲ្យកំណត់ទិសដៅយុទ្ធសាស្ត្រថ្មីរបស់ ខ្លួន។ អ៊ីចឹងហើយ បានជានៅឆ្នាំ២០០០ ជាលើកទីមួយបង្អស់ ថ្នាក់ដឹកនាំចិន សម្រេចបាញ់តម្រង់មុខព្រួញយុទ្ធសាស្ត្ររបស់ខ្លួន ទៅលើពិភពលោកទាំងមូលតែម្តង មិនត្រឹមតែទៅលើទ្វីបអាស៊ីតែមួយដូចពេលមុនៗទៀតទេ។
ជាក់ស្តែង ថ្នាក់ដឹកនាំចិនបែងចែកជាអាទិ៍ពិភពលោកជាបីតំបន់ត្រួតពីលើគ្នា។ តំបន់ទីមួយដែលតូចជាងគេនិងនៅចំកណ្តាលគេតែម្តង គឺជាប្រទេសចិនសព្វថ្ងៃ។ នៅក្នុងដំបន់ទីមួយនេះដែលមានទីក្រុងប៉េកាំង(Pékin)ជាស្នូល អាជ្ញាធរត្រូវទប់ស្កាត់កុំឲ្យអស្ថិរភាពនយោបាយ សង្គមឬសាសនាផ្ទុះកើតឡើងបាន។ នៅជុំវិញព្រំដែននៃតំបន់ទីមួយនេះ ឃើញមានសុទ្ធតែដែនដីប្រកបទៅដោយបញ្ហា ដូចជាតៃវ៉ាន់(Taïwan) ទីបេ(Tibet)និងស៊ីង ជាំង(Xinjiang) ជាដើម។ នៅក្នុងដែនដីទាំងអស់នេះ ថ្នាក់ដឹកនាំចិនចង់ខ្ទប់កុំឲ្យចលនាទាមទារឯករាជនិយមកើតឡើង និងចង់អូសទាញតៃវ៉ាន់យកមកដាក់នៅក្រោមការត្រួតត្រារបស់ខ្លួនឲ្យ ទាល់តែបាន។
តំបន់ទីពីរវិញ មានទំហំធំបង្គួរ និងព័ទ្ធជុំវិញតំដំបន់ទីមួយ។ តំបន់ទីពីរនេះ គឺជាប្រទេសជិតខាងរបស់ចិន ប្រទេសឆ្ងាយឬជិតនៅក្នុងទ្វីបអាស៊ីឬកៀកជាប់នឹងទ្វីបអាស៊ី រួមមានជាអាទិ៍ ប្រទេសជប៉ុន ឧបទ្វីបកូរ៉េ(Corée) បណ្តាប្រទេសសមាជិកប្រជាជាតិអាស៊ីអាគ្នេយ៍ ឧបទ្វីបឥណ្ឌា បណ្តាប្រទេសអាស៊ីកណ្តាល និងរុស្ស៊ី(Russie)។ ថ្នាក់ដឹកនាំចិនចង់ឲ្យសន្តិភាពគ្របដណ្តប់ទៅលើតំបន់ទីពីរនេះ ពីព្រោះបើមានសង្គ្រាម ភាពតានតឹង និងអធិករណ៍កើតឡើង សហរដ្ឋអាមេរិកនឹងច្បាស់ជាច្បិចឱកាសចូលមកបង្ករឿងរ៉ាវ នៅក្នុងតំបន់ទីពីរនេះជាមិនខាន។
រីឯតំបន់ទីបីវិញ មានទំហំធំជាងគេ និងព័ទ្ធជុំវិញតំដំបន់ទីពីរ។ ថ្នាក់ដឹកនាំចិនហៅតំបន់ទីបីនេះថាជា«ដែនដីថ្មី» ដែលឋិតនៅក្រៅព្រំដែនអនុត្តរភាពនៃប្រទេសចិន និងដែលមកទល់ពេលនេះ ប្រទេសចិនមិនសូវបាននឹកនាដល់។ នៅក្នុងតំបន់ទីបីនេះ គេឃើញមានប្រទេសដូចជាសហរដ្ឋអាមេរិកដែលពីអំណើះតទៅ ចិនចាត់ទុកជាសត្រូវសក្តានុពលទីមួយរបស់ខ្លួន។ តំបន់ទីបីនេះ ក៏ជាទីតាំងនៃទ្វីបផ្សេង និងភូមិភាគផ្សេង ដូចជាអឺរ៉ុប អាហ្វ្រិក ភូមិភាគដើមបូព៌ា និងអាមេរិកខាងត្បូងជាដើម។ គឺសុទ្ធសឹងជាប្រទេស ដែលចិនត្រូវរកស៊ីជាមួយតាមរយៈការផ្តោះប្តូរពាណិជ្ជកម្ម និងតាមរយៈការស្វែងរកធនធានថាមពល ប្រេងកាត ឬឧស្ម័នធម្មជាតិ ដើម្បីយកមកបំប៉នការស្រេកឃ្លាននៃម៉ាស៊ីនសេដ្ឋកិច្ចរបស់ប្រទេស ខ្លួន។
នៅក្នុងក្របខ័ណ្ឌនៃយុទ្ធសាស្ត្រថ្មីនេះ ថ្នាក់ដឹកនាំចិនឲ្យតម្លៃទៅលើទ្វីបអាស៊ីខ្លាំងជាងគេ និយាយឲ្យចំ ដែនដីដែលលាតសន្ធឹងពីមាត់សមុទ្រក្រហមរហូតដល់មាត់សមុទ្រចិន។ មូលហេតុ គឺមកអំពីដែនដីដ៏ធំល្វឹងល្វើយនេះ មានធនធានថាមពលច្រើនជាងគេបង្អស់ នៅលើពិភពលោក ពោលគឺប្រមាណ៧០%នៃអណ្តូងប្រេងកាត និង៥៣%នៃអណ្តូងឧស្ម័នទាំងស្រុង ដែលគេបានរកឃើញមកទល់សព្វថ្ងៃ។ ម្យ៉ាងវិញទៀតអាស៊ី ក៏ជាទ្វីបដែលសម្បូណ៌មនុស្សច្រើនជាងគេដែរ។ ហើយនៅចុងក្រោយបង្អស់ អាស៊ីជាទ្វីបដែលមានសក្តានុពលសេដ្ឋកិច្ចខ្លាំងក្លា លើសទ្វីបណាៗទាំងអស់៕
ឆ្នាំ១៩៩១៖ ចិនប្តូរយុទ្ធសាស្ត្រជាថ្មី លើកនេះ គឺដើម្បីទប់ទល់នឹងភេរវកម្មអ៊ីស្លាមជ្រុលនិយម
ផែនទីប្រទេសចិនរុស្ស៊ី និងអាស៊ីកណ្តាល
នៅដើមទសវត្សរ៍ទី៩០ អ្វីដែលធ្វើឲ្យថ្នាក់ដឹកនាំចិនបារម្ភខ្លាំង គឺមនោគមវិជ្ជាអ៊ីស្លាមជ្រុលនិយម ដោយហេតុតែការប្រែប្រួលស្ថានភាពនៅតំបន់អាស៊ីកណ្តាល
និងជាពិសេស នៅប្រទេស
អាហ្កហ្កានីស្តង់(Afghanistan)។ គឺនៅក្នុងបរិបទនេះហើយដែលទីក្រុងប៉េកាំងសម្រេចប្តូរយុទ្ធសាស្រ្ត របស់ខ្លួន។នៅដើមទសវត្សរ៍ទី៩០ ថ្នាក់ដឹកនាំចិនបានសម្រេចប្តូរយុទ្ធសាស្រ្តរបស់ខ្លួនជាថ្មីម្តង ទៀត ពីព្រោះភូមិសាស្ត្រនយោបាយពិភពលោក និងស្ថានភាពក្នុងប្រទេសចិនប្រែប្រួល។ នៅលើឆាកអន្តរជាតិ បរិបទផ្លាស់ប្តូរ ដោយហេតុតែការរលាយបាត់ទៅនៃសហភាពសូវៀត នៅថ្ងៃទី២៦ធ្នូឆ្នាំ១៩៩១។ នៅក្នុងប្រទេសចិនវិញ មានការរំជើបរំជួលកើតឡើង នៅស៊ីងជាំង (Xinjiang) ប៉ែកខាងលិចនៃប្រទេស។ នៅទីនោះ ពួកអ៊ុយហ្កួរ (Ouïgours) ដែលជាអ្នកកាន់សាសនាអ៊ីស្លាម នាំគ្នាទាមទារឯករាជ្យបង្កឃាតកម្មនិងភេរវកម្ម។
ហេតុអ្វីបានជាថ្នាក់ដឹកនាំចិនត្រូវបង្ខំចិត្តប្តូរយុទ្ធសាស្ត្រ ក្រោយពេលដែលសហភាពសូវៀត រលាយ? ការរលាយបាត់ទៅនៃសហភាពសូវៀតបានធ្វើឲ្យសាធារណរដ្ឋអាស៊ីកណ្តាល ទាំងប្រាំ គឺ Kazakhstan Kirghizstan Ouzbékistan Tadjikistan និង Turkménistan ក្លាយជារដ្ឋឯករាជ។ ក្រោយឆ្នាំ១៩៩១ អាស៊ីកណ្តាលលែងជាកម្មសិទ្ធរបស់រុស្ស៊ីទៀតហើយ ជាហេតុធ្វើឲ្យចិនសម្លឹងឃើញប្រេងកាតដ៏ច្រើនសន្ធឹកសន្ធាប់របស់ តំបន់នេះ។ តាមពិត សូម្បីតែរុស្ស៊ីខ្លួនឯង សហរដ្ឋអាមេរិក និងឥណ្ឌា ក៏សម្លឹងឃើញប្រយោជន៍នៃភូមិភាគអាស៊ីកណ្តាលនេះដែរ។
ម៉្យាងវិញទៀត ចិន ចាំបាច់ត្រូវតែយកចិត្តទុកដាក់ទៅលើតំបន់យុទ្ធសាស្ត្រមួយនេះ ជាទីដែលប្រជាជនច្រើនលើសលប់ជាអ្នកកាន់សាសនាអ៊ីស្លាម ពីព្រោះមនោគមវិជ្ជាអ៊ីស្លាមជ្រុលនិយមអាចធ្លាយចេញពីតំបន់អាស៊ី កណ្តាលនេះ ហើយអាចឆ្លងចូលមកក្នុងខេត្តស៊ីងជាំងរបស់ចិន ដែលជាប់ជិតបង្កើយនៅទីនោះ។
ប្រឈមមុខនឹងបរិបទថ្មីបែបនេះនៃ ពិភពលោក ថ្នាក់ដឹកនាំចិនបានជ្រើសយកយុទ្ធសាស្ត្រពីរ ដែលត្រូវអនុវត្តទន្ទឹមគ្នា។ នៅម្ខាង ចិនត្រូវខ្នះខ្នែងបន្តរក្សាស្ថិរភាពនៅក្នុងតំបន់ជុំវិញខ្លួន ដើម្បីឲ្យប្រទេសខ្លួនអាចបន្តបោះជំហាន ទៅរកភាពរុងរឿងផ្នែកសេដ្ឋកិច្ចបាន។ នៅម្ខាងទៀត ចិនត្រូវរកមធ្យោបាយទប់ទល់នឹងការគំរាមកំហែងនៃមនោគមវិជ្ជាអ៊ីស្លាម ជ្រុលនិយម។ ដើម្បីរក្សាស្ថិរភាពនៅក្នុងតំបន់ ថ្នាក់ដឹកនាំចិនផ្តើមសម្រួលទំនាក់ទំនងទូត ជាមួយប្រទេសអាស៊ីកណ្តាលទាំងប្រាំ ចាប់ពីខែមករាឆ្នាំ១៩៩២ទៅ។
ដោយឡែក ចាប់ពីឆ្នាំ១៩៩២ទៅដែរ ចិននិងរុស្ស៊ីក៏ផ្តើមខិតចូលជិតគ្នា ពីព្រោះប្រទេសទាំងពីរបារម្ភខ្លាំង នៅចំពោះមុខពួកតាលីបង់ (Taliban) ដែលជាពួកឆ្គួតលីលានឹងមនោគមវិជ្ជាអ៊ីស្លាមជ្រុលនិយម និងដែលកំពុងវាយក្តោបក្តាប់យកប្រទេសអាហ្កហ្កានីស្តង់ (Afghanistan)។ នៅខែកញ្ញាឆ្នាំ១៩៩៦ ពួកតាលីបង់ចូលកាន់កាប់ទីក្រុងKaboul ជាហេតុជំរុញចិននិងរុស្ស៊ីឲ្យរួបរួមគ្នា ដើម្បីទប់ស្កាត់កុំឲ្យឥទ្ធិពលអ៊ីស្លាមជ្រុលនិយមធ្លាយចេញពី អាហ្កហ្កានីស្តង់ចូលមកក្នុងតំបន់អាស៊ីកណ្តាល។ ក្នុងន័យនេះ នៅឆ្នាំ១៩៩៦ ចិនរុស្ស៊ី Kazakhstan, Kirghizstan និងTadjikistan បានបង្កើតក្រុមសៀងហៃ«Groupe de Shanghai»។ អង្គការនេះ ដែលក្រោយមក គឺនៅឆ្នាំ២០០១ Ouzbékistan សូមចូលជាសមាជិកដែរនោះ មានគោលដៅពីរ។ ទីមួយគឺប្រយុទ្ធទប់ទល់នឹងភេរវកម្ម និងទីពីរគឺពួតដៃគ្នាទប់ស្កាត់កុំឲ្យសហរដ្ឋអាមេរិកអុងអាត់តែ ឯកឯងពេក នៅលើឆាកអន្តរជាតិ។
សម្រេចសម្រួចទៅ ពេញមួយទសវត្សរ៍ទី៩០ ចិនមិនត្រឹមតែរក្សាស្ថិរភាពបានល្អ នៅក្នុងតំបន់ជុំវិញប្រទេសខ្លួនប៉ុណ្ណោះទេ លើសពីនេះទៅទៀត ចិនបានឆ្លៀតប្រឹងប្រែងដោះស្រាយបញ្ហាព្រំដែន ជាមួយបណ្តាប្រទេសជិតខាង។ គោលដៅ គឺធានាឲ្យការអភិវឌ្ឍន៍សេដ្ឋកិច្ចនៃប្រទេសបន្តមានសន្ទុះទៅមុខ។ អ៊ីចឹងហើយបានជា ពីឆ្នាំ១៩៩១ដល់ឆ្នាំ១៩៩៩ ថ្នាក់ដឹកនាំចិនបានធ្វើកិច្ចចរចាព្រំដែនជាមួយរុស្ស៊ី Kazakhstan, Kirghizstan, Vietnam និងក្រោយមកទៀតជាមួយឥណ្ឌា។ ដំណោះស្រាយព្រំដែនទាំងអស់នេះ បានអនុញ្ញាតឲ្យពាណិជ្ជកម្មកើនសន្ទុះ នៅតាមបណ្តោយតំបន់ព្រំប្រទល់ និងបានអនុញ្ញាតឲ្យប្រជាជន ដែលរស់នៅទីនោះផ្តើមស្គាល់សេដ្ឋកិច្ចទីផ្សារ ស្របទៅតាមមហិច្ឆតារបស់តេង សៀវប៉េង។ ក៏ប៉ុន្តែ នៅចុងទសវត្សរ៍ទី៩០ ថ្នាក់ដឹកនាំចិនមើលឃើញការគំរាមកំហែងមួយថ្មី នោះគឺឥរិយាបទអុងអាត់របស់សហរដ្ឋអាមេរិក នៅលើឆាកអន្តរជាតិ៕
ឆ្នាំ២០០៣៖ ចិនប្តូរយុទ្ធសាស្រ្តដើម្បីស្វែងរកថាមពល
ចិនពង្រីកឥទ្ធិពលនៅអាហ្វ្រិក គឺដើម្បីស្វែងរកប្រភពថាមពល
និងវត្ថុធាតុដើម
នៅឆ្នាំ២០០៣ ថ្នាក់ដឹកនាំចិនបារម្ភខ្លាចខ្វះប្រេងកាតនិងឧស្ម័នធម្មជាតិ និងមានគំនិតចាប់ផ្តើមអនុវត្តនូវអ្វី ដែលគេហៅថាយុទ្ធសាស្រ្តការទូតថាមពល។នៅខែមេសាឆ្នាំ២០០៣ ស្ថានភាពអន្តរជាតិប្រែប្រួលនិងតានតឹងខ្លាំង ដោយហេតុតែ សង្គ្រាមរបស់សហរដ្ឋអាមេរិកនៅអ៊ីរ៉ាក់(Irak)។ ថ្នាក់ដឹកនាំចិនព្រួយបារម្ភពីព្រោះសង្គ្រាមប្រព្រឹត្តទៅ នៅក្នុងភូមិភាគមួយសម្បូណ៌ទៅដោយប្រេងកាត គឺប្រមាណ៦៤%នៃប្រេងកាតពិភពលោក។ ចិនបារម្ភខ្លាចខ្វះប្រេងកាត ដែលជាហេតុអាចនឹងធ្វើឲ្យម៉ាស៊ីនសេដ្ឋកិច្ចនៃប្រទេសគាំងដំណើរ ព្រមទាំងអាចនឹងពន្យឺតពេលមិនឲ្យប្រទេសចិនក្លាយជាមហាអំណាច ពិភពលោកបានលឿនរហ័ស។
សង្គ្រាមនៅអ៊ីរ៉ាក់ បានកន្ត្រាក់ស្មារតីថ្នាក់ដឹកនាំចិន បានធ្វើឲ្យចិនយល់ថា ត្រូវតែដើរស្វែងរកប្រេងកាតនិងឧស្ម័នធម្មជាតិ នៅគ្រប់ទីកន្លែងក្នុងពិភពលោក ។ អ៊ីចឹងហើយបានជាពីឆ្នាំ២០០៣រហូតមកទល់សព្វថ្ងៃ ថ្នាក់ដឹកនាំចិនបាននិងកំពុងបន្តអនុវត្តនូវអ្វី ដែលគេហៅថា«យុទ្ធសាស្រ្តការទូតថាមពល» (La diplomatie énergétique)។នៅក្នុងន័យនេះ ថ្នាក់ដឹកនាំចិនបានបង្កើនទស្សនកិច្ចជុំវិញទ្វីបអាហ្វ្រិក(Afrique) ជាពិសេសនៅក្នុងបណ្តាប្រទេសអ្នកផលិតប្រេងកាតដូចជាហ្កាបុង(Gabon) អាល់ហ្សេរី(Algérie) អេហ្ស៊ីប(Egypte) នីហ្សេរីយ៉ា(Nigéria) និងអង់ហ្គោឡា(Angola) ជាដើម។
យុទ្ធសាស្ត្រការទូតថាមពលនេះ ក៏បាននាំថ្នាក់ដឹកនាំចិន ទៅដល់អាមេរិកខាងត្បូងដែរ ដូចជាប្រទេសប្រេស៊ីល(Brésil) អាហ្សង់ទីន(Argentine) វ៉េណេស៊ុយអេឡា(Venezuela)និង បូលីវី(Bolivie) ជាដើម។ ដូចគ្នាអ៊ីចឹងដែរ ថ្នាក់ដឹកនាំចិន ក៏បានពង្រឹងទំនាក់ទំនងជាមួយបណ្តាប្រទេសមួយចំនួន នៅឈូងសមុទ្រPerse ដូចជាអារ៉ាប៊ី សាអ៊ូឌីត(Arabie Saoudite) អូម៉ង់(Oman) យេមែន(Yémen) និងអ៊ីរ៉ង់(Iran)។
យុទ្ធសាស្ត្រ ការទូតថាមពលរបស់ថ្នាក់ដឹកនាំចិន បានធ្វើឲ្យប៉ះពាល់ផលប្រយោជន៍របស់សហរដ្ឋអាមេរិក ដូចមានករណីប្រទេសអ៊ីរ៉ង់ជាឧទាហរណ៍ស្រាប់។ នៅពេលដែលអាមេរិកចោទអ៊ីរ៉ង់ថាជាបក្សសម្ព័ន្ធនៃសុភាវៈអាក្រក់និង ថាជារដ្ឋយូកូម ចិនបែរជាទៅបង្កើនទំនាក់ទំនងសេដ្ឋកិច្ច និងការផ្តោះប្តូរពាណិជ្ជកម្មជាមួយអ៊ីរ៉ង់ទៅវិញ។ នេះពីព្រោះអ៊ីរ៉ង់ជាប្រទេសទីពីរក្នុងលោកដែលលក់ប្រេងកាតឲ្យចិន ច្រើនជាងគេ។ ករណីប្រទេសវេណេស៊ុយអេឡា នៅអាមេរិកខាងត្បូង ក៏ជាឧទាហរណ៍ជាក់ស្តែងមួយទៀតដែរ។ នៅពេលដែលអាមេរិកមិនត្រូវគ្នានឹងវ៉េណេស៊ុយអេឡារបស់Hugo Chavez ថ្នាក់ដឹកនាំចិនបែរជាទៅចុះហត្ថលេខាលើកិច្ចសន្យាពាណិជ្ជកម្មមួយ ចំនួនជាមួយប្រទេសនេះ ស្តីពីការជីករកនិងការចម្រាញ់ប្រេងកាត នៅខែធ្នូឆ្នាំ២០០៤។
តាមរយៈយុទ្ធសាស្ត្រការទូតថាមពលនេះ ប្រទេសចិនបានបោះជើងដល់អាមេរិកខាងត្បូង ដែលមកទល់ពេលនេះ ថ្នាក់ដឹកនាំអាមេរិកចាត់ទុកជាដែនប្រមាញ់ផ្តាច់មុខរបស់ខ្លួន។ ការទូតថាមពលរបស់ចិន ក៏បានធ្វើឲ្យខូចមិនតិចដែរផលប្រយោជន៍របស់អាមេរិកនិងរបស់អឺរ៉ុប ពិសេសរបស់ប្រទេសបារាំងនៅទ្វីបអាហ្វ្រិក។ នៅអាហ្វ្រិក ចិនជួយប្រទេសក្រីក្រនិងរកស៊ីជាមួយប្រទេសអ្នកផលិតប្រេងកាត ដោយមិនបានដាក់លក្ខខណ្ឌសេដ្ឋកិច្ចឬនយោបាយអ្វីទាំងអស់ ពោលគឺខុសផ្ទុយពីអ្វីដែលអាមេរិកនិងអឺរ៉ុបបានធ្វើមកទល់ពេលនេះ។
ក្នុង រយៈពេលតែបីបួនឆ្នាំប៉ុណ្ណោះ យុទ្ធសាស្ត្រការទូតថាមពលបានធ្វើឲ្យប្រទេសចិនក្លាយជាដៃគូ ពាណិជ្ជកម្មទីបីរបស់ទ្វីបអាហ្វ្រិក នៅក្រោយអាមេរិកដែលជាដៃគូពាណិជ្ជកម្មទីពីរនិងប្រទេសបារាំងដែល ជា ដៃគូពាណិជ្ជកម្មទីមួយ។ នៅឆ្នាំ២០០៦ គិតជាទឹកប្រាក់ ការផ្តោះប្តូរពាណិជ្ជកម្មរវាងចិននិងអាហ្វ្រិក កើនដល់ទៅ៥ម៉ឺន៣ពាន់លានដុល្លា។ វត្តមាននិងឥទ្ធិពលរបស់ចិន នៅអាហ្វ្រិក បាននិងកំពុងបណ្តាលឲ្យអឺរ៉ុបនិងអាមេរិកអាក់អន់ចិត្តនិងបារម្ភ ខ្លាំងឡើងៗ។ ពីព្រោះ ក្រៅពីបឺតយកប្រយោជន៍សេដ្ឋកិច្ចនិងថាមពលរបស់អាហ្វ្រិក ចិនផ្តើមរៀបជើងព្រួល ដើម្បីចាក់គ្រឹះនយោបាយនៅក្នុងទ្វីបនេះ។ ឧទាហរណ៍ នៅខែវិច្ឆិកាឆ្នាំ២០០៦ ជំនួបកំពូលវាងចិននិងបណ្តាប្រទេសអាហ្វ្រិកចំនួន៤៨ បានប្រព្រឹត្តទៅជាលើកទីមួយបង្អស់ នៅទីក្រុងប៉េកាំងប្រទេសចិន៕
ចិនគ្មានសត្រូវ តែគ្មានអ្នកណាទុកចិត្ត
លោក Yang Jiechi រដ្ឋមន្រ្តីការបរទេសចិន AFP/LIU Jin
ជាច្រើនឆ្នាំកន្លងមកហើយ ដែលថ្នាក់ដឹកនាំចិនប្រឹងប្រែងបង្ហាញថាប្រទេសខ្លួនជាអ្នកស្នេហា សន្តិភាព។ ក៏ប៉ុន្តែ
បណ្តាប្រទេសជាច្រើនក្នុងលោក នៅតែមិនទាន់ទុកចិត្តចិន។ តើមកពីមូលហេតុអ្វី ?សព្វថ្ងៃ នេះ នយោបាយការបរទេសទាំងស្រុងរបស់ចិន នៅតែជាឧបករណ៍សម្រាប់បម្រើកំណែទម្រង់ និងការអភិវឌ្ឍន៍សេដ្ឋកិច្ច ដែលគណបក្សកុម្មុយនិស្តចិន បាននិងកំពុងបន្តអនុវត្ត តាំងពីមរណភាពរបស់ ម៉ៅ សេទុង នៅឆ្នាំ១៩៧៦មក។
ថ្នាក់ដឹកនាំចិន ប្រឹងប្រែងបង្ហាញថា ប្រទេសខ្លួនគ្មានសត្រូវ និងជាអ្នកស្នេហាសន្តិភាព។ ម៉្លោះហើយបានជា នៅចំពោះមុខនយោបាយដៃភ្លើងជើងមាន់របស់សហរដ្ឋអាមេរិក ថ្នាក់ដឹកនាំចិនតាំងចិត្តត្រជាក់ និយមចរចា អនុវត្តអំណាចស្រទន់ Soft power ។
នៅដើមឆ្នាំ២០០៤ បក្សកុម្មុយនិស្តចិនបានអនុម័តយកជាផ្លូវការ ពាក្យស្លោកដែលថា «ធ្វើឲ្យប្រទេសចិនលេចត្រដែតឡើងដោយសន្តិវិធី» (heping jueqi) នៅលើឆាកអន្តរជាតិ។ នៅក្នុងន័យនេះ ចិនតាំងខ្លួនជាមហាប្រទេស ដែលមានទម្ងន់នៅក្នុងលោក (daguo) ពោលគឺចិនផ្តើមឲ្យតម្លៃមុនគេដល់ប្រទេសធំៗ ដូចជាសហរដ្ឋអាមេរិកនិងរុស្ស៊ីជាដើម ទាក់ទងជាពិសេសតែជាមួយអង្គការធំៗ ដូចជាសហភាពអឺរ៉ុប និងសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ អាស៊ាន។ ទន្ទឹមជាមួយគ្នានេះ ចិនក៏ប្រឹងប្រែងសម្រួលទំនាក់ទំនងឲ្យបានកាន់តែប្រសើរ ជាមួយប្រទេសជិតខាង ដូចជាជប៉ុន និងឥណ្ឌាជាដើម។
ម្យ៉ាង វិញទៀត ចិនក៏បង្ហាញឲ្យឃើញបណ្តើរៗដែរថា ខ្លួនយកចិត្តទុកដាក់ទៅលើវិបត្តិមនុស្សធម៌និងសេដ្ឋកិច្ច ដែលកើតឡើងនៅលើលោក។ គេនៅចាំបានថា នៅពេលមានវិបត្តិហិរញ្ញវត្ថុអាស៊ី នៅឆ្នាំ១៩៩៧ ជាលើកទីមួយបង្អស់ ចិនបានផ្តល់ប្រាក់ជំនួយ១ពាន់លានដុល្លារដល់ប្រទេសថៃ។ ប៉ុន្មានឆ្នាំចុងក្រោយនេះ ចិនបន្តជួយប្រទេសក្រីក្រ នៅអាស៊ីនិងនៅអាហ្វ្រិក។ ឧទាហរណ៍ក្រោយពីមានមហារលកយក្ស Tsunami នៅអាស៊ីក្នុងចុងឆ្នាំ២០០៤ ចិនបានផ្តល់៦០លានដុល្លារដល់បណ្តាប្រទេសរងគ្រោះ ហើយនៅខែវិច្ឆិកាឆ្នាំ២០០៦ នាឱកាសជំនួបកំពូលចិននិងអាហ្វ្រិក នៅទីក្រុងប៉េកាំង ថ្នាក់ដឹកនាំចិនបានសម្រេចឲ្យបណ្តាប្រទេសអាហ្វ្រិកខ្ចីប្រាក់៣ពាន់ លានដុល្លារ។
ពិតមែនតែចិនខំបង្ហាញថាខ្លួនគ្មានសត្រូវ ថាខ្លួនជាអ្នកស្នេហាសន្តិភាពក្តី តែប្រទេសនេះនៅតែធ្វើឲ្យបណ្តាប្រទេសជាច្រើនបារម្ភ។ ពីព្រោះចិនបន្តសម្លុតតៃវ៉ាន់ ពីព្រោះចិនបន្តបង្កើនថវិកាយោធា។ អ៊ីចឹងហើយបានជាអាមេរិក អូស្រ្តាលី និងបណ្តាប្រទេសអាស៊ីមួយចំនួនបន្តព្រួយបារម្ភ នៅចំពោះមុខបដិវាទកម្មរវាងការទូតញញឹមញញែម និងយុទ្ធសាស្រ្តបង្កើនកម្លាំងយោធារបស់ថ្នាក់ដឹកនាំចិន។ ប្រហែលជាអ៊ីចឹងហើយដែរ បានជាប្រទេសសមាជិកអាស៊ានមួយភាគធំ ចង់ឲ្យអាមេរិកបន្តរក្សាវត្តមានយោធានៅក្នុងតំបន់ ជាពិសេស នៅម្តុំដៃសមុទ្រMalacca។ ដូចគ្នាដែរ ឥណ្ឌានៅតែមិនកក់ក្តៅក្នុងចិត្ត ហើយបែរទៅពង្រឹងចំណងយុទ្ធសាស្ត្រជាមួយអាមេរិក ទោះបីជាចិនខំបង្ហាញថាខ្លួនឈប់កាន់ជើងប៉ាគីស្តង់ពេញទំហឹង ដូចក្នុងអតីតកាលក៏ដោយ។
ប្រទេសចិននៅតែធ្វើឲ្យគេបារម្ភ ពីព្រោះមនោសញ្ចេតនាជាតិនិយម នៅតែគ្របដណ្តប់ខ្លាំងទៅលើនយោបាយការបរទេសរបស់ថ្នាក់ដឹកនាំចិនត ទៅទៀត ជាពិសេសនៅពេលមានឧប្បត្តិហេតុទូតកើតឡើងម្តងៗជាមួយប្រទេសជប៉ុន ជាពិសេស។ ជាក់ស្តែង នៅឆ្នាំ២០០៥ ថ្នាក់ដឹកនាំចិនបើកដៃបណ្តោយឲ្យប្រជាជនធ្វើបាតុកម្មប្រឆាំងនឹង ប្រទេសជប៉ុន នៅតាមទីក្រុងធំៗ ពីព្រោះជប៉ុននិងអាមេរិក បានធ្វើសេចក្តីថ្លែងការណ៍រួមគ្នាមួយ ទាមទារឲ្យមានដំណោះស្រាយបញ្ហាកោះតៃវ៉ាន់ ដោយសន្តិវិធី។
ប្រទេស ចិនបន្តធ្វើឲ្យគេបារម្ភ ពីព្រោះចិនចូលកកូរកកាយទ្វីបអាហ្វ្រិក។ នៅអាហ្វ្រិក ចិនមិនរវីរវល់សោះឡើយអំពីនយោបាយឬសង្គ្រាម។ អ្វីដែលចិនត្រូវការគឺប្រេងកាតនិងសម្បត្តិធម្មជាតិផ្សេងៗរបស់ អាហ្វ្រិក។ ជាក់ស្តែង អស់រយៈពេលជាច្រើនឆ្នាំ ចិនបានបដិសេធថា គ្មានទេអំពើប្រល័យពូជសាសន៍នៅ Darfour មុននឹងប្តូរគំនិតបន្តិចម្តងៗវិញ នៅពេលដែលឃើញសហគមន៍អន្តរជាតិពួតដៃគ្នាទាមទារឲ្យបញ្ជូនទ័ព អន្តរជាតិទៅកាន់ប្រទេសស៊ូដង់(Soudan)។ ចិនបានព្រងើយកន្តើយយូរឆ្នាំបែបនេះ ចំពោះវិបត្តិ Darfour ពីព្រោះចិនបានដាក់ទុនប្រមាណ១ម៉ឺន៥ពាន់លានដុល្លារ រកស៊ីជាមួយរដ្ឋាភិបាលប្រទេសស៊ូដង់។
ម្ល៉ោះហើយ បានជាបណ្តាប្រទេសអាហ្វ្រិក ដែលភាគច្រើនជារបបផ្តាច់ការ លែងសូវបារម្ភអំពីការគាបសង្កត់ពីសំណាក់បស្ចិមលោកទៀតហើយ ដោយសារតែមានជំនួយគ្មានលក្ខខណ្ឌនយោបាយពីសំណាក់ប្រទេសចិន៕
ចិនមិនអាចមានឥទ្ធិពលផ្តាច់មុខលើអាស៊ីអាគ្នេយ៍បានទេ
Rate This
ពេលនេះ សូមលោកអ្នកអាន តាមដានការវិភាគ ភូមិសាស្រ្តនយោបាយរបស់ប្រទេសចិនដោយបន្តរៀមរាប់ពីទំនាក់ទំនងរវាង ចិននិងសមាគមប្រជាជាតិអាស៊ី អាគ្នេយ៍ហៅកាត់ថាអាស៊ាន។
ទោះបីជាទំនាក់ទំនងរវាងចិន និងអាស៊ានមានលក្ខណៈកាន់តែប្រសើរពីមួយឆ្នាំទៅមួយឆ្នាំក៏ដោយ ក៏តាំងពីដើមដំបូងមកថ្នាក់ដឹកនាំអាស៊ានតែងតែប្រកាន់យ៉ាង ខ្ជាប់ខ្ជួននូវគោល ការណ៍មួយច្បាស់ នោះគឺធ្វើយ៉ាងណាកុំឲ្យអាស៊ីអាគ្នេយ៍ឋិតនៅក្រោមឥទ្ធិពលផ្តាច់ មុខរបស់ចិនបាន។
ទោះបីជាទំនាក់ទំនងរវាងចិន និងអាស៊ានមានលក្ខណៈកាន់តែប្រសើរពីមួយឆ្នាំទៅមួយឆ្នាំក៏ដោយ ក៏តាំងពីដើមដំបូងមកថ្នាក់ដឹកនាំអាស៊ានតែងតែប្រកាន់យ៉ាង ខ្ជាប់ខ្ជួននូវគោល ការណ៍មួយច្បាស់ នោះគឺធ្វើយ៉ាងណាកុំឲ្យអាស៊ីអាគ្នេយ៍ឋិតនៅក្រោមឥទ្ធិពលផ្តាច់ មុខរបស់ចិនបាន។
ជាការពិតណាស់ដែលថា សព្វថ្ងៃទំនាក់ទំនងរវាងចិននិងអាស៊ានមានលក្ខណៈកាន់តែល្អ ល្អណាស់ បើប្រៀបទៅនឹងសម័យសង្គ្រាមត្រជាក់។
ជាការពិតណាស់ដែលថា ចិននិងអាស៊ានមានទំនាក់ទំនងសេដ្ឋកិច្ចកាន់តែប្រសើរឡើង ជាក់ស្តែងតាមរយៈការចូលជាធរមាននៃកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី រវាងភាគីទាំងពីរ នៅខែមករាឆ្នាំ២០១០ ទោះជាវាមានសុពលភាពទៅលើតែប្រទេសស្ថាបនិកអាស៊ានទាំង៦សិនក៏ដោយ គឺឥណ្ឌូនេស៊ី ថៃ សិង្ហបុរី ម៉ាឡេស៊ី ហ្វីលីពីន និងព្រុយណេ។ តែ ចង់ឬមិនចង់ នៅឆ្នាំ២០១៥ នៅពេលណាដែលប្រទេសអាស៊ាន៤ទៀត គឺវៀតណាម កម្ពុជា ឡាវនិងភូមានឹងត្រូវចូលក្នុងតំបន់ពាណិជ្ជកម្មសេរីចិន-អាស៊ានហើយ នៅពេលនោះ ចិននឹងច្បាស់ជាក្លាយទៅជាដៃគូពាណិជ្ជកម្មធំបំផុតរបស់អាស៊ាន គឺធំជាងជប៉ុន និងសហភាពអឺរ៉ុបទៅទៀត។
ជាការពិតណាស់ដែលថា ថ្នាក់ដឹកនាំទីក្រុងប៉េកាំងបាននិងកំពុងបន្តខ្នះខ្នែងពន្យល់ ប្រាប់អាស៊ានថា ចិនគ្មានបំណងអាក្រក់ចង់បៀតបៀនបណ្តាប្រទេសអាស៊ីអាគ្នេយ៍ទេ ហើយថាចង់ធ្វើជាដៃគូគំរូមួយរបស់អាស៊ាន។
ក៏ប៉ុន្តែ ថ្នាក់ដឹកនាំអាស៊ានមិនដែលទុកចិត្តមហាយក្សចិនទាំងស្រុងឡើយ ហើយតែងតែប្រកាន់យ៉ាងខ្ជាប់ខ្ជួននូវគោលការណ៍មួយច្បាស់ នោះគឺធ្វើយ៉ាងណាកុំឲ្យអាស៊ីអាគ្នេយ៍ឋិតនៅក្រោមឥទ្ធិពលផ្តាច់ មុខរបស់ចិនបាន។ អ៊ីចឹងហើយបានជាតាំងពីឆ្នាំ១៩៩៨មក នៅក្រៅ ក្របខ័ណ្ឌនៃជំនួបកំពូលអាស៊ាន តែងតែមានរៀបចំឡើងនូវអ្វីដែលគេហៅថា ជំនួបកំពូលអាស៊ាន+៣ គឺបូកចិន ជប៉ុន និងកូរ៉េ ខាងត្បូង។ មិនតែប៉ុណ្ណោះ តាំងពីឆ្នាំ២០០៥មក រៀង រាល់ឆ្នាំ នៅពេលបិទបញ្ចប់ជំនួបកំពូលអាស៊ានហើយ ក៏តែងតែងតែមានរៀបចំឡើងដែរ នូវអ្វីដែលគេហៅថាជំនួបកំពូលអាស៊ីបូព៌ារវាងប្រទេសអាស៊ានទាំង១០ និងចិន ជប៉ុន កូរ៉េខាងត្បូង ឥណ្ឌា អូស្រ្តាលីព្រមទាំងនូវែលសេឡង់។
ការដែលអាស៊ាននៅតែមិនទាន់ទុកចិត្តចិនកុម្មុយនិស្តមួយរយភាគ រយ គឺមិនមែនចៃដន្យឡើយ។ ចូរកុំភ្លេចថា គោលដៅសំខាន់ជាងគេមួយនៃការបង្កើតសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ឡើង នៅថ្ងៃទី៨ធ្នូឆ្នាំ១៩៦៧ គឺការបង្រួបបង្រួមគ្នាជាខែលមួយ ដើម្បីទប់ទល់នឹងគ្រោះថ្នាក់កុម្មុយនិស្ត។
ដោយឡែក ក្នុងបច្ចុប្បន្នកាលនេះ នៅម្ខាងថ្នាក់ដឹកនាំចិនថ្លែងថា ចង់បានតែសន្តិភាពនិងស្ថិរភាពនៅក្នុងតំបន់។ ក៏ប៉ុន្តែ នៅម្ខាងទៀត កាយវិការរបស់ទីក្រុងប៉េកាំងមិនទាន់ស្តែងឲ្យឃើញច្បាស់នៅឡើយទេថា ចិនជាមហាប្រទេសដែលនិយមអំណាចស្រទន់The soft power។ ជាក់ស្តែង មហិច្ឆតារបស់ទីក្រុងប៉េកាំងនៅក្នុងតំបន់សមុទ្រចិននៅតែបន្ត បណ្តាលឲ្យភាពតានតឹងកើតឡើងជារឿយៗ។ ភាពតានតឹងចេះតែបន្តកើតឡើងរវាងចិននិងជប៉ុន រវាងចិននិងបណ្តាប្រទេសអាស៊ានមួយចំនួន ជាអាទិ៍ជាមួយវៀតណាម ហ្វីលីពីន ម៉ាឡេស៊ី និងព្រុយណេ។
គឺនៅក្នុងបរិបទតានតឹងបែបនេះហើយដែលអាស៊ានបានបើកដៃទទួល សហរដ្ឋ អាមេរិក តាមរយៈជំនួបកំពូលអាស៊ាន-អាមេរិក លើកទី១នៅសិង្ហបុរីក្នុងខែកញ្ញាឆ្នាំ២០០៩ និងលើកទី២ នៅញូយ៉ក ក្នុងខែកញ្ញាឆ្នាំ២០១០។
ការខិតចូលជិតគ្នារវាងសហរដ្ឋអាមេរិកនិងអាស៊ាន មិនយូរមិនឆាប់ វានឹងអាចធ្វើឲ្យល្អក់កករទំនាក់ទំនងរវាងចិននិងអាស៊ាន ពីព្រោះវាបើកលទ្ធភាពឲ្យអាមេរិកបង្កើនវត្តមាន និងទម្ងន់របស់ខ្លួន នៅក្នុងតំបន់អាស៊ីអាគ្នេយ៍ ដែលចិនចាត់ទុកថាជាដែនអំណាចរបស់ខ្លួន។
សហរដ្ឋអាមេរិកច្បាស់ជានឹងឆ្លៀតពន្យល់ដល់បណ្តាប្រមុខដឹកនាំ អាស៊ាន នូវតួនាទីដ៏ចាំបាច់របស់ខ្លួន ក្នុងតំបន់អាស៊ីអាគ្នេយ៍ ឧទាហរណ៍ នៅក្នុងដំណោះស្រាយនៃជម្លោះទីប្រជុំកោះParacel និងSpratly ជាដើម។ ត្រង់នេះ នៅខែកញ្ញាឆ្នាំ២០១០ នាពេលដែលជំនួបកំពូលអាស៊ាន-អាមេរិក កំពុងតែប្រព្រឹត្តទៅនៅញូយ៉ក ស្រាប់តែក្រសួងការបរទេសចិនចេញសេចក្តីថ្លែងការណ៍ព្រមានថា ចិនជំទាស់មិនឲ្យប្រែក្លាយបញ្ហាទីប្រជុំកោះParacel និងSpratly ទៅជាបញ្ហាអន្តរជាតិទេ បានន័យថា ទីក្រុងប៉េកាំងចង់ដោះស្រាយជម្លោះទីប្រជុំកោះទាំងពីរនេះ ជាឧភតោភាគី គឺថាជាមួយភាគីជម្លោះនីមួយៗដាច់ពីគ្នា។
មិនតែប៉ុណ្ណោះ មិនយូរមិនឆាប់ វត្តមានរបស់អាមេរិកនៅក្នុងវេទិកាអាស៊ាន ក៏នឹងអាចបណ្តាលឲ្យមានការបាក់បែកគ្នារវាងប្រទេសអាស៊ានដែលមាន ទំនោរទៅរកអាមេរិក និងប្រទេសអាស៊ានដែលមានទំនោរទៅរកចិន។ ដោយហេតុតែការវិវឌ្ឍន៍ទៅនៃប្រវត្តិសាស្រ្ត នៅក្នុងអាស៊ាន មានរួចស្រេចទៅហើយប្រទេសដែលស្និទ្ធនឹងអាមេរិកនិងប្រទេសដែល ស្និទ្ធនឹងចិន៕
បើផ្អែកលើហេតុផលទាំង៥នេះ ចិននឹងមិនអាចគំរាមមហាអំណាចអាមេរិកបានឡើយ នៅថ្ងៃអនាគត
នៅពេលបច្ចុប្បន្ន ចិនកំពុងរីកចម្រើនយ៉ាងខ្លាំងទាំងវិស័យ សេដ្ឋកិច្ច យោធា និងវិស័យផ្សេងៗទៀត ហើយបច្ចុប្បន្នចិនក៏ជាមហាអំណាចប្រចាំតំបន់អាស៊ីមួយផងដែរ ក្រៅពីតំណែងមហាអំណាចសេដ្ឋកិច្ចទីពីរនៅលើលោក។ ដោយសារតែមានការរីកចម្រើនយ៉ាងរហ័សបែបនេះ មានក្រុមអ្នកវិភាគមួយចំនួនបានលើកឡើងថា ចិននឹងក្លាយជាមហាអំណាចពិភពលោក
ដែលប្រការនេះ ធ្វើឲ្យប៉ះពាល់យ៉ាងខ្លាំងដល់សហរដ្ឋអាមេរិក
ដែលគេស្គាល់ថា ជាមហាអំណាចលើពិភពលោកជាយូរណាស់មកហើយ។
ប៉ុន្តែ យ៉ាងណាក៏ដោយ ក្រុមអ្នកវិភាគខ្លះទៀត បានសន្និដ្ឋានបែបផ្សេងថា បើទោះបីជាមានការរីកចម្រើនឆាប់រហ័សក៏ដោយ តែចិនពិតជាមិនអាចគំរាមដល់អំណាចរបស់អាមេរិកឡើយ ដោយផ្នែកលើហេតុផលចំនួន ៥យ៉ាង៖
១) ភូមិសាស្ត្រដ៏តានតឹង (Geographical constraints)
ថ្វីត្បិត តែប្រទេសចិន ជាប្រទេសមានទឹកដីធំទូលាយក៏ពិតមែន ប៉ុន្តែបើនិយាយអំពីកត្តាភូមិសាស្ត្រវិញ គឺពោរពេញទៅដោយភាពស្មុគស្មាញ និង ជម្លោះមិនចេះចប់មិនចេះហើយ។ នៅភាគខាងលិចប្រទេសចិន គឺជាខ្ពង់រាបទីបេ និង វាលខ្សាច់ Gobi ។ នៅភាគខាងត្បូងចិន គឺ ជាជួរភ្នំហិមាល័យ ដែលញយដងមានជម្លោះជាមួយឥណ្ឌា។ នៅភាគខាងជើង គឺជាតំបន់វាលស្មៅដ៏ធំជាប់ជាមួយរុស្ស៊ី។ វៀតណាមក៏ជាប្រទេសជិតខាងរបស់ចិន តែមិនត្រូវគ្នានោះទេ ដោយឡែកតៃវ៉ាន់វិញ ក៏មិនព្រមស្ថិតក្រោមការគ្រប់គ្រងចិនដែរ។ លើសពីនេះទៀត ចិនកំពុងមានបញ្ហាជម្លោះជាច្រើនជាមួយនឹងបណ្តាប្រទេសផ្សេងៗទៀត ដែលប្រការទាំងនេះ ពិតជាផ្តល់ការលំបាកដល់ចិន។
២)និន្នាការប្រជាសាស្ត្រ(Demographic trends )
ចិនជាប្រទេសដែលមានប្រជាជនច្រើនបំផុតនៅលើពិភពលោក (១,៣ ពាន់លាននាក់)។ ប៉ុន្តែ យ៉ាងណាក៏ដោយ ដោយសារតែគោលនយោបាយ គ្រួសារមួយកូនម្នាក់ របស់ចិនបានធ្វើឲ្យកំណើនមនុស្សវ័យក្មេងមានការថយចុះ ខណៈមនុស្សចាស់មានចំនួនច្រើន ដែលប្រការនេះអាចធ្វើឲ្យប៉ះពាល់ដល់កម្លាំងពលកម្មនៅពេលអនាគតផង ដែរ។
៣)វប្បធម៌នយោបាយ(Political culture )
បើ ទោះបីជា សេដ្ឋកិច្ចមានការកែទំរង់ក្តី ប៉ុន្តែបើនិយាយអំពីវិស័យនយោបាយវិញ គឺនៅតែដូចមុនដដែល ពោលគឺអ្វីៗគ្រប់យ៉ាងស្ថិតក្រោមការគ្រប់គ្រងយ៉ាងតឹងរ៉ឹងរបស់ បក្សកុម្មុយនិស្ដចិន។ នាពេលបច្ចុប្បន្ន ប្រជាជនគ្មានសិទ្ធសេរីភាពគ្រប់គ្រាន់ក្នុងការបញ្ចេញមតិឡើយ ហើយអំពើពុករលួយកំពុងតែក្លាយជា ប្រធានបទដ៏សំខាន់មួយដែរ នៅក្នុងប្រទេសចិន។
៤) បញ្ហាសេដ្ឋកិច្ច(Economic problems)
បច្ចុប្បន្ន នេះ សេដ្ឋកិច្ចរបស់ចិន មានការកើនឡើងជាលំដាប់ ដោយសារតែការនាំចេញបានច្រើន ហើយម្យ៉ាងវិញទៀតកម្លាំងពលកម្មក៏មានតម្លៃថោកបើប្រៀបធៀបនឹង ប្រទេសផ្សេងៗ។ ប៉ុន្តែ សេដ្ឋកិច្ចរបស់ចិន ភាគច្រើនពឹងផ្អែកទៅលើ ការវិនិយោគទុនពីបរទេស ទីផ្សារបរទេស និង ធនធានខាងក្រៅ។
៥) ភាពទន់ខ្សោយខាងវិស័យយោធា(Military weakness )
ថ្វីត្បិតតែ ចិនជាប្រទេសធំក៏ពិតមែន ប៉ុន្តែបើនិយាយអំពីវិស័យយោធាវិញ គឺនៅមានភាពទន់ខ្សោយនៅឡើយ បើប្រៀបធៀបនឹងបណ្តាប្រទេសនៅលោកខាងលិច ហើយបើប្រៀបធៀបជាមួយអាមេរិក ហាក់ដូចមានគំលាតឆ្ងាយពីគ្នា។ ចិនក៏មានអាវុធនុយក្លេអ៊ែរផងដែរ ប៉ុន្តែ រហូតមកទល់នឹងពេលនេះ ក្បាលគ្រាប់ត្រឹមតែ ២៥០ ប៉ុណ្ណោះ ហើយគ្មានលទ្ធភាពបាញដល់ទឹកដីអាមេរិកនោះដែរ៕ ចំណែកអាមេរិកវិញ មានក្បាលគ្រាប់នុយក្លេអ៊ែរប្រមាណ ៤ ៦០០ ដែលអាចមានលទ្ធភាពបាញ់បានសឹងគ្រប់ទិសទីលើពិភពលោក៕
ប៉ុន្តែ យ៉ាងណាក៏ដោយ ក្រុមអ្នកវិភាគខ្លះទៀត បានសន្និដ្ឋានបែបផ្សេងថា បើទោះបីជាមានការរីកចម្រើនឆាប់រហ័សក៏ដោយ តែចិនពិតជាមិនអាចគំរាមដល់អំណាចរបស់អាមេរិកឡើយ ដោយផ្នែកលើហេតុផលចំនួន ៥យ៉ាង៖
១) ភូមិសាស្ត្រដ៏តានតឹង (Geographical constraints)
ថ្វីត្បិត តែប្រទេសចិន ជាប្រទេសមានទឹកដីធំទូលាយក៏ពិតមែន ប៉ុន្តែបើនិយាយអំពីកត្តាភូមិសាស្ត្រវិញ គឺពោរពេញទៅដោយភាពស្មុគស្មាញ និង ជម្លោះមិនចេះចប់មិនចេះហើយ។ នៅភាគខាងលិចប្រទេសចិន គឺជាខ្ពង់រាបទីបេ និង វាលខ្សាច់ Gobi ។ នៅភាគខាងត្បូងចិន គឺ ជាជួរភ្នំហិមាល័យ ដែលញយដងមានជម្លោះជាមួយឥណ្ឌា។ នៅភាគខាងជើង គឺជាតំបន់វាលស្មៅដ៏ធំជាប់ជាមួយរុស្ស៊ី។ វៀតណាមក៏ជាប្រទេសជិតខាងរបស់ចិន តែមិនត្រូវគ្នានោះទេ ដោយឡែកតៃវ៉ាន់វិញ ក៏មិនព្រមស្ថិតក្រោមការគ្រប់គ្រងចិនដែរ។ លើសពីនេះទៀត ចិនកំពុងមានបញ្ហាជម្លោះជាច្រើនជាមួយនឹងបណ្តាប្រទេសផ្សេងៗទៀត ដែលប្រការទាំងនេះ ពិតជាផ្តល់ការលំបាកដល់ចិន។
២)និន្នាការប្រជាសាស្ត្រ(Demographic trends )
ចិនជាប្រទេសដែលមានប្រជាជនច្រើនបំផុតនៅលើពិភពលោក (១,៣ ពាន់លាននាក់)។ ប៉ុន្តែ យ៉ាងណាក៏ដោយ ដោយសារតែគោលនយោបាយ គ្រួសារមួយកូនម្នាក់ របស់ចិនបានធ្វើឲ្យកំណើនមនុស្សវ័យក្មេងមានការថយចុះ ខណៈមនុស្សចាស់មានចំនួនច្រើន ដែលប្រការនេះអាចធ្វើឲ្យប៉ះពាល់ដល់កម្លាំងពលកម្មនៅពេលអនាគតផង ដែរ។
៣)វប្បធម៌នយោបាយ(Political culture )
បើ ទោះបីជា សេដ្ឋកិច្ចមានការកែទំរង់ក្តី ប៉ុន្តែបើនិយាយអំពីវិស័យនយោបាយវិញ គឺនៅតែដូចមុនដដែល ពោលគឺអ្វីៗគ្រប់យ៉ាងស្ថិតក្រោមការគ្រប់គ្រងយ៉ាងតឹងរ៉ឹងរបស់ បក្សកុម្មុយនិស្ដចិន។ នាពេលបច្ចុប្បន្ន ប្រជាជនគ្មានសិទ្ធសេរីភាពគ្រប់គ្រាន់ក្នុងការបញ្ចេញមតិឡើយ ហើយអំពើពុករលួយកំពុងតែក្លាយជា ប្រធានបទដ៏សំខាន់មួយដែរ នៅក្នុងប្រទេសចិន។
៤) បញ្ហាសេដ្ឋកិច្ច(Economic problems)
បច្ចុប្បន្ន នេះ សេដ្ឋកិច្ចរបស់ចិន មានការកើនឡើងជាលំដាប់ ដោយសារតែការនាំចេញបានច្រើន ហើយម្យ៉ាងវិញទៀតកម្លាំងពលកម្មក៏មានតម្លៃថោកបើប្រៀបធៀបនឹង ប្រទេសផ្សេងៗ។ ប៉ុន្តែ សេដ្ឋកិច្ចរបស់ចិន ភាគច្រើនពឹងផ្អែកទៅលើ ការវិនិយោគទុនពីបរទេស ទីផ្សារបរទេស និង ធនធានខាងក្រៅ។
៥) ភាពទន់ខ្សោយខាងវិស័យយោធា(Military weakness )
ថ្វីត្បិតតែ ចិនជាប្រទេសធំក៏ពិតមែន ប៉ុន្តែបើនិយាយអំពីវិស័យយោធាវិញ គឺនៅមានភាពទន់ខ្សោយនៅឡើយ បើប្រៀបធៀបនឹងបណ្តាប្រទេសនៅលោកខាងលិច ហើយបើប្រៀបធៀបជាមួយអាមេរិក ហាក់ដូចមានគំលាតឆ្ងាយពីគ្នា។ ចិនក៏មានអាវុធនុយក្លេអ៊ែរផងដែរ ប៉ុន្តែ រហូតមកទល់នឹងពេលនេះ ក្បាលគ្រាប់ត្រឹមតែ ២៥០ ប៉ុណ្ណោះ ហើយគ្មានលទ្ធភាពបាញដល់ទឹកដីអាមេរិកនោះដែរ៕ ចំណែកអាមេរិកវិញ មានក្បាលគ្រាប់នុយក្លេអ៊ែរប្រមាណ ៤ ៦០០ ដែលអាចមានលទ្ធភាពបាញ់បានសឹងគ្រប់ទិសទីលើពិភពលោក៕